ប៉ុន្មានថ្ងៃមុនការមកដល់នៃទិវាសេចក្តីប្រកាសជាសកលនៃលទ្ធិប្រជាធិបតេយ្យនេះ ប្រជាពលរដ្ឋខ្មែរអាមេរិកប្រមាណជាង៦០នាក់បានធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ដើម្បីដាក់ញត្តិជូនដល់លោកឯកអគ្គរដ្ឋទូតខ្មែរនៅអាមេរិកកាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះ។
តំណាងសមាគមខ្មែរអាមេរិកដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សមាជិកគណបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិក និងពលរដ្ឋខ្មែរអាមេរិកមកពីរដ្ឋជាង៦ បានធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ដើម្បីដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងគោរពសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរក្នុងការបញ្ចេញមតិ។
លោក យ័ប គឹម ទឹង ប្រធានសមាគមខ្មែរអាមេរិកដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បានឲ្យដឹងថា បាតុកម្មនេះគឺធើ្វឡើងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យកម្ពុជា ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ មុនការមកដល់នៃទិវាសេចក្តីប្រកាសជាសកលនៃលទ្ធិប្រជាធិបតេយ្យដែលត្រូវនឹងថ្ងៃទី១៥ ខែកញ្ញានេះ។
«យើងនាំគ្នាជួបជុំគ្នា ដើម្បីទាមទារចង់បានលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរយើងឲ្យពិតប្រាកដ»។
ផ្អែកតាមស្ថានភាពនយោបាយ និងសិទ្ធិមនុស្សបច្ចុប្បន្ន រដ្ឋាភិបាលបានចាប់ខ្លួន និងឃុំខ្លួនសមាជិកនៃគណបក្សសង្គ្រោះជាតិមួយចំនួនទាក់ទងនឹងបញ្ហាព្រំដែន និងព្រឹត្តិការណ៍បាតុកម្មនៅសួនប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០១៤ ហើយនិងសកម្មជនបរិស្ថានបីនាក់របស់អង្គការចលនាមាតាធម្មជាតិ ដែលហាមឃាត់ការបូមខ្សាច់នៅខេត្តកោះកុង ។
អាស្រ័យហេតុនេះ លោក យ័ប គឹង ទឹង បានបញ្ជាក់ថា បាតុកម្មនេះក៏ដើម្បីស្នើសុំឲ្យរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងសកម្មជនទាំងនេះ។
«ហើយយើងក៏យកឱកាសនេះ សុំឲ្យដោះលែងអ្នកដែលគេទើបចាប់ដាក់គុក ជាពិសេសគឺតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ហើយនិងសកម្មជនអារ៉ែង និងអ្នកផ្សេងៗទៀតដែលបានជាប់គុក»។
ក្រៅពីការស្នើសុំទាមទារទាំងនេះ លោក ជា គឹមលី ប្រធានគណបក្សសង្គ្រោះជាតិនៃទ្វីបអាមេរិកខាងជើង បានឲ្យដឹងថា ការដាក់ញត្តិនេះក៏ដើម្បីជំរុញ និងដាក់សម្ពាធឲ្យរដ្ឋាភិបាលកម្ពុជាបន្តលុបបំបាត់អំពើពុករលួយ និងការកេងប្រវេ័ញ្ចធនធានធម្មជាតិ។
«យើងបានសុំឲ្យរដ្ឋាភិបាលខិតខំ ដើម្បីលុបបំបាត់អំពើពុករលួយ ការកាប់ទន្ទ្រានព្រៃឈើ ការបូមខ្សាច់ និងការជិះជាន់យកដីធ្លីរបស់ប្រជាជនខ្មែរយើង»។
អ្នកចូលរួមបាតុកម្មទាំងអស់គ្នាបានកាន់បដាស្តីអំពីលទ្ធិប្រជាធិបតេយ្យ និងទង់ជាតិសាសនាខ្មែរ និងទង់ជាតិខ្មែរ និងអាមេរិក ដោយដើរហែរក្បួនជុំវិញស្ថានទូតកម្ពុជានៅសហរដ្ឋអាមេរិក ហើយស្រែកសួរថា អ្វីដែលយើងចង់បាននោះគឺ លទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
លោកស្រី ថិត គឹមហ៊ុន ជាពលរដ្ឋខ្មែរអាមេរិកមកពីរដ្ឋ North Carolina យល់ថា ការចូលរួមរបស់លោកស្រីក្នុងថ្ងៃនេះគឺឆ្លុះបញ្ចាំងឲ្យឃើញនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ មានន័យថា ពលរដ្ឋធម្មតាដូចជាលោកស្រីអាចបញ្ចេញមតិ និងការមិនពេញចិត្តចំពោះការដឹកនាំរបស់រដ្ឋាភិបាលបាន ដោយគ្មានការភ័យខ្លាច។
«វាមានន័យ ខ្ញុំមានមោទនភាពដែលខ្ញុំបានមកបញ្ចេញមតិ។ ខ្ញុំចង់និយាយពាក្យដែលខ្ញុំចង់និយាយក្នុងចិត្ត ដោយមិនបាច់ភ័យខ្លាចថា ខ្ញុំនឹងត្រូវគេអូសចូលគុក។ ខ្ញុំនឹងត្រូវកងប្រដាប់អាវុធមកបាញ់ខ្ញុំ។ ខ្ញុំនឹងត្រូវជាប់គុកដូចសកម្មជនកន្លងមក ដែលគាត់បញ្ចេញមតិ»។
ក៏ប៉ុន្តែ លោកស្រី គឹមហ៊ុន យល់ថា នៅប្រទេសកម្ពុជាលទ្ធិប្រជាធិបតេយ្យមិនមានទេ ពីព្រោះថា ការបញ្ចេញមតិ និងការទាមទាររបស់ប្រជាពលរដ្ឋសាមញ្ញត្រូវបានរដ្ឋាភិបាលបង្ក្រាប ដោយមានការចាប់ខ្លួន និងឃុំខ្លួន ដែលនេះជាការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ហើយលោកស្រីក៏បានបន្ថែមទៀតថា វាដល់ពេលហើយដែលកម្ពុជាត្រូវរួបរួមគ្នា និងដោះស្រាយបញ្ហាជាតិដោយសន្តិវិធី។
«មិនថាយើងខ្មែរមកពីខាងណា ឬខាងណា វាគួរតែដល់ពេលដែលយើងរួបរួមគ្នា ដើម្បីស្រោចស្រង់ប្រទេសយើង»។
តំណាងឲ្យសមាគមខ្មែរអាមេរិកដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក៏បានលើកយកបញ្ហាសិទ្ធិពលករ បញ្ហាប្រាក់បៀរវត្សរ៍ទាបសម្រាប់គ្រូបង្រៀន ការពង្រឹងសមត្ថភាព និងការអប់រំរបស់យុវជនកម្ពុជាមកនិយាយតាមមេក្រូនៅមុខស្ថានទូតកម្ពុជា ដោយស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាពន្លឿន និងពង្រឹងកំណែទម្រង់លើវិស័យទាំងអស់នេះ ដើម្បីការអភិវឌ្ឍន៍របស់កម្ពុជា។
បាតុកម្មតវ៉ារបស់ពលរដ្ឋខ្មែរអាមេរិកនៅមុខស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកនេះ ត្រូវបានប្រារព្ធឡើងដោយសន្តិភាព ហើយតំណាងស្ថានទូតកម្ពុជាបានចេញមកទទួលយកញត្តិរបស់ពលរដ្ឋខ្មែរអាមេរិក ដើម្បីបញ្ជូនទៅឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