នៅថ្ងៃបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងប្រទេសអាមេរិក ខ្មែរអាមេរិកាំង ដែលចេញ ទៅបោះឆ្នោតនៅតាមបណ្តារដ្ឋនានា បានផ្តោតលើប្រព័ន្ធផ្ទៀងផ្ទាត់អំណាច សេដ្ឋកិច្ច និងការឈប់រើសអើងជាតិសាសន៍។ ពួកគេចង់ឃើញមានការកែទម្រង់បញ្ហាទាំងនេះ និងចង់ឃើញតុល្យភាពអំណាចក្នុងសភាអាមេរិកាំងរវាងគណបក្សធំៗទាំងពីរ ហើយនឹងកំណែទម្រង់លើបញ្ហាច្រើនទៀត ក្រោយលទ្ធផលបោះឆ្នោតចេញ។
ក្រុមអ្នកបោះឆ្នោតជាពលរដ្ឋខ្មែរអាមេរិកាំង ដែលចេញទៅបោះឆ្នោតពាក់កណ្តាល អាណត្តិកាលពីថ្ងៃអង្គារទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ចង់ឃើញការផ្លាស់ប្តូរក្នុងការគ្រប់ គ្រងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ការផ្លាស់ប្តូរនោះរួមទាំង ប្រព័ន្ធផ្ទៀងផ្ទាត់អំណាចក្នុងសភាអាមេរិកាំងសម្រាប់គណបក្សទាំងពីរ ដែលត្រូវមាន តុល្យភាពអំណាច ការរីកចម្រើនសេដ្ឋកិច្ច និងការបញ្ឈប់ការរើសអើងជាតិសាសន៍ ជាដើម ។
លោកស្រី សេង ជេណេត ជាពលរដ្ឋខ្មែរអាមេរិកាំងរស់នៅក្នុងរដ្ឋ ភេនស៊ីលវីនៀ បាន ថ្លែងថាគណបក្សទាំងពីរត្រូវមានតុល្យភាពអំណាច និង អាចត្រួតពិនិត្យផ្ទៀងផ្ទាត់គ្នា ហៅថា checks and balances បាន ហើយនឹងមិនអនុញាតឲ្យប្រធានាធិបតីធ្វើអ្វីបានតាមចិត្តទេ។
«ខ្ញុំចង់ឃើញការផ្លាស់ប្តូរ ពីព្រោះខ្ញុំចង់ឲ្យគណបក្សប្រជាធិបតេយ្យហ្នឹងមកកាន់កាប់ សភា និងព្រឹទ្ធសភាឡើងវិញ ដោយឲ្យមានការត្រួតពិនិត្យផ្ទៀងផ្ទាត់ (Checks and balances)»។
លោកស្រី បានអះអាងថា លោកស្រីមិនពេញចិត្តនឹងការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំទេ ដោយសារលោកបានប្រើពាក្យ និងអាកប្បកិរិយាមាក់ងាយស្រី្តភេទ រើសអើងជាតិសាសន៍ និងរើសអើងដល់ជនអន្តោប្រវេសន៍ ហើយធ្វើឲ្យសេដ្ឋកិច្ចប្រទេសចុះឱនភាពជាដើម។ ហើយមួយវិញទៀត លោកស្រីក៏ចង់ឃើញអភិបាលរដ្ឋ ដែលត្រូវជ្រើសរើសដោយពលរដ្ឋនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិផងនោះ ត្រូវតែប្រើប្រាស់ថវិកាជួយដល់ផ្នែកអប់រំជាសំខាន់ជាងវិស័យផ្សេងទៀត។
