ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​យុវជន​ព្រមាន​ធ្វើ​បាតុកម្ម​​ជំទាស់​នឹង​​ការ​ផ្តល់​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ឱ្យ​ជន​អន្តោប្រវេសន៍


អ្នកដាក់ញត្តិ​៥​នាក់​កំពុង​ត្រៀម​យកញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​​១៩ ខែកញ្ញា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកដាក់ញត្តិ​៥​នាក់​កំពុង​ត្រៀម​យកញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​​១៩ ខែកញ្ញា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

យុវជន​មួយ​ក្រុមមាន​គ្នា​ប្រាំ​នាក់ បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​មហាផ្ទៃ​ប្រឆាំង​នឹង​ការ​ផ្តល់​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍ឱ្យ​ជន​អន្តោប្រវេសន៍​ ដែល​សំដៅ​លើ​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់​នៅ​កម្ពុជា ហើយ​បានអះអាងថា ពួកគេ​នឹងធ្វើ​បាតុកម្ម​អហិង្សា​ជាមួយ​យុវជន​ប្រមាណ​ ១០០​ នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ​ ប្រសិន​បើក្រសួង​មហាផ្ទៃ​មិន​ឆ្លើយ​តប​ជា​វិជ្ជមាន​នឹង​ញត្តិ​របស់​ពួកគេ។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​យុវជនទាំងប្រាំ​នាក់នោះ​ បាន​យក​ញត្តិ​ទៅដាក់​នៅក្រសួង​មហាផ្ទៃ​ជាថ្មី​ទៀត ក្រោយ​មាន​ការ​រារាំង​ពី​អាជ្ញាធរ​រាជធានី​មិន​ឱ្យ​មានការ​ប្រមូលផ្តុំ​ទ្រង់ទ្រាយធំ។ បើ​តាម​ញត្តិនោះ​ ក្រុម​យុវជន​ស្នើ​ឱ្យ​ក្រសួង​បញ្ឈប់​ការ​ផ្តល់​បណ្ណ​ស្នាក់​នៅអចិន្ត្រៃយ៍ និង​ប្រយោជន៍​ផ្សេងៗឱ្យជន​អន្តោ​ប្រវេសន៍ គឹ​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា។​

អ្នកដាក់ញត្តិ​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់ គឺ​លោក​ អន រតនា ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃថា ការ​ដាក់ញត្តិ​របស់​ក្រុម​យុវជន គឺ​ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ​លុប​ចោល​ការ​ផ្តល់​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​បរទេស។ លោក​បាន​បន្ថែម​ថា ក្នុង​ចំណង​ការទូត​រវាងកម្ពុជា​និង​ប្រទេស​ដទៃ ហាក់​មិនមាន​ចោទ​ជា​បញ្ហា​ចោទ​នោះទេ។ ប៉ុន្តែ​លោក​អះ​អាង​ថា​ ក្នុង​ចំណង​ទាក់ទង​រវាង​វៀតណាម​និង​កម្ពុជា គឺ​មាន​ហានិភ័យ​ខ្ពស់។

អ្នកដាក់ញត្តិ​ម្នាក់​ក្នុង​ចំណោម​៥​នាក់ គឺ​លោក ​អន រតនា និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃ នៅថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកដាក់ញត្តិ​ម្នាក់​ក្នុង​ចំណោម​៥​នាក់ គឺ​លោក ​អន រតនា និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃ នៅថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​ប្រាប់​អ្នកកាសែត​ថា៖ «ហានិភ័យ​ខ្ពស់​ហ្នឹង​ យើង​អាច​និយាយ​បាន​ថា ការ​ដាក់​អាណានិគម​មក​លើ​កម្ពុជា​ដោយ​ប្រយោល ក៏​ដូចជា​ចិត្តសាស្រ្ត​តាម​គ្រប់​រូបភាព​ដែល​គេ​អាច​ធ្វើ​ទៅបាន​ ហើយ​មាននិយម​ន័យ​ជ្រៅ​ដែល​យើង​មិនអាច​មើល​ឃើញ ហើយ​មិនអាច​ចាក់​ធ្លុះ»។

