ប្រទេសកម្ពុជាកាលពីទសវត្សរ៍១៩៨០និង១៩៩០ជាពិសេសនៅតាមបណ្តាខេត្ត ប្រជាពលរដ្ឋខ្មែរដែលមានជីវភាពខ្វះខាតប្រើកង់ជាមធ្យោបាយធ្វើដំណើរ។ ពីមួយឆ្នាំទៅមួយឆ្នាំប្រជាពលរដ្ឋតែងតែស្វះសែ្វងរកមធ្យោបាយដែលងាយស្រួលនិងឆាប់រហ័សក្នុងការធ្វើដំណើរដើម្បីឲ្យការប្រកបរបររកស៊ីរបស់ខ្លួនកាន់តែប្រសើរឡើង។
អ្វីទាំងអស់នេះជំរុញឲ្យប្រជាពលរដ្ឋខ្លះព្យាយាមទិញម៉ូតូចាស់ៗកែច្នៃ ដែលមានតម្លៃ ថោកបើទោះបីជាមិនទាន់មានលក្ខណៈគ្រប់គ្រាន់ ស្របទៅតាមស្តង់ដារសុវត្ថិភាពចរាចរណ៍ ក៏ដោយ។ ស្របពេលជាមួយគ្នានេះដែរ កាលពីខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលបានដំឡើងថ្លៃផាកពិន័យបទល្មើសចរាចរណ៍ និងចាប់ផ្តើមចាត់វិធានការតឹងរ៉ឹងចាប់តាំងពីខែឧសភា។
វិធានការនេះនាំឲ្យពួកគេមានការព្រួយបារម្ភ និងមិនអាចមានលទ្ធភាពទិញម៉ូតូ ដែលត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ការផាកពិន័យតាមអនុក្រឹត្យថ្មីលេខ៣៩នេះមានចំនួនទឹកប្រាក់យ៉ាងច្រើនដែលមិនធ្លាប់មានពីមុនមក ពោលគឺច្រើនជាងមុន៤ទៅ៥ដង។ បើតាមអនុក្រឹត្យថ្មី អ្នកបើកម៉ូតូត្រូវពិន័យជាប្រាក់ចំនួន៦ម៉ឺនរៀលចំពោះការបើកបរដោយគ្មានកញ្ចក់មើលទៅក្រោយ និងគ្មានមួកសុវត្ថិភាព ឬពាក់មួកមិនត្រឹមត្រូវតាមស្តង់ដារ ឬពាក់មួកដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។ អ្នកល្មើសត្រូវពិន័យ១០ម៉ឺនរៀលសម្រាប់ការមិនគោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍ និង១២ម៉ឺនរៀល បើយានជំនិះគ្មានស្លាកលេខ។
ចំណែកអ្នកបើកបរដោយកុងទ័រល្បឿនមិនដំណើរការត្រូវផាកពិន័យចំនួន៦ម៉ឺនរៀល។បញ្ហាសម្រាប់ម៉ូតូចាស់និងកែច្នៃនៅប្រទេសកម្ពុជាគឺកុងទ័រល្បឿនមិនដំណើរការ និងមិនដាក់កញ្ចក់សម្រាប់មើលទៅក្រោយ។
បើទោះជាមានការផាកពិន័យច្រើនយ៉ាងណាក៏ដោយក៏មានម៉ូតូឬរ៉ឺម៉កមួយចំនួនដែលមិនទាន់មានលក្ខណៈស្តង់ដារបច្ចេកទេសសុវត្ថិភាពចរាចរណ៍នោះនៅតែធ្វើចរាចរណ៍លើផ្លូវ នៅឡើយ។
ជាក់ស្តែងម៉ូតូមួយគ្រឿងដែលកំពុងរត់នៅលើផ្លូវគ្រួសក្រហមមួយ ក្នុងស្រុកឈូក ខេត្តកំពត ពុំមានស្លាកលេខ ពុំមានកញ្ចក់ កុងទ័រមិនដំណើរការ ក៏ប៉ុន្តែម្ចាស់ម៉ូតូអះអាងថាម៉ូតូមួយនេះ មានសារៈសំខាន់បំផុតសម្រាប់ក្រុមគ្រួសាររបស់គាត់ដែលមានគ្នា៨នាក់ក្នុងបន្ទុកគឺរូបគាត់ ប្រពន្ធ ម្តាយចាស់ជរានិងកូន៥នាក់។
