រដ្ឋាភិបាលទីក្រុងភ្នំពេញ និងរដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយដើម្បីជួយគ្នាទៅវិញទៅមកលើបញ្ហាស្នូលជាច្រើនរបស់ប្រទេសទាំងពីរ ដែលរួមមានសេដ្ឋកិច្ច ច្បាប់ នយោបាយ សន្តិសុខ ការផលិតថាមពល និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ខណៈកម្ពុជាបន្តប្តេជ្ញាប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ។
អ្នកតាមដានកត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-ចិន កាន់តែមានភាពផ្អែមល្ហែម ស្របពេលឆ្នាំ ២០២៤ នេះ គឺជាឆ្នាំនៃ«ការផ្លាស់ប្តូរប្រជាជននិងប្រជាជន» រវាងប្រទេសទាំងពីរ។
ការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្រិតខ្ពស់ថ្មីមួយនេះបានធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន គ្រាដែលអ្នកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរដ្ឋធានីប៉េកំាង និងទីក្រុងសៀងហៃ ប្រទេសចិន រយៈពេល៥ថ្ងៃ ដែលចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤។
អំឡុងពេលបំពេញទស្សនៈកិច្ចនោះ អ្នកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានចុះហត្ថលេខាលើឯកសារចំនួនពីរ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នានៅគ្រប់កម្រិត និងគ្រប់វិស័យ។ ក្រៅពីនេះ ប្រទេសទាំងពីរក៏បានចុះអនុស្សរណៈផ្សេងទៀតជាមួយគ្នាផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានលើទំព័រហ្វេសប៊ុករបស់រដ្ឋសភាកម្ពុជា កាលពីថ្ងៃអង្គារ។
អ្នកតាមដានភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី យល់ឃើញថា កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ គឺកម្ពុជា-ចិនកាន់តែមានភាពស្និទ្ធសា្នលជាងពេលណាទាំងអស់ ហើយមួយរយៈពេលចុងក្រោយនេះ កិច្ចសហប្រតិបត្តិការផ្នែកនីតិប្បញ្ញត្តិក៏មានការកើនឡើង ដែលទំនងជាប្រទេសចិនចង់បង្ហាញឥទ្ធិពលការទូតរបស់ខ្លួនថា ជាប្រទេសមហាអំណាចក្នុងសកលលោក។
លោកប្រាប់វីអូអេថា៖ «យើងឃើញថា ទំនាក់ទំនងនេះ វាចាប់ផ្តើមដំឡើងកម្រិតគ្រប់វិស័យទាំងកិច្ចសហប្រតិបត្តិការនីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងក្របខណ្ឌតុលាការ។ ក៏ប៉ុន្តែយើងឃើញថា ដោយឡែកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ឬទំនាក់ទំនងរវាងថ្នាក់ដឹកនាំនីតិប្រតិបត្តិរវាងប្រទេសទាំងពីរមានភាពស្អិតល្មួតគ្រប់កម្រិត ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិមានភាពស្អិតល្មួតនៅគ្រប់វិស័យទាំងអស់»។
លោកបន្ថែមថា៖ «ដូច្នេះការផ្សារភ្ជាប់កម្រិតនៃទំនាក់ទំនងគ្រប់ស្ថាប័ននីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងតុលាការនេះ វាជួយលើកមុខមាត់ដល់ប្រទេសចិនថា ជាប្រទេសដែលមានវិសាលភាពនូវការពង្រីកទំនាក់ទំនងវិស័យការទូតរបស់ខ្លួនលើគ្រប់វិស័យ»។
ចំណែកលោក វណ្ណ ប៊ុនណា ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា ប្រាប់វីអូអេថា ការបង្កើនកម្រិតកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិននាពេលនេះ មិនមានអ្វីគួរឱ្យកត់សម្គាល់ខ្លាំងនោះទេ ដោយសារកម្ពុជា និងចិន បានបង្កើតទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមានកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
លោកបន្ថែមថា នៅក្នុងអាណត្តិទី ៧ នេះ ស្ថាប័នរដ្ឋសភា និងស្ថាប័នព្រឹទ្ធសភាកម្ពុជា បានបង្កើនទំនាក់ទំនងការទូតខ្លាំងជាងអាណត្តិមុនៗ ដែលឈានដល់កិច្ចសហប្រតិបត្តិការលើផ្នែកនីតិបញ្ញតិ្តនេះ។
ដោយឡែកលោកថា បើសិនជាទំនាក់ទំនងនៃស្ថាប័ននីតិប្បញ្ញត្តិផ្អែកលើគុណតម្លៃប្រជាធិបតេយ្យ គឺជារឿងវិជ្ជមានមួយ ក៏ប៉ុន្តែបើសិនជាកិច្ចសហប្រតិបត្តិការផ្នែកនីតិប្បញ្ញត្តិនេះដើរផ្ទុយពីលទ្ធិប្រជាធិបតេយ្យ នោះវាមិនផ្តល់ផលចំណេញសម្រាប់នយោបាយកម្ពុជានោះទេ។
លោកថ្លែងថា៖ «កន្លងទៅ ទំនាក់ទំនងរបស់កម្ពុជានិងចិនស្ថិតក្នុងរូបភាពទំនាក់ទំនងគ្រប់ជ្រុងជ្រោយរួចទៅហើយ ដូច្នេះទំនាក់ទំនងក្នុងស្ថាប័ននីតិប្បញ្ញត្តិហ្នឹង បើសិនជាការទំនាក់ទំនងហ្នឹងផ្អែកលើគោលការណ៍ ដែលតម្កល់គុណតម្លៃប្រជាធិបតេយ្យ ឬការផ្តល់សំឡេងចម្រុះនៅក្នុងសភាជាសំខាន់ អាហ្នឹងវាជាកត្តាល្អ។ ក៏ប៉ុន្តែបើសិនជាសហប្រតិបត្តិការណា ដែលផ្តល់រូបភាពដែលអាចថា ដើរងាករេពីផ្លូវលទ្ធិប្រជាធិបតេយ្យ អាហ្នឹងក៏វាក៏មិនជាផលចំណេញប៉ុន្មានដែរសម្រាប់វិស័យនយោបាយ ជាពិសេសការពង្រឹងអំណាចនីតិប្បញ្ញត្តិនៅកម្ពុជាហ្នឹង»។
