ក្រុមអ្នកតស៊ូមតិជាពលរដ្ឋខ្មែរអាមេរិកាំងបាននិយាយថា ដំណើរការនីតិវិធីច្បាប់ទាក់ទងនឹងការអនុម័តសេចក្តីព្រាងច្បាប់រឿងប្រជាធិបតេយ្យកម្ពុជា នឹងមិនប៉ះពាល់ ដោយសារតែការប្រែប្រួលនយោបាយអាមេរិកាំង និងលទ្ធផលក្រោយការបោះឆ្នោត ពាក់កណ្តាលអាណត្តិទេ។
ក្រោយពេលគណបក្សប្រជាធិបតេយ្យ បានដណ្តើមកាន់កាប់សភាពីគណបក្ស សាធារណរដ្ឋវិញ ពលរដ្ឋខ្មែរអាមេរិកាំង ដែលបានចេញទៅបោះឆ្នោតនិងជាអ្នកតស៊ូ មតិផងនោះបាននិយាយថា ការប្រែប្រួលនយោបាយអាមេរិកក្រោយការបោះឆ្នោត ពាក់កណ្តាលអាណត្តិកាលពីថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០១៨ មិនមានប៉ះពាល់ទៅដល់ សេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងប្រជាធិបតេយ្យកម្ពុជាទេ។
សេចក្តីព្រាងច្បាប់ «ស្តីពីការទទួលខុសត្រូវរបស់កម្ពុជានិងធ្វើឱ្យការវិនិយោគត្រឡប់ដូចដើមវិញ»ហៅកាត់ថា CARI Act ដែលសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកជាច្រើនរូប បានស្នើឡើងនេះ នឹងដាក់ទណ្ឌកម្មជាច្រើនលើប្រទេសកម្ពុជា។ ក្នុងនោះមានការ ដាក់លក្ខខណ្ឌជំនួយ ការហាមមិនឱ្យជនដែលធ្វើឱ្យខូចខាតលទ្ធិប្រជាធិបតេយ្យចូលក្នុងសហរដ្ឋអាមេរិក ការបង្កកទ្រព្យសម្បត្តិជនដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ ការប្រឆាំងរាល់ប្រាក់កម្ចី និងជំនួយពីស្ថាប័នអន្តរជាតិទៅកម្ពុជា ក៏ដូចជាហាមឃាត់ការលុបចោលបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកជាង៥០០លានដុល្លារផងដែរ។
រដ្ឋសភាសហរដ្ឋអាមេរិកដែលបានចាត់ទុកថា ដំណើរការបោះឆ្នោតនៅកម្ពុជាមិនស្របច្បាប់ បានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឬសេចក្តីព្រាងច្បាប់លេខ៥៧៥៤ មុនប៉ុន្មានថ្ងៃនៃការបោះឆ្នោតនៅកម្ពុជា។ សេចក្តីព្រាងច្បាប់នោះក៏មានគោលដៅដើម្បីបង្កកទ្រព្យសម្បត្តិ និងរិតត្បិតទិដ្ឋាការមន្ត្រីកម្ពុជាមួយចំនួនដែលបានធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្រុមអ្នកតស៊ូ មតិខ្មែរអាមេរិកាំងបានថ្លែងថាការប្រែប្រួលនយោបាយអាមេរិកាំងក្រោយការបោះ ឆ្នោតពាក់កណ្តាលអាណត្តិ មិនមានផលប៉ះពាល់ដល់ដំណើរការនីតិវិធីរឿងអនុម័ត សេចក្តីពា្រងច្បាប់ទាំងពីរទាក់ទងនឹងបញ្ហាកម្ពុជាទេ។
