នៅព្រឹកថ្ងៃពុធនេះ ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួនបានស្នើយ៉ាងទទូចជាបន្តបន្ទាប់ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) រៀបចំកន្លែងចុះឈ្មោះ និងការបោះឆ្នោតនៅតាមស្ថានទូតខ្មែរ និងស្ថានកុងស៊ុលនៅក្រៅប្រទេសដើម្បីសម្រួលដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅទីនោះ ឲ្យបានចុះឈ្មោះ និងបោះឆ្នោតក្នុងឆ្នាំ២០១៨ខាងមុខ។
ការស្នើរបស់ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា ព្រមទាំងគណបក្សនយោបាយមួយចំនួន បានធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលមួយស្តីពីអនុសាសន៍សម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៧។ ក្នុងកិច្ចពិភាក្សាតុមូលដែលរៀបចំដោយគណៈកម្មាធិការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែលនេះ សង្គមស៊ីវិលសំខាន់ៗ និងគណបក្សនយោបាយបានលើកឡើងពីយន្តការ១២ចំណុចដែល គ.ជ.ប.ត្រូវកែសម្រួលពាក់ព័ន្ធនឹងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតនេះ។ ក្នុងនោះគេមើលឃើញថា សិទ្ធិចុះឈ្មោះបោះឆ្នោត និងសិទ្ធិបោះឆ្នោតរបស់ពលករចំណាកស្រុក ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ជាចំណុចសំខាន់បំផុតដែលក្រុមនៃកិច្ចពិភាក្សានោះបានទាមទារឲ្យមានការធានាលើការអនុវត្តឲ្យមានប្រសិទ្ធភាព។
លោកគល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែលលើកឡើងថា សំឡេងឆ្នោតរបស់ប្រជាពលរដ្ឋម្នាក់ៗ មានសារៈសំខាន់ណាស់ក្នុងការជ្រើសរើសមេដឹកនាំប្រទេសដែលពួកគេពេញចិត្ត ដូច្នេះលោកថា ការមិនយកចិត្តទុកដាក់សម្រួលឲ្យប្រជាពលរដ្ឋបានចុះឈ្មោះ និងបោះឆ្នោត អាចធ្វើឲ្យប៉ះពាល់ដល់តម្លាភាពនៃការបោះឆ្នោតនាពេលខាងមុខ។ លោកបន្ថែមថា គ.ជ.ប.ត្រូវធ្វើរបាយការណ៍បញ្ជូនទៅរដ្ឋសភាដើម្បីជំរុញឲ្យមានការកែប្រែច្បាប់ ធ្វើយ៉ាងណាធានាថា ពលករ ដែលកំពុងធ្វើការនៅក្រៅប្រទេស នឹងបានចុះឈ្មោះ និងបោះឆ្នោតក្នុងឆ្នាំ២០១៨ខាងមុខ។
លោកគល់ បញ្ញាបញ្ជាក់យ៉ាងដូច្នេះ៖
«គាត់ត្រូវធ្វើរបាយការណ៍ហ្នឹងថា ១លាននាក់ពលករនៅក្រៅស្រុកហ្នឹងអត់បានចុះឈ្មោះបោះឆ្នោត ហើយគាត់លើកបញ្ហាហ្នឹង ទៅដាក់របាយការណ៍ហ្នឹងទៅរដ្ឋសភាទៅ។ ហើយទៅរដ្ឋសភា អ្នកតំណាងរាស្រ្តមួយៗបានគាត់បានរបាយការណ៍ហ្នឹង គាត់មើល ហើយគាត់ឡើងជាសំណើនៃការធ្វើវិសោធនកម្មច្បាប់ ឬក៏កែប្រែច្បាប់ កែលម្អច្បាប់។ ឥឡូវនេះថា បញ្ហាពលករ១លានជាងអត់បានចុះឈ្មោះបោះឆ្នោត គាត់មិនអាចអនុវត្តសមត្ថកិច្ចគាត់បាន។ ឥឡូវយើងត្រូវកែច្បាប់យ៉ាងម៉េចដើម្បីផ្តល់សមត្ថកិច្ចឲ្យគាត់ ឬក៏បានយន្តការយ៉ាងម៉េចឲ្យពួកគេបោះឆ្នោតបាននៅក្រៅប្រទេស»។
លោកសុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលបានគាំទ្រសំណើរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ លើកឡើងថា ប្រទេសជាច្រើនដែលកាន់លទ្ធិប្រជាធិបតេយ្យគឺតែងតែដាក់ការិយាល័យនៅតាមស្ថានទូតក្នុងប្រទេសនីមួយៗ ដើម្បីអាចឲ្យពលរដ្ឋទៅបោះឆ្នោត។ លោកបន្ថែមថា គ.ជ.ប.ជាស្ថាប័នដែលមានតួនាទីសំខាន់ក្នុងការស្នើទៅរដ្ឋសភាដើម្បីរៀបចំឲ្យមានទីកន្លែងសម្រាប់ប្រជាពលរដ្ឋទៅចុះឈ្មោះ និងបោះឆ្នោតនៅតាមស្ថានទូត និងស្ថានកុងស៊ុលក្រៅប្រទេស។
លោកសុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបញ្ជាក់ថា៖
«កាលជជែកច្បាប់ យើងបាននិយាយច្បាស់ណាស់។ ខាងគណបក្សប្រជាជនលើកឡើងថា យើងបារម្ភពីមធ្យោបាយដែលមិនទាន់អាចធ្វើបាន ហើយយើងសង្កេតឃើញថា ពេលនោះក៏មានការជជែកដែរថា ទុកឲ្យ គ.ជ.ប.ជាអ្នកសម្រេច។ ដូច្នេះកុំរុញទៅរុញមក! អាហ្នឹងជាល្បែងលេងសើចហើយ ពីព្រោះពលរដ្ឋមានសិទ្ធិក្នុងការជ្រើសរើសអ្នកដឹកនាំរបស់គេ ហើយយើងជាអ្នកបំពេញកាតព្វកិច្ចហ្នឹង ត្រូវតែនិយាយឲ្យច្បាប់លាស់ ឲ្យមានការទទួលខុសត្រូវ»។
ស្របគ្នានោះដែរ លោកមឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលគាំទ្រឲ្យពលករអាចចុះឈ្មោះ និងបោះឆ្នោតនៅក្រៅប្រទេស បានឱ្យដឹងថា ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃមានចំនួនជាង១លាន៧សែននាក់ ប្រទេសម៉ាឡេស៊ីមានជាង១០ម៉ឺននាក់ កូរ៉េខាងត្បូងមានជាង៥ម៉ឺននាក់ ជប៉ុនមានប្រមាណជា៣ពាន់នាក់ និងនៅតាមបណ្ដាប្រទេសផ្សេងៗមួយចំនួនទៀត។
លោកមឿន តុលាក៏បានឱ្យដឹងផងដែរថា ក្នុងចំណោមពលករដែលកំពុងធ្វើការនៅប្រទេសថៃជាង១លាននាក់ គឺមានតែពលករជាង១ម៉ឺននាក់ប៉ុណ្ណោះដែលបានមកបោះឆ្នោតឃុំ-សង្កាត់ កន្លងទៅ។ ការខកខានដែលកម្មករ និងពលករជាច្រើនផ្សេងទៀតក្នុងប្រទេសកម្ពុជា មិនបានទៅបោះឆ្នោតនាពេលនោះ គឺដោយសារក្រសួងការងារមិនបានសម្រួលឲ្យពួកគេបានឈប់សម្រាក ដូចកាលពីការបោះឆ្នោតអាណត្តិមុនៗ។
តួលេខផ្លូវការ ដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ក្រោយការប្រកាសលទ្ធផលឆ្នោតប៉ុន្មានថ្ងៃនោះ បង្ហាញថា ពលរដ្ឋ ដែលបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់គឺមានចំនួនជាង៧លាននាក់ ស្មើនឹង៩០ភាគរយនៃចំនួនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតសរុបជិត៨លាននាក់។ ក្នុងនោះអ្នកចុះឈ្មោះបោះឆ្នោតជាង៧សែននាក់មិនបានទៅបោះឆ្នោតទេ។
ប្រទេសកម្ពុជា និងរៀបចំការបោះឆ្នោតសំខាន់មួយទៀតនៅខែកក្កដាឆ្នាំ២០១៨ខាងមុខ ដើម្បីជ្រើសតាំងតំណាងរាស្ត្រនិងគណបក្សគ្រប់គ្រងប្រទេស។
