ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បោះឆ្នោត​ខ្មែរ​អាមេរិកាំង​ងាក​មក​ផ្តោត​លើ​បញ្ហា​ប្រឈម​ក្រោយ​ពេល​លោក​ត្រាំ​ជាប់ឆ្នោត


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ជួប​ជាមួយ​លោក ដូណាល់ ត្រាំ នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ជួប​ជាមួយ​លោក ដូណាល់ ត្រាំ នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

សហគមន៍​ខ្មែរ​អាមេរិកាំង​បាន​ចូលរួម​ប្រឡូក​ក្នុង​សកម្មភាព​​នយោបាយ​សហរដ្ឋ​អាមេរិក​កាន់​តែ​សកម្ម​ជាង​មុន។

អ្នក​បោះឆ្នោត​ខ្មែរ​អាមេរិកាំងសង្ឃឹម​ថា​ លោក​ ដូណាល់ ត្រាំ (Donald Trump) ​ប្រធានាធិបតី​ទើប​ ជាប់​ឆ្នោត​នឹង​ដោះស្រាយបញ្ហា​នៅក្នុង​ប្រទេសនិង​ពង្រឹង​គោលនយោបាយ​ការបរទេស​ថែមទៀត បើ​ទោះបី​ជា​ពួកគេសម្តែងការ​ព្រួយ​បារម្ភ​លើគោលជំហរនិងបទពិសោធន៍​ការងារ​របស់​លោកក៏ដោយ។

នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​លោក​ ដូណាល់​ ត្រាំ​ ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋបាន​រិះគន់​ដល់​គោលនយោបាយ​អន្តោប្រវេសន៍​ពេល​បច្ចុប្បន្ន​និង​សន្យា​សាងសង់​ជញ្ជាំង​ខណ្ឌ​ប្រទេស​ម៉ិកស៊ិក​ពី​សហរដ្ឋ​អាមេរិក​ដោយ​សារ​មាន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជាច្រើន​ហូរ​ចូលមកពី​ប្រទេស​នេះ។

លោក ​ណែម ឈឿង ​ប្រធាន​សមាគម​ក្រុង​ខ្មែរ​នៅ​រដ្ឋ​ចរចា​បាន​បញ្ជាក់​ថា៖ ​

«ខ្ញុំ​បារម្ភ ​ជាពិសេស​ត្រង់​ថា​ ជនជាតិ​ភាគតិច​ដូច​ក្រុម​ពួក​យើង​អីចឹង​នឹង​មានការ​ព្រួយបារម្ភ​ច្រើន​ក្នុង​ការ​ចាប់​បញ្ជូន​ទៅវិញ​ក្នុង​ការ​ដោះស្រាយ​ ជា​ពិសេស​បញ្ហា​អន្តោប្រវេសន៍​គឺ​គាត់​ហាក់​ដូច​ជា​មាន​ការ​តឹងតែង​ខ្លាំង​ម្ល៉ោះ​ហើយ​មាន​ការ​ព្រួយបារម្ភ​ដែរ​ចំពោះ​ជនជាតិ​ភាគតិច​នៅ​ស្រុក​នេះ ​ក៏ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​អ្វីៗ​វា​ស្ថិត​នៅ​លើ​សភា​ជា​អ្នក​សម្របសម្រួល​ដែរ​មិនមែន​រដ្ឋាភិបាល​មាន​ឥទ្ធិពល​មួយ​មុខ​ទេ​ប៉ុន្តែ​រឿង​មួយ​ទៀត​ដែល​ខ្ញុំ​ព្រួយ​បារម្ភ​ហើយ​ក៏បាន​ផ្តល់​យោបល់​លើក​មុន​ដែរ​គឺ​ថា​អំណាច។ អំណាច​លើក​នេះ​ ដូណាល់ ត្រាំ ​គាត់​ត្រួតត្រា​រដ្ឋាភិបាល​គាត់​មកពី​គណបក្ស​សាធារណរដ្ឋ​ចំណែក​សភា​ជាន់​ទាប​និង​សភា​ជាន់ខ្ពស់​លើក​នេះ​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ទៀត​ម្ល៉ោះ​ហើយ​វា​អាច​ធ្វើ​ឱ្យ​សន្ទុះ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ត្រាំ​បើ​វា​ល្អ​គឺ​យើង​សប្បាយ​ចិត្ត​ប៉ុន្តែ​បើ​វា​មិន​ល្អ​ទេ​វា​មាន​ផល​លំបាក​ច្រើន​ទៅលើ​ការដឹកនាំ​របស់​គាត់​ម្ល៉ោះ​ហើយ​វា​ហាក់​ដូច​ជា​យើង​កំពុង​តែ​ស្ទង់ចិត្ត​មើល​ថា​គាត់​អាច​សម្របសម្រួល​នឹង​ប្រើ​ប្រាស់​អំណាច​ដ៏​មហិមា​ដែល​គាត់​មាន​នៅក្នុង​ដៃ​ពេល​នេះ​ថា​តើ​បាន​ផល​ដោយ​របៀបណា។ យើង​កំពុង​តែ​អង្គុយ​ចាំ​មើល​ដូច​គ្នា‍»។

