ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគ្រិន​កសិកម្ម​ម្នាក់ ​ត្រូវ​ឃុំខ្លួន ក្រោយ​បង្ហោះ​សារ​«កាច់កុង»​នាយក​រដ្ឋមន្ត្រី​រឿង​កូវីដ១៩


លោក នី ណាក់ សហគ្រិនកសិកម្ម ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី១១ ខែ​ធ្នូ ឆ្នាំ២០២០ ក្រោយ​បង្ហោះសារ​ត្រាប់​តាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថត៖ Facebook/Nak Ny)
លោក នី ណាក់ សហគ្រិនកសិកម្ម ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី១១ ខែ​ធ្នូ ឆ្នាំ២០២០ ក្រោយ​បង្ហោះសារ​ត្រាប់​តាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថត៖ Facebook/Nak Ny)

សហគ្រិន​កសិកម្ម​មួយ​រូប​ដែល​តែង​តែ​រិះគន់​រដ្ឋាភិបាល ​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ និង​ឃុំ​ខ្លួន ក្រោយ​សរសេរសារ​ដែល​មាន​លក្ខណៈ​កំប្លែង​ត្រាប់​តាម​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក នី ណាក់ ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ហើយ​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ លោក ហុង សុគុណ​វឌ្ឍនា សម្រេចឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។

ម្ចាស់​ទំព័រ​ហ្វេស​ប៊ុក IMan KH ដែល​តែង​បញ្ចេញ​មតិ​រិះគន់ ​និង​ប្រើ​ពាក្យ​បែប​លែប​ខាយ​ដាក់​មន្ត្រី​ក្រសួង​កសិកម្ម ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ«ជេរ​ប្រមាថ​ជា​សាធារណៈ» ​និង​«ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង»។

ក្រុម​សិទ្ធិ​មនុស្ស​រិះគន់​ថា ​បទ​ញុះញង់​ត្រូវ​បានប្រើប្រាស់ ដើម្បី​បំបិទ​សិទ្ធិសេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ ​ដែល​ជា​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក។

សហគ្រិន​កសិកម្ម​រូប​នេះ ដែល​ប្រកប​របរ​ចិញ្ចឹម​មាន់ បណ្ដុះ​ផ្សិត លក់​សាច់​ក្រក​តាម​អនឡាញ បាន​បង្ហោះ​សារ​ជា​បន្ត​បន្ទាប់ កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន ដែល​មាន​លក្ខណៈ​កំប្លែង​ ត្រាប់តាម​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជុំវិញ​ការសម្រេច​មិន​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន បើ​ទោះ​កម្ពុជា​ ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​ក្នុង​សហគមន៍។

លោក នី ណាក់ ​បាន​សរសេរសារ​មួយ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២០ ថា៖

«ខ្ញុំ​បាន​ត្រៀម ឬ​ព្រាងលិខិត​ និង​ឯកសារ​រួច​រាល់​អស់​ហើយ​ក្នុង​ការ​ស្នើ​ដាក់​ទ្រុង​មាន់​របស់​ខ្ញុំ​ក្នុង​ភាព​អាសន្ន ព្រោះ​មូល​ហេតុ​មាន​មេរោគ​ផ្តាសាយ​រលាក​ផ្លូវ​ដង្ហើម កំពុង​តែ​រាត​ត្បាត​ក្នុង​កសិដ្ឋាន»។

លោក នី ណាក់ បន្ត​ថា៖

«ខ្ញុំ​មិន​ចង់​គិត​ដល់​ចំណុច​នេះ​ទេ ព្រោះវា​ធ្វើ​ឱ្យ​ខូច​ខាត​សេដ្ឋកិច្ច​របស់​កូន​មាន់​យ៉ាង​ធ្ងន់ធ្ងរ។ ខ្ញុំ​សង្ឃឹម​ថា​កូនមាន់​នឹង​ចេះ​ពាក់ម៉ាស់​គ្រប់គ្នា​ ហើយ​ដេក​នៅ​ក្នុង​ទ្រុង កុំ​ចេញ​ក្រៅ​ឱ្យ​សោះ​ បើ​គ្មាន​ការ​ចាំ​បាច់»។

