ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រកឃើញ​ករណី​វីរុស​កូវីដ​១៩​ ទី៣ ​លើ​ទេសចរ​អង់គ្លេស


រូបឯកសារ៖ ព្រះសង្ឃនិមន្តដោយមានពាក់ម៉ាស់ការពារការឆ្លងមេរោគកូរ៉ូណា​ដែលផ្ទុះឡើងនៅទីក្រុងវូហាន ប្រទេសចិន។ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីសុខភិបាលបានប្រកាសថា នៅកម្ពុជាមានករណីឆ្លងមេរោគទី៣លើជនជាតិអង់គ្លេសម្នាក់។
រូបឯកសារ៖ ព្រះសង្ឃនិមន្តដោយមានពាក់ម៉ាស់ការពារការឆ្លងមេរោគកូរ៉ូណា​ដែលផ្ទុះឡើងនៅទីក្រុងវូហាន ប្រទេសចិន។ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីសុខភិបាលបានប្រកាសថា នៅកម្ពុជាមានករណីឆ្លងមេរោគទី៣លើជនជាតិអង់គ្លេសម្នាក់។

ប្រទេស​កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​កូវីដ១៩ ទីបី ​ដែល​កើតឡើង​លើ​ស្ត្រី​ទេសចរ​ជនជាតិ​អង់គ្លេស​មួយ​រូប​ ក្នុងពេលធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍​មក​ដល់​ខេត្ត​កំពង់ចាម។​

លោក ម៉ម ប៊ុនហេង ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ បាន​ប្រកាស​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​យប់ថ្ងៃ​អង្គារ​ថា៖ «ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់​ឱ្យ​បានជ្រាប​ថា​ នៅ​រសៀល​ម៉ោង​១៦​និង​៣០​នាទី ​ថ្ងៃទី​១០​ ខែមីនា ​ឆ្នាំ​២០២០ ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ បាន​បញ្ជាក់​ថា​ ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​អាយុ​ ៦៥ឆ្នាំ​ មាន​វីរុស​កូវីដ១៩»។​

ស្ត្រី​ជនជាតិ​អង់គ្លេស​ដែល​មាន​វ័យ ​៦៥ឆ្នាំ​រូប​នេះ​ ស្ថិត​នៅ​ក្នុង​ក្រុម​អ្នកទេសចរ​តាមនាវា Viking Cruise Journey​ ចំនួន​៣០នាក់ ដែល​ធ្វើ​ដំណើរ​តាមទន្លេ​មេគង្គ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ ពី​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម។​

នេះគឺជា​ករណី​ទីបី​ បន្ទាប់ពី​ការ​រកឃើញ​ករណី​ទី២​ ដែល​កើត​លើ​ពលរដ្ឋ​កម្ពុជា​មួយរូប ​នៅក្នុង​ខេត្ត​សៀមរាប​កាលពី​សប្តាហ៍មុន។ ករណី​ទី១​បាន​កើតមាន​ឡើង​លើជនជាតិ​ចិន​នៅ​ក្រុង​ព្រះសីហនុ​កាលពី​ចុងខែ​មករា។​

យ៉ាងណាក៏ដោយ​ អ្នកស្រី ​ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ បាន​បញ្ជាក់​ថា ​ករណី​នេះគឺ​មិនទាន់​ដល់​កម្រិត​ឆ្លង​តគ្នា​នៅ​ក្នុង​ស្រុក​នៅឡើយទេ។

«ខ្ញុំ​សូម​បញ្ជាក់​ជម្រាប​ជូនថា​ ករណីនេះ​មិន​មែន​ជា​ករណី​រាតត្បាត​នៅក្នុង​សហគមន៍​ទេ។ កន្លែង​ហ្នឹងត្រូវ​ឱ្យ​ច្បាស់​ទាំងអស់​គ្នា ​ពីព្រោះ​ជាករណី​ដែល​គាត់​ឆ្លង​នៅ​តាម​យន្តហោះ​ ​នៅពេល​ដែល​គាត់ហោះ​ចេញ​ពី​ទីក្រុង​ឡុងដ៍​ មកកាន់ទីក្រុង​ហាណូយ​ ហើយ​នៅពេល​នោះ​ មាន​ជនជាតិ​វៀតណាម​ដែល​អង្គុយ​ជាប់គាត់​ ហើយ​ជនជាតិ​វៀតណាម​នោះ ​គឺ​មាន​វិជ្ជមាន​កូវីដ​១៩ ដែល​រក​ឃើញនៅ​ពេល​ដែល​ទៅដល់ទីក្រុង​ហាណូយ។ អីចឹង​គាត់​ឆ្លង​ពីហ្នុងមក​ ហើយ​បាន​គាត់​ធ្វើ​ដំណើរ​បន្តទៀត»។

