លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានចេញបទបញ្ជាមួយ ដោយដាក់កំហិតការធ្វើដំណើរក្នុងប្រទេស ដែលជាបទបញ្ជាមួយ ត្រូវបានមើលឃើញថា មានគោលដៅទប់ស្កាត់ការធ្វើដំណើររបស់កម្មករទៅស្រុកកំណើត។
កាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានប្រកាសថារដ្ឋាភិបាលសម្រេចលុបចោលការឈប់សម្រាកថ្ងៃចូលឆ្នាំខ្មែរសម្រាប់អ្នកធ្វើការរដ្ឋនិងឯកជនក្នុងនោះមានកម្មកររោងចក្ររាប់ម៉ឺននាក់ផងដែរដើម្បីបញ្ចៀសការធ្វើដំណើរទៅស្រុកកំណើតនិងការជួបជុំគ្នាដែលអាចនាំមកនូវហានិភ័យនៃការឆ្លងវីរុសកូរ៉ូណា។ ប៉ុន្តែកម្មករហាក់មិនពេញចេញនឹងសេចក្តីសម្រេចនេះ ហើយពួកគេចង់ត្រឡប់ទៅស្រុកកំណើតរបស់គេ។
ក្នុងបទបញ្ជារបស់រដ្ឋាភិបាលដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលបានបញ្ជាថា ហាមឃាត់ការធ្វើដំណើរក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញចូលរាជធានីភ្នំពេញ តែមិនប៉ះពាល់ការធ្វើដំណើរផ្ទៃក្នុងក្នុងរាជធានីភ្នំពេញនោះទេ។ រដ្ឋាភិបាលក៏ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយនិងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយផងដែរ។
បើតាមបទបញ្ជារបស់រដ្ឋាភិបាល ការហាមឃាត់នេះត្រូវលើកលែងចំពោះការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែករថយន្តធ្វើដំណើររបស់មន្រ្តីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងក្រោមជាតិ រថយន្តរបស់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រថយន្តសង្រ្គោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ និងរថយន្តដឹកជញ្ជូនសម្រាម និងកាកសំណល់។
ក្នុងនោះ ក៏មានការលើកលែងចំពោះការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ ឬមន្ទីរការងារ និងការធ្វើដំណើររបស់ពលរដ្ឋទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។
រដ្ឋាភិបាលបញ្ជាក់ថា បទបញ្ជានេះមានប្រសិទ្ធភាពចាប់ពីម៉ោង១២យប់ថ្ងៃទី៩ ខែមេសា ដល់ម៉ោង១២យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
បទបញ្ជានេះធ្វើឡើង ក្រោយមានការផ្សព្វផ្សាយសារជាសំឡេងមួយរបស់លោក ហ៊ុន សែន ដែលបានថ្លែងថាលោកបានដឹងថាកម្មករមួយចំនួនមិនយល់ស្របនឹងការសម្រេចឲ្យធ្វើការនៅរោងចក្រនៅថ្ងៃចូលឆ្នាំខ្មែរ។
លោកមានប្រសាសន៍ថា៖ «ដោយសារមានបងប្អូនកម្មករមួយចំនួន គឺហាក់ដូចជាមិនយល់ស្រប។ អ៊ីចឹងខ្ញុំចង់ចេញបទបញ្ជាតាមរបៀបមួយ គឺថាហាមឃាត់ការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ»។
លោកបន្ថែមថា៖ «ហើយរថយន្តឈ្នួលទាំងអស់ មិនឲ្យធ្វើដំណើរក្នុងរយៈពេលហ្នឹង ចេញពីរង្វង់ហ្នឹង។ អាហ្នឹងគឺយើងលេងយកវិធានការមួយជាក់លាក់ បើមិនអ៊ីចឹងអន្តរាយស្រុកទេស»។
កាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានថ្លែងថា ការឲ្យកម្មករបន្តធ្វើការនៅតាមរោងចក្រ គឺដើម្បីបញ្ចៀសការធ្វើដំណើរនិងការជួបជុំគ្រួសារនៅស្រុកកំណើតដែលលោកថាអាចមានហានិភ័យឆ្លងខ្ពស់។
លោកហ៊ុន សែន ប្រសាសន៍ថា៖ «កន្លែងដែលមានសុវត្ថិភាពបំផុតគឺនៅតាមរោងចក្រ នៅតាមក្រុមហ៊ុន នៅតាមស្ថាប័នគឺជាជម្រើសសុវត្ថិភាពបំផុតហើយ។ បើទុកបណ្តោយឲ្យដើរលេង សភាពការណ៍នេះ ក្រោយចូលឆ្នាំខ្មែរអាចនឹងមានហានិភ័យខ្ពស់បំផុត។ឥឡូវប្រជាជននៅជនបទភ័យក្រែងនាំជំងឺពីទីក្រុងទៅជនបទ។ដល់អ្នកទីក្រុងខ្លាចនាំជំងឺពីជនបទមកចូលទីក្រុង»៕