ម្ចាស់ម៉ូតូគឺលោក សរ រិទ្ធ អាយុ៤៧ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅស្រុកត្រាំកក់ខេត្តតាកែវ។ លោកកំពុងជិះម៉ូតូនេះដឹកប្រហុកលក់។ លោកឲ្យដឹងថា ជារៀងរាល់ថ្ងៃ ម៉ូតូមួយគ្រឿងនេះតែងតែរត់ កាត់តាមភូមិស្រុកទីប្រជុំជនមួយចំនួននៅលើផ្លូវប្រហែល៨០គីឡូពីខេត្តតាកែវទៅដល់ខេត្តកំពត។ លោកត្រូវចេញពីផ្ទះតាំងពីម៉ោង៤ព្រឹក រហូតដល់ម៉ោង៨យប់ ទើបលោកទៅដល់ផ្ទះវិញ។
ម៉ូតូដែលកំពុងស្ថិតនៅក្រោមការប្រមាញ់របស់មន្រ្តីប៉ូលិសចរាចរណ៍នោះ លោក សររិទ្ធ ទិញពីកន្លែងលក់អេតចាយតម្លៃ៥០ដុល្លារអាមេរិក។ លោកអះអាងថាបើលោកមានលុយក៏លោកមិនជិះម៉ូតូបែបនេះដែរ។
លោកបានថ្លែងប្រាប់VOAថា៖ «អត់មានលុយ។ បើមានលុយនរណាសុខចិត្តជិះអ៊ីចឹង? បើចំពោះគេមាន គេដាក់គ្រប់សព្វទាំងអស់។ បើខ្ញុំវាអត់ ទៅដាក់ឯណា? បើអត់ម៉ូតូនេះពិបាកមែនទែន!បើមួយថ្ងៃ ខ្ញុំរកបានតែ១៥.០០០រៀលអ៊ីចឹងទៅ...បានអង្ករបានអីហូបដោយសារម៉ូតូនេះ។ ច្បាប់គេ គេចាប់តែអ្នកខុសដូចខ្ញុំអត់កញ្ចក់អ៊ីចឹង។ ប៉ុន្តែយើង វាក្រពេក!ម៉ូតូយើងវាចាស់អ៊ីចឹងទៀត....តែមួកមិនដឹងពាក់ម៉េច! តែពាក់គេហៅអត់ឮយើងចាស់»។
លោកបន្តថា ចាប់តាំងពីមានការរឹតបន្តឹងមក ប្រាក់ចំណូលរបស់លោកបានមកពីការលក់ប្រហុកនេះធ្លាក់ចុះ ដោយលោកត្រូវជិះវាងពីប៉ូលិសដែលជាកន្លែងអាចលក់ប្រហុកបាន។
លោកយល់ឃើញថា ការដំឡើងការផាកពិន័យ និងការតម្រូវឲ្យយានជំនិះមានលក្ខណៈបច្ចេកទេសត្រឹមត្រូវនោះធ្វើឲ្យអ្នកមានជីវភាពខ្វះខាត កាន់តែយ៉ាប់ថែមទៀត។
លោកមានប្រសាសន៍ថា៖ «គេដាក់ច្បាប់ថ្មីហ្នឹងចំពោះខ្ញុំក្រអ៊ីចឹងវាតឹងតែងពិបាកមាំ ណាស់។ ជិះគេចអ៊ីចឹងទៅ! ប្រុងតែផ្លូវទៅហ្នឹងបានលក់...បានដល់ភូមិហ្នឹងអ៊ីចឹងទៅវាអត់បានលក់...ដល់ភូមិ ហ្នឹង ត្រូវបកក្រោយវិញ។ វាអ៊ីចឹង ពិបាក...វាខាត។ លក់ខាត!ដូចអ៊ីចឹង ត្រូវលក់បាន ទៅជាអត់បាន! ត្រូវទៅ ឆ្ងាយទៀត។ហើយ អ្នកកាន់តែអត់កាន់តែវេទនា!ហើយ បើជិះទៅដូចជាស៊យអ៊ីចឹងទៅ ប៉ូលិស ចាប់គេយកម៉ូតូ!មុខរបរចប់ហើយបើក្រម្លឹងៗ»។
បើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូចេញផ្សាយក្នុងខែឧសភានេះ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាច្រើនជាង២លាន៥សែននាក់ ជាប់ជំពាក់កម្ចីខ្នាតតូច ដែលមានអត្រាកម្ចីជាមធ្យម ៣.៨០០ដុល្លារ ច្រើនជាងប្រាក់ចំណូលរបស់ពលរដ្ឋម្នាក់ក្នុងមួយឆ្នាំ ដែលមានប្រមាណ១.៦៨០ដុល្លារអាមេរិក។
