ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ទទួល​ស្គាល់​សមាសភាព​អនុ​ប្រធាន និង​សមាជិក​ថ្មី​របស់​គ.ជ.ប


ក្រុម​មន្ត្រី​ថ្មី​របស់​គ.ជ.ប​ ដែល​ត្រូវ​បាន​ជ្រើសតាំង​ដោយ​សភា​​ឲ្យ​ជំនួស​ក្រុម​មន្ត្រី​បីរូប​របស់​អតីត​គណបក្ស​ប្រឆាំង។ ក្រុម​មន្ត្រី​ថ្មី​របស់​គ.ជ.ប ទាំងបី​នាក់​នេះ​ បាន​ចូលរួម​ប្រជុំ​ពេញ​អង្គសភា កាលពី​ថ្ងៃ​ទី​ ៧ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៧។ (ហ៊ុល​ រស្មី/VOA)
ក្រុម​មន្ត្រី​ថ្មី​របស់​គ.ជ.ប​ ដែល​ត្រូវ​បាន​ជ្រើសតាំង​ដោយ​សភា​​ឲ្យ​ជំនួស​ក្រុម​មន្ត្រី​បីរូប​របស់​អតីត​គណបក្ស​ប្រឆាំង។ ក្រុម​មន្ត្រី​ថ្មី​របស់​គ.ជ.ប ទាំងបី​នាក់​នេះ​ បាន​ចូលរួម​ប្រជុំ​ពេញ​អង្គសភា កាលពី​ថ្ងៃ​ទី​ ៧ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៧។ (ហ៊ុល​ រស្មី/VOA)

នៅ​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​ដែល​បាន​ធ្វើឡើង​នៅ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​ជាតិ​ ក៏បាន​ប្រកាស​សុពល​ភាព​នៃ​អ្នកតំណាងរាស្ត្រ​ថ្មី​ ចំនួន​១៦​រូប​ផង​ដែរ។

តំណាង​រាស្ត្រ​ចំនួន​១០៤​ ​រូប​ ដែល​មាន​វត្តមាន​នៅ​សភាជាតិ​ខ្មែរ​ គ្របដណ្ដប់ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ ​ទទួល​ស្គាល់​ អនុប្រធាន​មួយ​រូប​ ​និង​សមាជិក​ពីរ​រូប​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប)​ ​ដើម្បី​ជំនួស​ក្រុម​មន្ត្រី​បី​រូប​មក​ពី​កូតា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​សុំ​លាលែង​ពី​តំណែង។​

ក្រុម​អ្នកតំណាងរាស្ត្រ​ថ្មី ដែល​មក​កាន់កាប់​អាសនៈ​សភា​របស់​អតីត​គណបក្ស​ប្រឆាំង​ចូលរួម​ប្រជុំសភា​ពេញ​អង្គ​ កាលពី​ថ្ងៃ​ទី​ ៧​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)
ក្រុម​អ្នកតំណាងរាស្ត្រ​ថ្មី ដែល​មក​កាន់កាប់​អាសនៈ​សភា​របស់​អតីត​គណបក្ស​ប្រឆាំង​ចូលរួម​ប្រជុំសភា​ពេញ​អង្គ​ កាលពី​ថ្ងៃ​ទី​ ៧​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)

នៅ​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​ដែល​បាន​ធ្វើឡើង​នៅ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​ជាតិ​ ក៏បាន​ប្រកាស​សុពល​ភាព​នៃ​អ្នកតំណាងរាស្ត្រ​ថ្មី​ ចំនួន​១៦​រូប​ផង​ដែរ។​ ក្នុង​ចំណោមតំណាងរាស្ត្រ​ទាំង​នោះ​ គឺ​ភាគច្រើន​ ត្រូវ​បាន​ជ្រើសរើស​តាម​ការ​បែង​ចែក​ជាថ្មី​នៃ​អាសនៈ​សភា​របស់​អតីត​បក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧។​

