មានការបែកបាក់យ៉ាងខ្លាំងមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅក្នុងសហរដ្ឋអាមេរិកដើម្បីជ្រើសរើសសភាថ្មីហើយនិងធ្វើការសម្រេចពីការបំពេញការងាររបស់ប្រធានាធិបតីត្រាំនៅពាក់កណ្តាលអាណត្តិ។ លទ្ធផលនៃការបោះឆ្នោតនេះ អាចធ្វើឲ្យមានការផ្លាស់ប្តូរតុល្យភាពអំណាចនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនហើយនឹងកែប្រែការកាន់តំណែងជាប្រធានាធិបតីរបស់លោកត្រាំនៅរយៈពេល២ឆ្នាំចុងក្រោយនេះ។
អាសនៈសភាតំណាងរាស្រ្តទាំងអស់៤៣៥នឹងត្រូវប្រកួតប្រជែងនៅថ្ងៃអង្គារនេះ បូកជាមួយនឹងអាសនៈចំនួន៣៥នៃអាសនៈព្រឹទ្ធសភាសហរដ្ឋអាមេរិកទាំងអស់ចំនួន១រយហើយនឹងតំណែងអភិបាលរដ្ឋចំនួន៣៦នៃតំណែងអភិបាលរដ្ឋទាំងអស់ចំនួន៥០។
ការស្ទង់មតិសាធារណៈនិងពួកអ្នកវិភាគ បានប្រាប់ឲ្យដឹងថា ពួកគណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងមានប្រៀបនៅក្នុងការប្រកួតប្រជែងដើម្បីត្រួតត្រាសភាតំណាងរាស្រ្ត។ ពួកគណបក្សប្រជាធិបតេយ្យនឹងឈ្នះអាសនៈសភាតំណាងរាស្រ្តច្រើនជាងអាសនៈដែលពួកគេមាននៅពេលបច្ចុប្បន្ននេះ ហើយពួកគេត្រូវការអាសនៈបន្ថែមទៀតចំនួន២៣ដើម្បីកាន់កាប់សំឡេងភាគច្រើននៅសភាតំណាងរាស្រ្តឡើងវិញ។
ពួកគណបក្សសាធារណរដ្ឋកំពុងពឹងផ្អែកលើប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីប្រមូលការគាំទ្រជួយរក្សាអាសនៈព្រឹទ្ធសភាដ៏ប្រផិតប្រផើយគឺ៥១អាសនៈទល់នឹង៤៩អាសនៈ។ អាសនៈព្រឹទ្ធសភា៣៥នឹងត្រូវប្រកួតប្រជែងនៅថ្ងៃអង្គារនេះ ពួកគណបក្សប្រជាធិបតេយ្យកាន់កាប់អាសនៈ២៦ហើយពួកគណបក្សសាធារណរដ្ឋកាន់កាប់៩អាសនៈ។
ពួកគណបក្សប្រជាធិបតេយ្យកំពុងព្យាយាមកាន់កាប់អាសនៈចំនួន១០នៅបណ្តារដ្ឋដែលប្រធានាធិបតីដូណាល់ ត្រាំ បានឈ្នះឆ្នោតកាលពីឆ្នាំ២០១៦ ដែលរួមមានរដ្ឋ Tennsssee។
ប្រធានាធិបតីត្រាំបានរិះគន់ពួកគណបក្សប្រជាធិបតេយ្យអំពីបញ្ហាជនអន្តោប្រវេសន៍ក្នុងអំឡុងនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកាលពីពេលថ្មីៗនេះនៅក្នុងទីក្រុង Chattanooga។
ពួកគណបក្សប្រជាធិបតេយ្យកំពុងទទួលបានអ្នកធ្វើយុទ្ធនាការល្បីៗដើម្បីជួយពួកគេរួមមាន លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតី ដែលបានប្រមូលពួកអ្នកបោះឆ្នោតនៅក្នុងរដ្ឋ Illinois ដែលជារដ្ឋរបស់លោក ហើយបានប្រាប់ពួកគេថា ការដាក់ពង្រាយកងទ័ពរបស់ប្រធានាធិបតីត្រាំនៅតាមបណ្តោយព្រំដែនជាមួយប្រទេសម៉ិកស៊ិកនៅក្នុងការឆ្លើយតបទៅនឹងជនចំណាកស្រុកថាជារឿងនយោបាយ៕