ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​វៀតណាម​ព្រមព្រៀង​គ្នា​​ធ្វើ​លិខិត​ស្នើ​សុំ​ជំនាញ​ការ​បារាំង​ឲ្យ​ជួយ​រឿង​ព្រំដែន​


រូប​ឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​មុខ​តាម​រយៈទូរទស្សន៍​ជាតិ​កម្ពុជា​ នៅក្នុង​ការផ្សាយ​ពិសេស​មួយ​នៅ​ល្ងាច​ថ្ងៃអង្គារ​ទី ០៨ ខែកញ្ញា ឆ្នាំ២០១៥។ លោក​បាន​វាយ​បក​ទៅ​គណបក្ស​ជំទាស់​រឿង​បញ្ហា​ផែនទី​និង​កាបោះ​បង្គោល​ព្រំដែន។ (នៅ វណ្ណារិន/VOA)
រូប​ឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​មុខ​តាម​រយៈទូរទស្សន៍​ជាតិ​កម្ពុជា​ នៅក្នុង​ការផ្សាយ​ពិសេស​មួយ​នៅ​ល្ងាច​ថ្ងៃអង្គារ​ទី ០៨ ខែកញ្ញា ឆ្នាំ២០១៥។ លោក​បាន​វាយ​បក​ទៅ​គណបក្ស​ជំទាស់​រឿង​បញ្ហា​ផែនទី​និង​កាបោះ​បង្គោល​ព្រំដែន។ (នៅ វណ្ណារិន/VOA)

កាលពី​ខែ​សីហា​កន្លង​ទៅ គណៈកម្មការ​ព្រំដែន​របស់​កម្ពុជា​និង​វៀតណាម​​ បាន​ជួប​ប្រជុំ​គ្នា​ពិភាក្សា​ពី​បញ្ហា​ព្រំ​ដែន​ និង​ការ​ព្រាង​លិខិត​​សម្រាប់​ផ្ញើ​​ទៅ​ប្រទេស​បារាំង​ស្នើ​សុំ​អ្នក​ជំនាញ​ដើម្បី​គូស​ចម្លង​ផែនទី។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន របស់​កម្ពុជា​ និង​លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី​វៀតណាម​ បាន​ព្រមព្រៀង​គ្នា​លើ​ការ​ធ្វើ​លិខិត​រួមគ្នាដើម្បី​ស្នើ​ទៅ​ប្រទេស​បារាំង​សុំ​អ្នក​ជំនាញ​មក​ជួយ​ធ្វើផែនទី​ ដោយ​ផ្ទេរ​ពី​ខ្នាត​ ១​លើ​១០០.០០០ មក​ខ្នាត​១​លើ​៥០.០០០ សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ចការ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា។

បញ្ហា​ព្រំដែន​នៅតែជា​បញ្ហា​ចម្រូងចម្រាស ដោយ​កម្ពុជា​និង​វៀតណាម​នៅមិនទាន់ឯកភាព​គ្នា​លើ​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​តំបន់​មួយ​ចំនួន។

កាលពី​ខែ​សីហា​កន្លង​ទៅ គណៈកម្មការ​ព្រំដែន​របស់​កម្ពុជា​និង​វៀតណាម បាន​ជួប​ប្រជុំ​គ្នា​ពិភាក្សា​ពី​បញ្ហា​ព្រំ​ដែន​ និង​ការ​ព្រាង​លិខិតសម្រាប់​ផ្ញើទៅ​ប្រទេស​បារាំង​ស្នើ​សុំ​អ្នក​ជំនាញ​ដើម្បី​គូស​ចម្លង​ផែនទី។

ក៏ប៉ុន្តែ​ភាគី​ទាំង​ពីរ​ ​ពុំ​សម្រេចបាន​សេចក្ដី​ព្រាង​លិខិត​ណាមួយនោះ​ទេ ដោយសារពុំ​ឯកភាព​គ្នា​លើ​ខ្លឹមសារ​ដែល​ត្រូវ​បញ្ចូល​នៅ​ក្នុង​លិខិត​នោះ ហើយ​ក៏បញ្ជូន​បញ្ហា​នេះ​ឱ្យ​ថ្នាក់​ដឹកនាំ​ប្រទេសទាំង​ពីរ​ជា​អ្នក​សម្រេច។​

