ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ ​ការ​រំលោភ​សេព​សន្ថវៈ​លើ​ជនជាតិ​ភាគ​តិច​នៅ​សម័យ​ខ្មែរក្រហម​មាន​អត្រា​ខ្ពស់


ពលរដ្ឋ​កម្ពុជា​​កាន់​បដា​រូបថត​ជន​រង​គ្រោះ​សម័យ​ខ្មែរ​ក្រហម ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៩​ខែ​មិថុនា​ឆ្នាំ​២០១៣។
ពលរដ្ឋ​កម្ពុជា​​កាន់​បដា​រូបថត​ជន​រង​គ្រោះ​សម័យ​ខ្មែរ​ក្រហម ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៩​ខែ​មិថុនា​ឆ្នាំ​២០១៣។
អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​រក​ឃើញ​ថា មាន​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​ជនជាតិ​វៀតណាម ​ប្រជា​ពលរដ្ឋ​ខ្មែរ​ឥស្លាមនិងពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ ដោយ​ពួក​ខ្មែរ​ក្រហម​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ។​ បទ​ឧក្រិដ្ឋ​នេះ​ដែល​មេធាវី​តំណាង​ជន​រងគ្រោះ​ជឿ​ថា ​នឹង​ក្លាយ​ជា​ជំនួយ​សម្រាប់​បន្ថែម​ភស្តុតាង​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​បន្ថែម។​

របាយការណ៍​ដែល​អង្គការ​ដដែល​នេះ​ផ្សព្វផ្សាយជា​សាធារណៈ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បង្ហាញ​ថា​ ៦០​ភាគ​រយ​នៃ​អ្នក​ដែល​ត្រូវ​បាន​ចោទ​សួរ​សរុប​ចំនួន​១០៥​នាក់ជួប​បទ​ពិសោធន៍​នៃ​អំពើ​ហិង្សា​ផ្លូវ​ភេទ​ដោយ​ផ្ទាល់​ ​ក្នុង​ករណី​ភាគ​ច្រើន​គឺ​ជា​ការ​បង្ខំ​ឲ្យ​រៀបការ។​

ជាមួយ​គ្នា​នេះ​ ៧៧​ភាគ​រយ​នៃ​អ្នក​ត្រូវ​បាន​សម្ភាសបាន​ស្ថិត បាន​ចូល​រួម​ក្នុងទម្រង់​ហិង្សាផ្លូវភេទ​មួយ​ចំនួន​លើ​ជនជាតិ​ដើម​ភាគ​តិច​ ជា​ពិសេស​ក្នុង​អំពើ​រំលោភ​សេព​សន្ថវៈ។ ហើយ​ក្នុង​ករណី​ខ្លះ​ទៀត​ អ្នក​ផ្តល់​ចម្លើយ​បាន​ចូល​រួម​ក្នុង​ឧប្បតិ្តហេតុ​ចម្រុះ​ ឬ​ក៏​ក្នុង​សណ្ឋាន​ហិង្សាផ្លូវ​ភេទ​ផ្សេងៗ​គ្នា។​

របាយ​ការណ៍​របស់អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​សរសេរ​លម្អិត​ថា ​ក្នុង​ចំណោមប្រជា​ពល​រដ្ឋ​ដែល​បាន​ជួប​សម្ភាស​ទាំង​១០៥​នាក់ ​ទាំង​ជន​រង​គ្រោះ​ផ្ទាល់​ ទាំង​សាក្សី​ ដែល​បាន​ឃើញ​ បាន​បញ្ជាក់​ថា​ អំពើ​រំលោភ​សេព​សន្ថវៈលើ​ជនជាតិដើម​ភាគ​តិច​មាន​រហូត​ដល់​៨៨​ភាគ​រយ ​រីឯ​ទាសករ​ផ្លូវ​ភេទ​មាន​ចំនួន​២៣​ភាគ​រយ។​

របាយ​ការណ៍​ខាងលើ​នេះ​បាន​សិក្សា​ភាគ​ច្រើនលើ​ស្ត្រី​ ពោល​គឺ​ចំនួន​៧០​ភាគ​រយ​នៃ​ចំនួន​សរុប​១០៥​នាក់ជា​ស្ត្រី​ និង​៣០​ភាគ​រយ​ក្នុង​ចំណោម​នោះ​ជា​បុរស។​

លោកស្រី​ស៊ីន សុវ៉ន​ មេធាវី​តំណាង​ឲ្យ​ដើម​បណ្តឹង​មួយ​រូប​ ​ដែល​ជា​ភាគី​ការពារ​ជន​រងគ្រោះ​ មាន​ប្រសាន៍​ថា​ ការ​រក​ឃើញ​អំពើ​ហិង្សាផ្លូវ​ភេទ​លើ​ជនជាតិ​ភាគ​តិច​មានវៀតណាម ​ចាម ​និង​ខ្មែរ​កម្ពុជា​ក្រោម​នេះ​នឹង​ក្លាយ​ជា​ភស្តុតាង​បន្ថែម​ទៀត​សម្រាប់​ការ​កាត់​ទោស​ក្នុង​ពេល​មុខ។​

