ភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីទំនប់វារីអគ្គិសនីសេសានក្រោម២ កាលពីថ្ងៃសុក្រទី១៥ខែកុម្ភៈនេះ ដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគលើគម្រោងនេះចាប់ផ្តើមដំណើរការរបស់ខ្លួន បើទោះជាប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់មិនទាន់ទទួលបានសំណងក៏ដោយ។
សមាជិកសភាចំនួន៨២រូបលើ៩០រូបបានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមសម្រាប់ក្រុមហ៊ុនហាយដ្រូ ផៅវ័រ សេសានក្រោម២។
ក្នុងកិច្ចប្រជុំសភា លោកយឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានស្នើឱ្យមានការពន្យារពេលអនុម័តច្បាប់នេះ។
«យើងខ្ញុំសូមឱ្យពន្យារការពិភាក្សា និងការអនុម័ត រហូតដល់មានការសិក្សាឱ្យបានល្អិតល្អន់ មានឯកសារគ្រប់គ្រាន់ ឱ្យមានការចូលរួមឱ្យគ្រប់ជ្រុងជ្រោយ កុំឱ្យមានការតវ៉ាដូចប៉ុន្មានថ្ងៃកន្លងនេះមក សឹមយើងបន្តការពិភាក្សាលើសេចក្តីព្រាងច្បាប់នេះបន្តទៀត»។
ឆ្លើយតបនឹងការលើកឡើងនេះ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានថ្លែងក្នុងរដ្ឋសភាថា នេះដោយសារនៅពេលសិក្សាបឋមកាលពីឆ្នាំ២០០៩ ក្រុមអ្នកឯកទេសបានប៉ាន់ស្មានថា មានឃុំចំនួនបួននឹងលិច ប៉ុន្តែការសិក្សាលម្អិតនៅពេលក្រោយមកបង្ហាញថា ឃុំដែលនឹងលិចជាក់ស្តែងគឺមានតែបីឃុំប៉ុណ្ណោះ។
ទំនប់វារីអគ្គិសនីសេសានក្រោម២ស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង លើដៃទន្លេហូរចាក់ទៅទន្លេមេគង្គ។ទំនប់វ៉ារីអគ្គិសនីនេះមានសក្តានុពលផលិតថាមពលអគ្គិសនី៤០០មេហ្គាវ៉ាត់ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៣នេះ។
ទំនប់វារីអគ្គិសនីសេសានក្រោម២ស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង លើដៃទន្លេហូរចាក់ទៅទន្លេមេគង្គ។ទំនប់វ៉ារីអគ្គិសនីនេះមានសក្តានុពលផលិតថាមពលអគ្គិសនី៤០០មេហ្គាវ៉ាត់ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៣នេះ។
ទំនប់២នេះវិនិយោគដោយក្រុមហ៊ុនហាយដ្រូ ផៅវ័រ សេសានក្រោម២ ដែលជាការវិនិយោគរួមគ្នាដោយក្រុមហ៊ុនក្នុងគឺស្រុករ៉ូយាល់គ្រុបជាមួយក្រុមហ៊ុនពីរទៀតរបស់ចិន និងវៀតណាម មានទំហំទឹកប្រាក់សរុប៧៨២លានដុល្លារអាមេរិក ដែលបានចុះកិច្ចព្រមព្រៀងកាលពីខែវិច្ឆិកា ឆ្នាំ២០១២។
គម្រោងទំនប់ដែលមានប្រវែង៨គីឡូម៉ែត្រនេះនឹងនាំឱ្យលិចភូមិចំនួន៧ទាំងស្រុង ដែលធ្វើឱ្យមានការបំលាស់ទីលំនៅរបស់ប្រជាពលរដ្ឋប្រមាណ៥០០០នាក់។ ជាងនេះទៀត ដីព្រៃរាប់សិបពាន់ហិចតានឹងលិច ត្រីកម្រមួយចំនួននឹងផុតពូជ ដោយសារមិនអាចបំលាស់ទីបាន និងប៉ះពាល់ដល់គុណភាពទឹក ជីវចម្រុះ និងជីវភាពប្រជាពលរដ្ឋដែលនៅជិតនោះ។ នេះបើតាមរបាយការណ៍វាយតម្លៃជំហានដំបូងរបស់រដ្ឋាភិបាល។
