ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្សារភាគហ៊ុន​កម្ពុជា​មាន​ដំណើរ​ការ​យឺត


ការបើក​ផ្សា​រមូល​ប​ត្រ​ជា​ផ្លូវការមាន​រយៈពេល​ជាង​​ប្រាំបួន​ខែ​។
ការបើក​ផ្សា​រមូល​ប​ត្រ​ជា​ផ្លូវការមាន​រយៈពេល​ជាង​​ប្រាំបួន​ខែ​។
ដោយ៖ ស៊ុយ ហ៊ាមខេមរា
ភ្នំពេញ៖ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​សរុប​ចំនួន​ជាង​១៤​លាន​នាក់ មាន​តែ​ប្រជាពលរដ្ឋ​ចំនួន​៣.៧០០ នាក់​ប៉ុណ្ណោះ​ដែលមាន​គណនី​ក្នុង​ទីផ្សារ​ភាគហ៊ុន​ឬ​ផ្សារ​មូល​ប​ត្រ ឬ​មានន័យថា ជា​អ្នកលេង​ភាគហ៊ុន ដែល​ក្នុង​ចំណោម​នោះ​មាន​ជនជាតិ​បរទេស​មួយចំនួនផង។
នៅ​ការិយាល័យ​ផ្សា​រមូល​ប​ត្រ​ក្នុង​ទីក្រុង​ភ្នំពេញ ចលនា​ទិញ​លក់​ភាគហ៊ុន​ហាក់ដូច​ជា​មាន​ភាពស្ងប់ស្ងាត់ បើ​ទោះបី​ជា​រដ្ឋាភិបាល​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ជាច្រើន​នាពេល​កន្លង​មក​ហើយ​ក្តី។ ជា​មធ្យម​មាន​ប្រមាណ​ជា២.០០០​ហ៊ុន មាន​សកម្មភាព​ទិញ​និង​លក់​ក្នុង​មួយ​ថ្ងៃ។
សេដ្ឋកិច្ចវិទូ​រំពឹង​ថា ផ្សារ​ភាគហ៊ុន ឬ​ផ្សា​រមូល​ប​ត្រ​នឹង​ជួយ​លើក​ស្ទួយ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​បាន​ប្រសើរ​ថែមទៀត ជាពិសេស​តាមរយៈ​ចរាចរណ៍​លុយ​ក្នុង​ទីផ្សារ​នេះ។ ក៏ប៉ុន្តែ​ជាង​ប្រាំបួន​ខែ​ចាប់តាំងពី​ការបើក​ផ្សា​រមូល​ប​ត្រ​ជា​ផ្លូវការ អ្វីៗ​ហាក់​ដូចជា​នៅ​ថ្មី​សម្រាប់​ពលរដ្ឋ​កម្ពុជា​ហើយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​នឹង​សម្រេចចិត្ត​វិនិយោគ​ក្នុង​វិស័យ​នេះ។
លោក ស៊ុន សុ​ខេត ជា​បុគ្គលិក​ឈ្មួញ​ជើងសារ​របស់​ក្រុមហ៊ុន​ភ្នំពេញ ស៊ី​ឃ្យួ​រឹ​ធី ភិ​អិ​ល​ស៊ី។ ក្រុមហ៊ុន​នេះ​គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន១២ដែល​ទទួល​សិទ្ធិ​ទិញ​និង​លក់​ភាគហ៊ុន​បន្ត​ឬ​ហៅថា​ឈ្មួញ​ជើងសារ។
លោក ស៊ុន សុ​ខេ​ត ពន្យល់ថា ការដែល​មិន​សូវ​មាន​អ្នក​មក​វិនិយោគ​ទុន​ច្រើន​លើ​ទីផ្សារ​ភាគហ៊ុន​នេះ ដោយហេតុថា ប្រជាជន​កម្ពុជា​ភាគ​ច្រើន​នៅ​តែ​មាន​ភាព​ថ្មី​នៅ​ឡើយ​សម្រាប់​វិស័យ​មួយ​នេះ។