បើតាមលោក វណ្ណ ប៊ុនណា រដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី ៧ នេះ គឺនៅតែព្យាយាមរក្សាគោលនយោបាយការបរទេស និងបង្កើតទំនាក់ទំនងជាមួយប្រទេសចិនឱ្យកាន់តែស៊ីជម្រៅថែមទៀត។
បើយោងតាមសេចក្តីប្រកាសព័ត៌មានលើទំព័រហ្វេសប៊ុករដ្ឋសភាកម្ពុជា ដែលបង្ហោះកាលពីថ្ងៃអង្គារបានឱ្យដឹងថា៖ «ស្មារតីនៃកិច្ចព្រមព្រៀងរវាងសភាប្រទេសទំាងពីរបង្ហាញពីការរួមសហការគ្នារវាងសភាប្រទេសទំាងពីរ ក្នុងការជំរុញនិងលើកកម្ពស់ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទំាងពីរក្នុងការកសាងសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងការរួមចំណែកជាវិជ្ជមានក្នុងការរក្សាសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក»។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា៖«សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងសមភាគីមិត្តចិន បានឯកភាពគ្នាថា ការផ្លាស់ប្តូរទស្សនកិច្ចជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ គឺជាផ្នែកមួយដ៏សំខាន់នៃការពង្រឹង ពង្រីកទំនាក់ទំនងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំឡើង»។
ចំណែកអនុស្សរណៈរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរធ្វើឡើងក្នុងគោលបំណងបន្តទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជាឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គាំទ្រដល់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសចិននិងកម្ពុជា តាមរយៈទម្រង់ផ្សេងៗ ដូចជាការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្តល់សេវាកម្មសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃភារកិច្ចរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព ផលប្រយោជន៍ទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការអនុលោមតាមបទដ្ឋាន ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ នេះបើយោងតាមរដ្ឋសភាកម្ពុជា។
ជាមួយគ្នានេះ កាលពីថ្ងៃទី ២៣ ខែកញ្ញា សារព័ត៌មាន Xinhua របស់ប្រទេសចិន បានដកស្រង់សម្តីរបស់លោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន យ៉ាងដូច្នេះថា៖ «ប្រទេសចិនតែងតែដាក់ប្រទេសកម្ពុជាក្នុងតួនាទីពិសេស និងសំខាន់ ក្នុងទំនាក់ទំនងការទូតជិតខាងរបស់ខ្លួន។ ប្រទេសចិនមានឆន្ទៈរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រកម្រិតខ្ពស់ និងធ្វើការជាមួយកម្ពុជាដើម្បីគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់លើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសទាំងពីរ»។
ប្រព័ន្ធផ្សព្វផ្យាយរដ្ឋចិនមួយនេះបានដកស្រង់សម្តីរបស់លោក ចាវ ឡឺជី (Zhao Leji)ថា៖ «ការកសាងសហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ បានឈានចូលដល់យុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បាននៅឡើយទេ។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននាពេលនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ចៅ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន លោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន លោក លីវ ឈី (Liu Qi) អគ្គលេខាធិការគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន លោក ឈិន ជីនីង (Chen Jining) លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃជាដើម ដោយក្នុងនោះ ក៏មានការពិភាក្សាអំពីការកៀរគរអ្នកទេសចរ និងអ្នកវិនិយោគពីប្រទេសចិនឱ្យមកទស្សនា និងបណ្តាក់ទុននៅកម្ពុជាផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជាកាលពីថ្ងៃទី ២៤ ខែកញ្ញា គោលដៅអភិវឌ្ឈន៍របស់កម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ ហើយនឹងមានការគាំទ្រពីប្រទេសចិន ដូចនឹងការលើកឡើងរបស់លោក វ៉ាង ហ៊ូនីង ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន ដែលបានថ្លែងថា៖ «ក្នុងនាមមិត្តដែកថែបរបស់កម្ពុជា ចិននឹងគំាទ្រកម្ពុជានៅក្នុងដំណើរវិវឌ្ឍន៍ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នេះ»៕
វេទិកាបញ្ចេញមតិ