អ្នកស្រី ​ឱ វណ្ណឌីន ​បាន​បន្ថែម​ថា​ អ្នកទេសចរ​រូបនោះ​បាន​មកដល់​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅថ្ងៃទី៧​ ខែមីនា​ ឆ្នាំ​២០២០​ ហើយ​ត្រូវបាន​ស្នើ​ឱ្យ​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យមិត្តភាពខ្មែរ​សូវៀត​ បន្ទាប់ពី​ខាង​ក្រុមហ៊ុន​ទេសចរណ៍​វៀតណាម​បាន​ជូនដំណឹង​មក។ ក៏​ប៉ុន្តែ ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ខ្មែរ​សូវៀត​ គឺ​មានតែ​បី​នាក់ទេ​ ដែល​យើង​ធ្វើ​តេស្ត​ ហើយ​ស្ត្រី​ដែល​មាន​ផ្ទុក​នោះ​បាន​ប្រកែក​មិនព្រមធ្វើ​តេស្ត ​ដោយសារ​គាត់​អះអាង​ថា ​គាត់​អត់មានបញ្ហា​សុខភាព។ ប៉ុន្តែ​នៅពេល​ដែល​នាវា​បាន​ទៅសំចត​នៅ​ខេត្ត​កំពង់ចាម នៅថ្ងៃទី​៩ ខែមីនា ទើប​មន្ទីរពេទ្យ​ខ្មែរ​សូវៀត ប្រាប់​ទៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​ថា ​ចំាបាច់​ត្រូវតែ​ទំនាក់​ទំនង​សម្រប​សម្រួល​យក​សំណាក​មើលបន្ថែម​ទៀត​ ដែល​បង្ហាញ​លទ្ធផល​វិជ្ជមាន។

បច្ចុប្បន្ន​នេះ​ក្រសួង​សុខាភិបាល​កំពុង​តែបន្ត​ប្រមូល​សំណាកពីអ្នកដំណើរ​ដែល​នៅ​សេសសល់​ និង​ អ្នក​បម្រើការ​៣៤​នាក់ ​នៅលើ​នាវា​នោះ​ ហើយ​មិនអនុញ្ញាត​ឱ្យ​ពួកគេ​ឡើង​គោក​ទេ​ ក្រៅតែ​ពី​ស្ត្រី​អ្នកជំងឺ​ជនជាតិ​អង់គ្លេស​នោះ​ ដែល​ត្រូវ​ដឹក​តាម​រថយន្តទៅ​មន្ទីរ​ពេទ្យ​ខេត្ត។ រីឯ​នាវា​នោះ​ក៏នឹង​ត្រូវ​លាង​សម្អាត​សម្លាប់​មេរោគ​ផងដែរ។​ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ​ម៉ម ប៊ុនហេង។

ក្រសួង​សុខាភិបាល​អះអាង​ថា ​អ្នកទេសចរ​ទាំងនោះ​មិនបាន​ចុះគោក​ដើរ​ទាក់ទង​នឹង​ពលរដ្ឋ​មូលដ្ឋាន​នៅ​កន្លែង​ដែល​ពួកគេ​ទៅដល់​នៅឡើយ​ទេ។ ជនសង្ស័យ​ដែល​ក្រសួង​កំពុង​តាម​រក​ គឺ​ មានតែ​ស្ត្រី​អ្នកបកប្រែភាសា​ម្នាក់​ នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ។

ការដាក់​ឱ្យ​នៅ​ដោយឡែក​នូវ​អ្នក​ដំណើរ​ទេសចរ​និង​អ្នកបម្រើ​ការ​លើ​នាវា​លើកនេះ ​គឺ​ខុសពី​កាលពី​ខែមុន​ ដែល​នៅ​ពេល​នោះ​រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​ធុនធំ​របស់សហរដ្ឋ​អាមេរិក​ឈ្មោះ​ Westerdam ចូលចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ បើ​ទោះបីជា​មាន​ការព្រួយ​បារម្ភ​ពី​ការឆ្លង​ជំងឺ​កូវីដ​១៩​ក៏ដោយ។

ជំងឺកូវីដ​១៩​ បាន​ឆ្លង​ទៅដល់មនុស្ស​ជិត​ ១២០.០០០នាក់ នៅប្រទេស​និង​ដែនដី​ជាង ​១០០ ​និង​បាន​សម្លាប់​អ្នកជំងឺ​អស់​ជាង​ ៤.០០០នាក់ ​ដែល​បណ្តាល​ឱ្យ​ប្រទេស​មួយ​ចំនួន​អនុវត្ត​វិធានការ​តឹងរ៉ឹង​លើការ​ធ្វើ​ដំណើរ​អន្តរជាតិ​ និង​ការបង្ខំ​ឱ្យ​អ្នក​ចូល​ប្រទេស​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​ពី​គេរយៈពេល​ពីរ​សប្តាហ៍។ ប៉ុន្តែ​ប្រទេស​កម្ពុជា​មិន​អនុវត្ត​វិធានការ​តឹងរ៉ឹង​ទាំងនោះ​ឡើយ។

លោក​ ម៉ម ប៊ុនហេង ​បាន​បន្ថែម​ទៀតថា៖ «សំខាន់បំផុត​គឺ​ប្រទេ​សកម្ពុជា​យើង​ គឺជា​ប្រទេស​ដែល​លើក​ទឹកចិត្ត​ដល់​ទំនាក់ទំនង​អន្តរជាតិ​ ហើយ​សម្តែងនូវ​ស្មារតី​សាមគ្គីភាព​គឺ​អត់​មាន​ការ​ហាមឃាត់​អ្វីទេ»។​

រហូត​មក​ដល់​ពេល​នេះសាលារៀនរដ្ឋនិងឯកជន​ចំនួន​ប្រមាណ​១១០​ នៅ​ក្នុងក្រុង​សៀមរាប​ ត្រូវ​បានផ្អាក​ដំណើរ​ការ​បណ្តោះ​អាសន្ន​ រហូត​ដល់មាន​ការ​ជូនដំណឹង​ជាថ្មី​ បន្ទាប់​ពី​មានករណី​ឆ្លង​ជំងឺកូវីដ​១៩​ លើ​ជនជាតិ​ខ្មែរ​ នៅ​ខេត្ត​សៀមរាប​ដោយសារ​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​នឹង​ជនជាតិ​ជប៉ុន។ ក្រសួង​សុខាភិបាល​បាន​យក​សំណាក​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ចំនួន​៤០នាក់ មក​ពិនិត្យ ​ហើយ​ចំនួន​៣២នាក់ មាន​លទ្ធផល​អវិជ្ជមាន​ នៅសល់តែ៨នាក់​មិន​ទាន់​ដឹង​លទ្ធផល​នៅ​ឡើយ​ទេ។​នេះបើតាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល។​

រដ្ឋាភិបាល​កម្ពុជា​ក៏បាន​សម្រេច​ផ្អាក​ការ​ប្រារព្ធពិធី​បុណ្យ​អង្គរ​សង្រ្កាន្ត ​ទ្រង់​ទ្រាយ​ធំ​មួយនៅខេត្ត​សៀមរាប​ ​នៅ​ខែមេសា​ខាងមុខ​នេះ។ កម្ពុជា​បាន​ត្រៀម​ថវិកា​ចំនួន៣០លានដុល្លារ ​ដើម្បី​ប្រយុទ្ធនឹង​ជំងឺ​កូវីដ​និង​ជំងឺឆ្លង​ដទៃ​ទៀត៕

XS
SM
MD
LG