ក្រសួងការបរទេសកម្ពុជាបានច្រានចោលការទាមទាររបស់សហរដ្ឋអាមេរិកដែលស្នើឲ្យទម្លាក់រាល់ការចោទប្រកាន់ និងស្នើឲ្យដោះលែងលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ឲ្យមានសេរីភាពឡើងវិញ។
ការបដិសេធនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកទទូចជាថ្មីម្តងទៀតឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់ទាំងអស់ប្រឆាំងលោក កឹម សុខា និងដោះលែងរូបលោកឲ្យមានសេរីភាពពីការឃុំឃាំងក្នុងគេហដ្ឋាន ស្របពេលដែលលោក កឹម សុខា ស្ថិតក្រោមការឃុំខ្លួនអស់រយៈពេលពីរឆ្នាំដោយមិនមានការកាត់ទោស។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាពន្យល់ថាការបន្តការឃុំខ្លួនលោក កឹម សុខា ក្នុងផ្ទះរបស់លោកគឺជាការអនុវត្ត«គោលការណ៍មនុស្សធម៌»និងស្ថិតក្រោមនីតិវិធីរបស់តុលាការ ហើយ «រាជរដ្ឋាភិបាលកម្ពុជាមានសិទ្ធិអធិបតេយ្យពេញលេញ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចាំបាច់ចំពោះបុគ្គល និងអង្គភាពទាំងឡាយណាដែលរំលោភរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ជាធរមានផ្សេងទៀត សំដៅការពារសន្តិសុខជាតិ និងនីតិរដ្ឋរបស់ខ្លួន»។
លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅគេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោក កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ លោកត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេសតាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលស្មើនឹងបទ «ក្បត់ជាតិ»។ តាមរយៈបទចោទនេះ លោក កឹម សុខា អាចប្រឈមនឹងការជាប់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ប្រសិនបើតុលាការរកឃើញថាលោកមានទោស។
អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីការបង្ហោះវីដេអូឃ្លីបមួយដែលបង្ហាញថា រូបលោកបានទទួលយោបល់ពីអ្នកជំនាញអាមេរិកដើម្បីធ្វើនយោបាយនៅប្រទេសកម្ពុជា។ អាជ្ញាធរកម្ពុជាបានយកវីដេអូនោះធ្វើជាមូលដ្ឋានក្នុងការចោទប្រកាន់រូបលោក ថាមានចេតនាផ្ដួលរំលំរដ្ឋាភិបាល។ លោកត្រូវបានយកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ឯខេត្តត្បូងឃ្មុំ ដែលជាពន្ធនាគារឧក្រិដ្ឋ អស់រយៈពេលជាងមួយឆ្នាំ មុននឹងត្រូវប្តូរមកឃុំក្នុងផ្ទះ ក្រោមការឃ្លាំមើលរបស់តុលាការ។
អ្នកស្រី Morgan Ortagus អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្ដីថ្លែងការណ៍កាលពីម្សិលមិញ ដោយហៅការចាប់ខ្លួន និងចោទប្រកាន់លោក កឹម សុខា ថាធ្វើឡើង «ដោយគ្មានមូលដ្ឋាន» ហើយថារដ្ឋាភិបាលកម្ពុជាបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ តាមរយៈការប្រើប្រាស់ការចោទប្រកាន់នេះជាឧបករណ៍រំលាយគណបក្សប្រឆាំង និងដកហូតដំណែងក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សនេះចំនួនជាង៥០០០ នៅទូទាំងប្រទេស។
ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដោយមិនបញ្ជាក់ចំៗថា៖ «ការបរាជ័យក្នុងការប៉ុនប៉ងជំរុញឱ្យមានការផ្លាស់ប្ដូររបប តាមរយៈមធ្យោបាយមិនមែនប្រជាធិបតេយ្យ មិនមែនជាការអនុវត្តសិទ្ធិមនុស្សជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យនោះទេ»។
អ្នកនាំពាក្យដដែលបញ្ជាក់ថា«កម្ពុជាទាមទារឱ្យអ្នកនយោបាយ និងរដ្ឋការបរទេសទាំងអស់ ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រព័ន្ធពហុភាគីនិយម» និង «គោរពអធិបតេយ្យភាពកម្ពុជា និងចៀសវាងពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដោយយកលេសបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លើកឡើងថា សហរដ្ឋអាមេរិកជាប្រទេសដែលមានបទពិសោធន៍ផ្នែកប្រជាធិបតេយ្យរឹងមាំ។ ហើយអាមេរិកមើលឃើញអំពីភាពខ្វះចន្លោះរបស់ប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយលោក អំ សំអាត យល់ថា ករណីលោក កឹម សុខា នឹងត្រូវដោះស្រាយបានតាមផ្លូវនយោបាយ។
«នៅពេលដែលកិច្ចចរចាផ្នែកនយោបាយនេះវាមានទំនោរត្រូវរ៉ូវគ្នា អាហ្នឹងការដោះស្រាយបញ្ហាទាំងអស់ហ្នឹងគឺជាការស្រួលទេ»។
លោក អំ សំអាត បន្ថែមថា លោកចង់ឃើញអ្នកនយោបាយកម្ពុជាចូលតុចរចាគ្នាឡើងវិញ ដើម្បីដោះស្រាយបញ្ហានយោបាយដែលកំពុងវិលវល់ដូចសព្វថ្ងៃនេះ៕