«ចំពោះ​ជនបរទេស​គឺ​គេ​ធ្លាប់​ដឹង​នឹងធ្វើ​ការរកស៊ី​ច្រើន​លើ​វិស័យ​មួយ​ហ្នឹង ដូច្នោះ​គេ​ក៏​ដឹងបាន​ច្រើន​ដែរ។ ដោយឡែក​ប្រជាជន​កម្ពុជា​យើង​វិញ ដោយហេតុថា​ការយល់ដឹង នៅមានកម្រិត ហើយ​ពេល​ខ្លះទៅ​នៅពេលដែល ពួកគាត់​យល់​អត់​ទាន់​បាន​ច្បាស់​ គាត់​ក៏​អត់​ហ៊ាន​វិនិយោគ​ទុនដែរ។ ដូច្នេះ​ចំនួន​អ្នក​វិនិយោគ​ទុន​របស់​ខ្មែរ​យើង​ក៏មាន​តិច​ដែរ»។
ការលេង​ឬ​វិនិយោគ​ក្នុង​ផ្សារភាគហ៊ុន​តម្រូវ​ឲ្យ​អតិថិជន​បើក​គណនី​យ​ជាមុន។ គណនី​មួយ​តម្រូវ​ឲ្យ​អតិថិជន​បង់ថ្លៃ២ម៉ឺន​រៀល។ រួច​បន្ទាប់មក​ទើប​អតិថិជន​អាច​ចាប់ផ្តើម​ទិញ​និង​លក់​ហ៊ុន​បាន។ ហើយ​ការទិញ ឬ​លក់​ភាគហ៊ុន​ត្រូវធ្វើ​តាម​រយៈ​ក្រុមហ៊ុន​ណាមួយ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង១២ ពោលគឺ​មិនអាច​ទិញ​ភាគហ៊ុន​ឬក៏​លក់​ភាគហ៊ុន​ដោយផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ដែល​ដាក់លក់​ភាគហ៊ុន​របស់ខ្លួន​នោះទេ។ ម្យ៉ាងវិញ​ទៀត​អតិថិជន​អាច​ទិញ​ត្រឹម​តែមួយ​ហ៊ុន​ក៏បាន។
ជាង​នេះ​ទៅ​ទៀត លោក សុខេត ឲ្យ​ដឹង​ដែរ​ថា មាន​មនុស្ស​មួយ​ចំនួន​គិតថា ការ​លេង​ភាគហ៊ុន​គឺ​ប្រៀប​បាន​ទៅ​នឹង​ការលេង​ល្បែង​ស៊ីសង។
«ការ​វិនិយោគ​ក្នុង​ផ្សារ​មូល​ប​ត្រ អ្នកខ្លះ​គេ​គិតថា​ វា​ជា​ល្បែង។ ហ្នឹង​វា​អាច​ត្រឹមត្រូវ​នៅ​ពេល​ដែល​គាត់​គ្រាន់តែ​នឹក​ឃើញ​ចង់​ទិញ​ហ៊ុន គាត់​ក៏​ទិញ​ភ្លាម ហើយ​បើ​ចង់​លក់​វិញ គាត់​ក៏​លក់​ទៅវិញ​ភ្លាម។ ប៉ុន្តែ​បើ​យើង​ធ្វើ​ការវិភាគ​ឲ្យ​បាន​ត្រឹមត្រូវ តាមរយៈ បច្ចេកទេស​ត្រឹម​ត្រូវ​វិញ ដោយ​ផ្អែកលើ​គោលការណ៍​ភាគហ៊ុន​វិញ យើង​អាច​ឃើញថា ការ​វិនិយោគ​លើ​ទីផ្សារ​ភាគហ៊ុន​នេះ ជាការ​វិនិយោគ​ទ​ន​មួយ​ដ៏​ត្រឹមត្រូវ»។
លោក ស៊ុន សុ​ខេ​ត បាន​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​បាន​បើក​គណនី​ចំនួន​ជាង ១.០០០ ក្នុង​នោះ​ក៏មាន​អតិថិជន​មក​ពី​បណ្តា​ខេត្ត​មួយ​ចំនួន​ផងដែរ។
