ពួកអ្នកបោះឆ្នោតកំពុងតែរីករាយ និងអន្ទះសារក្នុងចិត្តយ៉ាងខ្លាំងនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះដែលនឹងសម្រេចថាតើគណបក្សនយោបាយណាដែលនឹងឈានទៅគ្រប់គ្រងសភាទាំងពីរថ្នាក់ ព្រមទាំងតំណែងអភិបាលរដ្ឋ និងអ្នកតាក់តែងច្បាប់នៅទូទាំងប្រទេសផងដែរ។ លទ្ធផលនៃការបោះឆ្នោតនៅថ្ងៃអង្គារនេះនឹងប៉ះពាល់ដល់លទ្ធភាពនៃការបំពេញការងារដែលមានចែងនៅក្នុងរបៀបវារៈរបស់លោកប្រធានាធិបតី Donald Trump សម្រាប់រយៈពេល២ឆ្នាំចុងក្រោយរបស់លោក។
ពលរដ្ឋអាមេរិកាំងអាចបោះឆ្នោតគាំទ្រលោកប្រធានាធិបតី Donald Trump ឬអាចពិនិត្យមើលអំណាចរបស់លោកតាមរយៈសន្លឹកឆ្នោតនៅក្នុងប្រអប់។ នៅតាមបណ្តារដ្ឋជាច្រើន ពួកអ្នកបោះឆ្នោតដែលមានអាយុក្រោម៣០ឆ្នាំបាននាំគ្នាចេញទៅបោះឆ្នោតរួចជាស្រេចទៅហើយ។ MATT DEITSCH ជាសិស្សនៅវិទ្យាល័យ FLORIDA បាននិយាយថា «យើងសប្បាយរីករាយចំពោះការបោះឆ្នោតនៅថ្ងៃទី៦ខែវិច្ឆិកានេះ»។
បេក្ខជនឈរឈ្មោះបោះឆ្នោតនៅទូទាំងប្រទេសបានចេញធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតយ៉ាងខ្លាំងនៅថ្ងៃចុងក្រោយនេះ។ លោកស្រី Kyrsten Sinema បេក្ខនារីសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Arizona ខាងគណបក្សប្រជាធិបតេយ្យបង្ហាញវត្តមានរបស់លោកស្រីនៅក្នុងការបោះកាក់ចាប់ផ្តើមការប្រកួតកីឡាបាល់ឱបប្រចាំមហាវិទ្យាល័យ ខណៈគូប្រជែងរបស់លោកស្រីខាងគណបក្សសាធារណរដ្ឋគឺលោកស្រី Martha McSallyជាអ្នកច្រៀងចម្រៀងគោរពទង់ជាតិ។
ការផ្សព្វផ្សាយអំពីគោលនយោបាយបានធ្វើឡើងនៅទូទាំងប្រទេស។
លោកស្រី MCCASKILLបេក្ខនារីសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Missouri បាននិយាយថា
«ខ្ញុំគិតពីការងារខ្លួនឯងថាតើរាល់ថ្ងៃនេះខ្ញុំអាចធ្វើអ្វីបានសម្រាប់ពលរដ្ឋរស់នៅក្នុងរដ្ឋ Missouri?»។
លោក JOSH HAWLEY បេក្ខជនសមាជិកព្រឹទ្ធសភាម្នាក់ទៀតប្រចាំរដ្ឋ Missouri បាននិយាយថា «អ្នករាល់គ្នាសមនឹងទទួលបានសមាជិកព្រឹទ្ធសភាម្នាក់ដែលអាចដឹកនាំដោះស្រាយបញ្ហានានាបាន មិនមែនគ្រាន់តែព្យាយាមចង់បង្ហាញវត្តមាននៅការិយាល័យនោះទេ»។
លោកប្រធានាធិបតី Donald Trump បានចេញឃោសនារកសំឡេងឆ្នោតរៀងរាល់ថ្ងៃសម្រាប់បេក្ខជនខាងគណបក្សសាធារណរដ្ឋតាមរយៈការជំរុញភាពរឹងមាំនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក ខណៈព្រមានអំពីការគំរាមកំហែងនានា ពិសេសគឺពួកជនចំណាកស្រុកខុសច្បាប់ដែលកំពុងព្យាយាមឆ្លងមកសហរដ្ឋអាមេរិក។
