ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​ម្ហូប​អាហារ​កម្ពុជា-ចិន​ក្នុង​ខេត្ត​សៀមរាប​ដើម្បី​ទាក់ទាញ​ទេសចរ


រូបឯកសារ៖ ទិដ្ឋភាព​ប្រាសាទ​អង្គរវត្ត​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ ទិដ្ឋភាព​ប្រាសាទ​អង្គរវត្ត​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួង​ទេសចរណ៍​ នឹង​រៀបចំ​ពិព័រណ៍​ម្ហូប​អាហារ​កម្ពុជា-ចិន​ រយៈ​ពេល​២​ថ្ងៃ​ក្នុង​ខេត្ត​សៀមរាប​ ​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​មុខ​ម្ហូប​ និង​សក្តានុពល​ទេសចរណ៍​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ជា​ពិសេស​ទីផ្សារ​ចិន​ ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​រវាង​ផ្នែក​រដ្ឋ-ឯកជន​ កម្ពុជា​-ចិន។​

អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍​លោក ​តុប សុភ័ក ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា ​ការ​តាំង​ពិព័រណ៍​ម្ហូប​អាហារ​នេះ​មិន​មែន​ធ្វើ​ឡើង​ដើម្បី​ទាក់ទាញ​តែ​ភ្ញៀវ​ទេសចរ​ពី​ចិនតែ​មួយ​នោះ​ទេ ​តែ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​សក្តានុពល​ម្ហូប​អាហារ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក។​

លោក​ថ្លែង​ថា៖​ «ចង់​ជម្រាប​បញ្ជាក់​ជូន​ឱ្យ​ច្បាស់​មិន​មែន​តែ​យើង​ធ្វើ​សម្រាប់​តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​មួយ​ទេ ​គឺ​យើង​ធ្វើ​បង្ហាញ​ពី​សក្តានុ​ពល​ទីផ្សារ​ម្ហូប​អាហារ​របស់​យើង​ទៅ​កាន់​ទីផ្សារ​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក។​ ​ពិព័រណ៍​ម្ហូប​អាហារ​ក៏​មាន​សារៈ​សំខាន់​ផង​ដែរ​ ក្នុង​ការ​ទាក់ទាញ​ទេសចរ ព្រោះ​ពេល​ដែល​ទេសចរ​មក​កាន់​គោល​ដៅ​កម្សាន្ត​ណា​មួយ​គឺ ​តែងតែ​ទទួល​ទាន​អាហារ។​ អ៊ីចឹង​រស​ជាតិ​នៃ​អាហារ​ហ្នឹង​ វា​ផ្សារ​ភ្ជាប់​ទៅ​នឹង​ទំនៀម​ទម្លាប់​ប្រពៃណី​ដែល​ជា​មុខ​ម្ហូប​របស់​កម្ពុជា​យើង»។​

ក្នុង​ការ​រៀប​ចំ​ពិព័រណ៍​ម្ហូប​អាហារ​នេះ​ សិក្ខា​សាលា​មួយ​នឹង​រៀបចំ​ឡើង​នៅ​ក្រោម​ប្រធាន​បទ​ «Good Food for All» ​ដែល​នឹង​មាន​វាគ្មិន​ល្បីៗ​ចូលរួម​ចែក​រំលែក​បទ​ពិសោធន៍​ស្តីពី​ម្ហូប​អាហារ​កម្ពុជា​ និង​ចិន។ ​នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ទេស​ចរណ៍​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃទី ​២២ ​ខែ​តុលា។​

បើ​តាម​សេចក្តី​ជូន​ដំណឹង​នោះ​ ​ពិព័រណ៍​ម្ហូប​អាហារ​កម្ពុជា-ចិន ​(Cambodia-China Gastronomy Week) ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ​២៦​ ដល់​ថ្ងៃ​ទី ​២៧ ​ខែ​តុលា ​ឆ្នាំ ​២០២៤ ​នៅ​ខេត្ត​សៀមរាប​ ដោយ​មាន​ការ​ដាក់​តាំង​បង្ហាញ​ម្ហូប​អាហារ​ល្បីៗ​របស់​ប្រទេស​កម្ពុជា​ និង​ចិន​ចំនួន​ប្រមាណ ​១០០ ​ស្តង់។​

អ្នក​វិភាគ​នយោបាយ​ និង​សង្គម​ លោក​ មាស នី ​យល់​ឃើញ​ថា ​ការ​រៀបចំ​ពិព័រណ៍​ម្ហូប​អាហារ​កម្ពុជា-ចិន​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើន​ទំនាក់​ទំនង​កម្ពុជា​និង​ចិន​ ហើយ​ក៏​ជា​មធ្យោបាយ​សំខាន់​មួយ​សម្រាប់​ទាក់ទាញ​ទេសចរ​មក​កម្ពុជា​ផង​ដែរ។​

