ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍​ការ​អប់រំ៖ វិធានការ​ដោះស្រាយ​ការ​បោះបង់​ចោល​ការ​សិក្សា​របស់​សិស្ស


ក្មេង​សិស្ស​ស្រី​កំពុង​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា​កេសរារាម​ ក្រុង​សៀមរាប កាល​ពី​​ព្រឹក​ថ្ងៃសុក្រ ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា​/VOA)
ក្មេង​សិស្ស​ស្រី​កំពុង​សិក្សា​នៅ​ក្នុង​សាលា​បឋម​សិក្សា​កេសរារាម​ ក្រុង​សៀមរាប កាល​ពី​​ព្រឹក​ថ្ងៃសុក្រ ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា​/VOA)

កំណត់​និពន្ធ៖ បញ្ហា​បោះបង់​ចោល​ការ​សិក្សា​របស់​សិស្ស​នៅ​កម្ពុជា​នៅ​តែ​ជា​បញ្ហា​ចម្បង ខណៈ​ដែល​កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស និង​កម្លាំង​ពលកម្ម​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ខ្លួន។ ការ​ស្រាវជ្រាវ​របស់ USAID បង្ហាញ​ថា សិស្ស​បោះបង់​ការ​សិក្សា​ក្នុង​កម្រិត​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ​មាន​អត្រា​ខ្ពស់ ជាពិសេស​គឺ​ក្នុង​ចំណោម​សិស្ស​ស្រី។ វិធាន​ការ​ទប់​ស្កាត់​ការ​បោះបង់​ការ​សិក្សា​របស់​សិស្ស​ទាម​ទារ​ឲ្យ​មាន​ការ​ចូលរួម​ទាំង​ពី​សំណាក់​មាតាបិតា​សិស្ស គ្រូបង្រៀន និង​រាជរដ្ឋាភិបាល។

ពី​រដ្ឋធានី​វ៉ាស៊ីនតោន នាង ទែន សុខស្រីនិត នៃ​VOA​បាន​សន្ទនា​ជាមួយ​នឹង​លោក ជា កុសល ប្រធាន​សម្រប​សម្រួលប្រចាំ​ប្រទេសកម្ពុជានៃ​កម្មវិធី​សាកល្បង​ទប់​ស្កាត់​ការ​បោះបង់​ការ​សិក្សា​ (School Dropout Prevention Pilot Program)នៃ​អង្គការ​ខេប (KAPE) អំពី​វិធានការ​ទាំង​អស់​នេះ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖ សូម​ជម្រាប​សួរ លោក ជា កុសល។

លោក ជា កុសល៖ បាទ សូម​ជម្រាប​សួរ។

VOA៖ ក្នុង​ឱកាស​នេះ យើង​នឹង​ពិភាក្សា​អំពី​វិធាន​ការ​ទប់​ស្កាត់​ការ​បោះបង់​ចោល​ការ​សិក្សា​របស់​សិស្ស​នៅ​កម្ពុជា។ ជា​កិច្ច​ចាប់​ផ្តើម នាង​ខ្ញុំ​ចង់​ដឹង​ថា តើ​បើ​ប្រៀប​ធៀប​នឹង១០ឆ្នាំ​មុន តើ​អត្រា​សិស្ស​បោះ​បង់​ចោល​ការ​សិក្សា​របស់​សិស្ស​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ស្ថានភាព​យ៉ាង​ដូច​ម្តេច​ដែរ?

