ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្នើឲ្យអាជ្ញាធរកម្ពុជាផ្អាកផែនការអនុវត្តអនុក្រឹត្យស្តីពី«ច្រកទ្វារអ៊ីនធឺណិត» ដោយលើកឡើងថា អនុក្រឹត្យនេះមាន«លក្ខណៈរឹតត្បិត» និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិឯកជន និងសេរីភាពតាមប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកជំនាញលើកឡើងថា អនុក្រឹត្យស្តីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១៦ ខែកុម្ភៈ នឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរលើសេរីភាពប្រព័ន្ធអ៊ីនធឺណិត ការបំពេញការងាររបស់អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលនៅក្នុងប្រទេស។ អនុក្រឹត្យដដែលនេះ ក៏នឹងធ្វើឲ្យលម្ហស៊ីវិល ដែលមានលក្ខណៈរឹតត្បិតរួចទៅហើយនោះកាន់តែរួមតូច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកជំនាញអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ។
អ្នកជំនាញបានផ្តល់ការអត្ថាធិប្បាយថា អនុក្រឹត្យខាងលើនេះនឹងអនុញ្ញាតឲ្យអាជ្ញាធរកម្ពុជាអាចតាមដានសកម្មភាពលើប្រព័ន្ធអ៊ីនធឺណិត ស្កាត់ ចាប់យក និងត្រួតពិនិត្យការប្រាស្រ័យទាក់ទងតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្រមូល រក្សាទុក និងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នីមួយៗ។
អ្នកជំនាញផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានថ្លែងក្នុងន័យដើមថា៖ «អនុក្រឹត្យដែលមានលក្ខណៈរឹតត្បិតនេះអាចនឹងមានផលប៉ះពាល់យ៉ាងអាក្រក់លើសិទ្ធិឯកជនភាព និងបង្កើតបានជាហានិភ័យគ្រោះថ្នាក់មួយ ប្រសិនបើព័ត៌មានទាំងនោះត្រូវបានគេប្រើខុស»។
អ្នកជំនាញបានអះអាងថា អនុក្រឹត្យដែលស្ថិតនៅក្នុងទម្រង់បច្ចុប្បន្នគឺមានហួសពីការរឹតត្បិត ដែលត្រូវបានអនុញ្ញាតក្នុងការកម្រិតសេរីភាពនៃការបញ្ចេញមតិ ដែលមានចែងក្នុងមាត្រា ១៧ និង ១៩ (៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលជាសន្ធិសញ្ញាសិទ្ធិមនុស្សដ៏សំខាន់មួយដែលកម្ពុជាជាភាគីមួយផងដែរ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា ជារឿងត្រឹមត្រូវ ដែលក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបង្ហាញក្តីកង្វល់និងជំរុញឲ្យមានការផ្អាកការអនុវត្តអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិដ៏ចម្រូងចម្រាសនោះ ខណៈលោកសង្កេតឃើញថា កន្លងមក រដ្ឋាភិបាលក៏បានរៀបចំជាអង្គភាព ឬស្ថាប័នមួយចំនួនដើម្បីតាមឃ្លាំមើលក្រុមហ៊ុន ឬអ្នកប្រើប្រាស់អ៊ីនធឺណិតរួចទៅហើយ។
មន្ត្រីសិទ្ធិមនុស្សរូបនេះបានសង្កត់ធ្ងន់ថា នៅពេលអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតត្រូវបានអនុវត្តនោះរដ្ឋអំណាចនឹងមានលទ្ធភាពខ្ពស់ជាងមុននៅក្នុងការតាមដានព័ត៌មានរបស់អ្នកប្រើប្រាស់ ជាពិសេសពាក់ព័ន្ធនឹងជំហរនយោបាយជំទាស់ ឬរិះគន់រដ្ឋាភិបាល។
លោកបានថ្លែងថា៖ «ហើយបើសិនជាព័ត៌មានណា ដែលមិនរិះគន់លើរដ្ឋាភិបាល ឬក៏ព័ត៌មានណាដែលគាត់សន្ទនាជាលក្ខណៈឯកជន ប៉ុន្តែវាអាចប៉ះពាល់ទៅដល់រាជរដ្ឋាភិបាលអីជាដើម ឬក៏ការប្រជុំជាលក្ខណៈក្រុមក្នុងនាមការងាររបស់ពួកគេអីជាដើមទៅ វាអាចនឹងរងនូវផលប៉ះពាល់ ហើយជាការងាយក្នុងការពិនិត្យ និងឃ្លាំមើលយ៉ាងដិតដល់»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានច្រានចោលការលើកឡើងរបស់អ្នកជំនាញអង្គការសហប្រជាជាតិ ដោយថា អនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតមានគោលដៅគ្រប់គ្រងសន្តិសុខផ្នែកព័ត៌មានវិទ្យា និងប្រមូលចំណូលដល់ថវិកាជាតិ។
លោកបានថ្លែងថា៖ «អនុក្រឹត្យនេះដូចជា មិនមែនជាការរឹតត្បិតទៅលើសិទ្ធិសេរីភាព ឬជីវិតឯកជនអីទេ ព្រោះអីគោលបំណងគឺដើម្បីផលប្រយោជន៍សន្តិសុខជាតិ ផលប្រយោជន៍សាធារណៈ និងការគ្រប់គ្រងចំណូលរបស់ជាតិ។ ហើយមិនមែនតែកម្ពុជាឯណា បណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួនក៏គេធ្វើដូចគ្នាអ៊ីចឹងដែរ... មិនមែនកម្ពុជាតែមួយ ខុសពីគេឯណា!»
កាលពីខែកុម្ភៈ ឆ្នាំមុន រដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពី «ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ» ក្នុងគោល បំណងសម្រួល និងគ្រប់គ្រងការភ្ជាប់បណ្តាញអ៊ីនធឺណិតប្រកបដោយប្រសិទ្ធភាព ក៏ដូចជា លើកកម្ពស់ការកៀរគរចំណូល និងកិច្ចការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណីជាតិ។
គួរបញ្ជាក់ថា ចាប់តាំងពីការដាក់ចេញនូវអនុក្រឹត្យនេះមក អង្គការក្រៅរដ្ឋាភិបាលនានាដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្ស អង្គការគាំពារផ្នែកបណ្តាញផ្សព្វផ្សាយព័ត៌មាន ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិត អ្នកតាមដានសង្គម និងអ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួន បានបង្ហាញមន្ទិល និងក្តីកង្វល់ផ្សេងៗ ពាក់ព័ន្ធនឹងប្រសិទ្ធភាព និងវិសាលភាពនៃការអនុវត្តអនុក្រឹត្យនេះ៕