ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​មិន​និយាយ​អំពី​សិទ្ធិ​មនុស្ស​ជាមួយ​លោក​អូបាម៉ា


Cambodia Foreign Minister Hor Namhong
Cambodia Foreign Minister Hor Namhong
ភ្នំពេញ៖ ក្រោយ​ពី​មាន​សម្ពាធ​ជា​បន្ត​បន្ទាប់​ឲ្យ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ លើក​យក​បញ្ហា​រំលោភ​សិទ្ឋិមនុស្ស​ដាក់​នៅ​ក្នុង​ជំនួប​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក កម្ពុជា​បាន​ប្រកាស​ភ្លាមៗ​ថា ជំនួប​ទ្វេភាគី​នេះ​នឹង​និយាយ​តែ​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ។
នៅ​ក្នុង​សប្តាហ៍​នេះ មាន​សម្ពាធ​ពី​អន្តរជាតិ​ជាបន្ត​បន្ទាប់​លើ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា​ឲ្យ​លើក​យក​បញ្ហា​សិទ្ឋិ​មនុស្ស​ធំៗ​ដែល​បាន​កើត​មាន​ឡើង​ក្នុង​អំឡុង​ពេល​ជាង​២៧​ឆ្នាំ​នៃការ​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ទៅ​ដាក់​នៅក្នុង​កិច្ច​ពិភាក្សា​ទ្វេភាគី​រវាងកម្ពុជា​និង​សហរដ្ឋ​អាមេរិក។
ការ​រំលោភ​សិទ្ឋិ​មនុស្ស​ទាំង​នោះ​រួម​មាន ការ​សម្លាប់​មនុស្ស​ប្រមាណ​ជាង​៣០០​នាក់​ ការ​កាត់ទោស​លោក​ម៉ម សូណង់ដូ នាយក​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ គឺ​លោក ឈុត វុទ្ឋី ការ​កាត់​ទោស​លោក​សម រង្ស៊ី មេដឹក​នាំ​គណបក្ស​ប្រឆាំង​ពាក់​ព័ន្ឋ​នឹង​បញ្ហា​ព្រំដែន​ ការ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ការ​រំលោភ​ចាប់​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ។​
លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បានថ្លែង​ប្រាប់​ក្នុង​អង្គសន្និសីទ ព័ត៌មាន​នៅ​ថ្ងៃ​កាលពី​ព្រហស្បតិ៍​ថា កម្ពុជា​នឹង​មាន​ជំនួប​ទ្វេ​ភាគី​ដោយ​ឡែក​មួយ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ក៏​ប៉ុន្តែ​ក្នុង​ជំនួប​នោះ​នឹង​ផ្តោត​លើ​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ។​
លោក​បាន​ថ្លែង​កោត​សរសើរ​ថា​ ការ​វិវត្ត​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​កាន់​តែមាន​ភាព​ធំឡើងៗ​បើ​ទោះបី​មាន​ការ​គាប​សង្កត់​ក៏​ដោយ។​ លោក​បាន​បញ្ជាក់​ថា កម្ពុជា​ទទួល​ឲ្យ​មាន​ជំនួប​ទ្វេភាគី​នេះ​គឺ​ចង់​ពង្រឹង​ឲ្យ​មាន​ការគោរព​សិទ្ឋិមនុស្ស។​
«ហេតុអ្វី​បាន​ជាកម្ពុជា​ទទួល? កម្ពុជា​ទទួល​គឺដើម្បី​បង្ហាញ​ពីសុឆន្ទៈ​របស់​កម្ពុជា​ចង់​កែ​លម្អ​ ចង់​ជំរុញ​ ចង់​ពង្រឹងការគោរព​សិទ្ឋិមនុស្ស»។​
កម្ពុជា​ក្នុង​នាម​ជាម្ខាស់​ផ្ទះ ជាប្រធាន​ប្តូរវេន​បាន រៀប​ចំកិច្ច​ប្រជុំ​កំពូល​អាស៊ាន​និងកិច្ច​ប្រជុំតូចៗ​មួយ​ចំនួន​ទៀត​ចាប់​ពីថ្ងៃទី​១៥​រហូត​ដល់​ថ្ងៃទី​២០​ខាង​មុខ​នេះ។​
នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​កម្ពុជា​បាន​រៀប​ចំ​កិច្ចប្រជុំ​ឧត្តមមន្ត្រី​អាស៊ាន​ដោយ​មាន​ការ​ចូលរួម​ពីថ្នាក់​រដ្ឋលេខាធិការ​និង​ឯកអគ្គរដ្ឋទូត​នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​នាយក​រដ្ឋ​មន្ត្រី​កំពូល​អាស៊ាន​នៅ​ថ្ងៃអាទិត្យខាង​មុខនេះ។​
លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ​បាន​បញ្ជាក់​ថាកិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ​នឹង​មាន​ឯកសារ ត្រូវអនុម័ត​ ចំនួន២ ​និង​ការប្រកាស ​នៃ​ការបង្កើត​វិទ្យាស្ថាន​អាស៊ី​សម្រាប់​សន្តិភាព​ និង​សម្របសម្រួល។
លោក​មាន​ប្រសាសន៍​ថា ឯកសារ២​ដែលនឹង​ត្រូវ​អនុម័តគឺ​ទី១-​ការអនុម័ត​សេចក្តី​ថ្លែង​ការណ៍ ​ស្តីពី សិទ្ធិ​មនុស្ស ​របស់​អាស៊ាន ​Asean​ Human​ Rights ​Decleration និង​ទី​២ ​ការបង្កើត​មជ្ឈមណ្ឌល​មីន របស់​អាស៊ាន នៅ​កម្ពុជា ​ដោយសារ​តែ​ក្នុង​ប្រទេស​អាស៊ាន​ទាំង​១០ ​នេះមាន​ប្រទេស​អាស៊ាន ប្រាំមួយ ​បាន​ជួបប្រទះ​បញ្ហា​មីន។ ប្រទេស​ទាំងនោះ​រួម​មាន​កម្ពុជា ​ឡាវ ​វៀតណាម​ ថៃ​ ហ្វីលីពីន ​និង​ភូមា។ លោក​បាន​បញ្ជាក់​ថា​ប្រទេស​អាស៊ាន​ទាំង​អស់ ក៏​បាន​ឯកភាព​ជាមួយ​កម្ពុជា​រួច​ហើយ​កម្ពុជា​ក៏​បាន​រៀបចំ​ឯកសារ​ដាក់ជូន​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាលអាស៊ាន​ដើម្បី​អនុម័ត​នាពេល​ខាងមុខ៕​
XS
SM
MD
LG