អ្នកស្រី ​ណាវ៉ាន ចិត្រ​ សកម្មជន​សហគមន៍​ក្នុង​ទីក្រុង​ឡុងប៊ិច​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​បញ្ជាក់​ថា​អ្នក​ស្រី​បោះឆ្នោត​ជូន​លោកស្រី​ហ៊ីលឡារី គ្លីនតុន​បេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យដោយ​សារ​តែ​លោក ដូណាល់ ត្រាំ​ ប្រើប្រាស់​ពាក្យ​ពេចន៍​មិន​សមរម្យ​មិន​សូវ​គោរព​ស្ត្រី​ និង​ជនជាតិ​ភាគ​តិច​ដទៃ​ទៀត។

ប៉ុន្តែ​អ្នកស្រីណាវ៉ាន់ ​សង្ឃឹម​ថា​លោក​ត្រាំ​នឹង​អាច​ជួយ​ជំរុញ​សិទ្ធិមនុស្ស​នៅប្រទេស​កម្ពុជា​បាន​បើ​ទោះបីជា​លោក​ត្រាំ​ហាក់ដូច​ជា​មិន​ទាន់​ស្គាល់​ប្រទេស​កម្ពុជា​ក៏ដោយ៖

«ខ្ញុំ​មិនដែល​ឮ​គាត់​និយាយ​ថា​ប្រទេស​ខ្មែរ​យ៉ាង​ម៉េចៗ​ មិនដែល​ឮសូរ ​ម្ល៉ោះហើយ​ខ្ញុំ​មិន​ដឹង​ថា​គាត់​ដឹង​ថា​ខ្មែរ​នៅ​ឯ​ណា​ទេ។ ខ្ញុំ​គ្រាន់តែ​សង្ឃឹមថា​គាត់​ជា​គណបក្ស​សាធារណរដ្ឋ​ខ្ញុំ​គ្រាន់តែ​សង្ឃឹម​ថា​គាត់​នឹង​អាច​ជួយ​ស្រុក​ខ្មែរ​បាន។ ប៉ុន្តែ​ឱ្យ​គាត់​ស្គាល់​ដោយ​ខ្លួន​ឯងថា​ខ្មែរ​នៅ​កន្លែង​ណា​ប្រហែល​ជា​អត់​ទេ‍»។

លោក​មហាសេដ្ឋី​អលនទ្រព្យ​ ដូណាល់ ត្រាំ ​ទទួល​បាន​ប្រតិភូចំនួន​២៩០រូប​ដែល​លើស​ពី​ចំនួន​ចាំ​បាច់​តែ​២៧០​រូប​ដើម្បី​ឈ្នះ​ការបោះឆ្នោតក្នុង​ខណៈ​ដែល​លោកស្រី​ហ៊ីលឡារី គ្លីនតុន​ទទួលបាន​តែ​ចំនួន​២២៨​ប៉ុណ្ណោះ។ នេះ​បើ​តាម​តួលេខ​ថ្មី​បំផុត។ លោក​ត្រាំ​មាន​បទពិសោធន៍​ក្នុង​របរ​ជំនួញ​ប៉ុន្តែ​មិន​ដែល​បាន​កាន់​កិច្ចការ​ធំដុំ​ក្នុង​រដ្ឋាភិបាល​ទេ​ហើយ​លោក​បានរិះគន់​របៀប​ធ្វើ​ការ​របស់​ថ្នាក់​ដឹកនាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​និង​សន្យា​ថា​នឹង​ធ្វើការ​កែប្រែ។ ​