«ការ​ស្រាវជ្រាវ​មាន​សារៈ​សំខាន់​សម្រាប់​សំណុំ​រឿង​០០២​ វគ្គ​ទី​២​ផង​និង​មាន​ផល​ប្រយោជន៍​សម្រាប់​សំណុំ​រឿង​០០៣​ និង​០០៤​ក្នុង​ពេល​ខាង​មុខ​ទៀត»។

លោកស្រី​មេធាវី​បន្ថែម​ថា​ ការ​រួម​ភេទ​ដែល​អង្គការ​របស់​ខ្មែរក្រហម​មិន​ទទួល​ស្គាល់​គឺ​ជា​អំពើ​អសីល​ធម៌​ ហើយ​ប្រឈម​មុខ​នឹង​ការ​យក​ទៅ​សម្លាប់​ចោល។​ ប៉ុន្តែ​កំហិត​នេះ​មិន​អាច​រារាំង​ការ​រំលោភ​ផ្លូវ​ភេទ​ដែល​ភាគ​ច្រើន​ប្រព្រឹត្ត​ដោយ​ក្រុម​ខ្មែរ​ក្រហម​នោះ​ទេ។​

«បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពិត​ជាមាន​ករណី​រំលោភ​សេព​សន្ថវៈពិត​ប្រាកដ​មែន។​ ពិតមែន​តែ​ក្នុង​របប​នោះ​ការ​រំលោភ​ប្រឈម​នឹង​ទណ្ឌ​កម្ម​យ៉ាង​ធ្ងន់ ​ក៏​ប៉ុន្តែ​នៅ​តែ​មាន​ករណី​បែប​នេះ​កើត​ឡើង»។​

ដោយ​ឡែក​លោក​នេត្រ ​ភក្រ្តា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ក៏​បាន​អធិប្បាយដូចគ្នា​នេះ​ដែរ។​

«យើង​អាច​រំពឹង​ថា​ វា​នឹង​ផ្តល់​ព័ត៌មាន​សំខាន់​បន្ថែម​ទៀត​ដល់​អ្នក​ស្រាវ​ជ្រាវ ​ក៏​ដូច​ជា​អ្នក​ស៊ើប​អង្កេតទៅ​លើ​ដំណើរ​ការ​សំណុំ​រឿង​ ក៏ដូច​ជា​ភាគី​ពាក់ព័ន្ធ​នានា​ ដែល​ពិនិត្យ​ទៅ​លើ​សំណុំ​រឿង​ជុំវិញ​ការ​រំលោភ​ឬ​មួយ​ការ​រៀបការ​ដោយ​បង្ខំ»។​

សាលាក្តី​ខ្មែរ​ក្រហមបាន​សម្រេច​បញ្ចូល​បទ​ចោទ​ទាក់​ទង​នឹង​ការរៀប​ការ​ដោយ​បង្ខំ​នៅ​ក្នុងការ​កាត់​ទោស​សំណុំ​រឿង​០០២​ វគ្គ​ទី​២។ ការ​កាត់​ទោស​សំណុំ​រឿង​នេះ​នឹង​ចាប់​ផ្តើម​នៅ​ពេល​ខាង​មុខ​ ក្រោយ​ពី​ការ​ប្រកាស​សាលក្រម​ការ​កាត់ទោស​វគ្គ​ទី១​នៅ​ខែ​សីហា​ខាង​មុខ។​

កាលពី​ខែ​មេសា​សហ​ព្រះរាជ​អាជ្ញា​អាមេរិកាំង​នៃ​សាលាក្តី​ខ្មែរក្រហម​លោក​នីកូឡាស គុមជាន ​(Nicolas Koumjian) ​បានស្នើ​ឲ្យ​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​អំពើ​ហិង្សាផ្លូវ​ភេទ ​និង​ការ​រៀប​អាពាហ៍​ពិពាហ៍ ​ដោយ​បង្ខំ​សម្រាប់​សំណុំ​រឿង​០០៤។​ ​លោក​សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិសំអាង​ថា​ មានភស្តុតាង​ថ្មីៗ​ ដែល​បង្ហាញ​អំពី​ការ​សម្លាប់​រង្គាល ​ការ​ធ្វើ​មនុស្ស​ឃាត ​ការ​ធ្វើ​ជា​ទាសករ ​ការ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង​ និង​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​រំលោភ​សេព​សន្ថវៈ​ជាដើម​ ហើយ​អំពើ​ទាំងនេះ​បាន​ស្ថិត​នៅ​ក្នុង​តំបន់​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​ជន​ជាប់​សង្ស័យ​ដែល​មាន​ចំនួន​សរុប​បី​នាក់​ដែល​សុទ្ធ​សឹង​ជា​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម៕
XS
SM
MD
LG