កំណត់និពន្ធ៖ ការសិក្សាស្រាវជ្រាវទ្រង់ទ្រាយតូចមួយបានរកឃើញថា ការចូលរួមរបស់និស្សិតស្រីក្នុងសកម្មភាពសិក្សាថ្នាក់មហាវិទ្យាល័យមានភាពសកម្មជាងការចូលរួមរបស់និស្សិតប្រុស។ បនែ្ថមលើនេះ និស្សិតមិនសូវស្វែងរកពេលវេលាដើម្បីប្រឹក្សាជាមួយនឹងសាស្ត្រាចារ្យក្រៅថ្នាក់រៀនប៉ុន្មានទេ ដោយសារការខ្វះនូវកម្មវិធីជួបពិភាក្សារវាងសាស្ត្រាចារ្យ និងនិស្សិត។ បើយោងតាម អ្នកនាង ប៉ិល ដាឡែន ឲ្យដឹងថា ការប្រឹក្សាយោបល់ក្រៅថ្នាក់រៀននេះមានសារៈសំខាន់យ៉ាងខ្លាំងដល់ការសិក្សារបស់និស្សិត។ ពីរដ្ឋធានីវ៉ាស៊ីនតោន នាង ទែន សុខស្រីនិត នៃ VOA បានសន្ទនាជាមួយនឹងអ្នកនាង ប៉ិល ដាឡែន ជុំវិញការសិក្សាស្រាវជ្រាវរបស់អ្នកនាង ដែលជាផ្នែកមួយនៃគម្រោងបញ្ចប់ថ្នាក់អនុបណ្ឌិតរបស់អ្នកនាងនៅសាកលវិទ្យាល័យ Columbia តាមរយៈគម្រោងអាហារូបករណ៍ Fulbright។
VOA៖ ជាកិច្ចចាប់ផ្តើមនាងខ្ញុំសូមអញ្ជើញ ដាឡែន ណែនាំខ្លួនជូនលោកអ្នកស្តាប់។
អ្នកនាង ប៉ិល ដាឡែន៖ នាងខ្ញុំឈ្មោះ ប៉ិល ដាឡែន បច្ចុប្បន្នជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែក International Educational Development នៅ Teacher College របស់សាកលវិទ្យាល័យ Columbia នៅទីក្រុងញូយ៉ក។
VOA៖ តើការសិក្សានៅសហរដ្ឋអាមេរិកមានការលំបាក និងមានលក្ខណៈខុសគ្នាពីការសិក្សានៅប្រទេសកម្ពុជាយើងយ៉ាងដូចម្តេចដែរ?
អ្នកនាង ប៉ិល ដាឡែន៖ ការលំបាកទីមួយ គឺខាងផ្នែកភាសា។ ភាសាគឺលំបាកសម្រាប់យើងក្នុងការអាន។ បើសិនជាគាត់ជាជនជាតិអាមេរិក ពួកគាត់អានឯកសារតែម្តងគឺគាត់អាចយល់ន័យបាន។ ប៉ុន្តែ សម្រាប់យើងជាជនជាតិខ្មែរវិញ នៅពេលដែលយើងអានម្តង ជួនកាលយើងមិនអាចយល់អ្វីដែលមាននៅក្នុងអត្ថបទនោះបានទេ។ ដូច្នេះ យើងត្រូវអានរហូតដល់ទៅពីរ ឬបីដង។ យើងត្រូវការចំណាយពេលវេលាច្រើនមែនទែនដើម្បីការអាន ដើម្បីយល់ឯកសារឲ្យបានច្បាស់លាស់។ ហើយមួយទៀតនោះគឺថា នៅទីនេះវាខុសប្លែកពីនៅប្រទេសកម្ពុជាយើង ត្រង់ថា រាល់ពេលដែលយើងអានឯកសារ ឬក៏ធ្វើការសរសេរលើអត្ថបទអ្វីមួយ គេត្រូវការឲ្យយើងវិភាគ។ គឺមិនមែនអានហើយ ចងចាំអ្វីដែលយើងអាននោះទេ។ ដូច្នេះ រាល់ពេលយើងត្រូវវិភាគថា តើអត្ថបទនេះមានចំណុចល្អត្រង់ណា ឬក៏ចំណុចខ្វះខាតត្រង់ណា ហើយតើយើងគួរធ្វើយ៉ាងដូចម្តេចដើម្បីអភិវឌ្ឍវាឲ្យកាន់តែល្អឡើង។ នេះគឺជាចំណុចមួយ ដែលខ្ញុំគិតថា វាមានការលំបាកមែនទែន ដោយសារតែយើងមិនបានពង្រឹងផ្អែកវិភាគនេះ នៅពេលដែលយើងនៅប្រទេសកម្ពុជា។
VOA៖ ទាក់ទងទៅនឹងចំណាប់អារម្មណ៍នៃការស្រាវជ្រាវសម្រាប់គម្រោងថ្នាក់អនុបណ្ឌិតនេះ តើដាឡែនផ្តោតលើផ្នែកអ្វីដែរ?