លោក ប៉ុន សុផាត អ្នក​បើក​ឡាន​នៅ​សណ្ឋាគារ​រ៉ាហ្វ​ល និយាយ​ថា គាត់​មិន​អាច​ចំណាយ​ប្រាក់​ទិញ​ហ៊ុន​ក្នុង​ផ្សារ​មូលបត្រ​នេះ​ទេ។
«សមត្ថភាព​របស់ខ្ញុំ​បាន​ត្រឹមតែ​ជា​អ្នក​បើកឡាន អញ្ចឹ​ង​ហើយ​ខ្ញុំ​ក៏​មិន​បាន​ចាប់​អារម្មណ៍​ទៅលើ​ទីផ្សារ​ភាគហ៊ុន ហើយ​ម្យ៉ាងទៀត​ក៏​មិនដែល​បាន​សិក្សា​អ្វី​ដែរ​លើ​វិស័យ​មួយ​នេះ»។
គិត​ចាប់​តាំងតែ​ពីថ្ងៃ​បើក​ដាក់​លក់​ជា​ផ្លូវការ រហូត​មក​ដល់​ខែ​សីហា ឆ្នាំ​២០១២ នេះ​អត្រា​តម្លៃ​ភាគហ៊ុន​បាន​ប្រែប្រួល​ពី​ចន្លោះ​១០.៣០០​រៀល និង៦.២៥០​រៀល​ក្នុង​មួយ​ហ៊ុន។
ជា​និស្សិត​ឆ្នាំ​ទី​៣​សិក្សា​មុខវិជ្ជា​ព័ត៌មាន​វិទ្យា ​លាង បុរី អាយុ​២៣​ឆ្នាំ មក​ពី​ខេត្ត​ព្រៃវែង ប្រាប់​ថា គាត់​មាន​ការ​យល់ដឹង​តិចតួច​ពី​ទីផ្សារ​មូលបត្រ​កម្ពុជា។
«ខ្ញុំ​បាន​ឃើញ​ការផ្សាយពាណិជ្ជកម្ម​តាម​ទូរទស្សន៍ តាម​ផ្ទាំង​បដារ​នៅតាម​ផ្លូវ ឬក៏​ក្រដាស​ផ្សព្វផ្សាយ​នានា​របស់​ធនាគារ។ ហើយ​ការយល់ដឹង​របស់ខ្ញុំ​ក៏​មិនទាន់​ស៊ី​ជម្រៅ​អ្វី​ដែរ។ ចំពោះ​អ្នក​ដែល​គេ​ចូល​លេង​ភាគហ៊ុន នោះ​ដោយហេតុថា ពួគគេ​បាន​យល់ដឹង​ច្រើន​ពី​វា។ ប៉ុន្តែ​នៅ​កម្ពុជា​នៅ​ជា​រឿង​ថ្មី​មួយ​នៅឡើយ»។
លោក ល្មូ​ន សូឡី អនុ​ប្រធាន​នាយកដ្ឋាន នាយកដ្ឋាន​ប្រ​ត្តិ​ប​ត្តិ​ការ​ទីផ្សារ​មូល​ប​ត្រ និយាយ​ថា ទោះបី​ជា​ទីផ្សារ​មូល​ប​ត្រ​នេះ នៅ​ពេល​បច្ចុប្បន្ន​ត្រូវបាន​គេ​ចាត់ទុក​ថា ជា​វិស័យ​មួយ​ថ្មី​យ៉ាងណា​ក្តី ក៏​លោក​នៅតែមាន​សុ​ទិ​ដិ្ឋ​និយម​នៅ​ថ្ងៃ​អនាគត។
«ពី​អត្ថប្រយោជន៍​នៃ​ការលេង​ហ៊ុន​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​យើង ហើយ​វា​ថែម​ទាំង​អាចជួយ​ដល់​ប្រជាជន​ដែលមាន​ដើម​ទន់​តិច ហើយ​មិនសូវមាន​ជំនាញ​រកស៊ី»។
ផ្សា​រមូល​ប​ត្រ​កើត​ដោយ​ការ​វិនិយោគ​រួមគ្នា​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​នៃ​ប្រទេស​កូរ៉េខាងត្បូង។ រដ្ឋាភិបាល​គ្រប់គ្រង​ភាគ​ហ៊ុ​ចំនួន​៥៥% ដោយឡែក​ក្រុមហ៊ុន​កូរ៉េ​គ្រប់គ្រង៤៥%។