ការទទូចរបស់ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងនេះធ្វើឡើងស្របពេលដែលគ.ជ.ប.ប្រកាសចាប់ផ្តើមយុទ្ធនាការចុះឈ្មោះអ្នកបោះឆ្នោតរយៈពេល៧០ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញាដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ដើម្បីរៀបចំការបោះឆ្នោតឆ្នាំ២០១៨នោះ។
លោកឌី ភីរុណ អនុប្រធានលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចពិភាក្សាតុមូលនាព្រឹកថ្ងៃពុធថា លោកនឹងបញ្ជូនសំណើគ្រប់ចំណុចរបស់ក្រុមអង្គការសង្គមស៊ីវិលទៅគ.ជ.ប.ដើម្បីពិចារណា។ ចំណែកសំណើទាក់ទងនឹងការរៀបចំកន្លែងនៅតាមស្ថានទូត និងស្ថានកុងស៊ុលឯបរទេសដើម្បីឲ្យពលករអាចចុះឈ្មោះ និងបោះឆ្នោតបានគឺជាសំណើដែលលើសពីសមត្ថកិច្ចរបស់គ.ជ.ប.។
លោកឌី ភីរុណមានប្រសាសន៍ថា៖
«កាលណាទិដ្ឋភាពច្បាប់មិនចែងគឺ គ.ជ.ប.អនុវត្តមិនបាន។ ប៉ុន្តែយ៉ាងណាសំណើនេះ គ.ជ.ប.នឹងពិចារណា មានន័យថា យើងដាក់ទៅគ.ជ.ប.ពិចារណា។ កម្រិតរបស់គ.ជ.ប.ពិចារណា អាហ្នឹងគឺអាស្រ័យលើការសម្រេចរបស់សមាសភាពគ.ជ.ប.ទាំង៩រូប»។
យ៉ាងណាក៏ដោយ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែន ប្រាប់ VOA ថា គណបក្សកាន់អំណាចមិនអាចធ្វើតាមសំណើរបស់ក្រុមសង្គមស៊ីវិល និងគណបក្សប្រឆាំងទាំងនោះបានទេ ចំពោះការចុះឈ្មោះ និងបង្កើតការិយាល័យបោះឆ្នោតនៅក្រៅប្រទេសនោះ។ លោកបន្ថែមថា បើទោះបីជារដ្ឋាភិបាលរៀបចំឲ្យពលករក្រៅប្រទេសបានបោះឆ្នោតនៅទីនោះបានក៏ដោយ ក៏ក្រុមអង្គការនិងគណបក្សប្រឆាំងទាំងនោះនៅតែមិនសុខចិត្តដដែល។
លោកសុខ ឥសានមានប្រសាសន៍ថា៖
«បើចុះឈ្មោះ ឬដាក់ការិយាល័យបោះឆ្នោតនៅតាមស្ថានទូត ឬអគ្គកុងស៊ុលអីផ្សេងៗហ្នឹង ប្រាកដជាចោទថា មិនអព្យាក្រឹត្យ មិនឯករាជ្យទៀតហើយ! គឺថា លម្អៀងមកខាងគណបក្សកាន់អំណាចទៀតហើយ! អាហ្នឹងជាបញ្ហាមួយដែលយើងត្រូវកត់សម្គាល់។ អីចឹងទេ មិនមែនធ្វើតម្រូវចិត្តគាត់ទេ។ យើងធ្វើតាមលទ្ធភាពជាក់ស្តែងរបស់យើង។ ហើយខ្ញុំឯកភាពតាមគ.ជ.ប.ដែលលើកឡើងថាឥឡូវយើងមានច្បាប់ប៉ុណ្ណឹងគឺថា យើងអនុវត្តប៉ុណ្ណឹង»។
ក្រៅពីការស្នើឲ្យបង្កើតការិយាល័យចុះឈ្មោះ និងបោះឆ្នោតក្រៅប្រទេសក្នុងអនុសាសន៍ទាំង១២ចំណុចនោះ ក្រុមអង្គការសង្គមស៊ីវិលនិងគណបក្សនយោបាយដែលចូលរួមក្នុងកិច្ចពិភាក្សាតុមូលនៅថ្ងៃពុធនេះក៏ស្នើឱ្យមានក្រុមចុះឈ្មោះបោះឆ្នោតដល់គ្រប់ភូមិជនបទនានា សម្រួលដល់ជនពិការ និងជនចាស់ជរា កំណត់ពីជនត្រូវតុលាការផ្តន្ទាទោសដែលបាត់សិទ្ធិ និងដកសិទ្ធិ ការធ្វើសវនកម្មបញ្ជីបោះឆ្នោត និងស្នើឱ្យគ.ជ.ប.ពិនិត្យ និងផ្ទៀងផ្ទាត់ចំនួនស្ថិតិអ្នកចុះឈ្មោះប្រចាំថ្ងៃជាដើម៕