លោក ​កំផា សិទ្ធ ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ទីក្រុង​ឈីកាហ្កោ ​រដ្ឋ​អ៊ីលីណយ ​និង​ជា​លេខាធិការ​នៃ​អង្គការ​ជាតិ​ខ្មែរ​អាមេរិកាំងបាន​បញ្ជាក់​ថា​លោក​បាន​បោះឆ្នោត​ជូន​លោក​ដូណាល់ ត្រាំ​ដោយ​លោក​ចង់​បាន​ការដឹកនាំ​ថ្មី​មួយ។

«យ៉ាង​ហោច​ណាស់​ក៏​សង្ឃឹម​ថា​មនុស្ស​មួយ​ដែល​ថ្មី​អត់​មាន​ពិសោធន៍​នៅក្នុង​រដ្ឋាភិបាល​ហើយ​ខ្ញុំ​សង្ឃឹម​ថា​រដ្ឋាភិបាល​អាមេរិកាំង​សព្វថ្ងៃ​ហ្នឹង​ត្រូវ​គេ​ធុញទ្រាន់​មុខ​ដដែល​ៗ​ហើយ​បញ្ហា​នៅ វ៉ាស៊ីនតោន​ឌីស៊ី​នេះ​គឺ​មិន​បាន​តំណាង​នូវ​សំឡេង​ប្រជាជន​ដ៏​ពិតប្រាកដ​។ ចឹង​ហើយ​បាន​ជាការ​បោះឆ្នោត​នេះ​ទៅជា​អីចឹង‍»។

ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​លើក​នេះ​ទទួល​បាន​ការចាប់​អារម្មណ៍​ពី​មេដឹកនាំ​ពិភពលោក​ដទៃ​ទៀត​ក្នុង​នោះ​មាន​លោក ​ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​ដែល​សម្តែង​ការ​សប្បាយ​រីករាយនិង​គាំទ្រ​លោក​ ដូណាល់​ ត្រាំ ​តាំងពី​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត។ ​ប៉ុន្តែ​លោក​លោក គុជ ចាន់លី​ អ្នក​វិភាគ​នៅ​រដ្ឋម៉ារីឡែន​និង​ជាអ្នក​ឯកទេស​ចិត្តសាស្រ្ត​បាន​រំលឹក​ថា​ជ័យជម្នះ​របស់​លោក​ត្រាំអាច​ជា​ការ​ខកចិត្ត​សម្រាប់​មេដឹកនាំ​ខិលខូច​ខ្លះ។

«មិនមែន​ជា​ការដែល​គួរ​ឱ្យ​អ្នក​កាន់​អំណាច​ផ្តាច់​ការ​ទាំងឡាយ​នៅ​ក្នុង​ពិភពលោក​ត្រេកអរ​ទេ​ពីព្រោះ​ថា​គណបក្ស​សាធារណរដ្ឋ​នៃ​សហរដ្ឋ​អាមេរិក​នេះ​មាន​ទស្សនវិស័យ​នេះ​មាន​ សណ្តាប់​ធ្នាប់​នៅ​ក្នុង​ពិភពលោក​ឱ្យ​ពិភពលោក​ដទៃ​ទៀត​មាន​ការ​គោរព​កោតខ្លាច​មហាអំណាច​អាមេរិកាំង​គឺថា​បើ​សិន​ជា​គេ​មើល​ឃើញ​ប្រទេស​ណាមួយ​មានការ​ជិះជាន់​ប្រជាពលរដ្ឋ​កាន់​អំណាច​ផ្តាប់ការ​ឬមួយ​ក៏ ពុករលួយ​ហួសហេតុ​ខ្លាំង​ពេក​ ឬ​មួយ​ក៏​លក់​គ្រឿងញៀន​ឬមួយ​ក៏​លាង​លុយ​កខ្វក់​ផ្សេងៗ​គឺថា​សហរដ្ឋ​អាមេរិក​មាន​ប្រវត្តិ​ធ្វើ​ការ​បង្រ្កាប​អ្នក​កាន់​អំណាច​បែប​ហ្នឹង​ប្រទេស​បែប​ហ្នឹង​ដាក់​ទណ្ឌកម្ម​ផ្សេងៗ​ឬមួយក៏​លើកទ័ព​ទៅ​វាយ​ប្រទេស​ហ្នឹង​តែម្តងដើម្បី​ឱ្យ​អ្នក​កាន់​អំណាច​ផ្តាច់ការ​ផ្សេងៗ​របូត​ចេញពី​តំណែង​ចេញ​ពី​អំណាច។ ដូច្នេះ​ហើយ​ប្រទេស​តូចតាច​អាច​ស្វែង​រក​ពន្លឺ​បាន​តាម​រយៈ​ការ​ដឹកនាំ​នៃ​គណបក្ស​សាធារណរដ្ឋ‍»។