លោក​បាន​ថ្លែង​បន្ថែម​ថា ប្រសិន​បើ​មិនមាន​ការ​ឆ្លើយ​តបទេ​ នោះ​ក្រុម​យុវជន​នឹង​ដាក់​លិខិត​មួយ​ច្បាប់ទៀត​ទៅ​សាលា​រាជធានី​ភ្នំពេញ អំពី​ការ​ប្រមូល​ផ្តុំធ្វើ​បាតុកម្ម​អហិង្សា ដើម្បី​ទាមទារ​ឱ្យ​លុប​បំបាត់​ការ​ចេញ​បណ្ណ​អចិន្ត្រៃយ៍​ និង​ទាមទារ​ឱ្យ​បញ្ឈប់ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម ឬ​មហាវិទ្យា​ល័យ​ភាសាវៀតណាម​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

លោក ធែល ធីលែន យុវជន​ម្នាក់ទៀត​ដែល​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​មហាផ្ទៃ បាន​និយាយថា មន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល​លោកថា​មិនបាន​ប្រាប់​ឈ្មោះ និង​មិន​បាន​ប្រាប់​តួនាទី បាន​ទទួល​យក​ញត្តិ តែ​មិន​បាន​កំណត់​ពេល​ឆ្លើយ​តប។ លោក​បាន​ថ្លែង​បន្ត​ថា ប្រសិន​បើ​ក្នុង​អំឡុង​ពេល​មួយ​សប្តាហ៍​មិនមាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​ក្រសួងមហាផ្ទៃ នោះ​ក្រុម​យុវជន​របស់​លោកនឹង​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​ អំពី​ការ​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ នៅ​ក្រោយ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។

លោក ធែល ធីលែន បាន​ថ្លែង​បន្ថែម​ថា ​យុវជន​ដែល​គាំទ្រ​សកម្មភាព​ដាក់​ញត្តិ​ មាន​ប្រមាណ​ ១ ពាន់​នាក់ ដែល​លោករំពឹង​ថា យ៉ាង​ហោច​ណាស់​មាន​យុវជន​ប្រមាណជា​ ១០០​ នាក់ ​នឹង​ចូលរួម​ប្រមូល​ផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

អ្នកដាក់ញត្តិ​ម្នាក់​ក្នុង​ចំណោម​៥​នាក់ គឺ​លោក ធែល ធីលែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃ បន្ទាប់ពីបាន​ដាក់​ញត្តិ នៅថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
អ្នកដាក់ញត្តិ​ម្នាក់​ក្នុង​ចំណោម​៥​នាក់ គឺ​លោក ធែល ធីលែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​ក្រសួង​មហាផ្ទៃ បន្ទាប់ពីបាន​ដាក់​ញត្តិ នៅថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​ថ្លែង​ថា៖​ «គ្រាន់តែអ្នកត្រៀម​ខ្លួន​ចូលមក​នេះ មួយថ្ងៃបើសិនជា​បើកឱ្យ​មកវិញអត់​ក្រោម​មួយ​ ១ ពាន់​នាក់​ទេ។ សុទ្ធតែសុំ​ចូលរួម។ យើង​ព្រួយ​បារម្ភ​ពី​ការ​ពាក់ព័ន្ធនឹង​ហានិភ័យ​នានា​ផង អ៊ីចឹង​យើង​សម្រួលឱ្យ​គាត់​ឱ្យ​ចាំ​ទៅ​ទីលាន​ប្រជាធិបតេយ្យ យើង​ស្របតាមផ្លូវ​ច្បាប់ និង​ការ​អនុញ្ញាត​របស់​សាលា​រាជធានី​តែម្តង»។

កាលពី​ថ្ងៃ​ទី​ ២៩ ខែ​សីហា ឆ្នាំ​ ២០២២ ក្រសួងមហាផ្ទៃបានណែនាំ​ជាថ្មីឱ្យមន្ត្រី​ក្រោមឱវាទ​ អនុវត្ត ​និង​ទទួល​ស្គាល់បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​សម្រាប់​ជនបរទេស​អន្តោប្រវេសន៍​នៅកម្ពុជា ឱ្យ​ស្រប​ទៅ​តាមច្បាប់​ស្តីពី​អន្តោប្រវេសន៍ ដែល​ក្រសួង​មហាផ្ទៃ​ដាក់ចេញ​ ក្នុងការ​ផ្តល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ឱ្យ​ជន​បរទេស ​យក​មក​ប្រើ​ប្រាស់​សម្រាប់​បម្រើ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​នៅ​លើ​ទឹក​ដី​កម្ពុជា។

បើតាម​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​បាន​ដក​ស្រង់​តួលេខ​ពី​របាយការណ៍​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ ក្រសួង​មហាផ្ទៃ​បាន​ផ្ដល់​បណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ជូន​ជន​អន្តោប្រវេសន៍​ ដែល​មាន​អាយុ​ ១៨ ​ឆ្នាំ​ឡើង​ ចំនួន​ជាង​ ៦ ម៉ឺន​នាក់។

VOA មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ ពាក់​ព័ន្ធនឹង​គម្រោង​ជូន​ដំណឹង​អំពីការធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ប្រសិន​បើ​មិនមាន​ការ​ឆ្លើយតប​វិជ្ជមាន​លើ​ញត្តិ​របស់​យុវជន​ទាំងនោះ​បាន​នៅ​ឡើយ។

VOA ក៏មិន​ទាន់​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយពីដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ​ខៀវ សុភ័គ និង​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃលោក គៀត ច័ន្ទ​ថារិទ្ធ ​បាន​ដែរ​ ទាំង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ និង​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គមនៅ​ថ្ងៃចន្ទនេះ។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើក​ឡើង​ថា បើតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា រាល់​សំណើ​របស់​ប្រជាពលរដ្ឋត្រូវ​បាន​ទទួល​យក​ដោយ​យកចិត្តទុក​ដាក់ពី​ស្ថាប័ន​រដ្ឋ និង​ត្រូវ​មានការ​ឆ្លើយតបដោយ​មាន​យោង​ហេតុផលសមរម្យ។​ លោក​បាន​ថ្លែង​បន្ថែម​ថា ដោយសារ​កម្ពុជា​តែង​រង​ការ​រិះគន់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស និង​បទឧក្រិដ្ឋ​នានា​ប្រព្រឹត្តឡើង​ដោយជន​បរទេស នោះកម្ពុជា​ចាំបាច់​ត្រូវ​មានការអនុវត្ត​ច្បាប់​ពាក់ព័ន្ធនឹង​អន្តោប្រវេសន៍ឱ្យបាន​តឹងរ៉ឹង។

លោក​ប្រាប់​វីអូអេ​ថា៖ «ទាមទារឱ្យ​កម្ពុជា​យើង​ហ្នឹង​អនុវត្ត​ឱ្យ​បាន​តឹងរ៉ឹង​ជាដាច់ខាត​ទាក់ទង​នឹង​ច្បាប់ការ​គ្រប់គ្រង​អន្តោប្រវេសន៍ និង​បទដ្ឋាន​ផ្សេងទៀតនៅកម្ពុជា​យើង​ហ្នឹង ការ​គ្រប់គ្រង​លើ​ជន​ប្រទេស​ហ្នឹង​ឱ្យ​មានភាព​សុក្រឹត ឬក៏​ប្រសិទ្ធភាព»។

កន្លង​មក​ ក្រុម​យុវជន​ដែល​បាន​ដាក់​ញត្តិ​ទៅក្រសួង​មហាផ្ទៃទាំងនេះ​ បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ កាលពីចុង​ខែ​សីហា ដើម្បីជំទាស់​នឹង​ការ​បើក​មហាវិទ្យាល័យ​ភាសា​វៀតណាម​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕

XS
SM
MD
LG