លោក នុត សុខុម អនុ​ប្រធាន​គ.ជ.ប​ ទើ​បជាប់​ឆ្នោត​ថ្មី​ ផ្តល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នកកាសែត​នៅ​រដ្ឋសភា​នា​ថ្ងៃ​ទី​ ៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៧។​ (ហ៊ុល រស្មី/VOA)​
លោក នុត សុខុម អនុ​ប្រធាន​គ.ជ.ប​ ទើ​បជាប់​ឆ្នោត​ថ្មី​ ផ្តល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នកកាសែត​នៅ​រដ្ឋសភា​នា​ថ្ងៃ​ទី​ ៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៧។​ (ហ៊ុល រស្មី/VOA)​

​អនុ​ប្រធាន គ.ជ​.ប មួយ​រូប និង​សមាជិក​ពីរ​រូប​ថ្មី​ ​ដែល​ទទួល​បានការ​ផ្ដល់​សេចក្ដី​ទុកចិត្ត​ពី​អង្គ​សភា​ រួម​មាន​លោក​ នុត សុខុម​ អតីត​តំណាងរាស្ត្រ​របស់​គណបក្ស​រាជា​និយម ​ហ៊្វុនស៊ីនប៉ិច​ លោក​ ឌឹម សុវណ្ណារ៉ុម​ ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​លោក ​ហ៊ែល សារ៉ាត់​ ដែល​បាន​លាលែង​ពី​តួនាទី​ជា​តំណាងរាស្ត្រមក​ពី​គណ​បក្ស​សញ្ជាតិ​កម្ពុជា។​

លោក ហេង សំរិន​ ប្រធាន​រដ្ឋសភា​ជាតិ ដឹកនាំ​អង្គ​ប្រជុំ​ប្រកាស​សុពលភាព​តំណារាស្ត្រ​ថ្មី និង​ក្រុម​មន្ត្រី​បី​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) នៅក្នុង​សភា​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)
លោក ហេង សំរិន​ ប្រធាន​រដ្ឋសភា​ជាតិ ដឹកនាំ​អង្គ​ប្រជុំ​ប្រកាស​សុពលភាព​តំណារាស្ត្រ​ថ្មី និង​ក្រុម​មន្ត្រី​បី​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) នៅក្នុង​សភា​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)

លោក​ ហេង សំរិន​ ប្រធាន​រដ្ឋ​សភា​ជាតិ​ ​បាន​ប្រកាស​ពី​ការ​បោះឆ្នោត​ទទួល​ស្គាល់​ឥស្សរជន​ទាំង​បី​រូប​នេះ​យ៉ាង​ដូច្នេះ​ថា៖

​«អនុ​លោម​តាម​លទ្ធផល​នៃ​ការបោះឆ្នោត​ទុកចិត្ត​អម្បាញ់មិញ​នេះ​ ខ្ញុំ​សូម​ប្រកាស​ថា​ ឯកឧត្ដម​ នុត​ សុខុម​ អនុប្រធាន​ ឯកឧត្ដម​ ឌឹម សុវណ្ណារ៉ុម​ សមាជិក​ ឯកឧត្ដម​ ហ៊ែល សារ៉ាត់​ សមាជិក​ ត្រូវ​បាន​អង្គ​សភា​បោះឆ្នោត​ជាប់​ នា​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​ប្រាំ​បួន នីតិកាល​ទី​៥​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ៧ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧។ សូម​អង្គ​សភា​អបអរ​សាទរ»។​

កាល​ពី​ចុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ លោក​ ​គួយ ប៊ុនរឿន អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អតីត​អនុ​ប្រធាន​គ.ជ.ប​ ​និង​លោក រ៉ុង ឈុន​ ​ព្រមទាំង​អ្នក​ស្រី តែ ម៉ានីរ៉ុង​ ​ដែល​ជា​សមាជិក​គ.ជ.​ប មក​ពី​កូតា​គណ​បក្ស​សង្គ្រោះជាតិ​ បាន​សុំ​លា​លែង​ពី​តំណែង ក្រោយ​ការ​រំលាយ​ចោល​គណបក្ស​ប្រឆាំង ដែល​បាន​បើក​ផ្លូវ​ឲ្យ​មានការ​បែង​ចែក​អាសនៈ​សភា​របស់​គណ​បក្ស​នយោបាយ​នេះ​ឡើងវិញ​ទៅ​ឲ្យ​គណ​បក្ស​កាន់​អំណាច​ និងគណបក្ស​តូចៗ​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​

​ពួកគេ​បាន​ផ្ដល់ហេតុ​ផល​ថា​ ការបែង​ចែក​អាសនៈ​សភា​របស់​គណបក្ស​ជាប់​ឆ្នោត​ទៅ​គណបក្ស​ដទៃ​នេះ​ គឺជា​ទង្វើ​បំពាន​លើ​ឆន្ទៈ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​ជាង​បី​លាន​នាក់​នៅ​ទូទាំង​ប្រទេស​ដែល​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​ខ្លួន​ចេញ​ពី​គណបក្ស​ប្រឆាំង។​

​ខណៈ​ចាក​ចេញ​ពី​សាល​ប្រជុំរបស់​សភាជាតិ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ ​នុត សុខុម​ ដែល​ជា​អតីត​អ្នក​តស៊ូ​ជាមួយ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​សម្ដេច​ ​ព្រះបរម​រតនកោដ្ឋ ព្រះបាទ ​នរោត្តម ​សីហនុ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ លោក​ប្ដេជ្ញា​ចិត្តនឹង​បម្រើ​ប្រជារាស្ត្រ​ខ្មែរ​ ដើម្បី​ជា​សេចក្ដីតប​ស្នង​ដល់​អង្គ​សភា​ ដែល​បាន​បោះឆ្នោត​គាំទ្ររូប​លោក​ឲ្យ​មក​បំពេញ​កិច្ចការ​បោះឆ្នោត​ដែល​មាន​សារៈសំខាន់​សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

«​ខ្ញុំ ​ជា​ការ​តបស្នង​ មានតែ​ការ​ប្ដេជ្ញា​ចិត្ត​ ខិតខំ​ប្រឹង​ប្រែង​បំពេញ​ភារកិច្ច​ក្នុង​ស្ថាប័ន​ដ៏​មាន​សារៈសំខាន់​នេះ​ ដើម្បី​ជា​ឧត្ដម​ប្រយោជន៍​ ជូន​ជាតិ​ និង​ប្រជារាស្ត្រ»។​

លោក​ ​នុត សុខុម​ ​អតីត​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​មក​ពី​កូតា​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច បាន​ប្រាប់​ VOA ​បន្ថែម​ថា​ លោក​នឹង​បំពេញ​តួនាទី​របស់​លោក​ប្រកបដោយសតិសម្បជញ្ញៈ​ត្រឹមត្រូវ​ ផ្ទុយពី​ការ​រិះគន់​ដែល​ថា សមាសភាព​ គ.ជ.ប​ថ្មី​ នឹង​មិន​បំពេញ​ការងារ​ទៅ​តាម​មនសិការ​ និង​ឆន្ទៈ​ដើម្បី​បម្រើ​ប្រយោជន៍​ប្រជារាស្ត្រ។​

«ខ្ញុំ​ធ្វើការ​តស៊ូ​នេះ​ យល់​ថា​ពាក្យ​តស៊ូ​ទេ​ តស៊ូ​នេះ​គឺ​លំបាក! ហើយ​យក​ជីវិត​ទៅ​ប្ដូរ​ ដូច្នេះ​ខ្ញុំ​ធ្វើ​តែ​តាម​សតិសម្បជញ្ញៈ​របស់​ខ្ញុំ​ក្នុង​រឿង​ជាតិ​នេះ ​សូម​បញ្ជាក់​ជូន​ប៉ុណ្ណឹង»។​

