របាយការណ៍ថ្មីមួយស្តីពីសេរីភាពលើប្រព័ន្ធអ៊ីនធឺណិតបង្ហាញក្តីបារម្ភអំពីការបង្កើតច្រកទ្វារអ៊ីនធឺណិតថ្នាក់ជាតិពីសំណាក់រដ្ឋាភិបាលកម្ពុជា ដោយចោទថាជាមធ្យោបាយមួយដើម្បីរឹតត្បិតសេរីភាព បន្ថែមលើសេចក្តីព្រាងច្បាប់ផ្សេងៗទៀត ដែលរដ្ឋាភិបាលកំពុងតែបង្កើត។
នេះជារបាយការណ៍ចេញផ្សាយដោយមជ្ឈមណ្ឌលអាស៊ី(Asia Center)ដែលមានមូលដ្ឋាននៅទីក្រុងបាងកកប្រទេសថៃ។ របាយការណ៍នេះមានចំណងជើងថា«A gateway to control»«ច្រកទ្វារដើម្បីគ្រប់គ្រង»។ របាយការណ៍បានលើកឡើងថាអាជ្ញាធរកម្ពុជាបានបង្កើនការបង្កើតច្បាប់និងបទដ្ឋាននានា ក្នុងគោលដៅរឹតត្បិតសេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា។
របាយការណ៍បញ្ជាក់ថា៖ «ការប្រើប្រាស់អ៊ីនធឺណិតនិងទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត ដែលជាលម្ហសេរីភាពពលរដ្ឋបានគំរាមកំហែងការដឹកនាំបែបផ្តាច់ការរបស់គណបក្សប្រជាជនកម្ពុជា និងបង្កឲ្យមានផលវិបាក[ដល់ការកាន់អំណាចរបស់បក្សនេះ]»។
របាយការណ៍បានលើកយកអនុក្រឹត្យរបស់រដ្ឋាភិបាលនៃការបង្កើត«ច្រកទ្វារអ៊ីនធឺណិតថ្នាក់ជាតិ»ដែលគ្រោងនឹងអនុវត្តនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ថានឹងរឹតត្បិតបន្ថែមទៀតលើសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិសម្រាប់ទិន្នន័យឯកជនភាព ខណៈការប្រើប្រាស់អ៊ីនធឺណិតត្រូវបានតាមដានកាន់តែខ្លាំងឡើង។
របាយការណ៍នេះក៏បានស្នើឲ្យសមាជិកសភាធានាថាសេចក្តីព្រាងច្បាប់នានាដែលកំពុងរៀបចំឡើង ដើរស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងស្តង់ដារអន្តរជាតិនៃសេរីភាពលើប្រព័ន្ធអ៊ីនធឺណិត និងសេរីភាពនៃការបញ្ចេញមតិ។ មួយវិញទៀត របាយការណ៍ក៏ស្នើឲ្យធ្វើវិសោធនកម្មឬក៏ទម្លាក់ចោលច្បាប់ ឬលិខិតបទដ្ឋានទាំងនោះតែម្តង។
របាយការណ៍បញ្ជាក់ថា៖ «ការដើរស្របនេះនឹងអនុញ្ញាតសម្រាប់ការការពារសេរីភាពអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា ហើយនិងផ្តល់នូវលម្ហសេរីភាពចាំបាច់សម្រាប់បុគ្គល អ្នកសារព័ត៌មាន និងក្រុមសង្គមស៊ីវិល ដើម្បីឲ្យពួកគេសម្តែងការរិះគន់ដោយមិនភ័យខ្លាច សម្រាប់ការរីកចម្រើនដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា»។
សេចក្តីប្រកាសព័ត៌មានដែលផ្សព្វផ្សាយនៅលើគេហទំព័ររបស់អង្គការAsia Center ឲ្យដឹងថា៖ «រដ្ឋាភិបាលបានខំប្រឹងគ្រប់គ្រងយ៉ាងតឹងទៅលើមាតិកាលើប្រព័ន្ធអនឡាញទាំងអស់ និងប្រើប្រាស់ការប្រឆាំងនឹងការបរិហារកេរ្តិ៍ ឬក៏លក្ខខណ្ឌសន្តិសុខជាតិ ដើម្បីបំបិទការរិះគន់ប្រឆាំងនឹងខ្លួន»។
អនុក្រឹត្យស្តីពីអ៊ីនធឺណិតថ្នាក់ជាតិត្រូវបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ អនុក្រឹត្យនេះតម្រូវឲ្យមានការផ្តល់របាយការណ៍ពីអ្នកផ្គត់ផ្គង់អ៊ីនធឺណិតដល់រដ្ឋាភិបាលនិងផ្តល់ការសហការក្នុងការចូលរួមបង្រ្កាបសកម្មភាពដែលប៉ះពាល់ដល់សន្តិសុខជាតិនិងសណ្តាប់ធ្នាប់។
ក្នុងពិធីដាក់សម្ពោធរបាយការណ៍នោះ លោក វិទិត ម៉ុនតារបន(Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានថ្លែងថាតំណាងរាស្រ្តនៅរដ្ឋសភាកម្ពុជា គឺនៅក្រោមបក្សតែមួយ ខណៈឯករាជ្យភាពរបស់ប្រព័ន្ធតុលាការនៅតែជាសំណួរ។ លោកក៏បារម្ភអំពីបរិយាកាសនៃការបំភិតបំភ័យនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយលោកសង្ឃឹមថានឹងមានលម្ហសេរីភាពរបស់ពលរដ្ឋសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ និងសេរីភាពសម្រាប់អង្គការសង្គមស៊ីវិលផងដែរ។