លោក ​សាន អឿន ពលរដ្ឋ​ខ្មែរ​រស់​នៅ​ទី​ក្រុង ​Richmond រដ្ឋ​ Virginia ​យល់​ស្រប​ថា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មកពី​គណបក្ស​ណា​ក៏​តែង​តែ​គិត​ដល់​ផលប្រយោជន៍​ជាតិ​ជា​ធំ​ដែរ​បើ​ទោះបី​ជា​រូប​លោក​ផ្ទាល់​បាន​ប្តូរ​ចិត្ត​ពី​គណបក្ស​សាធារណរដ្ឋ​មក​បោះឆ្នោត​ជូន​លោក​ស្រី​គ្លីនតុន​ក៏ដោយ។​

«ខ្ញុំ​ថា​អត់​មាន​បញ្ហា​អ្វី​ឱ្យ​ខ្នក់​ចិត្ត​ទេ​ព្រោះ​ថា ​ការ​ដឹកនាំ​ប្រទេស​ជាតិ​គឺ​ទិសដៅ​តែ​មួយ។ ខ្ញុំ​អត់​មាន​បញ្ហា​ចោទ​ធំ​លើ​បញ្ហា​នេះ​ទេ​ព្រោះ​ការ​ឈ្វេង​យល់​របស់​បេក្ខជន​ម្នាក់​គឺ​ថា ​មាន​ការ​ចេះ​ដឹង​ផ្សេងៗ​គ្នា។ ដូច្នេះ​ម្នាក់​បាន​នេះ​ម្នាក់​បាន​នោះ​ប៉ុន្តែ​ដំណើរការ​ទិសដៅ​គឺ​តែមួយ​ដូច​តែ​គ្នា​ទេ‍»។​

លោក​ក៏​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋបាល​លោក ​ដូណាល់ ត្រាំ​ ផ្តោត​លើ​ការ​ដោះស្រាយ​បញ្ហា​ក្នុង​ស្រុក​ដូច​ជា​ការងារ​និង​សុខាភិបាល​ហើយ​ផ្តោត​លើ​គោលនយោបាយ​ការបរទេស​ដែល​យកចិត្ត​ទុកដាក់​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ។​

ក្រៅ​ពី​ឈ្នះ​បាន​តំណែង​នៅ​សេតវិមាន​ គណបក្ស​សាធារណរដ្ឋ​ក៏​នៅ​បន្ត​គ្រប់គ្រង​រដ្ឋសភា​និង​ព្រឹទ្ធសភា​ផង​ដែរ។

សហគមន៍​ខ្មែរ​អាមេរិកាំង​បាន​ចូលរួម​ប្រឡូក​ក្នុង​សកម្មភាពនយោបាយ​សហរដ្ឋ​អាមេរិក​កាន់​តែ​សកម្ម​ជាង​មុន​ដោយ​មាន​សកម្មជន​ខ្លះ​បាន​ចូលរួម​ឃោសនា​ជាមួយ​នឹង​បេក្ខជន​តំណាងរាស្ត្រ​នៅ​ថ្នាក់​មូលដ្ឋាន​របស់​ខ្លួន​និង​ធ្វើ​យុទ្ធនាការ​បញ្ចុះបញ្ចូល​សមាជិក​ឱ្យ​បោះឆ្នោត​លើ​បញ្ហា​ដែល​ពួកគេ​ជួប​ប្រទះ​ជា​ដើម៕

XS
SM
MD
LG