ដូចការគ្រោងទុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានសម្រេចបែងចែកអាសនៈសភារបស់គណបក្សសង្គ្រោះជាតិចំនួន៥៥ឱ្យទៅគណបក្សនយោបាយចំនួន៥រួមទាំង គណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចដែលមិនទទួលបានអាសនៈសភា ក្នុងពេលបោះឆ្នោតឆ្នាំ២០១៣កន្លងមក។ នេះបើយោងតាមសេចក្តីសម្រេចរបស់ គ.ជ.ប.ដែលចុះផ្សាយក្នុងគេហទំព័ររបស់ខ្លួននៅថ្ងៃព្រហស្បតិ៍។
នៅក្នុងសេចក្តីសម្រេចស្តីពីការបែងចែកអាសនៈដែលនៅទំនេរ ដែលបានចុះហត្ថលេខាដោយ ប្រធានគ.ជ.ប. លោក ស៊ិក ប៊ុនហ៊ុក កាលពីថ្ងៃពុធ ឱ្យដឹងថាអាសនៈទាំងនោះមាននៅមណ្ឌលចំនួន២២ ហើយគណបក្សហ៊្វុនស៊ីនប៉ិចទទួលអាសនៈសភាចំនួន៤១គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួល៦អាសនៈ គណបក្សខ្មែរឈប់ក្រទទួលចំនួន៥អាសនៈ គណបក្សសញ្ជាតិកម្ពុជាបាន២អាសនៈ និង គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បាន១អាសនៈ។
VOA មិនអាចទំនាក់ទំនងមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួមទាំងអ្នកនាំពាក្យលោក ហង្ស ពុទ្ធា និងលោក ស៊ិក ប៊ុនហ៊ុក ដើម្បីសុំការអធិប្បាយបន្ថែមបានទេនាថ្ងៃព្រហស្បតិ៍នេះ។
លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យនៃគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចរបស់ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិដែលទទួលបានអាសនៈដ៏ច្រើនជាងគេក្នុងការបែងចែកនេះ ក៏បដិសេធមិនធ្វើការអធិប្បាយដោយរវល់ជាប់ប្រជុំ។
កន្លងមកមានគណបក្សពីរ គឺគណបក្សខ្មែរឈប់ក្រនិងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ធ្លាប់បានប្រកាសមិនព្រមទទួលអាសនៈរដ្ឋសភាដែលបែងចែកពីគណបក្សសង្គ្រោះជាតិនោះទេ។
ការបែងចែកអាសនៈសភារបស់ គណបក្សជំទាស់ដ៏ធំនៅកម្ពុជា គឺធ្វើឡើងមិនប៉ុន្មាន១សប្តាហ៍ក្រោយពីតុលាការកំពូលសម្រេចរំលាយបក្សដែលមានអ្នកគាំទ្រជាង៤០ ភាគរយក្នុងការបោះឆ្នោតកន្លងមកនេះ។ ក្នុងការសម្រេចរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ តាមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ តុលាការកំពូលក៏បានហាមប្រាមមិនឲ្យសមាជិកគណបក្សសង្គ្រោះជាតិ ចំនួន១១៨នាក់ចូលរួមក្នុងសកម្មភាពនយោបាយចំនួនប្រាំឆ្នាំ ផងដែរ។
ការរំលាយបក្សជំទាស់ដែលគេមើលឃើញថាជាគូប្រជែងដ៏ធំរបស់គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ រងការរិះគន់យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ ដោយការណ៍នេះប្រាស់ចាកពីគោលការណ៍ប្រជាធិបតេយ្យ។ ប្រទេសម្ចាស់ជំនួយធំៗចំនួនពីរ គឺសហរដ្ឋអាមេរិក និង ស៊ុយអែត បានប្រកាសបញ្ចប់ជំនួយរបស់ខ្លួនលើការបោះឆ្នោតនិងការកែទម្រង់ប្រព័ន្ធវិមជ្ឈការនៅកម្ពុជា។ ខណៈដែល សហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជា មានតម្លៃសរុបប្រមាណ៥ពាន់លានដុល្លារ បានប្រកាសនាថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយស្នើឱ្យកម្ពុជា«គោរពសិទ្ធិមនុស្សជាមូលដ្ឋាន» ដើម្បី បន្តទទួលបានការ«អនុគ្រោះពន្ធគ្រប់បែបយ៉ាងលើកលែងតែសព្វាវុធ» ក្នុងការនាំចេញផលិតផលកម្ពុជាចេញទៅទីផ្សារប្រទេសអឺរ៉ុបនោះ។
ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីសប្តាហ៍កន្លងទៅ សមាជិកបីរូបរបស់គ.ជ.បដែលជាកូតាមកពីបក្សជំទាស់ បានលាលែងពីតំណែងរបស់ខ្លួន។ អ្នកទំាងបីរូបមាន លោក គួយ ប៊ុនរឿន អនុប្រធានគ.ជ.ប លោក រ៉ុង ឈុន និង លោកស្រី តែ ម៉ានីរ៉ុងជាសមាជិក។ ក្នុងលិខិតលាលែងរបស់ខ្លួន ដែលចុះហត្ថលេខាកាលពីថ្ងៃច័ន្ទ សមាជិកទំាងបីរូបបញ្ជាក់ថា ការបើកផ្លូវឲ្យគ.ជ.ប អនុវត្តការបែងចែកអាសនៈ នៃរដ្ឋសភាអាណត្តិទី ៥ និងអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ឡើងវិញ ដោយយកទៅចែកឲ្យគណបក្សនយោបាយផ្សេងៗ ដែលប្រជាពលរដ្ឋមិនបានបោះឆ្នោតជូនគឺជាការរំលោភរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត នៅក្នុងអាណត្តិនៃការបោះឆ្នោតនីមួយៗជាពិសេសគឺជាការរំលោភឆន្ទៈ របស់ប្រជាពលរដ្ឋ។
លោក រ៉ុង ឈុន សមាជិកគ.ជ.បដែលសុំលាលែងពីតំណែងបានបញ្ជាក់បន្ថែមក្នុងកម្មវិធី Hello VOA កាលពីថ្ងៃពុធថា៖
«យើងមិនអាចអង្គុយធ្វើអាជ្ញាកណ្តាលនៅក្នុងគ.ជ.បបន្តទៀតបានទេ ពីព្រោះ ដោយសារតែយើងមិនអាចយកឆន្ទៈរបស់ប្រជាពលរដ្ឋ ជាង៣លាននាក់ ទៅចែកឱ្យគណបក្សផ្សេងៗ ដែលប្រជាពលរដ្ឋមិនបានគាំទ្រ។ ពីព្រោះបើសិនជាយើងធ្វើបែបនេះយើងមិនគោរពទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយវាក្បត់ឧត្ដមគតិរបស់ខ្លួនយើងផង»។
ទោះយ៉ាងណាក៏ដោយ លោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃពុធនេះថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជាឬគ.ជ.បនឹងជ្រើសរើសសមាជិក ៣រូបមកជំនួសឱ្យសមាជិកដែលបានលាឈប់ ហើយ សមាជិកទាំងបីរូបថ្មីនោះរួមមានអនុប្រធានគ.ជ.ប. នឹងមកពីគណបក្សហ៊្វុនស៊ីនប៉ិច ក្រៅពីនោះ សមាជិក ២រូបផ្សេងទៀតក៏នឹងអាចជ្រើសចេញពីគណបក្សតូចៗផ្សេងទៀតដែលយល់ព្រមទទួលអាសនៈសភានិងអង្គការសង្គមស៊ីវិល។
លោក ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថាការបោះឆ្នោតនៅកម្ពុជានិងនៅតែបន្តទៅមុខតាមពេលកំណត់ដោយគ្មានការរំខានបើទោះជាមានការលាឈប់របស់មន្ត្រី គ.ជ.ប. ការដកជំនួយខ្លះៗ និងការមិនចូលរួមឃ្លាំមើលការបោះឆ្នោតពីសំណាក់មជ្ឈដ្ឋានអន្តរជាតិក៏ដោយ៕