លោក ជា កុសល៖ បាទ បើ​សិន​ជា​យើង​មើល​ទៅ​លើ​ទិន្នន័យ​របស់​ក្រសួង​អប់រំ មក​ដល់​ពេល​នេះ​គឺ​សិស្ស​បោះបង់​ការ​សិក្សា​នៅ​ថ្នាក់​បឋម​សិក្សា​មាន​ប្រហែល​ជា​៨ភាគរយ។ ដោយ​ឡែក​សិស្ស​ដែល​បោះបង់​ការ​សិក្សា​នៅ​មធ្យម​សិក្សា ដែល​យើង​ហៅ​ថា​អនុវិទ្យាល័យ​មាន​ប្រមាណ​១៩ភាគរយ​ជាង ហើយ​និង​ថ្នាក់​វិទ្យាល័យ​គឺ​ប្រហែល​ជា​១២ភាគរយ។

VOA៖ តាម​ការ​លើក​ឡើង​របស់​លោក​មុន​នេះ នៅ​ក្នុង​មធ្យម​សិក្សា ឬ​ថ្នាក់​អនុវិទ្យាល័យ អត្រា​នៃ​ការ​បោះបង់​ការ​សិក្សា​របស់​សិស្ស​មាន​ច្រើន​ជាង​កម្រិត​បឋម​សិក្សា និង​វិទ្យាល័យ។ តើ​មូលហេតុ​អ្វី​បាន​ជា​ជំរុញ​ឲ្យ​មាន​ការ​បោះបង់​ការ​សិក្សា​របស់​សិស្ស​នៅ​ក្នុង​កម្រិត​មធ្យម​សិក្សា​នេះ?

លោក ជា កុសល៖ បាទ ក្នុង​នោះ​មាន​កត្តា​ធំៗ​ជា​ច្រើន ហើយ​ខ្ញុំ​សូម​លើក​យក​កត្តា​ដែល​ចម្បងៗ។ កត្តា​ធំ​ទី១​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ ដោយ​សារ​តែ​ឪពុក​ម្តាយ​ក្រីក្រ ហើយ​កូន​របស់​គាត់​ដែល​រៀន​នៅ​អនុវិទ្យាល័យ​ធំ​ដែរ នោះ​គាត់​អាច​ចូលរួម​ជួយ​ការងារ​ផ្សេងៗ ដើម្បី​រក​ប្រាក់​ចំណូល។ ក្នុង​នោះ យើង​មើល​ទៅ​ឃើញ​ថា សិស្ស​ភាគ​ច្រើន ដែល​គាត់​ឈប់​នោះ​គឺ​គាត់​មិន​ឈប់​ទៅ​ណា​ទេ គឺ​គាត់​ឈប់​ដើម្បី​ទៅ​រក​ចំណូល​ជួយ​គ្រួសារ។ ហើយ​បញ្ហា​ធំ​មួយ​ទៀត​នោះ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​អវត្តមាន។ ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​ជីវភាព​ក្រីក្រ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​ត្រូវការ​កូន ដើម្បី​ទៅ​ជួយ​ធ្វើការ។ វា​បណ្តាល​ឲ្យ​គាត់​មាន​អវត្តមាន​ច្រើន។ កាល​ណា​អវត្តមាន​ច្រើន សិស្ស​ចាប់​ផ្តើម​ខ្លាច​សាលា។ ហើយ​វា​អាច​ឈាន​ទៅ​ដល់​ការ​បោះបង់។ ហើយ​បញ្ហា​ចម្បង​មួយ​ទៀត​ដែរ​នោះ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រៀន​ខ្សោយ។ បញ្ហា​នេះ​គឺ​វា​ពាក់ព័ន្ធ​គ្នា​ទាំង​អស់។ កាល​ណា​គាត់​មាន​អវត្តមាន​ច្រើន វា​ធ្វើ​ឲ្យ​គាត់​រៀន​ខ្សោយ។ កាល​ណា​គាត់​រៀន​ខ្សោយ ជា​ធម្មតា​គាត់​មិន​សូវ​ចង់​មក​សាលារៀន​ទេ ពីព្រោះ​កាល​ណា​គ្រូ​ដាក់​កិច្ចការ​ឲ្យ​ធ្វើ ហើយ​ធ្វើ​មិន​កើត នោះ​គាត់​ចាប់​ផ្តើម​ខ្លាច​សាលា។ ហើយ​បញ្ហា​មួយ​ទៀត ដែល​យើង​មក​ឃើញ​ដែល​នោះ គឺ​ពាក់ព័ន្ធ​នឹង​អាយុ។ សម្រាប់​កុមារ​ខ្លះ គាត់​ចាប់​ផ្តើម​ការ​សិក្សា​នៅ​ពេល​ដែល​គាត់​មាន​អាយុ​រាង​ច្រើន​ដែរ​ហើយ។ បើ​គាត់​មក​ដល់​អនុវិទ្យាល័យ ហើយ​បើ​ប្រៀប​ធៀប​នឹង​កម្រិត​ថ្នាក់​របស់​គាត់ ដែល​គាត់​កំពុង​រៀន ជាមួយ​នឹង​អាយុ​របស់​គាត់ នោះ​គាត់​មាន​អាយុ​ច្រើន។ នេះ​គឺ​ជា​កត្តា​មួយ​ដែរ ដែល​សិស្ស​បោះបង់​ការ​សិក្សា។

VOA៖ នាង​ខ្ញុំ​ចង់​ងាក​មក​ពិភាក្សា​លើ​បញ្ហា​យេនឌ័រ​វិញ​ម្តង។ តើ​រវាង​សិស្ស​ស្រី និង​សិស្ស​ប្រុស តើ​សិស្ស​មួយ​ណា​ដែល​ងាយ​នឹង​បោះបង់​ចោល​ការ​សិក្សា​នៅ​ក្នុង​កម្រិត​អនុវិទ្យាល័យ​នេះ។

សិស្ស​ស្រី​នៅ​វិទ្យាល័យ​ហ៊ុន សែន​ប្រាសាទ​បាគង ដែល​លោកស្រី Michelle Obama បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០១៥ ក្នុង​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា។ (ផន បុប្ផា/VOA)
សិស្ស​ស្រី​នៅ​វិទ្យាល័យ​ហ៊ុន សែន​ប្រាសាទ​បាគង ដែល​លោកស្រី Michelle Obama បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០១៥ ក្នុង​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា។ (ផន បុប្ផា/VOA)

លោក ជា កុសល៖ ខ្ញុំ​សូម​និយាយ​ជា​រួម​ទាក់​ទង​នឹង​បញ្ហា​សិស្ស​ស្រី និង​សិស្ស​ប្រុស តើ​សិស្ស​ក្រុម​ណា​បាន​បោះបង់​ការ​សិក្សា​ច្រើន​ជាង។ បើ​យើង​មើល​នៅ​ក្នុង​កម្រិត​បឋម​សិក្សា ហើយ​និង​អនុវិទ្យាល័យ បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ដែល​បាន​ចេញ​កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​យើង​អាច​សន្មត់​ថា​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា គឺ​ថា​មិន​មាន​សិស្ស​ណា​បោះបង់​ការ​សិក្សា​ច្រើន​ជាង​សិស្ស​ណា​នោះ​ទេ។ ប៉ុន្តែ នៅ​ពេល​យើង​សម្លឹង​មើល​មក​ថ្នាក់​វិទ្យាល័យ យើង​ឃើញ​ថា សិស្ស​ស្រី​បោះ​បង់​ការ​សិក្សា​ច្រើន​ជាង។ ហើយ​បើ​យើង​សម្លឹង​មើល​ដល់​ថ្នាក់​មហាវិទ្យាល័យ បើ​ប្រៀប​ធៀប​សិស្ស​ស្រី និង​សិស្ស​ប្រុស សិស្ស​ស្រី​មាន​ចំនួន​កាន់​តែ​តិច​ជាង។

VOA៖ តើ​មូល​ហេតុ​អ្វី​បាន​ជា​សិស្ស​ស្រី​មាន​ទំនោរ​បោះបង់​ចោល​ការ​សិក្សា​ច្រើន​ជាង​សិស្ស​ប្រុស?

លោក ជា កុសល៖ ដូច​ដែល​ខ្ញុំ​បាន​លើក​ពី​មុន ធម្មតា​វា​ពាក់​ព័ន្ធ​នឹង​បញ្ហា​ជីវភាព ហើយ​នេះ​ជា​វប្បធម៌​របស់​ខ្មែរ ដែល​ប្រជាជន​តែង​តែ​គិត​ថា កូន​ប្រុស​អាច​ដើរ​បាន​វែង​ឆ្ងាយ​ជាង អាច​ធ្វើ​កិច្ចការ​ធំ​បាន​ជាង​កូន​ស្រី។ ដូច្នេះ បើ​សិន​ជា​ពួក​គាត់​ត្រូវ​ជ្រើស​រើស​ក្នុង​ចំណោម​កូន​គាត់​ពីរ​នាក់ ហើយ​គាត់​មាន​ធនធាន​តែ​មួយ​ទេ ដែល​អាច​ឧបត្ថម្ភ​ឲ្យ​កូន​ម្នាក់​ទៅ​រៀន​នៅ​មហាវិទ្យាល័យ។ គាត់​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត ថា​តើ​កូន​ប្រុស ឬ​កូន​ស្រី​ដែល​គួរ​តែ​ទៅ​រៀន​នៅ​វិទ្យាល័យ។ ហើយ​បើ​យោង​តាម​អ្វី​ដែល​គាត់​ធ្លាប់​យល់​ឃើញ​ពី​មុន​មក នោះ​គាត់​ប្រាកដ​ជា​សម្រេច​ចិត្ត​ថា កូន​ប្រុស​គួរ​តែ​ទៅ​រៀន​នៅ​ថ្នាក់​វិទ្យាល័យ និង​មហាវិទ្យាល័យ។ ដោយ​ឡែក សម្រាប់​កូន​ស្រី ពួក​គាត់​យល់​ថា រៀន​ដល់​ថ្នាក់​ប៉ុណ្ណឹង​បាន​ហើយ។ នេះ​គឺជា​បញ្ហា​មួយ ដែល​សង្គម​យើង​កំពុង​ជួប​ប្រទះ។

VOA៖ តាម​រយៈ​គម្រោង​វិធានការ​ទប់​ស្កាត់​សិស្ស​បោះបង់​ការ​សិក្សា​របស់​អង្គការ KAPE របស់​លោក តើ​អ្វី​ខ្លះ​ដែល​ជា​គន្លឹះ​ដើម្បី​ជួយ​ឲ្យ​សិស្ស​ស្រី​បាន​ចូល​រៀន​នៅ​ក្នុង​ចំនួន​ប្រហាក់​ប្រហែល​គ្នា​នឹង​ចំនួន​សិស្ស​ប្រុស​នៅ​កម្ពុជា​យើង?

លោក ជា កុសល៖ ខ្ញុំ​គិត​ថា យើង​ត្រូវ​ធ្វើការ​រួម​គ្នា ដើម្បី​ទប់​ស្កាត់​សិស្ស​មិន​ឲ្យ​បោះបង់​ការ​សិក្សា​ទាំង​សិស្ស​ស្រី និង​សិស្ស​ប្រុស។ ខ្ញុំ​គិត​ថា នៅ​ថ្នាក់​សាលារៀន លោកគ្រូ​អ្នកគ្រូ​ត្រូវ​តាម​ដាន​ការ​សិក្សា​របស់​សិស្ស​ឲ្យ​បាន​ដិតដល់ ពិនិត្យ​មើល​បញ្ហា​អវត្តមាន​របស់​សិស្ស ជាពិសេស​សិស្ស​ស្រី ថា​តើ​ពួក​គាត់​បាន​ឈប់​ប៉ុន្មាន​ថ្ងៃ​ហើយ។ ហើយ​ត្រូវ​ជួយ ប្រសិន​បើ​ជា​សិស្ស​រៀន​ខ្សោយ លោកគ្រូ​អ្នកគ្រូ​ត្រូវ​តែ​ជួយ​បង្រៀន​បន្ថែម ដូច​ជា​បង្រៀន​បន្ថែម​ម៉ោង ដើម្បី​ឲ្យ​សិស្ស​អវត្តមាន​ច្រើន​អាច​រៀន​តាម​ទាន់​សិស្ស​ដទៃ​ទៀត។ ជាពិសេស គឺ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​នឹង​មាតាបិតា​របស់​សិស្ស បើ​សិន​ជា​ក្នុង​ករណី​ថា សិស្ស​អវត្តមាន​ច្រើន លោកគ្រូ​អ្នកគ្រូ​ត្រូវ​តែ​ធ្វើ​ទំនាក់​ទំនង​ទៅ​មាតាបិតា​របស់​សិស្ស ដើម្បី​ធ្វើ​យ៉ាង​ណា​ពិភាក្សា​ថា តើ​រក​វិធី​សាស្ត្រ​យ៉ាង​ដូច​ម្តេច ដើម្បី​ឲ្យ​សិស្ស​បាន​ត្រឡប់​មក​សាលារៀន​វិញ។ ហើយ​ចំពោះ​មាតាបិតា​វិញ ពួក​គាត់​មាន​ភារកិច្ច​សំខាន់។ មិនមែន​មាន​ន័យ​ថា ឲ្យ​តែ​កូន​គាត់​មក​ដល់​សាលា នោះ​គាត់​ចប់​តួនាទី​របស់​គាត់​នោះ​ទេ។ តួនាទី​របស់​ពួក​គាត់​គឺ​សំខាន់​ណាស់ ពីព្រោះ​ថា​សិស្ស​មក​សាលា​តែ​រយៈពេល​៤ម៉ោង​ប៉ុណ្ណោះ តែ​សិស្ស​ចំណាយ​ពេល​នៅ​ផ្ទះ​ច្រើន​ជាង​នៅ​សាលារៀន។ ដូច្នេះ តួនាទី​របស់​មាតាបិតា​គឺ​សំខាន់​ណាស់។ អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​នោះ​គឺ​ថា មាតាបិតា​ត្រូវ​តែ​ជំរុញ និង​តាម​ដាន​ការ​សិក្សា​របស់​កូន​គាត់។ បើ​មាន​ពេល ត្រូវ​ពិនិត្យ​មើល​ការ​សិក្សា​របស់​កូន​គាត់​ផង។ ហើយ​ត្រូវ​ផ្តល់​ពេល​វេលា​គ្រប់​គ្រាន់​ឲ្យ​កូន​របស់​ពួក​គាត់​បាន​រៀន។ កុំ​យក​ពេល​វេលា​របស់​កូន​ទៅ​ប្រើប្រាស់ និង​ជួយ​កិច្ចការ​ផ្សេងៗ​នោះ​ច្រើន​ពេក។ មិន​មែន​មាន​ន័យ​ថា​មិន​ជួយ​ទេ។ ឲ្យ​គាត់​ជួយ ប៉ុន្តែ ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​កូន​របស់​ពួក​គាត់​មាន​ពេល​គ្រប់​គ្រាន់ ដើម្បី​គាត់​អាច​ធ្វើ​កិច្ចការ​សាលា​របស់​គាត់​ឲ្យ​បាន​ត្រឹម​ត្រូវ។ បើ​មិន​ដូច្នោះ​ទេ វា​អាច​បណ្តាល​ឲ្យ​សិស្ស​រៀន​ខ្សោយ។

ក្មេង​ស្រី​សិស្ស​សាលា​២​នាក់​ ឈរ​នៅ​មុខ​ថ្នាក់​ក្នុង​សាលា​បឋម​សិក្សា​មួយ​ ក្នុង​ស្រុក​ពេជ្រាដា ខេត្តមណ្ឌល​គិរី​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៥។ ខេត្ត​មណ្ឌល​គិរី​គឺ​ជា​ខេត្ត​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​ ប៉ុន្តែ​មាន​ប្រជាជន​តិច​ជាង​គេ​ ហើយ​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​ព្នង។​ (នូវ​ ពៅ​លក្ខិណា​/VOA)
ក្មេង​ស្រី​សិស្ស​សាលា​២​នាក់​ ឈរ​នៅ​មុខ​ថ្នាក់​ក្នុង​សាលា​បឋម​សិក្សា​មួយ​ ក្នុង​ស្រុក​ពេជ្រាដា ខេត្តមណ្ឌល​គិរី​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៥។ ខេត្ត​មណ្ឌល​គិរី​គឺ​ជា​ខេត្ត​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​ ប៉ុន្តែ​មាន​ប្រជាជន​តិច​ជាង​គេ​ ហើយ​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​ព្នង។​ (នូវ​ ពៅ​លក្ខិណា​/VOA)

កាល​ណា​គាត់​រៀន​ខ្សោយ នោះ​វា​ជា​បញ្ហា​ប្រឈម​ដល់​ការ​បោះបង់​ការ​សិក្សា​របស់​សិស្ស។ ចំណុច​មួយ​ទៀត ដែល​ខ្ញុំ​មើល​ឃើញ​នោះ គឺ​ពាក់ព័ន្ធ​នឹង​ថ្នាក់​ជាតិ គឺ​ការ​បណ្តុះ​បណ្តាល​បន្ថែម​ដល់​លោក​គ្រូ​អ្នក​គ្រូ​អំពី​វិធីសាស្ត្រ​ថ្មីៗ ដែល​ធ្វើ​ឲ្យ​ការ​បង្រៀន​មាន​បរិយាកាស​មួយ ដែល​ច្នៃ​ប្រឌិត និង​មាន​ភាព​សប្បាយ​រីករាយ​ដល់​សិស្ស ដើម្បី​ឲ្យ​សិស្ស​ចង់​រៀន ពីព្រោះ​ថា​កាល​ណា​គ្រូ​មាន​វិធីសាស្ត្រ​ល្អ នោះ​សិស្ស​ចង់​រៀន។ ហើយ​បញ្ហា​ធំ​មួយ​ទៀត​ដែល​ខ្ញុំ​ចង់​ផ្តល់​ជា​យោបល់​នៅ​ក្នុង​ចំណុច​នេះ គឺ​ថា​ប្រហែល​ជា​យើង​ត្រូវ​ធ្វើ​កែ​សម្រួល​កម្មវិធី​សិក្សា ជាពិសេស​នៅ​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ ដោយ​ផ្តោត​ទៅ​លើ​តម្រូវ​ការ​ជំនាញ​ជាក់​ស្តែង​របស់​សិស្ស។ ឧទាហរណ៍​ថា សិស្ស​អនុវិទ្យាល័យ និង​សិស្ស​វិទ្យាល័យ គាត់​ត្រូវ​ការ​រៀន​ជំនាញ ដែល​ជា​តម្រូវការ​ចាំ​បាច់​សម្រាប់​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ពីព្រោះ​កាល​ណា​គាត់​មើល​ឃើញ​ថា បើ​សិន​ជា​គាត់​បន្ត​ការ​សិក្សា​ឲ្យ​ចប់​ថ្នាក់​អនុវិទ្យាល័យ ឬ​ថ្នាក់​វិទ្យាល័យ គាត់​នឹង​ទទួល​បាន​ជំនាញ។ ហើយ​ពេល​ដែល​គាត់​រៀន​ចប់ គាត់​អាច​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ទីផ្សារ​ការងារ​បាន។ ខ្ញុំ​គិត​ថា នេះ​គឺជា​កត្តា​ជំរុញ​មួយ ដែល​ធ្វើ​ឲ្យ​សិស្ស​មិន​ងាយ​បោះបង់​ការ​សិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ ឬ​វិទ្យាល័យ​ទេ។

VOA៖ នាង​ខ្ញុំ​សូម​អរគុណ​ច្រើន​លោក ជា កុសល ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​នឹង VOA នៅ​ថ្ងៃ​នេះ។

លោក ជា កុសល៖ បាទ សូម​អរគុណ​ច្រើន៕

XS
SM
MD
LG