នៅថ្ងៃច័ន្ទនេះ ប្រជាពលរដ្ឋជនជាតិភាគតិចខេត្តស្ទឹងត្រែងដាក់ញ្ញត្តិប្រឆាំងនឹងការសាងសង់ទំនប់វារីអគ្គិសនីសេសាន២។ ប្រជាពលរដ្ឋជនជាតិភាគតិចជាង៧០០គ្រួសារនេះមកពីឃុំចំនួនបីគឺឃុំ ភ្លុក ឃុំ ស្រែគរ និងឃុំ ក្បាលរមាស ដែលស្ថិតក្នុងស្រុកសេសាន។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និងតំណាងជនជាតិភាគតិចខេត្តរតនៈគីរីបានឲ្យដឹងថា ក្នុងចំណោមស្ថាប័នសំខាន់ៗដែលបានដាក់ញត្តិនោះមានតែសាលាខេត្តស្ទឹងត្រែង និងតំណាងក្រុមហ៊ុនទេដែលបដិសេធមិនទទួលយកញត្តិពីប្រជាពលរដ្ឋដោយលើកហេតុផលថា អភិបាលខេត្តមិនមានវត្តមាននៅក្នុងប្រទេស។
លោក ដាំ សំណាង ជនជាតិព្នង រស់នៅឃុំក្បាលរមាសតំណាងឲ្យជនជាតិភាគតិចដែលបានយកញត្តិមកដាក់តាមស្ថាប័នរដ្ឋាភិបាលបានបញ្ជាក់ប្រាប់វីអូអេតាមរយៈទូរស័ព្ទថា ពួកគេមិនចង់ឲ្យការសាងសង់ទំនប់វារីអគ្គិសនីសេសាន២បន្តទៀតទេដោយខ្លាចបះពាល់ដល់វប្បធម៌ និងទំនៀមទម្លាប់រស់នៅរបស់ជនជាតិភាគតិច។
«ដោយសារពួកគាត់យល់ព្រមពាក់ព័ន្ឋនឹងជនជាតិដើមភាគតិច ពួកគាត់បាត់បង់ព្រៃជំនឿ បាត់បង់ទីសក្ការៈបូជារបស់គាត់ បាត់បង់ទឹកដីបុព្វបុរសរបស់គាត់»។
សេចក្តីថ្លែងការណ៍ចំហររបស់ជនជាតិភាគតិចដែលបានចែកផ្សាយតាមរយៈសារអេឡិកត្រូនិចបានឲ្យដឹងថា ពួកគេមិនព្រមចាកចេញពីភូមិចាស់និងមិនព្រមទទួលយកសំណងទេដោយសារតែការសាងសង់ទំនប់វារីអគ្គិសនីនេះ បានប៉ះពាល់ធនធានធម្មជាតិ វប្បធម៌ ទំនៀមទម្លាប់ ជនជាតិភាគតិច ដីកសិកម្ម ដីបម្រុងទុក ដីដូនតា ដីកប់ខ្មោច និងជិវសាស្ត្រចម្រុះគ្រប់ប្រភេទ។
លោក កុល សំអុល អភិបាលខេត្តស្ទឹងត្រែងមិនអាចស្នើសុំសេចក្តីអត្ថាធិប្បាយបានទេដោយសារលោកកំពុងជាប់បេសកម្មចេញទៅក្រៅប្រទេស។ ចំណែកឯលោក អេង ស៊ីរ៉ុង ប្រធានមន្ទីរបរិស្ថានខេត្តមិនបានធ្វើអត្ថាធិប្បាយបានទេដោយសារលោកមិនទាន់បានឃើញញត្តិនៅឡើយ។
«ខ្ញុំអត់បានទទួលលិខិត ខ្ញុំអត់បានដឹងលិខិតហ្នឹងយ៉ាងម៉េចផង។ ខ្ញុំកំពុងប្រជុំ»។
លោក ហូ សំអុល អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាហុកនៅខេត្តស្ទឹងត្រែង មានប្រសាសន៍ថា ទំនប់វារីអគ្គិសនីនេះមិនបានផលចំណេញដល់ជនជាតិភាគតិចទេ។ លោកមានប្រសាសន៍ថា សំណងរបស់ក្រុមហ៊ុនផ្តល់ជួនប្រជាពលរដ្ឋកន្លងមក មានតម្លៃថោកមិនសមនឹងតម្លៃនៅលើទីផ្សារ។
«ខ្ញុំឧទាហរណ៍ដូចដើមស្វាយមួយដើមអញ្ចឹង។ គាត់ឲ្យតម្លៃ៥ដុល្លារ។ អញ្ចឹង វាអត់សមនឹងតុល្យភាព និងតម្លៃទីផ្សារ ទោះបីមិនបានច្រើនក៏ដោយតែគាត់ឲ្យបានសមរម្យបន្តិចទៅ»។
លោក ប៊ុន ថាន់ មន្ត្រីគាំទ្រកម្មវិធីទំនប់វារីអគ្គិសនី និងសិទ្ធិសហគមន៍នៅតំបន់ទន្លេបីមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០១១ បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុន Lower Sesan 2 ដែលអាចផលិតថាមពលវារីអគ្គិសនីចំនួន៤០០មេហ្កាវ៉ាត់។
លោកមានប្រសាសន៍ថា ក្រុមហ៊ុន Lower Sesan 2 ជាការវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុនចិនឈ្មោះ Hydro Lancang និងរ៉ូយ៉ាល់គ្រុបរបស់អ្នកឧញ៉ា គិត ម៉េង៕