កម្ពុជាកំពុងចាប់ផ្ដើមប្រតិបត្តិការវិធានការច្រកទ្វារអ៊ីនធឺណិតជាតិថ្មីរបស់ខ្លួន ដែលជាវិធានការដែលសកម្មជននានាបាននិយាយថានឹងអនុញ្ញាតឲ្យរដ្ឋាភិបាលបំបិទសំឡេងប្រឆាំងបន្ថែមទៀតនៅក្នុងប្រទេស។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានព្រមានថា ច្រកទ្វារអ៊ីនធឺណិតនេះដែលនឹងធ្វើឱ្យចរាចរណ៍វេបសាយទាំងអស់ឆ្លងកាត់ច្រកចូលតែមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាលចាប់ពីថ្ងៃទី ១៦ ខែកុម្ភៈខាងមុខនេះតទៅ នឹងមានឥទ្ធិពល «ធ្ងន់ធ្ងរ» ទៅលើសិទ្ធិឯកជននិងសេរីភាពបញ្ចេញមតិ។
នេះជាចំណាត់ការថ្មីចុងក្រោយបង្អស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ក្រាបការប្រឆាំងនៅក្នុងប្រទេស ដែលក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួនដោយសារការបង្ហោះសារតាមអ៊ីនធឺណិត។
តារា hip-hop លោក គា សុគន្ធ ដែលទំនុកច្រៀងរបស់លោកនិយាយអំពីអំពើអយុត្តិធម៌ និងអំពើពុករលួយដែលទាក់ទាញចំណាប់អារម្មណ៍របស់យុវជនដែលមិនសប្បាយចិត្តក្នុងប្រទេសកម្ពុជា ក៏ស្ថិតក្នុងចំណោមអ្នកដែលជាប់ពន្ធនាគារផងដែរ។
គាត់ត្រូវបានចាប់ខ្លួននិងកាត់ទោសពីបទញុះញង់ ដោយជាប់ឃុំឃាំងមួយឆ្នាំមកហើយ ហើយឥឡូវមានការភ័យខ្លាចថា ច្រកទ្វារអ៊ីនធឺណិតថ្មីនេះនឹងនាំឱ្យមនុស្សកាន់តែច្រើនមានវាសនាដូចគ្នានេះ។
គាត់បានថ្លែងថា៖ «យើងនឹងពិបាកបញ្ចេញមតិដោយសេរី។ គេចាប់ខ្ញុំដើម្បីបំភិតបំភ័យអ្នកដទៃ»។
កាលពីឆ្នាំមុន កុមារជំទង់ម្នាក់ដែលមានអូទីស្សឹមនិងជាកូនរបស់មន្ត្រីបក្សប្រឆាំងដែលជាប់ពន្ធនាគារ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ ខែពីបទផ្ញើសារតាម Telegram ដែលគេចោទថា ប្រមាថរដ្ឋាភិបាល។
ច្រកទ្វារអ៊ីនធឺណិតគឺជាចំណុចដែលប្រទេសមួយភ្ជាប់ទៅបណ្តាញវេបសាយសាកល។ នៅពេលដំណើរការពេញលេញ ច្រកទ្វារអ៊ីនធឺណិតជាតិថ្មីរបស់កម្ពុជានឹងបញ្ជូនចរាចរណ៍អ៊ីនធឺណិតទាំងអស់តាមច្រកតែមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាល។
ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតនឹងត្រូវបានបញ្ជាឱ្យបិទវេបសាយនិងបណ្តាញណាដែលរដ្ឋចាត់ទុកថា ប៉ះពាល់ធ្ងន់ធ្ងរដល់ «ប្រាក់ចំណូលជាតិ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម សីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់»។
អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានព្រមានកាលពីដើមខែនេះថា អំណាចថ្មីនេះនឹងកាត់បន្ថយបន្ថែមទៀតនូវសេរីភាពនៅសេសសល់តិចតួចនៃការបញ្ចេញមតិប្រឆាំងនៅកម្ពុជា។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ច្រកទ្វារអ៊ីនធឺណិតថ្មីនេះនឹងផ្តល់ឱ្យរដ្ឋាភិបាលនូវមធ្យោបាយជាច្រើនទៀតក្នុងការបំបិទសំឡេងប្រឆាំង។
កន្លងមក អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទទូចថា ច្រកទ្វារអ៊ីនធឺណិតជាតិនេះគឺចាំបាច់ដើម្បីបង្រ្កាបឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រក្សាសន្តិសុខជាតិ និងប្រមូលចំណូល។ លោកបានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាចាំបាច់ត្រូវយល់ថា សេរីភាពបញ្ចេញមតិត្រូវមានការទទួលខុសត្រូវ និងថា ការប្រមាថ ឬបំភ្លៃព័ត៌មានអាចប៉ះពាល់ដល់សន្តិសុខជាតិ ឬកេរ្តិ៍ឈ្មោះរបស់បុគ្គល៕