ក្រុមសហជីពបានប្រតិកម្មតបទៅក្រសួងការងារ ដោយទាមទារឱ្យក្រសួងបញ្ឈប់ការលាបពណ៌ចោទប្រកាន់តាមផ្លូវច្បាប់ជាបន្ទាន់លើប្រធានសហជីពមួយរូប ដែលបានចូលរួមសកម្មភាពឃ្លាំមើលកូដកម្មរបស់ក្រុមកូដករប្រឆាំងនឹងក្រុមហ៊ុនណាហ្គាវើលដ៍ ដែលអូសបន្លាយជិត ៨ ខែមកនេះ។ ពួកគេនិយាយថា ការព្រមាន ការលាបពណ៌ របស់ក្រសួងការងារនេះ ធ្វើឱ្យប៉ះពាល់សេរីភាពរបស់សហជីពដែលការពារប្រយោជន៍របស់កម្មករ។
កាលពីថ្ងៃទី ០៤ ខែសីហានេះ ក្រសួងការងារបានចេញលិខិតព្រមានមួយច្បាប់ទៅកាន់ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ដោយទាមទារឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពជុំវិញករណីជម្លោះការងារប្រឆាំងនឹងក្រុមហ៊ុនណាហ្គាវើលដ៏កន្លងមក។
ក្រសួងបានចាត់ទុកសកម្មភាពរបស់អ្នកស្រី យ៉ាង សុភ័ណ្ឌ ថាជាសកម្មភាពល្មើសច្បាប់។ ក្រសួងការងារចោទប្រធានសហព័ន្ធសហជីពកម្ពុជារូបនេះថាបានដឹកនាំ និងធ្វើសកម្មភាពក្រៅដែនអនុវត្តវិជ្ជាជីវៈក្នុងប្រការ ៦ នៃលក្ខន្តិកៈ សហព័ន្ធសហជីពរបស់ខ្លួនស្តីពីសហជីព ការដឹកនាំ និងបង្ខំកម្មករនិយោជិតឱ្យចូលរួមធ្វើកូដកម្មតវ៉ា និងដឹកនាំធ្វើកូដកម្ម ឬបាតុកម្មដែលផ្ទុយនឹងនីតិវិធីច្បាប់។
ក៏ប៉ុន្តែនៅថ្ងៃទី ០៩ ខែសីហា ក្រុមសហជីព និងសមាគមចំនួន ២៤ ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្នើឱ្យក្រសួងការងារបញ្ឈប់ជាបន្ទាន់នូវការលាបពណ៌ចោទប្រកាន់ខាងលើប្រឆាំងនឹងអ្នកស្រី យ៉ាង សុភ័ណ្ឌ។ ក្រុមសហជីពថា អ្នកស្រី យ៉ាង សុភ័ណ្ឌ បានបំពេញតួនាទីតាមវិជ្ជាជីវៈសហជីព។
ប្រធានសហព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ការឃ្លាំមើលកូដកម្ម គឺដើម្បីជំរុញឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយវិវាទការងាររបស់កូដករជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ មិនមែនជាសកម្មភាពខុសច្បាប់ទេ តែជាចេតនាចង់ឃើញដំណោះស្រាយឱ្យបានឆាប់ដល់ក្រុមកូដករ ព្រោះវិវាទការងារប្រឆាំងនឹងក្រុមហ៊ុនកាស៊ីណូមួយនេះ បានអូសបន្លាយពេលជិត ៨ ខែមកហើយ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ បានថ្លែងថា៖ «ខ្ញុំអត់មានបានទៅបង្ខិតបង្ខំកម្មករណាទេ ហើយកន្លែងណាដែលខ្ញុំ ដើរខុសវិជ្ជាជីវៈរបស់ខ្ញុំ។ យើងមើលទាំងច្បាប់រដ្ឋធម្មនុញ្ញ ទាំងអនុសញ្ញាអន្តរជាតិ ដែលប្រទេសកម្ពុជា យើងបានផ្តល់សច្ចាប័នហូរហែ ខ្ញុំអត់មានបានដើរផ្ទុយពីហ្នឹងផង»។