លោក កៅ គឹមហួន ​រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​ទ្វេភាគី​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ង្វៀន សួនហ៊្វុក ​នាយករដ្ឋមន្ត្រី​វៀតណាម កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា នៅ​ឯ​ខេត្ត​សៀមរាប​ថា ថ្នាក់​ដឹកនាំ​ទាំងពីរ​បានឯកភាព​ក្នុង​ការ​ធ្វើ​លិខិត​រួមគ្នា​នេះដើម្បីស្នើ​ទៅ​ប្រទេស​បារាំង​ក្នុង​ការ​ផ្ដល់​អ្នក​ជំនាញ​មក​ជួយ​ចម្លង​ផែនទី​ពី​ខ្នាត​១​លើ​១០០.០០០ មក​ផែនទី​ខ្នាត​១​លើ៥០.០០០​វិញ។

«ពាក់ព័ន្ធ​នឹង​កិច្ចការ​ព្រំដែន​ដែល​ជា​កិច្ច​ការ​បន្ត​ពិភាក្សា​កាល​សម្ដេច​នាយក​រដ្ឋមន្ត្រី​ទៅ​ប្រជុំ​នៅ​ទីក្រុង​ហាណូយ នៅ​ក្នុង​ចំណុច​នេះ​គឺ​នាយករដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ការ​ធ្វើ​លិខិត​រួម​គ្នា​ទៅ​ប្រទេស​បារាំង​ ដើម្បី​ស្នើ​សុំ​ឱ្យ​អ្នក​ឯកទេស​បារាំង​មក​ជួយ​ធ្វើ​ផែនទី​ដែល​ផ្ទេរ​ពី​ផែនទី​១[លើ​]១០០.០០០ មកផែនទី​១​លើ​៥០.០០០»។

លោក កៅ គឹមហួន បាន​ឱ្យ​ដឹង​ដែរ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​តាំង​លោក ​ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការបរទេសដើម្បីធ្វើការជាមួយភាគី​វៀតណាមក្នុង​ការ​ព្រាង​ឯកសារ​សម្រាប់​ស្នើ​សុំ​អ្នក​ជំនាញ​ពី​ប្រទេស​បារាំង។

VOA មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​លោក ឡុង វិសាលោ ដែល​ត្រូវ​ទទួល​ការងារ​ក្នុង​ការ​ព្រាង​លិខិត​ជាមួយ​ភាគី​វៀតណាម​សម្រាប់​ផ្ញើ​ទៅ​បារាំង​បានទេ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​កន្លងទៅ​ គណបក្ស​ប្រឆាំង​បាន​ចោទ​រដ្ឋាភិបាល​ថា​បាន​ធ្វើ​ឱ្យ​កម្ពុជា​ខាត​ដី​ទៅ​វៀតណាម។

បក្ស​ប្រឆាំង ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​បោន​ខ្នាត​១លើ​១០០ ០០០ សម្រាប់​ការ​ងារ​ព្រំដែន ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ប៉ុន្តែ ​មន្ត្រី​រដ្ឋាភិបាល​ បាន​អះអាង​ថា ផែនទី​បោន​ខ្នាត​១​លើ​១០០.០០០ មិន​អាច​ប្រើប្រាស់​សម្រាប់​ការ​ងារ​កំណត់​ខ្សែ​បន្ទាប់​ព្រំដែន​បានទេ គឺ​ត្រូវ​ប្រើផែនទី​UTM ខ្នាត​១​លើ​៥០.០០០។

បើ​តាម​លោក កៅ គឹមហួន ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ពុធ លោក ហ៊ុន សែន ក៏បាន​ស្នើ​ឱ្យ​ភាគី​វៀតណាម​រក្សា​ស្ថានភាព​នៅ​តាម​តំបន់​ដែល​ពុំ​ទាន់​ឯកភាព​គ្នា​ឱ្យ​នៅ​ដដែល កុំ​ឱ្យ​មាន​ការ​សាងសង់​សំណង់​អ្វី​បន្ថែម​ ដោយ​ត្រូវ​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​កន្លង​មក។