អ្នកនាង ប៉ិល ដាឡែន៖ សម្រាប់ការបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត គឺនាងខ្ញុំបានធ្វើការស្រាវជ្រាវមួយនៅប្រទេសកម្ពុជាយើង គឺផ្តោតទៅលើការចូលរួមរបស់និស្សិតក្នុងកម្រិតឧត្តមសិក្សា ថាតើនិស្សិតមានលក្ខណៈខុសគ្នាយ៉ាងណាក្នុងការរួមចំណែកនៅក្នុងថ្នាក់រៀន ដោយផ្តោតទៅលើយេនឌ័រ។ មានន័យថា តើនិស្សិតស្រី និងនិស្សិតប្រុសចូលរួមសកម្មភាពយ៉ាងណានៅក្នុងថ្នាក់ឧត្តមសិក្សា។
VOA៖ តាមរយៈការស្រាវជ្រាវជាបឋមនេះ តើលទ្ធផលនៃការស្រាវជ្រាវនេះរកឃើញយ៉ាងដូចម្តេចដែរ? តើការចូលរួមរបស់និស្សិតស្រី និងនិស្សិតប្រុសមានលក្ខណៈស្រដៀងគ្នា និងខុសគ្នាដល់កម្រិតណាដែរ?
អ្នកនាង ប៉ិល ដាឡែន៖ មុននឹងខ្ញុំនិយាយអំពីលទ្ធផលដែលទទួលបានតាមរយៈការស្រាវជ្រាវនេះ ខ្ញុំចង់ពន្យល់ពីគំនិតស្តីអំពីការចូលរួមរបស់និស្សិតនេះ ដែលភាសាអង់គ្លេស យើងហៅថា Student's Engagement។ យើងមើលទៅលើថា តើកូនសិស្សគាត់ខិតខំយកចិត្តទុកដាក់រៀនយ៉ាងណា ចំណាយពេលយ៉ាងណានៅក្នុងការរៀនសូត្រក្នុងថ្នាក់ឧត្តមសិក្សា តើគាត់មានទំនាក់ទំនងជាមួយនឹងសាស្ត្រាចារ្យក្រៅថ្នាក់រៀនដែរឬទេ ដើម្បីវិភាគអត្ថបទ ឬក៏ការស្រាវជ្រាវរបស់គាត់បន្តទៀត។ ហើយក៏មើលទៅលើថា តើគាត់ពេញចិត្តជាមួយនឹងការសិក្សារបស់គាត់នៅក្នុងថ្នាក់រៀននៅកម្រិតឧត្តមសិក្សាឬក៏អត់។ លទ្ធផលដែលនាងខ្ញុំរកឃើញតាមរយៈការសិក្សានោះ គឺថា និស្សិតស្រីមានភាពសកម្ម និងសហការក្នុងការរៀនសូត្រជាងនិស្សិតប្រុស ក៏ប៉ុន្តែ លក្ខណៈខុសគ្នានេះគឺមានទ្រង់ទ្រាយតូចទេ មិនជាធំប៉ុន្មានទេ ដោយសារតែយើងសួរគាត់ថា តើគាត់ចូលរួមនៅក្នុងសកម្មភាព ដែលយើងផ្តល់ឲ្យនៅក្នុងកម្រងសំណួរញឹកញាប់ប៉ុណ្ណា។
មួយវិញទៀត គឺខ្ញុំរកឃើញថា និស្សិតស្រីគាត់បានចំណាយពេលរៀបចំ និងធ្វើកិច្ចការសាលាច្រើនជាងនិស្សិតប្រុស ខណៈពេលដែលនិស្សិតប្រុសគាត់ចំណាយពេលច្រើនក្នុងការទំនាក់ទំនង និងការកំសាន្តសប្បាយផ្សេងៗជាងនិស្សិតនារី។ ម្យ៉ាងវិញទៀត យើងរកឃើញថា និស្សិតនៅក្នុងកម្រិតឧត្តមសិក្សាមិនមានទំនាក់ទំនងជាមួយនឹងសាស្ត្រាចារ្យស្តីអំពីការសិក្សារបស់គាត់នោះទេ។ នៅពេលដែលយើងសួរថា តើគាត់មានបានទំនាក់ទំនងជាមួយនឹងសាស្ត្រាចារ្យ ដើម្បីសុំសេចក្តីណែនាំថាតើគាត់គួរតែអភិវឌ្ឍការសិក្សារបស់គាត់យ៉ាងណា ចម្លើយភាគច្រើនគឺ គាត់មិនដែល ឬក៏ពេលខ្លះទើបបានទៅជួបសាស្ត្រាចារ្យ ដើម្បីពិភាក្សាយោបល់នៅក្រៅម៉ោងបង្រៀន។
ចំណុចនេះគឺគួរឲ្យចាប់អារម្មណ៍មែនទែន។ បើយើងមើលទៅលើទ្រឹស្តីនៅក្នុងប្រទេសអភិវឌ្ឍន៍វិញ គឺគេបាននិយាយថា ការសិក្សារបស់និស្សិតនៅថ្នាក់ឧត្តមសិក្សានេះ ទំនាក់ទំនងរវាងនិស្សិតជាមួយនឹងសាស្ត្រាចារ្យគឺមានសារៈសំខាន់មែនទែន ពីព្រោះសាស្ត្រាចារ្យអាចជួយណែនាំ បង្ហាញផ្លូវទៅដល់និស្សិត តើគាត់គួរតែធ្វើយ៉ាងណា ដើម្បីអភិវឌ្ឍខ្លួនគាត់ និងការសិក្សា។ ប៉ុន្តែ នេះជាចំណុចដែលយើងរកឃើញនៅក្នុងប្រទេសកម្ពុជា ហើយជាអ្វីដែលយើងគួរតែអភិវឌ្ឍទៅថ្ងៃខាងមុខ។
VOA៖ ទាក់ទងនឹងចំណុចនេះ តាមមតិយោបល់របស់ដាឡែនផ្ទាល់ តើពីសំណាក់់សាស្ត្រាចារ្យផ្ទាល់ គាត់គួរតែរៀបចំឲ្យមានការផ្លាស់ប្តូរយ៉ាងដូចម្តេច ដើម្បីធ្វើឲ្យនិស្សិតទាក់ទងគាត់ដោយភាពងាយស្រួល ហើយពីខាងនិស្សិតវិញ តើគាត់គួរតែផ្លាស់ប្តូរឥរិយាបថយ៉ាងដូចម្តេច ដើម្បីឲ្យទំនាក់ទំនងរវាងសាស្ត្រាចារ្យ និងនិស្សិតមានភាពល្អប្រសើរជាងមុន?
អ្នកនាង ប៉ិល ដាឡែន៖ ចំពោះបញ្ហានេះផ្ទាល់គឺវាផ្តោតលើបញ្ហានិស្សិតផ្ទាល់ និងក៏ដូចជាកត្តាគ្រូបង្រៀនដែរ។ បើសិនជាយើងមើលលើទំនោររបស់សង្គមខ្មែរបច្ចុប្បន្ន យើងឃើញថានិស្សិតភាគច្រើន គឺច្រើនតែរៀនពីរជំនាញក្នុងពេលតែមួយ។ ដូច្នេះ ជួនកាលគាត់ទៅសាលា«ក»នៅពេលព្រឹក ហើយទៅសាលា«ខ»នៅពេលល្ងាច។ ដូច្នេះ វាបណ្តាលឲ្យនិស្សិតមិនមានពេលវេលាច្រើន ដើម្បីឆ្លៀតជួបជាមួយនឹងគ្រូបង្រៀនពិភាក្សាក្រៅម៉ោងបង្រៀន។ ហើយប្រសិនបើយើងក្រឡេកមើលលើកត្តាគ្រូបង្រៀនផ្ទាល់គឺភាគច្រើន គាត់បំពេញការងារពេញម៉ោង មានន័យថា គាត់បង្រៀនតាំងពីព្រឹកទល់ល្ងាច គឺគាត់មិនមានម៉ោងដើម្បីឲ្យនិស្សិតមកជួបទៀងទាត់រៀងរាល់សប្តាហ៍ ឬក៏រៀងរាល់ថ្ងៃនោះទេ។ ចំណុចទាំងអស់នេះហើយដែលធ្វើឲ្យមានចំណុចខ្វះខាតការទំនាក់ទំនងរវាងនិស្សិត និងសាស្ត្រាចារ្យក្នុងកម្រិតឧត្តមសិក្សានេះ៕