អ្នកស្រីយល់ថា ការធ្វើទុក្ខបុកម្នេញ និងការគំរាមកំហែងតាមផ្លូវច្បាប់លើអ្នកស្រី គឺទំនងជាមកពីក្រសួងមិនចង់ឱ្យកូដករ និងភាគីសហជីពមានសំឡេងរួមមួយ ដើម្បីតវ៉ាឱ្យមានការដោះស្រាយបញ្ចប់វិវាទការងារនេះឱ្យបានឆាប់។
អ្នកស្រី យ៉ាង សុភ័ណ្ឌ បានថ្លែងទៀតថា៖ «នៅពេលដែលយើងបង្ហាញអំពីការសាមគ្គីភាពគ្នា វាអាចធ្វើឱ្យរឿងអាចដោះស្រាយបានលឿន ជំរុញឱ្យមានការដោះស្រាយ»។
ចំណែកមេដឹកនាំសហជីពកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ និយាយថា គ្មានបុគ្គលណាម្នាក់បង្ខំកូដករនោះទេ ដោយលើកហេតុផលថា ការធ្វើកូដកម្មនេះ កូដករបានស្ម័គ្រចិត្តចេញតវ៉ា និងទាមទារឱ្យក្រសួង និងអាជ្ញាធរដោះស្រាយវិវាទការងារឱ្យពួកគេ។
បើតាមកញ្ញា ឈឹម ស៊ីថរ ក្រសួងការងារគួរយកពេលវេលាមកដោះស្រាយវិវាទការងាររ៉ាំរ៉ៃនេះ ហើយក្រសួងត្រូវឈរនៅកណ្តាលរវាងភាគីនិយោជក និងកម្មករ ដើម្បីរកដំណោះស្រាយមួយសមស្រប ដែលអាចទទួលយកបានសម្រាប់គ្រប់ភាគី និងបញ្ចៀសកុំឱ្យប្រទេសកម្ពុជាបាក់មុខមាត់បន្តទៀត ដោយសារតែរឿងអយុត្តិធម៌មួយនេះ។
កញ្ញា ឈឹម ស៊ីថរ ប្រាប់វីអូអេថា៖ «យើងឃើញទេ ប្រើឡានក្រុងរបស់សាលាក្រុង អាជ្ញាធរចម្រុះ ទៅឈរពាំងមុខការពារថៅកែតែម្តង។ អ៊ីចឹងដែលអាជ្ញាធរ ហើយតំណាងរដ្ឋាភិបាលទៅការពារថៅកែ អត់មានអ្នកណាចោទសួរ។ អានេះសហជីពការពារសហជីព សហជីពគាំទ្រសហជីព អត់មានអ្វីត្រូវមកចោទប្រកាន់គេ អ៊ីចឹងទេ»។
កញ្ញាបានថ្លែងទៀតថា៖ «ខ្ញុំចង់បញ្ជាក់ថា កូដកម្មដែលកម្មកររាល់ថ្ងៃគាត់ធ្វើ គឺគាត់ផ្តិតមេដាយខ្លួនឯង មិនមែនលោកស្រី យ៉ាង សុភ័ណ្ឌ ឬក៏អ្នកណាម្នាក់ទៅញុះញង់គាត់ឱ្យគាត់ធ្វើទេ។ មូលហេតុដែលកូដកម្មកើតឡើង គឺដោយសារណាហ្គាវើលដ៏មិនគោរពច្បាប់ ហើយដោយសារក្រសួងគ្មានវិធានការបង្ខំឱ្យណាហ្គាវើលដ៏គោរពច្បាប់។ អាហ្នឹងគឺជាមូលហេតុពិតប្រាកដ»។
ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ក្រុមសហជីពពាក់ព័ន្ធនឹងកូដកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានបញ្ជាក់វីអូអេតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃពុធនេះថា៖ «នាយកដ្ឋានអត់មានលាបពណ៌ទេ។ នាយកដ្ឋាននិយាយពីច្បាប់។សូមមើលខ្លឹមសារលិខិតតើកន្លែងណា ដែលថាលាបពណ៌»។