ខ្លឹមសារនៃ​ការ​បង្ហោះ​លើ​ហ្វេសប៊ុក​នេះ ស្រដៀង​គ្នា​នឹង​ការ​ថ្លែង​ជា​សារ​សំឡេង​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ដែល​កាល​នោះ ​លោក​ថា ​លោក​នឹង​មិន​ស្នើ​សុំ​ព្រះមហាក្សត្រ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ខណៈ​ប្រឈមនឹង​ការ​ឆ្លង​ជំងឺកូវីដ​១៩​ក្នុង​សហគមន៍ ដោយ​សារ​តែ​វា​នឹង​ប៉ះ​ពាល់​រាំង​ស្ទះ​ធ្ងន់​ធ្ងរ​ដល់ដំណើរ​ការ​សេដ្ឋកិច្ច​ជាតិ។

ក្រោយ​ពី​មាន​ការ​បង្ហោះ​សារ​របស់​លោក នី ណាក់ ការ​ថត​អេក្រង់ (Screenshot) ​នៃសារ​របស់​លោក ត្រូវ​បាន​រាយការណ៍​ទៅ​«ក្រុម​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ»​លើ​ប្រព័ន្ធ​សារ​ឆ្លើយ​ឆ្លងអេឡិចត្រូនិក Telegram ដែល​មាន​សមាជិក​ជាង​៧​ពាន់​នាក់​ ហើយមួយ​ចំនួន​ធំ​ជា​អ្នក​គាំទ្រ​រដ្ឋាភិបាល។

ក្រោយ​ពី​ការ​បង្ហោះ​សារ​របស់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​រូប​នោះ រដ្ឋមន្ត្រី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេង សាខុន ដែល​មាន​វត្តមាន​ក្នុង​ក្រុម​នោះ​ដែរ​ បាន​ហៅ​ការ​ផ្សាយ​របស់​លោក នី ណាក់ ថា «មិន​ពិត» ហើយ​ស្នើ​សមាជិក​ក្រុម«កុំ​ចាប់​អារម្មណ៍» ដោយ​លោក​ថា ​លោក ​នី ណាក់ «កាច់​កុង​ជាមួយ​ប្រមុខ​រាជ​រដ្ឋាភិបាល​សម្បើម​ណាស់»។

នៅ​ថ្ងៃ​ចន្ទ​នេះ លោក វេង សាខុន បាន​ប្រាប់ ​VOA ​ថា ​លោក​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​សាក​សួរ​លោក នី ណាក់ អំពី​វត្តមាន​នៃ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី ប៉ុន្តែ​រដ្ឋមន្ត្រី​រូប​នោះ​ថា ​លោក នី ណាក់ មិន​សហការ។

លោក​មាន​ប្រសាសន៍​ថា៖

«រឿង​ហ្នឹង រឿង​តុលា​ការ​គេ​ស៊ើប​សួរ គេ​ធ្វើ​ការ​លើ​រឿង​ហ្នឹង​ទៀត។ រឿង​ក្រសួង​កសិកម្ម​ វា​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចិញ្ចឹម​មាន់ គ្រាន់​តែ​យើង​ចង់​ដឹង​ថា ​វា​កើត​មែន​ ឬ​យ៉ាង​ម៉េច ឬ​មួយ​ក៏​ធ្វើ​វិទ្ធង្សនា ព្រោះ​អាហ្នឹង​ជា​ចំណុច​មួយ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច»។

លោក វេង សាខុន ថ្លែង​បន្ត​ថា៖

«ជួប​ប្រទះ​ជាមួយ​នឹង​គ្រុន​ផ្ដាសាយ​បក្សី និង​ប៉េស្ដ​ជ្រូក​អាហ្វ្រិក វា​ខាត​ចំណូល​ដល់​ប្រជាជន​យើង​លែង​ហ៊ាន​ចិញ្ចឹម។ ឥឡូវ​យើង​កំពុង​ចាត់​ការ​ស្ដា​ឡើង​សន្សឹមៗ រួច​ដល់​យើង​និយាយ​អ៊ីចឹង​ទៅ ប្រជាជន​មួយៗ​ភ័យ​ហើយ​អ្នក​ចិញ្ចឹម»។

VOA ​មិន​ទាន់​អាច​ទាក់​ទង​ក្រុម​គ្រួសារ ​និង​មេធាវីរបស់​លោក នី ណាក់ បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ​នេះ។

កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន លោក នី ណាក់ បាន​បក​ស្រាយ​ថា៖ «ខ្ញុំ​និយាយ​ពី​មាន់​សោះ វា​ផ្សាយ​កាច់​មួល​៣៦០អង្សា ដើម្បី​ចង់​ឃើញ​ខ្ញុំ​ជាប់​គុក»។

មុន​ពេ​ល​ចាប់​ខ្លួន លោក នី ណាក់ ក៏​បាន​រអ៊ូ​រទាំ​អំពី​ការ​ទទួល​ទូរស័ព្ទដែល​បញ្ជា​ទិញអីវ៉ាន់​ ដែល​លោក​ថា ​មាន​របៀប​«ចង់មក​អូស​ក្រឡា​បោក​ខ្លា​ឱ្យចូល​អន្ទាក់» ដោយ​សួរ​នាំ​ពី​ទី​តាំង​លោក​រស់​នៅ និង​ស្នើ​ចង់​ជួប​លោក​ផ្ទាល់។

លោក នី ណាក់ ស្ថិត​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យ៉ាង​តិច​៣​នាក់ ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ជុំវិញ​ការ​បង្ហោះ​សារ​ទាក់ទង​នឹងជំងឺ​កូវីដ​១៩ ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ចុង​ក្រោយនៃ​ការ​ផ្ទុះ​ឆ្លង​ក្នុង​សហគមន៍​នៃ​ជំងឺ​រាត​ត្បាត​នេះ។

កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា ​បាន​ឃាត់​ខ្លួន​នារី​ម្នាក់​ឈ្មោះ ឈិន មន្ថា អាយុ​៣៥​ឆ្នាំ ក្រោយ​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេស​ប៊ុក​ខ្លួនថា «ផ្សារ​ជម្ពូ​វ័ន្ត​បិទ​ហើយ ​អ្នក​លក់​ទូរស័ព្ទ​ម្នាក់​បា​នស្លាប់ និង​បងប្អូន​គាត់​៥​នាក់​ទៀត​ ក៏​បាន​ឆ្លង​ដែរ»។

សមត្ថកិច្ច​អះអាង​ថា ​ខ្លឹមសារ​ដែល​ស្ត្រី​រូប​នេះ​បង្ហោះ​មិន​ពិត តែ​បានត្រឹម​សួរ​នាំ «អប់រំ»​ និងឱ្យ​ធ្វើ​កិច្ច​សន្យា​ មុន​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ។

ចំណែក​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ អធិការ​ដ្ឋាន​នគរបាល​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ក៏​បាន​ឃាត់​ខ្លួន​សិស្ស​នារី​ម្នាក់ ​វ័យ​១៧​ឆ្នាំ ​ជុំវិញ​ការ​បង្ហោះ​សារ​អំពី​ករណី​កូវីដ​នេះ ​ដែល​ជា «ព័ត៌​មាន​មិន​ពិត»។ នេះ​បើ​យោង​តាម​សារព័ត៌មាន ​Fresh News ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។

មុន​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព ក្មេង​ស្រី​រូប​នេះ ​ក៏​ត្រូវ​បាន​បង្គាប់​ឱ្យ​ឈរ​អាន​កិច្ច​សន្យា​ដាក់​ខ្សែ​អាត់​វីដេអូ​ ដែល​ក្រោយ​មក​ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​នឹង​រដ្ឋ​ យក​ទៅ​ផ្សព្វ​ផ្សាយ។

សារ​របស់​យុវតី​មិន​ទាន់​គ្រប់​អាយុ​រូប​នេះ​ មាន​ខ្លឹម​សារ​ថា៖

«ក្រោយ​សមត្ថកិច្ច​អប់រំ​ណែនាំ​រួច​មក នាង​ខ្ញុំ​នឹង​ខិតខំ​កែ​ប្រែ​ខ្លួន​ឱ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ និង​ឈប់​បង្ហោះ​សារ​ក្នុង ​Facebook ដែល​ជា​ព័ត៌មាន​ទាំង​ឡាយ​ណា ដែល​នាំឱ្យ​បំពុល ព័ត៌មាន​មិន​ពិត និង​ប៉ះពាល់​ដល់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ​អ្នក​ដទៃ»។

យ៉ាង​ណា​ក៏​ដោយ ក្នុង​ចំណោម​មនុស្ស​ទាំង​៣​នាក់ ​ដែល​ត្រូវ​បាន​ហៅ​មក​សាក​សួរ លោក នី ណាក់ ជា​មនុស្ស​តែ​ម្នាក់​គត់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​បញ្ជូន​ទៅ​តុលាការ។

គេហទំព័ររបស់​នគរបាល​ជាតិ ​បាន​បរិយាយ​ករណី​លោក នី ណាក់ ថា​ លោកបាន​ប្រើសម្ដី«ព្រហើន» ហើយ​សំណេរ​អំពី​ការ​ចិញ្ចឹម​មាន់​នោះ ហាក់​ចង់​«ឌឺ​ដង​ ឬផ្គើន»លោក​នាយក​រដ្ឋមន្ត្រី។

គេហ​ទំព័រ​របស់នគរបាល​លើក​ឡើង​ថា៖

«តាម​ការ​អង្កេត និង​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​រក​ឃើញ​ថា ​ឈ្មោះ នី ណាក់ កន្លង​មក តែង​តែ​ដៀមដាម ជេរ​ប្រមាថ​ជា​សាធារណៈទៅ​លើ​បុគ្គល និង​ស្ថាប័ន​រដ្ឋ​ជា​ញឹកញាប់ តែ​ហាក់​គ្មាន​អ្វី​កើត​ឡើង​ចំពោះ​បុគ្គល​ម្នាក់​នេះ​ទាល់​តែ​សោះ»។

លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​ឡើង​ថា ​អាជ្ញាធរ​គួរ​តែ​ផ្ទៀងផ្ទាត់​បំភ្លឺ​ជា​សាធារណៈ​ និង​សហ​ការ​ជាមួយ​អ្នក​សារព័ត៌មាន​អាជីព​ក្នុង​ការ​បង្ហាញ​ព័ត៌មាន​ពិត​ទៅ​ប្រជាពលរដ្ឋ​ ជា​ជាង​ចាត់​វិធាន​ការ​ច្បាប់ទៅ​លើ​អ្នក​បញ្ចេញ​មតិ ដែល​លោក​ស្រី​ថា ​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ដទៃ​ក្នុង​ការ​បញ្ចេញ​មតិ។

លោកស្រី​មាន​ប្រសាសន៍​ថា៖

«ការ​ធ្វើ​បែប​ហ្នឹង​ វា​នឹង​មិន​មាន​ប្រយោជន៍​អ្វី​ក្រៅ​ពី​ដែល​យើង​ធ្វើ​ឱ្យ​ពលរដ្ឋ​ចាប់ផ្តើម​មាន​ការ​ខ្លាច​រអា​ក្នុង​ការ​ចែក​រំលែក​ ឬ​ក៏​ចូលរួម​បញ្ចេញ​មតិ ព្រោះ​យូរៗ ​យើង​ចាប់​ផ្ដើម​ចាប់​ពិរុទ្ធ​ខ្លួន​ឯង​ថា​ទស្សនៈ​បែប​ណា​ ខ្លួន​អាច​បញ្ចេញ​មតិ​បាន ឬ​ក៏​ព័ត៌មាន​ណា ​លោក​អាច​ចែក​រំលែក​បាន»។​

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​ចាត់​ទុក​កម្ពុជា​ជាប្រទេស«មហា​ប្រជាធិបតេយ្យ» ដែល​លោក​ថា ពលរដ្ឋ​អាច​សម្ដែង​មតិ​បាន តែ​ការ​បញ្ចេញ​មតិ​ គួរ​មាន​ការ​គិតគូរ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់ ចៀសវាងនិយាយ​ស្ដី​ទៅ​មិន​ត្រឹម​ត្រូវ​តាម​ជំនាញ​បច្ចេកទេស ឬ​ប៉ះពាល់អ្នក​ដទៃ៕

XS
SM
MD
LG