រដ្ឋាភិបាលកម្ពុជាបានលក់ឥណទានកាបោនក្នុងទ្រង់ទ្រាយធំជាលើកទីដំបូងពីតំបន់អភិរក្សសត្វព្រៃកែវសីម៉ា ដល់ក្រុមហ៊ុនកំសាន្តអាមេរិកាំង Disney។ នេះបើតាមការប្រកាសឱ្យដឹងរបស់អង្គការអភិរក្សសត្វព្រៃ WCS កាលពីថ្ងៃសុក្រ។
ការលក់ឥណទានកាបោននេះ ត្រូវបានធ្វើឡើងលើទីផ្សារកាបោនស្ម័គ្រចិត្តដែលអនុញ្ញាតឱ្យក្រុមហ៊ុន អង្គការ និងបុគ្គលនានាចំណាយថវិកាលើសកម្មភាពមួយចំនួនដែលធ្វើឡើងដើម្បីកាត់បន្ថយជាតិកាបោន។
ទំហំនៃផ្ទៃដីរបស់តំបន់អភិរក្សសត្វព្រៃកែវសីម៉ា មានសរុបចំនួន២៩២.៦៩០ហិកតា។
សេចក្តីប្រកាសព័ត៌មាននេះមិនបញ្ជាក់ថា តើក្រុមហ៊ុន Disney នឹងបង់ប្រាក់ប៉ុន្មានដល់តំបន់អភិរក្សនេះទេ ដោយគ្រាន់តែបន្ថែមថា ៥០ភាគរយនៃប្រាក់ចំណូលពីការលក់សាធាតុកាបោននេះនឹងប្រើប្រាស់សម្រាប់ជាប្រយោជន៍ដល់សហគមន៍មូលដ្ឋានតាមរយៈការឧបត្ថម្ភដល់កម្មវិធីអភិវឌ្ឍន៍នានា ដែលពួកគេចង់បាន។ តំបន់នេះរងការគំរាមកំហែងពីការកាប់បំផ្លាញឈើដោយខុសច្បាប់ និងការរានដីកសិកម្មផងដែរ។
រីឯក្រុមហ៊ុន Disney នឹងប្រើប្រាស់ឥណទានកាបោនដើម្បីជាការបង្ហាញថា ខ្លួនបានចូលរួមកាត់បន្ថយការបញ្ចេញជាតិឧស្ម័នផ្ទះកញ្ចក់ដែលធ្វើឱ្យខូចស្រទាប់បរិស្ថាន៕