លោក ទូច វិបុល នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្ត ខ្មែរ អាមេរិកាំង បានថ្លែងថាទាំង គណបក្សសាធារណរដ្ឋ និងទាំងគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក គិត បញ្ហាកម្ពុជាជាបញ្ហារួម ហើយនឹងមិនមានផលប៉ះពាល់ទេចំពោះការចេញលទ្ធផល បោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងប្រទេសអាមេរិកនេះ។
«គណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកបានចាត់ ទុកបញ្ហាកម្ពុជាគឺជាបញ្ហារួមគឺពាក់ព័ន្ធទៅនឹងការលើកកម្ពស់សេរីភាពនិងលទ្ធិ ប្រជាធិបតេយ្យ ហើយជាពិសេសគឺគេចង់ឲ្យជនទាំងឡាយណាធ្វើការបំផ្លាញលទ្ធិ ប្រជាធិបតេយ្យទទួលខុសត្រូវចំពោះមុខច្បាប់។ នៅក្នុងហ្នឹងគឺរួមមានទណ្ឌកម្ម ហិរញ្ញវត្ថុឬក៏ការហាមឃាត់មិនឲ្យមន្ត្រីទាំងឡាយណាដែលបានរំលោភទៅលើគោល ការណ៍លទ្ធិប្រជាធិបតេយ្យ មិនឲ្យចូលទឹកដីសហរដ្ឋអាមេរិក។អញ្ចឹងបញ្ហាហ្នឹងនឹង មិនមានការប្រែប្រួលទេ ហើយចំពោះសេចក្តីព្រាងច្បាប់លេខ៥៧៥៤ និងសេចក្តី ព្រាងច្បាប់នៅព្រឹទ្ធសភាលេខ២៤១២ ខ្ញុំគិតថាកំពុងស្ថិតនៅក្នុងការពិចារណា ហើយខ្ញុំរំពឹងថាច្បាប់ទាំងពីរនេះ ប្រហែលជាអាចត្រូវអនុម័តនៅចុងខែ១២នេះ»។
ទោះជាយ៉ាងណាលោក វិបុល បានអះអាងថាមានការប្រែប្រួលខ្លះ ដោយសារថា លោកសមាជិកសភា Ed Royce ដ៏មានឥទ្ធិពល ជាប្រធានគណៈកម្មការកិច្ចការ បរទេសសភាមកពីគណបក្សសាធារណរដ្ឋ បានចូលនិវត្តន៍។ តែដំណឹងល្អ លោក ថាលោកសមាជិកសភា Alan Lowenthal មកពីគណបក្សប្រជាធិបតេយ្យដែលជួយ ជ្រោមជ្រែងកិច្ចការកម្ពុជានៅបន្តជាប់ឆ្នោត។
«ខ្ញុំគិតថាលោក Alan Lowenthal ដោយសារគណបក្សប្រជាធិបតេយ្យរបស់គាត់ ក្លាយទៅជាសំឡេងភាគច្រើននៅក្នុងសភា ដូច្នេះលោកប្រហែលនឹងក្លាយទៅជា ប្រធានគណៈកម្មការកិច្ចការណាមួយដែលខ្ញុំគិតថានឹងពាក់ព័ន្ធនឹងកិច្ចការការបរទេស។ ដូច្នេះវាជាដំណឹងល្អមួយសម្រាប់អង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំងរបស់ យើងដែលនឹងបន្តធ្វើកិច្ចការជាមួយគាត់។ រីឯខាងព្រឹទ្ធសភាយើងនៅតែបន្តធ្វើកិច្ចការ ជាមួយនឹងលោកព្រឹទ្ធសមាជិក Lindsey Graham ពីព្រោះគាត់ជាអ្នកតាក់តែងសេចក្តី ស្នើច្បាប់លេខ២៤១២ យើងនឹងបន្តធ្វើកិច្ចការជាមួយគាត់ទៀត ដោយសារតែខាង ព្រឹទ្ធសភា គណបក្សសាធារណរដ្ឋនៅតែជាគណបក្សមានសំឡេងភាគច្រើននៅ ទីនោះ»។
លោកស្រី ជេណេត សេង ជាប្រធានចលនាស្ត្រីបណ្តាញសាកលរបស់គណបក្ស ជំទាស់ក្នុងប្រទេសអាមេរិក ដែលបានតស៊ូមតិ និងបញ្ចុះបញ្ចូលសភា ព្រឹទ្ធសភា អាមេរិកាំង កន្លងមកចំពោះសេចក្តីស្នើច្បាប់នេះបានថ្លែងថា សេចក្តីព្រាងច្បាប់ទាំង ពីរនេះ មានការយកចិត្តទុកដាក់និងជំរុញដោយគណបក្សទាំងពីរ គឺគណបក្ស សាធារណរដ្ឋ និង គណបក្សប្រជាធិបតេយ្យ ដែលការបោះឆ្នោតពាក់កណ្តាល អាណត្តិនេះ គ្មានអ្វីរារាំងឬពាក់ព័ន្ធគ្នានឹងការអនុម័តសេចក្តីព្រាងច្បាប់ទាំងពីរនោះឡើយ។
«ពីព្រោះសេចក្តីព្រាងច្បាប់ទាំងពីរហ្នឹងវាមានការគាំទ្រយ៉ាងពេញទី ដោយគណបក្ស ទាំងពីរ អញ្ចឹងវាទៅមុខ»។
លោកស្រី បានអះអាងថា បើសិនជាច្បាប់ទាំងពីរនេះចេញទៅ ការណ៍នោះនឹងមាន ការទាមទារច្រើនពីការគោរពសិទ្ធិមនុស្ស ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ដែល សហរដ្ឋអាមេរិក និង សហគមន៍អន្តរជាតិចង់បាន ហើយធ្វើឲ្យកម្ពុជាទទួលយក។
«គាត់ត្រូវតែខំប្រឹងដើរតាមផ្លូវមួយដែលអន្តរជាតិអាចទទួលស្គាល់បាន»។
លោក ទឹង យ័ប ប្រធានសមាគមខ្មែរអាមេរិកាំង ដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក្នុងរដ្ឋវីជីនៀ (CAHRAD) ក៏បន្ទរស្រដៀងគ្នាដែរ។
«តាមខ្ញុំយល់ ខ្ញុំថានេះដូចមិនប៉ះពាល់អីប៉ុន្មានទេ ពីព្រោះភាគច្រើននៅខាងសភា (House of Representatives) គេបានចេញច្បាប់ហ្នឹងហើយ។ តែនៅខាងព្រឹទ្ធសភា គេមិនទាន់បានចេញច្បាប់ហ្នឹង ហើយព្រឹទ្ធសភាពួកខាងគណបក្សសាធារណរដ្ឋ អ្នកឈ្នះ ហើយគណបក្សនេះភាគច្រើនគិតគូរពីបញ្ហាស្រុកខ្មែរ»។
លោកក៏បានបន្តដែរថា ក្រុមសមាជិកព្រឹទ្ធសភាពេលខ្លះគេអាចធ្វើច្បាប់រហ័សបាន ពេលខ្លះ ត្រូវតែដំណើរការទៅតាមនីតិវិធីជាជំហ៊ានៗ។ តែយ៉ាងណាលោកថាពលរដ្ឋខ្មែរត្រូវតែជំរុញពីរឿងនេះ។
«ម្ល៉ោះហើយ យើងជាប្រជាជនខ្មែរនៅសហរដ្ឋអាមេរិក និង ក្រៅប្រទេសហ្នឹង ទាល់ តែរហ័សដាស់តឿនគេ ឲ្យគេធ្វើច្បាប់ហ្នឹង»។
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ បានធ្វើឲ្យគណបក្សប្រជាធិបតេយ្យ របស់ អាមេរិក មានអំណាចឡើងវិញដោយធ្វើឲ្យមានតុល្យភាពអំណាច ឬ ប្រព័ន្ធគ្រប់គ្រងរដ្ឋ បែបពហុនិយម។ តែគណបក្សសាធារណរដ្ឋរបស់លោក ប្រធានាធិបតី ដូណាល់ ត្រាំ នៅតែមានសំឡេងភាគច្រើនក្នុងព្រឹទ្ធសភា ដ៏មានអំណាចដដែល។ ការណ៍នេះ បានធ្វើឲ្យពលរដ្ឋខ្មែរមានការទន្ទឹងរង់ចាំការជឿនលឿនទៅមុខយ៉ាងខ្លាំងនៃសេចក្តីព្រាងច្បាប់ទាំងពីរពាក់ព័ន្ធនឹងដំណើរការប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា៕