ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ទទួល​ចំណាត់​ថ្នាក់​ទាប​ខាង​ចំណាយ​លើ​វិស័យ​អប់រំ


ក្មេង​សិស្ស​ស្រី​កំពុង​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា​កេសរារាម​ ក្រុង​សៀមរាប កាល​ពី​​ព្រឹក​ថ្ងៃសុក្រ ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា​/VOA)
ក្មេង​សិស្ស​ស្រី​កំពុង​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា​កេសរារាម​ ក្រុង​សៀមរាប កាល​ពី​​ព្រឹក​ថ្ងៃសុក្រ ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា​/VOA)

ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ទាប​ក្នុង​ការបង្កើន​មូលធនធនធាន​មនុស្ស​ដោយសារ​កម្រិត​នៃ​ការ​ចំណាយ​លើ​វិស័យអប់រំ​ និង​បណ្តុះបណ្តាល​នៅ​មានកម្រិត​ទាប​ បើ​ធៀប​ទៅ​នឹង​ប្រទេស​ដែល​រីកចម្រើន​ក្នុង​តំបន់​។

កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់លេខ​៩៧​ក្នុង​ចំណោម​ប្រទេស​១២៤​នៅ​លើ​ពិភពលោក។​ ​ នេះ​បើ​យោង​តាមរបាយការណ៍​ស្តី​ពី​មូលធន​ធនធាន​មនុស្ស​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៣​ខែ​ឧសភា​កន្លង​ទៅ​នេះដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (World Economic Forum)។​

នៅ​ក្នុង​របាយការណ៍​ដែល​ធ្វើការ​វិភាគ​លម្អិត​ទៅលើ​ប្រទេស​ទាំង​១២៤​នេះ​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​បាន​ចំណាយ​ត្រឹមតែ​ ២,៦០​ភាគរយ​នៃ​ទំហំ​ផលិតផល​សរុបក្នុង​ស្រុក​ដើម្បី​បង្កើន​មូលធនធនធាន​មនុស្ស​ គឺ​ទាប​ជាង​ប្រទេស​ឡាវ ​ដែល​បាន​ចំណាយ២,៧៧ភាគរយ​នៃ​ផលិតផល​សរុបក្នុងស្រុក​របស់​ខ្លួន ប៉ុន្តែ​ខ្ពស់​ ជាង​ប្រទេស​មីយ៉ាន់ម៉ា (ភូមា) ដែល​បាន​ចំណាយ​តិច​បំផុតគឺ​០.៧៩​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក​ដើម្បីបង្កើន​មូលធន​ធនធាន​មនុស្ស។​

ប្រទេស​ថៃ​និង​ប្រទេស​វៀតណាម​បាន​ចំណាយ​ខ្ពស់​ជាង​លើ​ការ​បង្កើន​មូលធន​ធនធាន​មនុស្ស គឺ​ប្រទេស​ថៃ​បាន​ចំណាយ៧,៥៧​ភាគរយ​នៃ​ផលិតផល​សរុបក្នុងស្រុក​របស់​ខ្លួន ​ហើយ​ប្រទេស​វៀតណាម​បាន​ចំណាយ​៦,២៩ភាគរយ​។ ​

ការ​វាស់ស្ទង់​កម្រិត​នៃ​មូលធន​ធនធាន​មនុស្ស​នេះ គឺ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ផ្តោត​ទៅលើ​ចំនួន​នៃ​អ្នកទទួល​បាន​ការអប់រំ​ចាប់​ពី​កម្រិត​បឋមសិក្សា​ដល់​មហាវិទ្យាល័យ​ ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​និង​ចំនួន​នៃ​អ្នកទទួល​បាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​និមួយៗ​។​

របាយ​ការណ៍​បាន​បញ្ជាក់​ថា៖ «សមត្ថភាព​ក្នុង​ការ​បង្កើន​បរិមាណ​មូលធន​ធន​ធាន​មនុស្ស​ និង​ការ​កំណត់​គោលដៅ​ដើម្បី​កំណើន​ គឺរឹតតែ​សំខាន់​ឡើង​សម្រាប់​ថ្ងៃនេះ​ ខណៈ​ពេល​ដែល​កម្លាំង​បច្ចេកវិទ្យា ​ភូមិសាស្រ្ត​នយោបាយ​ ប្រជាសាស្រ្ត​ និង​សេដ្ឋកិច្ច​ បាន​ធ្វើ​ឲ្យ​មានការប្រែប្រួល​រូបរាង​យ៉ាង​ខ្លាំង​នៃទី​ផ្សារ​ការងារ»។​

​លោក ​ហង់ ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​បដិសេធ​ចោល​ការ​រក​ឃើញ​នេះ​ដោយ​លោក​មាន​ប្រសាសន៍​ប្រាប់​ VOA ​ថា ថវិកា​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​គឺ​មាន​ការកើន​ឡើង​ជា​បន្តបន្ទាប់។​ បើ​គិត​ពី​ឆ្នាំ​២០១៤​ គឺ​ក្រសួង​ទទួល​បាន​ចំនួន​១៦ភាគរយ​នៃ​ថិវកា​ជាតិ​ និង​ ១៧,១​ភាគ​រយ​សម្រាប់ឆ្នាំ​២០១៥​ ហើយ​លោក​រំពឹង​ថា ​ថវិកា​នេះនឹង​កើន​ដល់​១៨​ភាគរយ​ក្នុង​ឆ្នាំ​២០១៦​ សម្រាប់​ការ​បន្ត​កំណែ​ទម្រង់​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា។

លោក​បន្ថែម​ថា៖ «យើង​នឹង​ខំ​២០១៦​នេះ បាន​ឡើង១៧កន្លះ​ ឬ​មួយ​ហើយអាច​ថា១៨​អាច​ឡើង​ដល់​១៨​ ដល់​១៨កន្លះជា​ដើម»។

លោក​រដ្ឋមន្រ្តីពន្យល់​ថា​ពលរដ្ឋ​កម្ពុជាបាន​ទទួល​ការ​អប់រំ​ច្រើន​ ក្រោយ​ពី​បាន​ងើប​រួច​ផុត​ពី​សង្គ្រាម​រយៈពេល​៣០​ឆ្នាំ​មកនេះ។​

លោក​បន្ថែម​ថា៖ ​«បើ​យើង​ប្រៀប​ធៀប​ប្រទេស​ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ដូច​យើង​ គឺ​កម្ពុជា​នឹង​មាន​ការ​ទទួល​ស្គាល់​ថា​ បាន​ទទួល​ជោគជ័យ​ ដោយសារ​តែ​យើង​បាន​កុមារ​ចុះឈ្មោះ​ចូលរៀន​ ដែល​បាន​ចុះឈ្មោះ​ចូលរៀន​ហ្នឹង​៩៨ភាគរយ​ជិត១០០​ភាគរយ​ហើយ​សម្រាប់​បឋម​សិក្សា។ គ្រាន់​តែ​ថាបញ្ហា​របស់​យើង​គឺ​នៅ​គុណភាព ​ដល់​អញ្ចឹង​យើង​នឹង​ខំ​បន្ត​ទៀត»។

លោកស្រី​ អ៊ុក ឆាយាវី​ ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​កម្ពុជា​គួរតែ​ទទួល​បាន​ចំណាត់​ថ្នាក់​ទាប​ជាង​នេះ ​ពីព្រោះ​គម្លាតនៃ​អ្នក​ទទួល​បាន​ការអប់រំ​បណ្តុះបណ្តាល​មាន​ភាព​ខុស​ឆ្ងាយ​ពី​គ្នា​រវាង​កូន​អ្នកមាន​និង​កូន​អ្នក​ក្រ។​

លោកស្រី​និយាយ​ថា៖​ «​ទៅ​រៀន​មហា​វិទ្យាល័យ​មាន​តែ​កូន​អ្នកមាន​ជីវភាព​ធូរធារ​ទេ​ដែល​គាត់​ទៅ​រៀន​ដល់​មហាវិទ្យាល័យ​ ហើយ​ដល់​កូនអ្នក​ក្រីក្រ​គឺគ្មាន​ពេល​វេលា​ឯណា​ក្នុង​ការ​ទៅ​រៀន។​ គាត់​អត់​មាន​លុយកាក់​ក្នុង​ការ​ទៅ​ស្នាក់​នៅ​នៅ​ទី​ក្រុង​ ស្រុក​ណាដែល​មាន​ដូច​ថា​ មាន​មហា​វិទ្យាល័យ​ធំៗ»។

នៅ​ក្នុង​របាយការណ៍​ដដែល​នោះ​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​សិង្ហបុរី​ បាន​ចំណាត់​ល្អ​ជាង​គេ​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ គឺ​ឈរ​នៅ​លេខរៀង​ ២៤៕

XS
SM
MD
LG