លោកប្រធានាធិបតី DONALD TRUMP បានថ្លែងថា «ពួកគណបក្សប្រជាធិបតីចង់ឲ្យពួកជនចំណាកស្រុកទាំងនោះចូលមកកាន់តែច្រើន។ ហើយឥឡូវនេះអ្នកឃើញហើយថាមានពួកជនចំណាកស្រុកកាន់តែច្រើនឡើងៗ។ ខ្ញុំពិតជាឆ្ងល់ណាស់ថាតើវាអាចកើតឡើងតាមរបៀបណា»។
ពួកគណបក្សប្រជាធិបតេយ្យកំពុងវាយបកត្រឡប់ទៅវិញ។ អតីតអនុប្រធានាធិបតីលោក JOE BIDEN បានថ្លែងថា «ពួកគណបក្សប្រជាធិបតេយ្យរបស់យើងត្រូវធ្វើឲ្យប្រាកដថាពួកយើងជានរណា។ យើងជ្រើសរើសក្តីសង្ឃឹមជាជាងក្តីបារម្ភ។ យើងជ្រើសរើសការបង្រួបបង្រួមជាជាងការបែងបាក់។ យើងជ្រើសរើសសម្ព័ន្ធមិត្តជាជាងសត្រូវ»។ លោក JOHN LEWIS តំរាងរាស្ត្រខាងគណបក្សប្រជាធិបតេយ្យបានថ្លែងថា
«យើងកំពុងដើរឆ្ពោះទៅមុខ យើងមិនឈរទ្រឹងនោះទេ យើងកំពុងរួបរួមព្រលឹងរបស់រដ្ឋនេះនិងព្រលឹងរបស់ជាតិទាំងមូល»។
ពួកអ្នកបោះឆ្នោតនឹងបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រទាំងអស់ ដែលគណបក្សសាធារណរដ្ឋមានសំឡេងច្រើនជាងអស់រយៈពេល៨ឆ្នាំមកហើយ។ ប្រសិនបើលទ្ធផលបោះឆ្នោតជាការពិតនោះមានន័យថា ពួកគណបក្សប្រជាធិបតេយ្យមានប្រៀបជាងក្នុងការទទួលបានការគ្រប់គ្រងសភា។ ក៏ប៉ុន្តែទិន្នន័យការបោះឆ្នោតក៏បានបង្ហាញថាពួកគណបក្សសាធារណរដ្ឋទំនងជានៅតែមានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា ដែលពួកគណបក្សប្រជាធិបតេយ្យកំពុងធ្វើការដណ្តើមយកការគ្រប់គ្រប់យ៉ាងខ្លាំងពីគណបក្សសាធារណរដ្ឋ។
លោក CHRIS VAN HOLLEN សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យបានថ្លែងថា «ពួកសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យពិតជាប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងក្នុងរយៈពេល៦០ឆ្នាំមកនេះ ដូច្នេះវាមានសារៈសំខាន់ណាស់ដែលយើងត្រូវមានជំហរឹងមាំដូចសព្វថ្ងៃនេះ»។
លោកប្រធានាធិបតី Donald Trump បានថ្លែងថា «យើងនឹងឃើញលទ្ធផល។ ខ្ញុំគិតថាយើងធ្វើបានល្អ។ យើងធ្វើបានយ៉ាងល្អនៅក្នុងព្រឹទ្ធសភា។ ហើយខ្ញុំគិតថាយើងក៏នឹងធ្វើបានល្អដូចគ្នានៅក្នុងសភាដែរ។ យើងនឹងរង់ចាំមើល»។
ជាទូទៅគណបក្សប្រឆាំងតែងតែទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ ការបែងចែកការគ្រប់គ្រងនៅក្នុងសភាទាំងពីរទំនងជានឹងបង្កឲ្យមានភាពទាល់ច្រកនៃគណបក្សនយោបាយទាំងពីរនៅរដ្ឋសភាសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា