ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សីរិនថន (Princess Maha Chakri Sirindhorn) នៃប្រទេសថៃ បានយាងទៅសម្ពោធការដ្ឋានសាងសង់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ដែលក្នុងនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទៅចូលរួមដឹកនាំពិធីនៅព្រឹកថ្ងៃអង្គារផងដែរ។
ព្រះអង្គម្ចាស់ក្សត្រិយ៍ សីរិនថន បានយាងមកដល់កម្ពុជាកាលពីព្រឹកថ្ងៃច័ន្ទក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ។ ក្រោយពីបានមកដល់កម្ពុជាភ្លាម ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ បានយាងទៅកាន់ខេត្តរតនគិរី ដើម្បីសម្ពោធមណ្ឌលសុខភាពនិងក៏បានយាងទៅកាន់ខេត្តព្រៃវែង ត្បូងឃ្មុំ និងកំពង់ធំផងដែរ។
លោក ហ៊ុន សែន បានរំឭកថា គិតចាប់ពីឆ្នាំ១៩៩៣មកនេះ ព្រះអង្គម្ចាស់ក្សត្រិយ៍សីរិនថនបានយាងមកធ្វើទស្សនកិច្ចប្រទេសកម្ពុជាចំនួន១៣លើកហើយទាក់ទងនឹងវប្បធម៌ ហើយទស្សនកិច្ចនេះគឺមានគោលដៅជួយឧបត្ថម្ភដល់កម្ពុជា លើវិស័យអប់រំ និងសុខាភិបាល។ លោកហ៊ុន សែនបានរៀបរាប់ត្រួសៗអំពីទស្សនកិច្ចព្រះអង្គម្ចាស់ក្សត្រិយ៍សីរិនថន នៅកម្ពុជាដូចជា បានជួយសាងសង់ សាលាបណ្តុះបណ្តាលធនធានមនុស្ស នៅខេត្តកំពង់ធំ ហើយនៅថ្ងៃអង្គារនេះក៏បានយាងក្នុងពិធីបើកការដ្ឋានសាងសង់វិទ្យាស្ថានកំពង់ស្ពឺនេះជាដើម។ ចំណែកឯផ្នែកសុខាភិបាលវិញព្រះអង្គម្ចាស់ក្សត្រិយ៍សីរិនថនជួយក្នុងការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ នៅខេត្តភាគឦសាន រួមមាន ខេត្តរតនគិរី និងមណ្ឌលគិរី។
ព្រះអង្គម្ចាស់ក្សត្រិយ៍ក៏បានចូលគាស់ព្រះមហាក្សត្រនរោត្តម សីហមុនីផងដែរ៕