ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​ប្តូរ​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ស្របពេល​វិស័យ​នេះ​កំពុង​រង​ការ​រិះគន់


រដ្ឋមន្រ្តីក្រសួងអធិការកិច្ច លោក ហួត ហាក់ និង​រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក សុខ សូកេន មានវត្តមាន​នៅក្នុង​អង្គប្រជុំរដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ (Facebook / National Assembly of Cambodia)
រដ្ឋមន្រ្តីក្រសួងអធិការកិច្ច លោក ហួត ហាក់ និង​រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក សុខ សូកេន មានវត្តមាន​នៅក្នុង​អង្គប្រជុំរដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ (Facebook / National Assembly of Cambodia)

រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​ការ​ផ្លាស់ប្តូរ​រដ្ឋមន្រ្តី​ក្រសួង​អធិការ​កិច្ច​មក​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ជំនួស​លោក ​សុខ សូកេន​ ស្រប​ពេល​ដែល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​កំពុង​រង​ការ​រិះគន់។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋ​សភា​ជាតិ​ ចេញ​នៅ​ថ្ងៃទី​ ២០​ ខែ​កញ្ញា​ ឆ្នាំ​ ២០២៤ ​នេះ ​បញ្ជាក់​ថា​ អង្គ​ប្រជុំ​រដ្ឋសភា​ដែល​មាន​ប្រធាន ​និង​សមាជិក​ចំនួន​ ១០៦ ​នាក់​ បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​កែ​សម្រួល​សមាស​ភាព​រាជ​រដ្ឋាភិបាល​ចំនួន​ពីរ​រូប​ ដោយ​ទទួល​បាន​សំឡេង​យល់ព្រម​ទាំង​ ១០៦ ​រូប។ ​សមាស​ភាព​ដែល​បាន​កែ​សម្រួល​គឺ​ លោក​ ហួត ហាក់ ​ដែល​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​អធិការ​កិច្ច​ មក​ជា​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ​ជំនួស​លោក ​សុខ សូកេន ​ហើយ​លោក​ សុខ សូកេន ​ទៅ​ជំនួស​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​អធិការ​កិច្ច​វិញ។​

វីអូអេ​បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​រដ្ឋ​សភា ​លោក ​ឡេង ប៉េងឡុង ​អំពី​មូលហេតុ​នៃ​ការ​ផ្លាស់​ប្តូរ​នេះ ​ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ។​

វីអូអេ​ក៏​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ហួត ហាក់ ​និង​លោក​ សុខ សូកេន ​បាន​ដែរ​នៅ​ថ្ងៃ​សុក្រ​នេះ។​

លោក​ សុខ សូកេន​ ជា​កូន​ប្រុស​របស់​លោក​ សុខ អាន ​អតីត​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី។ ​លោក​ត្រូវ​បាន​តែងតាំង​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ក្នុង​អាណត្តិ​នៃ​ការ​រៀបចំ​ក្បាល​ម៉ាស៊ីន​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត។ ​ហើយ​ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​នៃ​ការ​ដឹកនាំ​របស់​លោក​ សុខ សូកេន ​វិស័យ​ទេសចរណ៍​រង​ការ​រិះគន់​ជា​បន្ត​បន្ទាប់។​

លោក ​ឱក សេរីសោភក្តិ៍​ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ប្រាប់​វីអូអេ​ជា​សារ​អក្សរ​តាម​បណ្តាញ​សង្គម​តេឡេក្រាម​ថា ​ការ​ផ្លាស់ប្តូរ​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​គឺជា​ការ​ចាំបាច់​ ដោយសារ​តែ​មូលហេតុ​សំខាន់ៗ​ចំនួន​ពីរ។​

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​ «ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​នៃ​ចំនួន​អ្នក​ទេសចរ​ ស្រប​ពេល​ដែល​មាន​ការ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ភ្ញៀវ​ទេសចរ​ទៅ​លើ​អាកាស​យានដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​ខេត្ត​សៀមរាប​ និង​លើ​ប្រភេទ​សេវា​កម្ម​ផ្សេងៗ​ទៀតនិង​ទីពីរ​ បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​នឹង​អភិបាល​កិច្ច​ល្អ​ពី​ក្នុង​ក្រសួង​ទេសចរណ៍​ខ្លួន​ឯង»។​

អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​រូប​នេះ​បន្ថែម​ថា​ ការ​ផ្លាស់ប្តូរ​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​នេះ​គឺ​ជា​សញ្ញា​ល្អ​ក្នុង​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះ​មតិ​សាធារណៈ។​

ក្រៅ​ពី​វិស័យ​ទេសចរណ៍​រង​ការ​រិះគន់ ​គេ​ក៏​ឃើញ​សារ​ព័ត៌មាន ​ដឹ ខេមបូឌា ដេលី ​ផ្សាយ​អំពី​មន្រ្តី​ក្រសួង​ទេសចរណ៍​ស្នើ​ឱ្យ​ដក​លោក​ សុខ សូកេន ​ចេញ​ពី​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ​ដោយ​ថា ​រដ្ឋមន្រ្តី​រូប​នេះ​កំពុង​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ធ្លាក់ចុះ​ខ្លាំង។​

លោក ​សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់​វីអូអេ​ថា ​មូលហេតុ​នៃ​ការ​ផ្លាស់ប្តូរ​រដ្ឋមន្រ្តី​ទាំង​ពីរ​នេះ ​គឺ​ដោយសារ​ជា​សំណូម​ពរ​ចាំបាច់​របស់​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ឱ្យ​ការ​ដឹកនាំ​កាន់តែ​មាន​ប្រសិទ្ធ​ភាព។ ​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​វិស័យ​ទេសចរណ៍​ លោក​ សុខ ឥសាន ​ថា ​មិនមែន​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​ «យើង​មិន​យក​ការ​រិះគន់​យក​មក​ធ្វើ​ជា​សេចក្តី​សម្រេច​ទេ។​ យើង​ពិនិត្យ​មើល​ដំណើរ​ការ​ការងារ​របស់​រដ្ឋាភិបាល​ថា​ តើ​មាន​ប្រសិទ្ធ​ភាព ​ឬ​មួយ​ក៏​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព។ អាហ្នឹង​រាជ​រដ្ឋាភិបាល​លោក​គិត​អ៊ីចឹង។​ ហើយ​គណបក្ស​ប្រជាជន​ដែល​ជា​គណបក្ស​ដឹកនាំ​រាជ​រដ្ឋាភិបាល​លោក​ក៏​គិត​ដែរ។ ​អ៊ីចឹង​ទេ​បាន​ជា​គណៈ​កម្មការ​អចិន្ត្រៃយ៍​គណបក្ស​លោក​សម្រេច​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ»។​

បើតាម​លោក​ សុខ ឥសាន ​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ថ្មី​ លោក​ ហួត ហាក់ ​នឹង​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​មាន​ភាព​រីក​ចម្រើន ​ឬ​យ៉ាងណា​នោះ ​គឺ​ត្រូវ​រង់​ចាំមើល​ទាំង​អស់​គ្នា៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG