បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងមហាផ្ទៃពិនិត្យមើលផ្លូវច្បាប់លើបណ្តុំអង្គការសង្គមស៊ីវិលជាង៤០ ដែលបានបង្កើតជា «បន្ទប់ស្ថានការណ៍» វាយតម្លៃការបោះឆ្នោតថា មិនទាន់មានភាពយុត្តិធម៌ ក្រសួងមហាផ្ទៃក៏បញ្ជាឲ្យបន្ទប់ស្ថានការណ៍បញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់ខ្លួន និងបានព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបើមិនអនុវត្តតាម។ នេះបើយោងតាមលិខិតជូនដំណឹង និងការលើកឡើងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារ បានចេញលិខិតជូនដំណឹងចំនួនពីរផ្សេងគ្នា ពាក់ព័ន្ធនឹង «បន្ទប់ស្ថានការណ៍»។ លិខិតទី១ គឺ ផ្ញើចំពោះ លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល និង អង្គការរបស់លោក។ ឯលិខិតដាច់ដោយឡែកមួយទៀត គឺផ្ញើចំពោះ លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា ហៅកាត់ថា និចហ្វិច។
អង្គការខុមហ្វ្រែល និងនិចហ្វិច ត្រូវបានគេស្គាល់ថា ជាអង្គការបង្គោលដែលបានរួមសហការជាមួយអង្គការសង្គមស៊ីវិលជិត ៤០ផ្សេងទៀត ដើម្បីបង្កើតឲ្យមានបន្ទប់ស្ថានការណ៍ ឃ្លាំមើលស្ថានការណ៍ក្នុងពេលការបោះឆ្នោតកន្លងមក។
ក្នុងលិខិតទាំងពីរ ដែលសរសេរន័យដូចគ្នាឲ្យដឹងថា ការបង្កើត «បន្ទប់ស្ថានការណ៍» ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ ដែលមានការចូលរួមពីអង្គការសមាគមប្រមាណជា៤០ ជាសមាជិក គឺអនុវត្តផ្ទុយទៅនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នារសៀលថ្ងៃពុធនេះថា ក្រុមអង្គការក្នុងបន្ទប់ស្ថានការណ៍ទាំងជាង៤០ បានធ្វើសកម្មភាពដែលមិនមានភាពអព្យាក្រឹតសម្រាប់គណបក្សនយោបាយនីមួយៗ ដែលខុសទៅនឹងមាត្រា២៤ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ លោកពន្យល់ថា ភាពមិនអព្យាក្រឹតរបស់បន្ទប់ស្ថានការណ៍ បង្ហាញឡើងតាមរយៈរបាយការណ៍របស់ពួកគេដែលចេញក្រោយការបោះឆ្នោតឃុំ-សង្កាត់ ដែលបានលើកឡើងថា ការបោះឆ្នោតនោះមានការរឹតត្បិតសេរីភាព និងគ្មានភាពយុត្តិធម៌។
អ្នកនាំពាក្យរូបនេះបន្ថែមថា ក្រសួងមហាផ្ទៃនឹងចាត់វិធានការផ្លូវច្បាប់ ប្រសិនបើក្រុមអង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោតទាំងនោះ នៅតែបន្តសកម្មភាពដដែលនោះ។ ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ថា វិធានការផ្លូវច្បាប់ដែលលោកបានលើកឡើង គឺជាចំណាត់ការបែបណានោះទេ។
នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍យ៉ាងដូច្នេះថា៖
«លើកទី១ យើងគ្រាន់តែជម្រាបជូនគាត់ឲ្យឈប់។ ការខុសច្បាប់លើកទី២ អាចមានវិធានការធ្ងន់ជាងហ្នឹង។ បើគាត់បំពាននឹងបម្រាមហ្នឹងទៀត វាមានអីក្រៅពីវិធានការផ្លូវច្បាប់ យើងមានវិធានការអីផ្សេង?»។
តាមលិខិតដែលចេញដោយក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ផងដែរថា ក្រសួងមហាផ្ទៃបានចាត់ទុកសេចក្តីថ្លែងការណ៍របស់បន្ទប់ស្ថានការណ៍នាពេលកន្លងមកថា មិនមានតម្លៃគតិយុត្តិ និងមិនឆ្លុះបញ្ចាំងពីអព្យាក្រឹតភាព ដូចមានចែងក្នុងមាត្រា២៤ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ក្រសួងក៏បានបញ្ជាឲ្យក្រុមសង្គមស៊ីវិលទាំងអស់ដែលជាសមាជិកនៃបន្ទប់ស្ថានការណ៍ ត្រូវបញ្ឈប់សកម្មភាពរបស់បន្ទប់ស្ថានការណ៍ និងត្រូវអនុវត្តសកម្មភាពរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា។
មាត្រា២៤ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចែងថា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការមិនមែនរដ្ឋាភិបាលបរទេស ឬសមាគមបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹត ចំពោះគ្រប់គណបក្សនយោបាយនៅព្រះរាជាណាចក្រកម្ពុជា។ ឯមាត្រា២១ នៃច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដដែល ចែងថា អង្គការស្របច្បាប់នានា អាចមានសិទ្ធិចុះកិច្ចសន្យាសហប្រតិបត្តិការជាមួយដៃគូក្នុងការអនុវត្តគម្រោងសកម្មភាព ស្របតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) និងលោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា (និចហ្វិច) បានទេ។
ទោះជាយ៉ាងណា លោក យឿង សុធារ៉ា មន្រ្តីច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល លើកឡើងថា បន្ទប់ស្ថានការណ៍ដែលបានបង្កើតឡើងដើម្បីឃ្លាំមើលការបោះឆ្នោត បានធ្វើការប្រកបដោយអព្យាក្រឹត ស្របតាមច្បាប់ មិនបម្រើផលប្រយោជន៍គណបក្សនយោបាយណាមួយ ដូចការចោទប្រកាន់របស់រដ្ឋាភិបាលនោះទេ។ លោកបន្តថា របាយការណ៍ដែលរកឃើញដោយបន្ទប់ស្ថានការណ៍ពាក់ព័ន្ធនឹងការបោះឆ្នោត ធ្វើឡើងតាមវិធីសាស្រ្តរបស់ខ្លួនត្រឹមត្រូវ មិនមានជាប់ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍ដែលចេញដោយគណបក្សសង្រ្គោះជាតិនោះទេ។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមថា ការហាមឃាត់របស់ក្រសួងមហាផ្ទៃឲ្យបញ្ឈប់សកម្មភាពការងាររបស់បន្ទប់ស្ថានការណ៍ដែលមានបណ្តុំអង្គការសង្គមស៊ីវិលជាង៤០ ជាការបំបិទសិទ្ធិសេរីភាព ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងផ្ទុយពីមាត្រា២១ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
លោក យឿង សុធារ៉ា បញ្ជាក់ថា៖
«បើសិនជាមិនអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិលគាត់សហការគ្នាធ្វើការដើម្បីរួមចំណែកជាមួយនឹងកិច្ចការបោះឆ្នោត ការឃ្លាំមើល ការសង្កេតការណ៍បោះឆ្នោត ដែលច្បាប់ជាច្រើនបើកផ្លូវអនុញ្ញាតផ្តល់សិទ្ធិឲ្យសង្គមស៊ីវិល នោះខ្ញុំគិតថា វានឹងធ្វើឲ្យស្ថានភាពដំណើរការប្រជាធិបតេយ្យ លំហប្រជាធិបតេយ្យនៅស្រុកយើង កាន់តែរឹតត្បិតទៅ។ មានន័យថា ផ្លូវ ឬក៏លំហហ្នឹងវាកាន់តែតូចចង្អៀតទៅ»។
លិខិតព្រមានរបស់ក្រសួងមហាផ្ទៃធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាជាសាធារណៈឲ្យលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃពិនិត្យផ្លូវច្បាប់ដើម្បីចាត់វិធានការជាបន្ទាន់ចំពោះបន្ទប់ស្ថានការណ៍ ដោយលោកបានលើកឡើងថា «បន្ទប់ស្ថានការណ៍» អាចជាមូលដ្ឋានបញ្ជាឲ្យមានបដិវត្តន៍ពណ៌។
ការខឹងសម្បាររបស់លោក ហ៊ុន សែន កើតមានបន្ទាប់ពីការបោះឆ្នោតឃុំ-សង្កាត់បានប៉ុន្មានថ្ងៃ ហើយបន្ទប់ស្ថានការណ៍ បានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញពីបញ្ហាមួយចំនួនដែលបានកើតឡើងមុនថ្ងៃបោះឆ្នោត ដូចជាបរិយាកាសដែលមានការគាបសង្កត់ខាងនយោបាយ វិសមភាពហិរញ្ញវត្ថុឃោសនាបោះឆ្នោត និងការប្រើប្រាស់ធនធានរដ្ឋដែលខ្វះសមធម៌ និងតម្លាភាព ទីលានប្រជែងនយោបាយខ្វះសមភាព និងភាពចម្រូងចម្រាសនៃបទបញ្ញត្តិក្នុងក្របខណ្ឌច្បាប់បោះឆ្នោត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់គណបក្សនយោបាយជាដើម៕