គណបក្សសាធារណរដ្ឋកំពុងកាន់កាប់អង្គនីតិប្បញ្ញតិ គឺសភា និងព្រឹទ្ធសភា អង្គនីតិប្រតិបត្តិ គឺរដ្ឋាភិបាល ឬ ប្រធានាធិបតី និងប្រព័ន្ធយុត្តិធម៌ ឬ តុលាការនៅមុនពេលលទ្ធផលបោះឆ្នោតពាក់កណ្តាលអាណត្តិ ដោយធ្វើឲ្យគណបក្សប្រជាធិបតេយ្យ គ្មានកម្លាំងតវ៉ា ឬ ជំទាស់នោះឡើយ ទៅលើច្បាប់ និងការសម្រេចរបស់គណបក្ស សារធារណរដ្ឋរបស់ប្រធានាធិបតី។ តែជាមួយនឹងលទ្ធផលបោះឆ្នោតបឋមៗ នៅថ្ងៃ នេះ គណបក្សប្រជាធិបតេយ្យ បានឈ្នះ និងគ្រប់គ្រងរដ្ឋសភាដោយសំឡេងភាគច្រើន គឺ ២២២ ទល់នឹង ១៩៩ នឹងមានអំណាចឡើងវិញ។
លោកស្រី សេង ជេណេត បានបន្តថា ជាការសំខាន់ដែលពលរដ្ឋខ្មែរ អាមេរិកាំង ត្រូវ ចូលរួមក្នុងនយោបាយអាមេរិកាំង ដើម្បីសហគមន៍ខ្លួនឯង ប្រទេសអាមេរិក និងផល ប្រយោជន៍ដល់ប្រទេសកំណើត។
«ហើយបើយើងអត់ទៅជួយគេ អត់បោះឆ្នោត អត់ដឹងថានរណាគេធ្វើអី គេក៏មិនអាច ជួយយើងបាន ហើយយើងក៏មិនអាចជួយប្រទេសជាតិយើងបានទេ។អញ្ចឹងវាពាក់ព័ន្ធគ្នា។ យើងជាខ្មែរអាមេរិកាំង យើងមកដល់នេះ យើងមានសិទ្ធិពេញលេញ យើងរស់នៅក្នុងប្រទេសមួយអាចបញ្ចេញមតិ អាចសំឡេង យើងគួរណាខំប្រឹងចេញមកចូលរួម ក្នុងការបោះឆ្នោត ចូលរួមនៅក្នុងសង្គមអាមេរិកាំង»។
លោក គុជ ច័ន្ទលី អ្នកវិភាគ និងជាពលរដ្ឋខ្មែរអាមេរិកាំងរស់នៅក្នុងរដ្ឋម៉ារីឡែន បានចេញទៅបោះឆ្នោតហើយដែរ បានអះអាងថា លោកក៏ចង់បានពហុបក្សគ្រប់គ្រងសភាអាមេរិកាំង ត្រូវឆ្លាស់គ្នា ឬ គណបក្សទាំងពីរ អាចត្រួតពិនិត្យគ្នាទៅវិញទៅមកបាន និងមានតុល្យភាពអំណាច។
«មិនល្អទេ តែកាលណា ធ្វើការអញ្ចឹងទៅ បើសិនជាអ្នកដឹកនាំប្រទេសហ្នឹងឧទាហរណ៍ថាប្រធានាធិបតីហ្នឹងមានគំនិតប្រកាន់ពូជសាសន៍ រើសអើងពូជសាសន៍ អាហ្នឹងវាទៅជារើសអើងពូជសាសន៍ទាំងអស់គ្នា វាអត់មានអ្នកប្រឆាំង វាអត់មាន អ្នកទប់ទល់ ហើយការបង្កើតច្បាប់ក៏ចេះតែអនុគ្រោះទៅ»។
ក្រុមអ្នកប្រជាធិបតេយ្យនិយមបានអះអាងថា សហរដ្ឋអាមេរិកនឹងក្លាយជាប្រទេស ឈានទៅរករបបផ្តាច់ការនិយម និងអាប់ឱនកិត្តិយសលើពិភពលោកដែរ ប្រសិនបើ ការបោះឆ្នោតនេះ ផ្តល់លទ្ធផលដល់គណបក្សសាធារណរដ្ឋឲ្យគ្រប់គ្រងស្ថាប័នទាំង បីផ្តាច់មុខតទៅទៀត។ តែពួកសាធារណរដ្ឋនិយមវិញបានអះអាងថា មានតែគណបក្សសាធារណរដ្ឋទេ ដែលអាចស្តារសេដ្ឋកិច្ច និងមុខមាត់ប្រទេស ហើយហ៊ានទប់ស្កាត់បញ្ហាធំៗរបស់ជាតិ និងអន្តរជាតិ។ ទោះជាយ៉ាងណា ក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរ អាមេរិកាំង មួយចំនួន ដែលចង់ឲ្យមានតុល្យភាពអំណាច ឬ ប្រព័ន្ធគ្រប់គ្រងរដ្ឋមួយបែប ពហុនិយមនោះ បានកើតឡើងដូចក្តីរំពឹងទុក នៅពេលគណបក្សប្រជាធិបតេយ្យ ទាញស្ថាប័នសភាពីការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋ។ តែគណបក្សសាធារណរដ្ឋនៅតែមានសំឡេងភាគច្រើនក្នុងព្រឹទ្ធសភា ដ៏មានអំណាចដដែល។
លោក មុយ ចំរើន ពលរដ្ឋខ្មែរអាមេរិកាំង ក្នុងរដ្ឋធានី វ៉ាស៊ីនតោន បានទាយទុកថា គណបក្សសាធារណរដ្ឋនឹងនៅតែមានអំណាចលើសលុបដោយសារពលរដ្ឋអាមេរិកាំង នៅតែជឿលើការដឹកនាំរបស់គណបក្សសាធារណរដ្ឋ ជាពិសេសចំណាត់ការដ៏មុតមាំរបស់លោកប្រធានាធិបតី ត្រាំ ដូចជារឿងទប់ស្កាត់ជនអន្តោប្រវេសន៍នៅព្រំដែនជាដើម។
«ឥឡូវនេះគាត់មានប្រជាប្រិយភាពខ្លាំងជាងមុនទៀតព្រោះគ្មាននរណាហ៊ានធ្វើទេ ឥឡូវនេះ លោក ត្រាំ ឲ្យទាហ៊ានដាក់លួសសំណាញ់ទប់ពួកនោះ ហើយឥឡូវនេះ ពួកនោះខ្លាច រាថយអត់ហ៊ានមកទេ»។
លោកបន្តថា ប្រទេសមិកស៊ីក ត្រូវចូលរួមទប់ស្កាត់ដែរ បើពុំដូច្នោះទេ នឹងត្រូវរងវិធាន ការអាមេរិក ដូចជាការតម្លើងពន្ធ ឬ ក៏ដកសញ្ជាតិ។
«លោកត្រាំ គឺជាប្រធានាធិបតីល្អបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ លោកបានកែ ទម្រង់បញ្ហាជាច្រើន»។
លោកថ្លែងយ៉ាងដូច្នេះ ដោយលើកយកការកែទម្រង់ជាច្រើនរួមទាំងបញ្ហាអន្តោប្រវេសន៍ បញ្ហាសេដ្ឋកិច្ច និងគោលនយោបាយការបរទេស ក្នុងរយៈពេលពីរឆ្នាំកន្លងមកនៃអាណត្តិទី១របស់លោក។
លោក តាន់ វិបុល ជាពលរដ្ឋខ្មែរអាមេរិកាំងរស់នៅក្នុងរដ្ឋវីជីនៀ បានចេញទៅបោះឆ្នោត ដោយចង់ឃើញការផ្លាស់ប្តូរពីការបែកបាក់គ្នាទៅជាការជានាគ្នាវិញ ក្នុងសង្គមអាមេរិកាំង។
«រឿងកែប្រែហ្នឹង ចម្បងគឺការស្រុះស្រួលគ្នា មូលមតិគ្នាមកវិញ គឺកុំឲ្យប្រកាន់និន្នាការ និងលាបពណ៌គ្នាទៅវិញទៅមក»។
លោកបន្តថា ការរើសអើង ការប្រកាន់និន្នាការនយោបាយបែបជ្រុលនិយម បានកើត ឡើង ដែលមិនគួរឲ្យកើតសម្រាប់ប្រទេសអាមេរិក។
តែលោក វិបុល ដែលចង់ឃើញអ្នកនយោបាយអាមេរិកាំង និងប្រធានាធិបតី កែប្រែ ឥរិយាបទផងនោះ បានបន្តថាពលរដ្ឋអាមេរិកាំង នឹងផ្តល់តុល្យភាពអំណាចសម្រាប់គណបក្សទាំងពីរ ដើម្បីឲ្យមានការផ្ទៀងផ្ទាត់ និងតាមដានការដឹកនាំប្រទេសរបស់រដ្ឋាភិបាល ដើម្បីកំណែទម្រង់ប្រទេស៕