សេចក្តីព្រាងច្បាប់ដែលមាន៦ទំព័រ និង៣មាត្រានេះបានចែងអំពីលក្ខខណ្ឌវិនិយោគ ផលប៉ះពាល់នៃគម្រោង និងវិធានការដោះស្រាយសំណង។
ប៉ុន្តែបើយោងតាមរបាយការណ៍ដែលចេញរួមគ្នាដោយអង្គការបរិស្ថានចំនួនបីគឺអង្គការ NGO Forum សមាគមអភិរក្សវប្បធម៌ និងបរិស្ថាន និងអង្គការបណ្តាញការពារទន្លេបី បានបង្ហាញថា ច្បាប់នេះដែលត្រូវបានអនុម័តនេះលើកឡើងថា ប្រជាពលរដ្ឋរងផលប៉ះពាល់មានតែចំនួន៦ភូមិស្មើនឹង៧៩៧គ្រួសារប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគម្រោងនេះមានចំនួនរហូតដល់១០២៥គ្រួសារ រីឯរបាយការណ៍ស្រាវជ្រាវដាច់ដោយឡែកមួយទៀតរបស់អង្គការ NGO Forum បង្ហាញថា ប្រជាពលរដ្ឋរហូតដល់ទៅ១៣៤៥គ្រួសារឯណោះនឹងរងផលប៉ះពាល់ដោយផ្ទាល់។
ជាងនេះទៀត ច្បាប់នេះមិនមានការពិភាក្សាពីប្រជាពលរដ្ឋប្រហែល៥១០០០នាក់ដែលរងផលប៉ះពាល់ដោយប្រយោលពីទំនប់នេះទេ។
លោកឈិត សំអាត នាយកប្រតិបត្តិអង្គការNGO Forum បានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ថា សេចក្តីព្រាងច្បាប់នេះមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងអំពីផលប៉ះពាល់ឱ្យបានគ្រប់ជ្រុងជ្រោយនោះទេ។
«ទីមួយច្បាប់ហ្នឹងមិនមានការពិគ្រោះយោបល់ឱ្យបានទូលំទូលាយពីសហគមដែលប៉ះពាល់ទេ។ ទីពីរ យើងឃើញថា តួលេខមួយចំនួន យើងមិនដឹងថា ហេតុអ្វីបានជាការសិក្សាពីហេតុប៉ះពាល់បរិស្ថាននៅឆ្នាំ២០០៩ និងក្នុងច្បាប់ហ្នឹងមានការថយចុះទេ។ ដូច្នេះការចូលរួមនិងតម្លាភាពនៃច្បាប់នេះនៅមានកម្រិត»។
នៅថ្ងៃព្រហស្បតិ៍នោះ តំណាងប្រជាពលរដ្ឋមូលដ្ឋានដែលមានចំនួន១២នាក់ បានយកញ្ញត្តិមួយរបស់សហគមន៍ខ្លួនទៅដាក់ជូនស្ថានទូតចិន ប្រចាំកម្ពុជា និងរដ្ឋសភាកម្ពុជា ដើម្បីសម្តែងការជំទាស់ទៅនឹងការសាងសង់ទំនប់នេះ។ នេះបើតាមការឱ្យដឹងពីអ្នកស្រីណែន សុគីត តំណាងជនជាតិដើមភាគតិចម្នាក់របស់សហគមន៍មូលដ្ឋាន។
«នៅស្ទឹងត្រែងហ្នឹង យើងបានប្រជុំគ្នាសរសេរញ្ញត្តិហ្នឹងទៅដាក់នៅស្ថានទូតចិន និងរដ្ឋសភា។ យើងសូមឱ្យរដ្ឋសភាហ្នឹងជួយបញ្ឈប់ ឬផ្អាក ហើយសិក្សាពីផលប៉ះពាល់នៃគម្រោងហ្នឹងឡើងវិញ។ មួយទៀតហ្នឹង យើងឱ្យគាត់រើសជម្រើសថ្មី ក្រៅពីសាងសង់ទំនប់វារីអគ្គិសនី ដែលធ្វើកាត់តាមដងទន្លេ។ ខាងទូតចិនគឺយើងសំណូមពរដូចគ្នា»។
យ៉ាងណាក៏ដោយក្រុមប្រជាពលរដ្ឋនៅមិនទាន់ទទួលបានចម្លើយនៅឡើយទេរហូតមកទល់ពេលនេះ៕