ប៉ុន្តែ​លោក​ថា​ ក្រៅ​ពី​ចិន​ កម្ពុជា​គួរ​តែ​ទាក់ទង​ទៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ដើម្បី​រៀបចំ​កម្មវិធី​ទេស​ចរណ៍​ផ្សេងៗ​ ដែល​អាច​បើក​ផ្លូវ​ឱ្យ​កម្ពុជា​ទទួល​បាន​កំណើន​ទេសចរ​បន្ថែម។​

លោក​ថ្លែង​ថា៖​ «សម្រាប់​កម្ពុជា​ បំណង​នៃ​ការ​ទាក់ទាញ​ទេសចរ​មិន​មែន​កុំ​ឱ្យ​គិត​ត្រឹម​តែ​ចិន ​ត្រូវ​តែ​ពិចារណា​ពី​បណ្តា​ប្រទេស​ដទៃ​ទៀត​ផង​ ពិសេស​ប្រទេស​ពី​ខាង​បស្ចិម​ប្រទេស។ ​បើ​ប្រទេស​ខ្លះ​យើង​ថា ​មក​ច្រើន​តែ​ចំណាយ​តិច​នៅ​ក្នុង​ស្រុក​ តែ​ប្រទស​ខ្លះ​គេ​មិន​សូវ​មក​ប៉ុន្តែ​គេ​ចាយ​ច្រើន​ នៅ​ស្រុក​យើង​តែ​ម្តង។ ​នេះ​ជា​រឿង​មួយ​ដែល​កម្ពុជា​ត្រូវ​គិត​ផង​ដែរ»។​

លោក​បន្ថែម​ថា​ បច្ចុប្បន្ន​នេះ​កំណើន​ទេសចរ​កម្ពុជា​នៅ​ទាប​នៅ​ឡើយ​ បើ​ធៀប​នឹង​ចំនួន​ទេសចរ​មុន​ពេល​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា៖​ «ទេសចរ​ប្រទេស​កម្ពុជា​យើង​គឺ​នៅ​ទាប​ បើ​សិន​ប្រៀប​ធៀប​នឹង​សម័យ​ពី​មុន​កូវីដ​មក។ ​ឥឡូវ​ខ្ញុំ​ទៅ​សៀមរាប​ពី​អាទិត្យ​មុន​ក៏​នៅ​តែ​ស្ងាត់​ជ្រងំ​នៅ​ឡើយ​ ហើយ​ក៏​មិន​ទាន់​ឃើញ​មាន​សញ្ញា​ណា​មួយ​ភ្ញៀវ​ទេសចរ​នៅ​ស្រុក​ខ្មែរ​កើន​ឡើង​ ទោះបី​ជា​ផុត​រដូវ​ទាប​ដែល​ទេសចរ​មិន​បាន​មក​ ហើយ​ផុត​ហើយ​ក៏​ដោយ​ យើង​ឃើញ​ថា​ នៅ​តែ​មិន​ទាន់​មាន​ច្រើន​ដូច​ពី​មុន​វិញ»។​

ព្រឹត្តិ​ការណ៍​ពិព័រណ៍​ម្ហូប​អាហារ​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ពី​មុខ​ម្ហូប​ និង​សក្តានុពល​ទេសចរណ៍​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ជា​ពិសេស​ទីផ្សារ​ចិន​ ព្រម​ទាំង​ពង្រឹង​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​រវាង​ផ្នែក​រដ្ឋ-ឯកជន​ កម្ពុជា-ចិន ​និង​បន្ត​ជំរុញ​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ ​«ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​ និង​ប្រជាជន​កម្ពុជា-ចិន ​២០២៤» ​ព្រម​ទាំង​ចូល​រួម​ជំរុញ​យុទ្ធនាការ​ «ឆ្នាំ​ទស្សនា​សៀមរាប​ ២០២៤»​សំដៅ​ទាក់ទាញ​ទេសចរ​ និង​វិនិយោគិន​ចិន​ឱ្យ​មក​ទស្សនា​ និង​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន​ថែម​ទៀត។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ទេសចរណ៍។​

បើ​តាម​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​របស់​កាសែត​ភ្នំពេញ​បុស្តិ៍​ ទេសចរ​បរទេស​ជិត​ ៤,៣​លាន​នាក់​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​ ៨​ខែ ​ឆ្នាំ​ ២០២៤ ​ដែល​កើន​ជាង​ ២០ ​ភាគរយ​ ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០២៣។​ ក្នុង​ចំណោម​ទេសចរ​ទាំង​នោះ​ គឺ​មាន​ ២​ភាគ​៣ ​បាន​មក​ដល់​តាម​ផ្លូវ​គោក។ ​ចំនួន​ទេសចរ​មក​ដល់​ប្រទេស​កម្ពុជា​ច្រើន​ជាង​គេ​ គឺ​ថៃ ​វៀតណាម ​ចិន​ និង​ឡាវ។​ ទេសចរ​ផ្សេង​ទៀត​ រួម​មាន​ អាមេរិក​ កូរ៉េ​ខាង​ត្បូង​ ឥណ្ឌូណេស៊ី​ បារាំង​ អង់គ្លេស​ និង​ជប៉ុន៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG