ក្រុមអ្នកចរចានៅទីក្រុងប៉ារីសបានឈានដល់កិច្ចព្រមព្រៀងថ្មីមួយក្នុងការកាត់បន្ថយការបំភាយឧស្ម័នសកលដើម្បីជៀសវាងពីផលប៉ះពាល់ដ៏មហន្តរាយខ្លាំងបំផុតកើតចេញពីការផ្លាស់ប្តូរអាកាសធាតុ។ ទោះបីកិច្ចព្រមព្រៀងនេះប្រព្រឹត្តឡើងដោយការស្ម័គ្រចិត្ត និងខកខាននៅក្នុងការដាក់កម្រិត២អង្សាសេខ្ពស់ជាងកម្រិតដែលមានពីមុនសម័យឧស្សាហកម្មដែលអ្នកវិទ្យាសាស្ត្រកំពុងអំពាវនាវឲ្យមាននោះ កិច្ចព្រមព្រៀងនេះក៏បានផ្តល់នូវផែនទីបង្ហាញផ្លូវមួយដើម្បីបង្កើនចំណាត់ការផ្សេងៗបន្ថែម ជាមួយនឹងការគាំទ្រពីវិនិយោគិនឯកជន។
អារម្មណ៍សប្បាយរីករាយបានកើតមាននៅក្រុងប៉ារីស បន្ទាប់ពីក្រុមអ្នកចរចាបានប្រកាសឲ្យដឹងពីលទ្ធផលនៃកិច្ចព្រមព្រៀងនេះ។
លោក Niklas Hohne អ្នកដឹកនាំវិទ្យាស្ថានអាកាសធាតុថ្មី (New Climate Institute) នៅទីក្រុងខឹឡូន (Cologne ) ប្រទេសអាល្លឺម៉ង់បាននិយាយតាមរយៈប្រព័ន្ធ Skype ថា វិទ្យាសាស្រ្តជាស្នូលនៃកិច្ចព្រមព្រៀងថ្មីនេះ។ លោកបាននិយាយថា ប្រទេសជាតិទាំងនោះបានសន្យាថា នឹងធ្វើការដើម្បីកម្រិតការបំភាយឧស្ម័នឲ្យនៅត្រឹម១,៥ អង្សាសេ។
«ពេលវេលាខ្លីខ្លាំងណាស់។ ការបំភាយឧស្ម័នត្រូវតែកាត់បន្ថយឲ្យនៅត្រឹមសូន្យឲ្យបានលឿនបំផុត។ និយាយជារួមគឺថា វាជាទីបញ្ចប់នៃសម័យឥន្ធនៈហ្វូស៊ីលហើយ»។
ក៏ប៉ុន្តែផែនការរបស់ប្រទេសជាច្រើនដែលបានដាក់ជូននៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីសនោះ មិនបានចូលរួមក្នុងការសម្រេចគោលដៅនោះទេ។ លោក Bob Deans គឺជានាយកផ្នែកចូលរួមយុទ្ធសាស្រ្តនៅក្នុងក្រុមប្រឹក្សាការពាធនធានធម្មជាតិ។ លោកនិយាយថា បទបញ្ញត្តិសំខាន់ពីរនៅក្នុងកិច្ចព្រមព្រៀងនេះបានជួយគាំទ្រដល់ការប្តេជ្ញាចិត្តកាន់តែច្រើននៅពេលខាងមុខ។
«ទីមួយគឺថា សន្ធិសញ្ញានេះតម្រូវឲ្យប្រជាជាតិទាំងអស់ធ្វើបញ្ជីសារពើភណ្ឌនៃការបំភាយឧស្ម័នពុលរបស់យើងទាំងអស់។ យើងមិនបានធ្វើបែបនេះទេពីមុនមក។ នៅពេលដែលអ្នកដឹងថា ការបំពុលដោយកាបូនចេញពីកន្លែងណានោះ អ្នកមានគោលជំហរប្រសើរជាងមុនក្នុងការដោះស្រាយរឿងនេះ។ ហើយទីពីរពួកគេត្រូវតែតាមដានមើលការបំភាយឧស្ម័នទាំងនេះ និងចែករំលែកព័ត៌មាននេះជាមួយពិភពលោក»។
បណ្តាប្រទេសទាំងនេះនឹងត្រឡប់មកជួបគ្នាវិញនៅរៀងរាល់ប្រាំឆ្នាំម្តងដើម្បីវាយតម្លៃអំពីអ្វីដែលពួកគេបានធ្វើ។ ក៏ប៉ុន្ដែ កិច្ចព្រមព្រៀងនេះគឺជាការស្ម័គ្រចិត្ត និងត្រូវបានបង្កើតឡើងដោយការជឿទុកចិត្តគ្នា។ ធ្យូងថ្ម ឧស្ម័ន និងប្រេងកាត មាន៨០ភាគរយនៃការប្រើប្រាស់ថាមពលរបស់ពិភពលោក។ លោក Jeff Holmstead គឺជាអ្នកវិភាគបរិស្ថានមួយរូបធ្វើការនៅក្រុមហ៊ុនច្បាប់មួយក្នុងទីក្រុងវ៉ាស៊ីនតោន ដែលមានឈ្មោះថា Bracewell និង Giuliani។ លោកបាននិយាយថា ថាមពលកើតឡើងវិញនៅតែមិនមែនជាការទំនុកបម្រុងពិតប្រាកដសម្រាប់ជំនួសប្រេងឥន្ធនៈហ្វូស៊ីលនៅក្នុងផ្នែកជាច្រើននៃពិភពលោកទេ។
«មានភាពចាំបាច់ណាស់ក្នុងការយកប្រជាជនចេញពីភាពក្រីក្រដើម្បីផ្តល់ឲ្យប្រជាជនទាំងនោះនូវគុណប្រយោជន៍ដូចៗគ្នាដែលយើងមាននៅក្នុងប្រទេសរបស់យើងសព្វថ្ងៃនេះ។ ហើយបើយើងរកផ្លូវធ្វើដូច្នោះឲ្យបាន ដោយមិនចាំបាច់មានការបង្កើនការបំភាយឧស្ម័នផ្ទះកញ្ចក់នោះ វាគឺជារឿងមួយលំបាកនឹងធ្វើខ្លាំងណាស់»។
លោក Holmstead និយាយថា តម្លៃកាបូននៅក្នុងឆាកអន្តរជាតិនឹងជួយកម្រិតការបំភាយឧស្ម័ននេះ។ លោក Bob Deans នៃក្រុមប្រឹក្សាការពារធនធានធម្មជាតិបាននិយាយផងដែរថា ការធ្វើដូច្នេះនឹងគាំទ្រដល់ជម្រើសថាមពលស្អាតពីស្ថាប័នហិរញ្ញវត្ថុ ទីក្រុង និងសាជីវកម្មឯកជនផងដែរ។
លោក Bom Deans និយាយថា៖ «យើងនឹងមានអ្វីមួយដូចជាទឹកប្រាក់ចំនួន ៥០លានលាន(ទ្រីលាន)ដុល្លារដែលនឹងត្រូវចំណាយដើម្បីវិនិយោគនៅក្នុងប្រព័ន្ធថាមពលសម្រាប់រយៈពីរទសវត្សរ៍ខាងមុខនេះ។ ហើយភាគច្រើននៃទឹកប្រាក់នេះ នឹងត្រូវបានប្រើសម្រាប់ថាមពលខ្យល់ និងថាមពលស្អាតពីពន្លឺព្រះអាទិត្យសម្រាប់ផ្គត់ផ្គង់ប្រព័ន្ធចែកចាយដល់ប្រជាជនដើម្បីរក្សាទុក។ ដូច្នេះ ប្រជាជនអាចប្រើប្រាស់វាដោយមានប្រសិទ្ធភាពបំផុតនៅពេលពួកគេត្រូវការវា»។
សហរដ្ឋអាមេរិក បារាំង និងប្រទេសចំនួន១៨ផ្សេងទៀត បានប្រកាសថា ពួកគេនឹងបង្កើនមូលនិធិឲ្យបានទ្វេដង សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីជំរុញទៅលើជម្រើសថាមពលស្អាត។ មានវិនិយោគិនឯកជន២៨នាក់ផ្សេងទៀត រួមទាំងសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ផង បានធ្វើការសន្យាស្រដៀងគ្នានេះដែរ។ បណ្តាប្រទេសទាំងនេះនឹងជួបប្រជុំគ្នានៅក្នុងខែមេសាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ៕
ប្រែសម្រួលដោយ ផន បុប្ផា