អ្នកជំនាញសិទ្ធិមនុស្សរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនោះ បានបញ្ជាក់ថាការប្រើប្រាស់ពាក្យនៅក្នុងច្បាប់នានា ដើម្បីធានា«សន្តិសុខជាតិ»នៅក្នុងប្រទេសផ្សេង ក៏ដូចជាប្រទេសកម្ពុជា គឺ«ប្រើប្រាស់លើសហួសហេតុ» ដើម្បីរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ ដែលហួសពីស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។
លោកអំពាវនាវឲ្យអាជ្ញាធរកម្ពុជា«បើកចិត្តទូលាយ» «មានភាពអត់ធ្មត់បន្ថែម»និង«បើកសេរីចំពោះមតិខុសគ្នា»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាព្រឹទ្ធសមាជិកមួយរូប បានច្រានចោលការចោទប្រកាន់លើរដ្ឋាភិបាលក្នុងការរឹតត្បិតសេរីភាពលើប្រព័ន្ធអ៊ីនធឺណិត ដោយអះអាងថាប្រជាជនកម្ពុជាមានសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែត្រូវស្របតាមច្បាប់នានា។ លោកបន្ថែមថាការបង្កើតច្បាប់ ឬលិខិតបទដ្ឋាននានាក្នុងប្រទេស គឺ«ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ»។
ទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ លោក សុខ ឥសាន បញ្ជាក់ថាប្រជាពលរដ្ឋមានសិទ្ធិសេរីភាពដូចចែងក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែត្រូវធានាថាកុំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ និងសន្តិសុខជាតិ។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «ការបញ្ចេញមតិ វាផ្អែកទៅលើការយល់ឃើញ ដែលមាននិន្នាការនយោបាយផ្សេងៗគ្នា អាហ្នឹងគេចេះតែនិយាយទៅ។ ក៏ប៉ុន្តែសមត្ថកិច្ចរាជរដ្ឋាភិបាលលោកអនុវត្តទៅតាមខ្លឹមសារដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ»។
កម្ពុជាបានអនុម័តច្បាប់ទូរគមនាគមន៍ និងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងឯកសារគតិយុត្តិផ្សេងៗទៀត។ ក្រុមសង្គមស៊ីវិលជាតិបានអះអាងថាច្បាប់ទាំងនោះផ្តល់អំណាចកាន់តែច្រើនឡើងៗដល់រដ្ឋាភិបាល ដើម្បីប្រើប្រាស់អ៊ីនធឺណិត «ជាឧបករណ៍បង្រ្កាប និងរារាំងដល់សក្តានុពលរបស់អ៊ីនធឺណិត ដែលជាវេទិកាដ៏សំខាន់សម្រាប់ការអនុវត្តសេរីភាពជាមូលដ្ឋាន»។
ក្រុមសង្គមស៊ីវិលក៏បានរិះគន់អនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតថានឹង«សម្របសម្រួលឲ្យមានការឃ្លាំមើលនិងតាមដានសកម្មភាពតាមអ៊ីនធឺណិត ផ្តល់សិទ្ធិអំណាចដល់ការតាមដាន និងការត្រួតពិនិត្យការប្រាស្រ័យទាក់ទងតាមប្រព័ន្ធឌីជីថល និងជួយដល់ការប្រមូល រក្សាទុកនិងចែករំលែកទិន្នន័យផ្ទាល់ខ្លួន ដែលជាមូលដ្ឋាននាំឲ្យមានការគំរាមកំហែងដល់សិទ្ធិឯកជនភាព សេរីភាពខាងការបញ្ចេញមតិ និងទទួលព័ត៌មាន»។
ប៉ុន្តែក្រសួងប្រៃសណីយ៍កម្ពុជាធ្លាប់បានច្រានចោលការលើកឡើងរបស់ក្រុមសិទ្ធិមនុស្ស ដោយថា«គ្មានមូលដ្ឋាន មានចរិតនយោបាយ ផ្ទុយនឹងការពិត ហើយខុសពីគោលបំណងដែលបានចែងក្នុងអនុក្រឹត្យ[ស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិត]នេះ»។ ក្រសួងបន្ថែមថាការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ នឹងជួយទប់ស្កាត់ការលួចតភ្ជាប់បណ្តាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ការគំរាមកំហែងតាមអ៊ីនធឺណិត រូបភាពអាសអាភាស និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាដើម៕