ទោះ​យ៉ាង​ណា លោក​មិន​បាន​ថ្លែង​ពី​ការ​ឆ្លើយ​តប​របស់​ភាគី​វៀតណាម​នោះ​ទេ។

ក្រោយ​កិច្ច​ប្រជុំ​ជាមួយ​វៀតណាម​ពី​បញ្ហា​ព្រំដែន​កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​បាន​ថ្លែង​ថា ភាគី​ទាំងពីរ​មិន​ឯកភាព​គ្នា​ទៅ​លើ​សេចក្ដី​ព្រាង​សំណើ​ទៅ​ប្រទេស​បារាំង​ ដោយ​សារ​ភាគី​វៀតណាម​ស្នើ​ឱ្យ​បញ្ចូល​៧​ចំណុច​ ចំណែក​កម្ពុជា​ស្នើ​ដាក់តែ​២​ចំណុច​ប៉ុណ្ណោះ ទៅ​ក្នុង​លិខិត​ស្នើ​នោះ។

ទោះ​យ៉ាង​ណា ​លោក​មិន​បាន​បញ្ជាក់​ថា​ ចំណុច​ទាំង​នោះ​មាន​អ្វី​ខ្លះ​នោះ​ទេ។​

លោក វ៉ា គឹមហុង ក៏​បាន​អះអាង​ដែរ​ថា ការ​ដែល​កម្ពុជា​ចង់​ឱ្យ​បញ្ចូល​តែ​២​ចំណុច​ទៅ​ក្នុង​លិខិត​ស្នើ​សុំ​ជំនួយ​ពី​ប្រទេស​បារាំង​នោះ គឺ​ដោយ​សារ​កម្ពុជា​យល់​ថា ៥​ចំណុច​ទៀត​ដែល​វៀតណាម​ចង់​បញ្ចូល​គឺ​ក្រុម​ជំនាញ​គណៈ​កម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​អាច​ដោះស្រាយ​ដោយ​ខ្លួន​ឯង​បាន​ ដោយ​ពុំចាំ​បាច់​សុំ​អន្តរាគមន៍​ពី​ប្រទេស​ទី​៣។​

នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ VOA មិន​អាច​សុំ​ការ​បញ្ជាក់​ពី​លោក វ៉ា គឹមហុង ថា​តើ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​ថា​នឹងបញ្ចូល​បញ្ហា​អ្វី​ខ្លះ​ទៅ​ក្នុង​លិខិតនោះ​នៅឡើយ​ទេ ដោយ​លោក​អះអាង​ថា​ជាប់​ប្រជុំ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​មិន​អត្ថាធិប្បាយ​ជាក់លាក់​លើ​រឿង​សរសេរ​លិខិត​ស្នើ​សុំ​ជំនួយ​ពី​ប្រទេស​បារាំង​ក្នុង​ការ​ចម្លង​ផែនទី​នេះ ដោយ​លោក​ថា​មាន​លក្ខណៈ​បច្ចេកទេស និង​ទាមទារការ​សិក្សា​ឱ្យ​បាន​ស៊ី​ជម្រៅ។

យ៉ាងណា​ក៏ដោយ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា បញ្ហា​ព្រំដែន​ជា​បញ្ហា​ធំ​របស់​ជាតិ​ ដូច្នេះ​រាល់​ដំណើរ​ការ​ក្នុង​ការ​ដោះស្រាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​កំណត់​ព្រំដែន​នេះ​គួរ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ចៀសវាង​ការសង្ស័យ​ឬ​ការ​ចោទប្រកាន់​គ្នា​នា​ពេល​ខាង​មុខ។

«ខាង​សង្គម​ស៊ីវិល​គេ​ចង់​ចូលរួម អ្នក​ជំនាញការ​ផ្នែក​ខាង​ព្រំដែន​ព្រំ​អី​ដែល​គេ​យល់​ដឹង​ពី​បញ្ហា​ព្រំដែន​តាំងពី​យូរយារ​ណាស់​មក​ហើយ​ហ្នឹង ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នៅ​តាម​ព្រំដែន​ហ្នឹង​គឺ​សុទ្ធ​តែ​ចូលរួម​ចំណែក​ឱ្យ​ការ​ងារ​បោះ​បង្គោល​ព្រំដែន​ហ្នឹង​ឱ្យ​វា​សុក្រឹត»។

លោក យឹម សុវណ្ណ បន្ថែម​ទៀត​ថា កម្ពុជា​ក៏​គួរ​ផ្ដោត​លើ​ការ​ដោះស្រាយ​បញ្ហា​ដែល​វៀតណាម​សាងសង់​សំណង់ និង​ជីក​ស្រះនៅតំបន់​ដែល​ប្រទេស​ទាំង​ពីរ​ ពុំ​ទាន់​បាន​ដោះស្រាយ​រួច​ឬ​តំបន់​ស​ផង​ដែរ៕

XS
SM
MD
LG