ប្រទេសកម្ពុជាចង់ឱ្យទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកកាន់តែប្រសើរឡើងដោយឱ្យបណ្តូរអ្នកវិនិយោគទុនពីកម្ពុជាមកសហរដ្ឋអាមេរិក និងពីអាមេរិកទៅកម្ពុជាវិញ។ នេះបើតាមការបញ្ជាក់របស់ឯកអគ្គរាជទូតកម្ពុជា។
នៅក្នុងពិធីជួបសំណេះសំណាលមិនផ្លូវការមួយ ដែលរៀបចំដោយលោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក ដើម្បីជូនដំណើរលោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលទើបទទួលបានការតែងតាំងនោះ ភាគីកម្ពុជាលើកឡើងពីចេតនារបស់ខ្លួនថា៖
«ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច ទេសចរណ៍ វិស័យវិនិយោគទុន ពាណិជ្ជកម្ម»។
សម្រាប់លោក ជុំ ប៊ុនរ៉ុង ដែលទើបប្រគល់សារតាំងជូនលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាលពីដើមខែសីហា យល់ថា វត្តមានអ្នកវិនិយោគទុនរបស់សហរដ្ឋអាមេរិកកាន់តែច្រើននៅកម្ពុជាគឺជាកត្តាទាក់ទាញការវិនិយោគទុនពីប្រទេសដទៃទៀតផងដែរ។
«ខ្ញុំបានលើកឡើងពីបញ្ហាវិនិយោគនេះ ដែលសហរដ្ឋអាមេរិកលោកជាអ្នកវិនិយោគធំ ហើយបើគេឃើញអាមេរិកទៅធ្វើវិនិយោគនៅកម្ពុជា អ្នកដទៃក៏គេចង់ទៅដែរ ព្រោះនិយាយឱ្យចំទៅគាត់គឺជាមេខ្យល់ ទោះបីតិចក៏ដោយច្រើន ក៏ដោយ »។
ហើយបើតាមលោក ជុំ ប៊ុនរ៉ុង ការទាក់ទាញដែលប្រទេសកម្ពុជាមានសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍មកវិនិយោគគឺ៖
«ចំណុចទាក់ទាញយ៉ាងម៉េចទេ? គឺកម្ពុជាយើងមានគ្រប់តែម្តង ទាំងរ៉ែធម្មជាតិ ទាំងដីធ្លីដែលមានជីជាតិ ទាំងទេសចរណ៍ដែលមានសម្បូរបែប។ កម្ពុជាអច្ឆរិយលោកជ្រាបហើយ មានអង្គរវត្ត និងប្រាសាទរាប់រយកន្លែង ហើយមានទន្លេសាប យើងមានសត្វបក្សីគ្រប់យ៉ាងជាទីមនោរម្យ បរិស្ថានស្អាត»។
បណ្តូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកមានទំហំជាង៣ពាន់លានដុល្លារ ដោយកម្ពុជានាំទំនិញចេញទៅសហរដ្ឋអាមេរិកជាង២.៨០០លានដុល្លារក្នុងឆ្នាំ២០១៤កន្លងទៅនេះ។ នេះបើតាមការបញ្ជាក់របស់ការិយាល័យស្ថិតិសហរដ្ឋអាមេរិក។
លោក William Heidt នឹងធ្វើដំណើរទៅបំពេញការងារនៅប្រទេសកម្ពុជានៅខែកញ្ញាខាងមុខនេះ។ លោកមិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ ដោយសារពុំទាន់បានធ្វើពិធីស្បថចូលកាន់ការងារជាផ្លូវការ។
លោក មុំ រ៉ាឌី អ្នកតំណាងរាស្រ្តនៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក ក៏បានចូលរួមក្នុងការជួបជុំកាលពីល្ងាចថ្ងៃពុធនេះដែរ។
ក្នុងនាមជាពលរដ្ឋខ្មែរអាមេរិកាំងដំបូងម្នាក់ ដែលបានកាន់តំណែងដ៏មានកិត្តិយសនេះ លោកយល់ថា ពលរដ្ឋក្នុងប្រទេសទាំងពីរចង់បានផ្លូវបើកទៅវិញទៅមកទូលំទូលាយយ៉ាងល្អ ហើយនេះជាកិច្ចការដែលលោកកំពុងលើកកម្ពស់៖
«ខ្ញុំខំប្រឹងធ្វើកិច្ចការធ្វើម្តេចឱ្យប្រទេសកម្ពុជាយើង ប្រទេសអាមេរិកយើង បងប្អូនយើងមានការឆ្លងកាត់គ្នាយ៉ាងទូលំទូលាយ ហើយខ្ញុំសប្បាយចិត្តដែលបានមកជួបលោកឯកអគ្គរដ្ឋទូតទាំងពីរសងខាង»។
លោក មុំ រ៉ាឌី ចង់បានលើសពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរនោះ គឺការបញ្ជូននិស្សិតកម្ពុជាឱ្យបានមកសិក្សានៅសហរដ្ឋអាមេរិកឱ្យបានច្រើន។
«ចំពោះខ្ញុំផ្ទាល់គឺខ្ញុំសប្បាយចិត្តណាស់ បើយើងបានយុវជនយើង យុវនារីយើងបានមានតម្រិះវិជ្ជាល្អជាងខ្ញុំទៅទៀត ខ្ញុំជឿថាប្រទេសអាមេរិកាំង ព្រមទាំងប្រទេសខ្មែរយើងមានការរីកចម្រើន»។
នេះជាការចាប់ផ្តើមថ្មីរវាងអ្នកការទូតនៃប្រទេសទាំងពីរ ហើយសម្រាប់តំណាងសហគមន៍ខ្មែរមួយចំនួនដែលបានចូលរួមក្នុងពិធីនេះ យល់ថា នេះគឺជាអ្វីដែលពួកគេចង់ឃើញនៅក្នុងមាតុភូមិរបស់គេ៕