ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួនប្រាំបីនាក់ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
ការចាប់ខ្លួនធ្វើឡើងខណៈដែលប្រជាពលរដ្ឋទាំងនេះបានយករូបថតលោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា ព្រមទាំងសរសេរអក្សរឡាតាំងថា SOSដែលមានន័យថា ស្វែងរកការជួយ បិទលើដំបូលផ្ទះពួកគេដែលធ្វើពីសង្កសី។
ការចាប់ខ្លួននេះធ្វើឡើងបួនថ្ងៃប៉ុណ្ណោះមុនការមកដល់របស់លោកអូបាម៉ាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាមេរិកក្នុងរាជធានីភ្នំពេញ។
ក៏ប៉ុន្តែអាជ្ញាធរបានសម្រេចដោះលែងប្រជាពលរដ្ឋទាំងនេះមកវិញបន្ទាប់ពីមានអន្តរាគមន៍ពីប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ លោកស្រីពុង ឈីវហ្គិក ក្រោយពីពួកគេត្រូវបានឃុំខ្លួនអស់រយៈពេលជិត១២ម៉ោង។
ប្រជាពលរដ្ឋដែលត្រូវបានចាប់ខ្លួនទាំងប្រាំបីរួមមានស្ត្រីចំនួនប្រាំមួយនាក់។ ពួកគេស្ថិតក្នុងចំណោមប្រជាពលរដ្ឋចំនួន១៨២គ្រួសារដែលត្រូវបណ្តេញឲ្យរំកិលលំនៅឋានរបស់ពួកគេចេញពីរបងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចម្ងាយប្រាំម៉ែត្រនៅផ្នែកខាងលិច ក៏ប៉ុន្តែពួកគេបានបដិសេធដោយសារពុំមានសំណងពីអាជ្ញាធរដល់ពួកគេ។
កញ្ញា អ៊ុន សុគន្ធី ដែលជាបងស្រីរបស់យុវជនអ៊ុន សុគន្ធា ដែលត្រូវចាប់ខ្លួនបានរៀបរាប់ពីការព្រមានជាមុនរបស់អាជ្ញាធរ។
«សរសេរអក្សរSOSនិងបិតរូបលោកអូបាម៉ាដាក់ លើដំបូលផ្ទះដើម្បីឲ្យគាត់មក គាត់អាចឃើញអក្សរកាត់ហ្នឹងសុំឲ្យជួយពួកខ្ញុំផងព្រោះរដ្ឋកំពុងចង់យកដីពួកខ្ញុំប្រាំម៉ែត្រហើយអត់ផ្តល់សំណងអីទេ។ ប៉ុន្តែពួកប៉ូលីសខណ្ឌមកប្រាប់ថា កុំឲ្យសរសេរហើយបើសរសេរគេនឹងចាប់យកដាក់ប៉ុស្តិ៍ប៉ូលីស។ គេថាយើងបំផ្លាញសណ្តាប់ធ្នាប់។ ចាប់នេះមិនបង្ហាញហេតុផលណាឬដីកាអីទេចាប់វ៉ៃខ្នោះទាំងប្រាំបីនាក់ហ្នឹង»។
ស្នងការរាជធានីភ្នំពេញលោកជួន សុវណ្ណ មិនអាចទាក់ទងបានទេដោយសារតែទូរសព្ទរបស់លោករោទិ៍ដោយគ្មានអ្នកទទួល។ ដោយឡែកលោកប៊ន សំអាត អធិការនគរបាលខណ្ឌពោធិ៍សែនជ័យត្រូវអ្នកលើកទូរសព្ទថាមិនមែនជារូបលោក។
ការចាប់ខ្លួនប្រជាពលរដ្ឋទាំងប្រាំបីនាក់ធ្វើឡើងនៅពេលដែលក្រុមមន្ដ្រីជាន់ខ្ពស់នៃបណ្តាប្រទេសសមាជិកអាស៊ានទាំងដប់បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ក្នុងក្របខណ្ឌនៃកិច្ចឆ្ពោះទៅកិច្ចប្រជុំកំពូលលើកទី២១របស់អាស៊ាន។
លោកឆេង សុភ័ស្ត មន្ដ្រីស៊ើបអង្កេតរបស់អង្គការលីកាដូ កត់សម្គាល់ថា ប្រជាពលរដ្ឋទាំងនេះត្រូវចាត់ទុកថា ជាអ្នកប្រឆាំង។
«ចាប់ខ្លួននេះទំនងជាពួកគាត់នេះតំណាងសហគមន៍ហើយពួកគាត់ហ៊ានចេញមតិយោបល់ក្នុងការតវ៉ាច្រើន។ ដូច្នេះទើបគេចាប់ខ្លួនគាត់។ ដូច្នេះអ្នកដែលហ៊ានប្រឆាំងតវ៉ាមិនព្រមចេញគឺជាមនុស្សដែលគេគិតថា ប្រឆាំងនឹងមន្ដ្រីអាជ្ញាធរសាធារណៈ»។
ក្នុងពេលជាមួយគ្នានេះ ក្រុមសហគមន៍ពីកម្ពុជា ភូមា និងម៉ាឡេស៊ី ដែលអះអាងថា ពួកគេសុទ្ធសឹងជាអ្នករងគ្រោះបានធ្វើវេទិកាដើម្បីសាធារណៈមួយដើម្បីទាមទារឲ្យកិច្ចប្រជុំកំពូលអាស៊ានសម្រេចឲ្យមានការគោរពដល់សិទ្ធិពួកគេ៕