ការផាកពិន័យខ្លាំងនេះធ្វើឲ្យប្រជាពលរដ្ឋខ្លះមិនហ៊ានជិះម៉ូតូដែលគ្មានស្លាកលេខឬ គ្មានកញ្ចក់នោះទេ ដែលជាហេតុធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការប្រកបរបររបស់គាត់ ខណៈប្រជាពលរដ្ឋកំពុងប្រឈមអត់ការងារធ្វើ និងបាត់បង់ចំណូលពីការងារនិងការរកស៊ីផងដែរ។
លោក ឈៀង វុធ អាយុ៤៨ឆ្នាំ រស់នៅស្រុកឈូក ខេត្តកំពត កំពុងឈរក្បែរម៉ូតូម៉ាក Waveពណ៌ខ្មៅគ្មានស្លាកលេខដែលចតនៅពីមុខផ្ទះ។ លោកមានប្រសាសន៍ថា ចាប់តាំងពីមានការរឹតបន្តឹងផ្នែកចរាចរណ៍នេះមក លោកមិនហ៊ានទៅណានោះទេ ពីព្រោះម៉ូតូរបស់លោកទិញមិនបានបង់ពន្ធតាមច្បាប់។
ភ្នែករបស់លោក ឈៀង វុធ ឡើងក្រហម និងមានសំណើម។ ចម្លើយរបស់គាត់ដាច់ៗ។ មាត់របស់គាត់រាងញ័របន្តិច បន្ទាប់មកគាត់ បង្ហាញការមិនពេញចិត្តចំពោះការផាកពិន័យថ្មីនេះ។ គាត់និយាយយ៉ាងដូច្នេះថា៖
«វេទនាកាន់តែងាប់តែម្តង! អានេះមិនមែនសង្កត់កប្រជាជនទេ ច្របាច់កប្រជាជនហ្មង!ចេញរកស៊ីអត់កើត! មានតែទុកចោល នៅសម្ងំក្នុងផ្ទះ! ណាលុយជំពាក់អង្គការទៀត.... កាន់តែពិបាកទៅ ហើយប្រជាជន ។វាត្រូវកើតអាកូរ៉ូណាហ្នឹងទៀតចប់!វាពិបាកៗធ្ងន់ពីព្រោះចេញទៅណាអត់ រួចមិនអ៊ីចឹង? យើងត្រូវការទិញអីយកមកលក់ដូរវាអត់កើត។ រត់ម៉ូតូឌុបអត់កើត»។
ប្រជាពលរដ្ឋមួយចំនួនទៀតដែលVOA បានសាកសួរអះអាងថា តម្លៃផាកពិន័យច្រើនជាងថ្លៃម៉ូតូចាស់របស់គាត់ទៅទៀត។
នៅតាមបណ្តាយផ្លូវនៅម្តុំផ្សារស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ ម៉ូតូមួយគ្រឿងមិនមានម៉ាក គ្មានកញ្ចក់ គ្មានស្លាកលេខ កែបម៉ូតូរហែករយ៉ៃ ហើយខ្សែភ្លើង ម៉ាស៊ីនម៉ូតូ ច្រវាក់ម៉ូតូគ្មានអ្វីបិទបាំងនោះទេ។
ម៉ូតូនេះបានសណ្តោងរ៉ឺម៉កដឹកដូងលក់នៅក្នុងរាជធានីភ្នំពេញ អស់រយៈពេល៥ឆ្នាំមកហើយ ដោយមួយថ្ងៃអាចរកប្រាក់ចំណេញឲ្យម្ចាស់បាន១០ដុល្លារ។
លោក គង់ សារ៉ាយ អាយុ៣៦ឆ្នាំ ដែលជាម្ចាស់ម៉ូតូនេះ កំពុងតែបារម្ភចំពោះការផាកពិន័យច្រើន។
«រាល់ថ្ងៃប្រឹងរកអ៊ីចឹង។ បើសិនពូប៉ូលិសចាប់ផាកអស់ច្រើនអ៊ីចឹង មានលុយណាបង់គាត់? មានតែតាមដំណើរ បើគាត់ចាប់ ម៉ូតូ។ឃើញស្រាប់ហើយទិញមក៨០រៀល[ដុល្លារ]បើគាត់ចាប់ផាក១០០ ឬ ២០០[ដុល្លារ]មានលុយឯណាទៅលស់? យើងជិះទៅតែងតែជួបហើយ បើគាត់ចាប់ពេញតែ ផ្លូវអ៊ីចឹង ... ពីព្រោះអ្នកក្រមានអីទៅទិញ មានតែទិញម៉ូតូអត់ពន្ធ អត់អីអ៊ីចឹងមកសណ្តោងរ៉ឺម៉ក»។
