កម្លាំងនគរបាលនៃក្រសួងមហាផ្ទៃព្រមានថា នឹងចាប់ផ្តើមរឹតបន្តឹងការផាកពិន័យបទល្មើសចរាចរណ៍ ចាប់ពីដើមខែឧសភានេះ ក្នុងនោះមានការពិន័យជាប្រាក់ច្រើនជាងមុន រហូតដល់៤ដង។
ក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី២៨ ខែមេសា អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បញ្ជាក់ថា កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសនឹងរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយចាប់អនុវត្តអនុក្រឹត្យថ្មីមួយចុះថ្ងៃទី១៧ ខែមីនា ដែលមានការផាកពិន័យជាប្រាក់ច្រើនជាងមុន។ ការចាប់ផ្តើមរឹតបន្តឹងនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។
សេចក្តីជូនដំណឹងដដែលនោះបញ្ជាក់ថា កងកម្លាំងនគរបាលនឹងអនុវត្តការរឹតបន្តឹងនេះ«ប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌វិជ្ជាជីវៈ ព្រមទាំងឥរិយាបថថ្លៃថ្នូរ និងម៉ឺងម៉ាត់»។
បើតាមអនុក្រឹត្យថ្មី នេះ ការបើកបរយានយន្តស្ថិតក្នុងភាពស្រវឹងត្រូវពិន័យចាប់ពី៤០ម៉ឺនរៀលដល់៤លានរៀល អាស្រ័យលើកម្រិតនៃជាតិស្រវឹង។ ក្នុងករណីដែលជនល្មើសនៅតែបន្តប្រព្រឹត្តបទល្មើសនេះទៀតក្នុងរយៈពេល៦ខែ ពួកគេត្រូវផ្តន្ទាទោសតាមច្បាប់ គឺកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ចំពោះអ្នកបើកបរយានយន្ត ដោយគ្មានបណ្ណសម្គាល់យានជំនិះ និង/ឬក៏គ្មានស្លាកលេខ ត្រូវពិន័យទឹកប្រាក់ ១ លាន ២ សែន រៀល សម្រាប់យានយន្តធុនស្រាល និង២លាន ៤ សែន រៀល សម្រាប់យានយន្តធុនធ្ងន់។
អ្នកបើកបរយានយន្តដោយគ្មានបណ្ណបើកបរ ក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុកឬទុកជាមោឃៈ ត្រូវពិន័យជាទឹកប្រាក់ចំនួន ១ លាន ២ សែនរៀល សម្រាប់យានយន្តធុនស្រាល និងទឹកប្រាក់ ២ លាន ៤ សែន រៀល សម្រាប់យានយន្តធុនធ្ងន់។
អ្នកបើកបរយានយន្តធុនស្រាលត្រូវពិន័យជាប្រាក់ចំនួន ៧៥.០០០ រៀល សម្រាប់ការបើកបរមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ពិន័យជាប្រាក់ចំនួន ៨ ម៉ឺន រៀល ចំពោះការប្រើទូរស័ព្ទនៅពេលបើកបរដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
អ្នកបើកម៉ូតូត្រូវពិន័យជាប្រាក់ចំនួន ៦ ម៉ឺន រៀល ចំពោះការបើកបរដោយគ្មានកញ្ចក់មើលទៅក្រោយ និងគ្មានមួកសុវត្ថិភាព ឬពាក់មួកមិនត្រឹមត្រូវតាមស្តង់ដារជាតិឬពាក់មួកដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ប្រាប់ VOA នៅថ្ងៃពុធនេះថា ការផាកពិន័យថ្មីនេះមានទឹកប្រាក់ច្រើនលើសមុន គឺ៤ទៅ៥ដង ដែលលោកថា អាចជាបន្ទុកមួយទៀតសម្រាប់ប្រជាពលរដ្ឋ ខណៈដែលពួកគេកំពុងប្រឈមជីវភាព ដោយសារវីរុសកូរ៉ូណា។ លោកបន្តថា ប្រសិនបើអាចពន្យារពេលនៃការផាកពិន័យនេះ វាជារឿងល្អមួយ ដោយសារប្រជាពលរដ្ឋកំពុងតែភ័យខ្លាចនឹងវីរុសកូរ៉ូណា ហើយប្រសិនបើមានការផាកពិន័យទៀត ពួកគាត់មានអារម្មណ៍ថា«វាជារឿងផ្ទួនលើរឿង»។
លោកមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំ បើសិនជាយន្តការនៃការរឹតបន្តឹងច្បាប់ហ្នឹង លើកពេលជារឿងល្អ ហើយយើងយកពេលដែលយើងលើកហ្នឹង ទៅអប់រំផ្សព្វផ្សាយថានឹងមានការរឹតបន្តឹងឲ្យធ្ងន់ នៅពេលណាមួយដែលវារាងធូរស្រាលបន្តិច»។