មកទល់​ពេលនេះ មាន​ក្រុមហ៊ុន​រដ្ឋបី​ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​សម្រាប់​ឲ្យ​ដាក់លក់​ភាគហ៊ុន​របស់ខ្លួន ដែល​ក្នុងនោះ​មាន​រដ្ឋ​ករ​ទឹក​កម្ពុជា​ដែល​បាន​ដំណើរ​ការលក់​ភាគហ៊ុន​មុនគេ​ដោយបាន​បែងចែក​ហ៊ុន​ចំនួន ៨៨.៩៧៣.១៦២​ហ៊ុន។ ហើយ​ក្រុមហ៊ុន​ពីរ​ផ្សេងទៀត​គឺ​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា និង​កំពង់ផែ​ក្រុងព្រះសីហនុ។
សម្រាប់ លោក នៅ ស៊ី​ហា អ្នក​វិភាគ​សេដ្ឋកិច្ច​កម្ពុជា​វិញ ការវិនិយោគ​លើ​ភាគហ៊ុន​ឬ​ដែល​គេ​និយម​ប្រើ​ថា លេង​ភាគហ៊ុន​នោះ​អាចមាន​លក្ខណៈ​ប្រសើរ​ជាង​ការ​តម្កល់​ប្រាក់​ក្នុង​ធនាគារ។
«ការ​បើក​ឲ្យ​មាន​ទីផ្សារ​ភាគហ៊ុន​បែបនេះ​មាន​អត្ថប្រយោជន៍​ណាស់ ដោយហេតុថា វា​អាច​ជា​ឱកាស​មួយ​សម្រាប់​រកស៊ី​ដែល​មាន​ដើម​ទុន​មិន​គ្រប់គ្រាន់​សម្រាប់​បើក​ក្រុមហ៊ុន​ហ្នឹង​អាច​ធ្វើ​វិនិយោក​ទុន​ប្រាក់​របស់​គាត់​ទៅ​លើ​ក្រុមហ៊ុន​ដែល​មាន​ស្រាប់ៗ ជា​ជាង​ការ​យក​ប្រាក់​ទៅ​ដាក់​ធនាគារ​ហើយ​បាន​ការ​ប្រាក់​តិចតួច»។
លោក នៅ សីហា បញ្ជាក់​បន្ថែម​ដែរ​ថា មូលហេតុ​មួយ​ទៀត ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅ​មិនទាន់​ហ៊ាន​សម្រេច​ចិត្ត​ចំណាយ​ប្រាក់​របស់​គាត់ វិនិយោគ​លើ ក្រុមហ៊ុន​រដ្ឋ​ករ​ទឹក​កម្ពុជា​នោះ​គឺ ពួគ​គាត់​មួយ​ចំនួន​នៅ​មាន​ការ​ព្រួយបារម្ភ​នៅ​ឡើយ​អំពី​បញ្ហា​តម្លាភាព​របស់​ក្រុមហ៊ុន។
«ប្រជាពលរដ្ឋ​ខ្មែរ​យើង បើ​និយាយ​ដល់​ក្រុមហ៊ុន​របស់​រដ្ឋ​ហ្នឹង ភាគ​ច្រើន​ពួគ​គាត់​តែង​មាន​ការព្រួយបារម្ភ​ទៅ​លើ​បញ្ហា​តម្លាភាព។ អាហ្នឹង​ឯង​ក៏​អាច​ជា​កត្តា​មួយ​ធ្វើឲ្យ​ពួក​គាត់​នៅ​មិន​ទាន់​ហ៊ាន​សម្រេច​ចិត្ត​ចំណាយ​ប្រាក់​របស់គាត់​ទៅ​វិនិយោគ»។
ទោះបីជា​យ៉ាងនេះ​ក្តី ​ក៏​លោក នៅ សីហា ប្រាប់​វីអូអេ​ដោយ​មាន​សុទិដ្ឋិនិយម​ថា ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​នឹង​ទទួលបាន​ជោគជ័យ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ៕
XS
SM
MD
LG