គ.ជ.ប​ ដែល​ធ្លាប់​មាន​សមាសភាព​នៃ​ក្រុម​មន្ត្រី​មក​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ការ​ចុះ​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រឆាំង​ និង​គណបក្ស​កាន់​អំណាច​កាល​ពី​ខែ​កក្កដា​ឆ្នាំ​ ២០១៤​ ​ដើម្បី​បញ្ចប់​វិវាទ​នយោបាយ​នានា​ដែល​បាន​កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣។

កិច្ច​ព្រមព្រៀង​នយោបាយ​នោះ​ ​បាន​តម្រូវ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​សង​ខាង​ រើស​សមាជិក​ខ្លួន​បួន​រូប​ម្ខាង​ និង​ឥស្សរជន​មួយ​រូប​ទៀត​ដែល​ត្រូវតែ​ទទួល​ការ​ព្រមព្រៀង​ពី​គណបក្ស​ទាំងពីរ។​

អ្នកឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ និយាយ​ថា​ សមាសភាព​គ.ជ.ប​ថ្មី​ គឺ​ភាគច្រើន​ជា​អតីត​អ្នក​ធ្វើ​នយោបាយដែល​មិន​ខុស​ពី​សមាសភាព​ចាស់​មុន​ដែរ​ ហេតុ​ដូច្នេះ​ ការ​រក្សា​បាន​នូវ​ឯករាជ្យ​សម្រាប់​បំពេញ​កិច្ចការ​ងារ​រៀបចំ​ការបោះឆ្នោត​របស់​មន្ត្រី​ថ្មី​នេះ​ នៅ​ស្ថិត​ក្នុង​ក្ដី​មន្ទិល​នៅឡើយ។ ​

ចំណែក​អតីត​សមាជិក​ គ.ជ.ប​ ​មួយ​រូប ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់​ថា​ សមាសភាព​ថ្មី​របស់​គ.ជ.ប​ បាន​ធ្វើ​ឲ្យ​ខូច​ទម្រង់​ដើម​គ.ជ.ប​ ​ដែល​ប្រសូត​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ។​ ការណ៍​នេះ​ បាន​បង្ហាញ​ថា​ សមាសភាព​ថ្មី​ នឹង​មិន​អាច​បំពេញ​ការ​ងារ​ទៅ​តាម​អ្វី​ដែល​ប្រជារាស្ត្រ​ខ្មែរ​ចង់​បាន​នោះ​ឡើយ​ ពោល​គឺ​សមាសភាព​ថ្មីទាំង​បី​នាក់​នេះ​ នឹង​មិន​អាច​ប្រឆាំង​នឹង​ឥទ្ធិពល​នយោបាយ​ ដើម្បី​រក្សា​មុខតំណែង​ ​និង​តួនាទី​របស់​ផង​ខ្លួន។​ នេះ​បើ​យោង​តាម​អតីត​សមាជិក​គ.ជ.ប​ ដដែល។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ គ.ជ.ប ​បាន​ថ្លែង​ការពារ ជំហរ​ដឹកនាំ​របស់​គ.ជ.ប​ថ្មី​នេះ​ថា​ ទោះ​ជា​សមាសភាព​មក​ពី​មជ្ឈដ្ឋាន​ណា​ក៏​ដោយ​ ក៏​ត្រូវ​តែ​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​ស្រប​តាម​ច្បាប់​កំណត់។​

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​២ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​ គ.ជ.ប​ បាន​អះអាង​បន្ថែម​ថា​ «គ្មាន​បុគ្គល​ណា​ សមាសភាព​ណា​ អង្គការ​ណា​ អង្គភាព​ណា​ បរទេស​ណា​ អាច​មក​ដាក់​សម្ពាធ​ ឬ​ប្រទាញ​ ​គ.ជ.ប​ ​ឲ្យ​អនុវត្តន៍​ប្រាសចាក​ពី​គតិ​ច្បាប់​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​នេះ​បាន​ឡើយ»៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG