ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា រកឃើញករណីឆ្លងវីរុសកូរ៉ូណា១ទៀត ដែលកើតលើជនបរទេស នាំឲ្យករណីឆ្លងទូទាំងប្រទេសកើនឡើងដល់ទៅ១១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ។
ក្រសួងបញ្ជាក់ថា មនុស្សដែលឆ្លងនោះ គឺជាស្រ្តីជនជាតិវៀតណាម អាយុ៣៤ឆ្នាំ ជាអ្នកទេសចរស្នាក់នៅខុនដូមួយកន្លែង នៅកោះពេជ្រ រាជធានីភ្នំពេញ។ ស្រ្តីម្នាក់នេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
បើតាមសេចក្តីប្រកាសព័ត៌មាន មនុស្ស៤នាក់ទៀតបានជាសះស្បើយពីជំងឺ។ គិតត្រឹមថ្ងៃសុក្រនេះ សរុបអ្នកជាសះស្បើយ មានទៅដល់៧២នាក់។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលបានប្រកាសថា អ្នកជំងឺម្នាក់ដែលជាសះស្បើយហើយ តែកើតជំងឺកូវីដ១៩នេះឡើងវិញ ក្រោយធ្វើតេស្តរកវីរុស១៥ថ្ងៃក្រោយ។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបាននិងកំពុងរឹតបន្តឹងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរនេះ ក្នុងនោះគោលដៅចម្បង គឺកុំឲ្យកម្មកររោងចក្រធ្វើដំណើរទៅស្រុកកំណើត ដើម្បីបញ្ចៀសលទ្ធភាពនៃការឆ្លងទៅសហគមន៍៕