លោក គង់ រតនៈ បន្តថា កម្លាំងនគរបាលត្រូវធានាថា ការផាកពិន័យនេះមានតម្លាភាពសម្រាប់ប្រជាពលរដ្ឋផងដែរ។
លោកបញ្ជាក់ថា៖ «យើងក៏បារម្ភផងដែរចំពោះតម្លាភាពរបស់មន្រ្តីចរាចរណ៍ ដែលគាត់អនុវត្តច្បាប់ផ្ទាល់ហ្នឹង គាត់អាចនឹងមានឱកាសនៅក្នុងការឆ្លៀតយកប្រយោជន៍ផ្ទាល់ខ្លួន ជាជាងការរឹតបន្តឹងច្បាប់»។
បើតាមលោក គង់ រតនៈ ក្នុងមួយឆ្នាំៗ មនុស្សប្រមាណ ២.០០០ នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយជាមធ្យម មនុស្សពី៥ទៅ៦នាក់ស្លាប់ក្នុងមួយថ្ងៃ។ លោកបន្តថាត្រូវមានការអប់រំ ការកែលម្អផ្លូវ និងការរឹតបន្តឹងច្បាប់ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់VOAនៅថ្ងៃពុធនេះថា ការផាកពិន័យនេះមិនមែនរដ្ឋាភិបាលចង់បានលុយនោះទេ គឺចង់ការពារជីវិតរបស់ប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងការរឹតបន្តឹង ដំឡើងការពិន័យនេះមិនមែនចង់បានលុយទេ។ ទាំងអស់គ្នាត្រូវយល់ គឺចង់ឲ្យគាត់ខ្លាច ត្រូវចាប់បង្ខំគាត់ឲ្យគោរពច្បាប់។ មិនមែនដោយសារកូវីដ យើងនាំគ្នាជិះម៉ូតូ ជិះឡានបុកគ្នាស្រេចចិត្តឯណា»។
លោកថា ការពិន័យខ្ពស់នេះ មិនពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាពលរដ្ឋទេ ពីព្រោះប្រសិនបើពួកគេគោរពច្បាប់ ពុំមានការចាប់ផាកពិន័យឡើយ។ លោកបន្តថា ការអនុវត្តរបស់កម្លាំងនគរបាលនឹងធ្វើឲ្យបាន«ហ្មត់ចត់ និងម៉ឺងម៉ាត់បំផុត»។
លោក ឆាយ គឹមខឿន បញ្ជាក់ថាកម្លាំងនគរបាលក៏ត្រៀមការពារអនាម័យដែរដើម្បីបញ្ចៀសពីការឆ្លងវីរុសកូរ៉ូណា ពេលបំពេញការងាររឹតបន្តឹងបទល្មើសចរាចរណ៍។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយអំពាវនាវឲ្យប្រជាពលរដ្ឋបើកបរត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នានៅពេលនេះ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ការរឹតបន្តឹងនេះគឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អាយុជីវិតទៀតផង»។
គ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៩បណ្តាលឲ្យមនុស្សស្លាប់ជិត២ពាន់នាក់ ដែលកើនឡើងជាង២០០នាក់ ឬស្មើនឹងជិត១៣ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍របស់សមត្ថកិច្ចបង្ហាញថា កត្តាដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺមកពីការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរជែងដោយខ្វះការប្រុងប្រយ័ត្នជាដើម។
កាលពីចុងឆ្នាំ២០១៩ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលោក ស ខេងលើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលលោកថានិន្នាការនេះបង្ហាញពីសញ្ញាបរាជ័យសម្រាប់យុទ្ធនាការនៃការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។រដ្ឋាភិបាលបានប្ដេជ្ញាកាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅសល់១.៦០០នាក់ ត្រឹមឆ្នាំ២០២០៕