នៅសប្តាហ៍ដំបូងនៃការរឹតបន្តឹង ច្បាប់ចរាចរណ៍នោះ ការប៉ះទង្គិចពាក្យសម្តី និងប្រតិកម្មផ្សេងៗរវាងប្រជាពលរដ្ឋ និងប៉ូលិសចរាចរណ៍ ជាពិសេសអ្នកដែលមានជីវភាពខ្វះខាតបានកើតឡើង។
ជាក់ស្តែង អ្នកបើកបរម៉ូតូចាស់ៗខ្លះបានសម្រេចលក់ម៉ូតូ ដែលត្រូវបានផាកពិន័យ ដោយសារគ្មានស្លាកលេខ និងមិនមានកញ្ចក់ជាដើម។ ចំណែកខ្លះទៀត មិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីប៉ុស្តិ៍ប៉ូលិសទេ នៅពេលមិនមានលុយគ្រប់គ្រាន់សម្រាប់បង់ការផាកពិន័យ។
សារព័ត៌មានក្នុងស្រុកធ្លាប់បានចុះផ្សាយកាលពីដើមខែឧសភាថា បុរសម្នាក់រស់នៅក្នុងខេត្តប៉ៃលិន បានដុតម៉ូតូចាស់របស់ខ្លួនចោលដែលគ្មានកញ្ចក់ គ្មានស្លាកលេខ គ្មានកុងទ័រ ក្រោយត្រូវដោយប៉ូលិសចរាចរណ៍ផាកពិន័យចំនួន១២ម៉ឺនរៀលដោយសារបើកបរអត់ពាក់មួកសុវត្ថិភាព និងអត់កញ្ចក់ ហើយបុរសនោះមិនមានលុយគ្រប់គ្រាន់សម្រាប់ការបង់ប្រាក់ពិន័យ។ បើតាមសេចក្តីរាយការណ៍ ម៉ូតូចាស់របស់បុរសរូបនោះទិញតម្លៃ២៦ម៉ឺនរៀល តែលោកទើបបានឲ្យលុយគេចំនួន៦ម៉ឺនរៀលតែប៉ុណ្ណោះ។
អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា ម៉ូតូចាស់ៗដែលមិនគ្រប់ទៅតាមលក្ខណៈបច្ចេកទេសនោះ គួរតែឈប់ប្រើ។ ហើយជាបណ្តោះអាសន្នក្នុងរយៈខ្លីនេះ ម្ចាស់ម៉ូតូចាស់ៗទាំងនោះគួរតែមានឧបករណ៍ខ្លះបំពាក់នៅលើម៉ូតូដើម្បីសុវត្ថិភាព។
លោកថ្លែងថា៖ «ពីយុទ្ធនាការដំបូងបំផុត យើងក៏បានលើកទឹកចិត្តគាត់បើសិនគាត់អត់មានអីគ្រប់ទេយ៉ាងហោចគាត់ត្រូវមានចង្កៀង។ គាត់បើកបរពេលយប់អត់មានចង្កៀង គួរអនុញ្ញាតឲ្យទេ? ហើយគាត់អាចយកភាពក្រីក្រនោះ យកមកប្តូរជាមួយអាយុជីវិតគាត់ទេ? តែបើឥឡូវអត់ទាន់មានអីពាក់មួកសិន ដើម្បីការពារ ថែមកញ្ចក់មក ឬក៏ដាក់ស្លាកសញ្ញាពីក្រោយ ដើម្បីមានចំណាំងផ្លាត។ អានេះសុទ្ធតែវិធីការពារគាត់។ ក៏ប៉ុន្តែយើងអត់បានលើកទឹកចិត្តថាឲ្យបន្តប្រើអាហ្នឹងទៀតទេ»។
លោកបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋគួរតែបារម្ភបញ្ហាសុវត្ថិភាព និងការបាត់បង់អាយុជីវិត ឬគ្រោះថ្នាក់ឲ្យបានច្រើនជាងការភ័យខ្លាចបាត់បង់មុខរបរចិញ្ចឹមជីវិត។
លោកបន្តថា៖ «យានយន្តដែលគាត់ផ្គុំនេះ វាគ្រោះថ្នាក់ដល់ជីវិតគាត់ច្រើនជាងយានយន្តគេដទៃទៀត។ យើងថា អាចមានតែម៉ូតូមួយហ្នឹងបម្រើជីវភាព អ៊ីចឹងត្រូវឲ្យម៉ូតូមួយហ្នឹងរឹងមាំទៅ ដើម្បីអាយុ ជីវិតគាត់ហើយការគោរពច្បាប់នេះ គឺល្អបំផុតសម្រាប់ពួកគាត់។ គាត់ចៀសផុតពីគ្រោះថ្នាក់។គាត់គេចផុតពីសេចក្តីស្លាប់។ បើសិនជាគាត់មិនស្លាប់ ក៏គាត់ត្រូវពិការ ហើយបើសិនជា គាត់ស្លាប់ អត់នរណាចិញ្ចឹមគ្រួសារ? អានេះបន្ទុកកាន់តែធ្ងន់ថែមទៀត»។
ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ មានប្រសាសន៍ថា យានយន្តដែលចរាចរណ៍នៅលើផ្លូវថ្នល់គួរតែមានលក្ខណៈស្របច្បាប់ និងមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ដើម្បីសុវត្ថិភាពទាំងអស់ គ្នា។
«បើសិនជាគាត់នៅចរាចរណ៍ម៉ូតូរបស់គាត់ដែលមានបង្គុំចាប់ម៉ាស៊ីន អត់មានកុងទ័រ អត់មានល្បឿនអីហ្នឹងគាត់អាចនឹងរងគ្រោះថ្នាក់ចរាចរណ៍ ដោយសារយានយន្តរបស់គាត់ អត់គ្រប់លក្ខណៈបច្ចេកទេសហើយគាត់អាចបង្កឲ្យអ្នកដទៃទៀត មានគ្រោះថ្នាក់ជាមួយគាត់ដែរ។ អ៊ីចឹងសម្រាប់ខ្ញុំ ខ្ញុំទទួលស្គាល់នូវផលលំបាកសម្រាប់ប្រជាជនដែលគាត់ក្រីក្រ ក៏ប៉ុន្តែខ្ញុំមិនលើកទឹកចិត្តថា ឲ្យនៅបន្តនោះទេ»។
លោកបន្ថែមថាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត គួរតែប្រាប់ការលំបាករបស់ខ្លួនតាមរយៈតំណាងរាស្រ្តទៅរដ្ឋាភិបាលក្នុងការពិចារណារកដំណោះស្រាយ។
«យើងមានតែសំណូមពរទៅរាជរដ្ឋាភិបាលសុំកំណត់ពេលវេលាពិសេសណាមួយសម្រាប់ពួក គាត់។ បើសិនជាពេលនេះគាត់ជួបការលំបាក យើងគួរតែមានវិធីដោះស្រាយរបៀបម៉េច។ យើងត្រូវមានដំណោះស្រាយអីផ្សេងមួយទៀតសម្រាប់ពួកគាត់ ដើម្បីឲ្យពួកគាត់រស់នៅបាន។ បើយើងដាក់ទៅឲ្យគ្រប់គ្នាទាំងអស់មានប្រសិទ្ធភាពក្នុងពេលតែមួយហ្នឹងគឺយើងនឹងមិនបានលទ្ធផលល្អទេ»។
រហូតមកដល់ពេលនេះ មិនទាន់មានទិន្នន័យថា តើម៉ូតូមិនស្របច្បាប់ និងម៉ូតូមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលកើតឡើងដោយការរៀបបង្គុំនើ មានប៉ុន្មានគ្រឿងនោះទេ។
គ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៩ បណ្តាលឲ្យមនុស្សស្លាប់ជិត២ពាន់នាក់ ដែលកើនឡើងជាង២០០នាក់ ឬស្មើនឹងជិត១៣ភាគរយ បើធៀបនឹងតួលេខឆ្នាំ២០១៨។ កាលពីចុងឆ្នាំ២០១៩ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលោក ស ខេង លើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលលោកថា និន្នាការនេះបង្ហាញពីសញ្ញាបរាជ័យសម្រាប់យុទ្ធនាការនៃការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ រដ្ឋាភិបាលបានប្ដេជ្ញាកាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅសល់១.៦០០នាក់ត្រឹមឆ្នាំ២០២០៕