នៅក្នុងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ នេះ ក្រុមសហជីពដែលក្នុងនោះ រួមមានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា ស៊ីខៅឌូ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ជាដើម បានលើកឡើងថា អ្នកស្រី យ៉ាង សុភ័ណ្ឌ មិនមែនជាអ្នកដឹកនាំការតវ៉ារបស់កម្មករនិយោជិតណាហ្គាវើលដ៍ឡើយ ប៉ុន្តែការតវ៉ាជាច្រើនខែមកនេះ គឺកើតចេញពីការមិនគោរពច្បាប់របស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងការគ្មានវិធានការឱ្យក្រុមហ៊ុននេះគោរពច្បាប់។
សេចក្តីថ្លែងការណ៍របស់ក្រុមសហជីពបានឲ្យដឹងបន្ថែមថា៖ «ការធ្វើកូដកម្មរបស់កម្មករនិយោជិត គឺធ្វើឡើងដោយគ្មានការបង្ខិតបង្ខំពីសំណាក់បុគ្គលណាម្នាក់ ពោលគឺធ្វើឡើងតាមនីវិធីច្បាប់ជាធរមានដែលមានចែងក្នុងច្បាប់ស្តីពីការងារ (មាត្រា ៣២៤ និង ៣២៧) និងច្បាប់ស្តីសហជីព (មាត្រា ១៣) ដូចជាការបោះឆ្នោតជាសម្ងាត់សម្រេចធ្វើកូដកម្ម និងការជូនដំណឹងធ្វើកូដកម្មជាដើម។ល។ ហើយទាំងដែល កូដកម្មមិនមែនជាបទឧក្រិដ្ឋថែមទៀត»។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីភាគីក្រុមហ៊ុនណាហ្គាវើលដ៍ តាមសារអ៊ីមែល តែក្រុមហ៊ុនមិនឆ្លើយតបនៅថ្ងៃពុធនេះ។
ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លោក ឃុន ថារ៉ូ ចាត់ទុកថាការលាបពណ៌ ចោទប្រកាន់ពីសំណាក់ក្រសួងការងារ មិនមានអ្វីចម្លែកទេ ព្រោះការចោទប្រកាន់យ៉ាងដូច្នេះ រមែងតែកើតមានឡើងនៅពេលសហជីព និងកូដករក្រោកតវ៉ា ឱ្យដោះស្រាយវិវាទការងារណាមួយនោះ។
ទាក់ទិនការចេញលិខិតព្រមានរបស់ក្រសួងការងារ អ្នកការពារសិទ្ធិកម្មកររូបនេះ យល់ថាជាការគំរាមកំហែង ជាការយាយី និងជាការប្រើប្រាស់ឥទ្ធិពលរដ្ឋ ក្នុងការជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់អង្គការវិជ្ជាជីវៈសហជីព។
លោក ឃុន ថារ៉ូ ថ្លែងថា៖ « ខ្ញុំគិតថា អាហ្នឹងគឺជាទម្រង់នៃការជ្រៀតជ្រែករបស់អាជ្ញាធរសាធារណៈ ដែលវាខុសពីក្រមសីលធម៌វិជ្ជាជីវៈ ហើយអាហ្នឹងវាគួរតែមានការស៊ើបអង្កេត ដាក់ទណ្ឌកម្មដាក់ពិន័យទៅលើបុគ្គលទាំងឡាយណាដែលគាត់បានប្រព្រឹត្ត ហិង្សាហ្នឹង វាជាជាងការចេញលិខិតព្រមានទៅដល់ថ្នាក់ដឹកនាំសហជីពដែលគាត់គ្រាន់តែចូលរួមនៅក្នុងសង្កេតការណ៍ឃ្លាំមើល»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៣ ខែកក្កដា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចោទប្រកាន់មេដឹកនាំសហជីពពីររូប គឺលោក វន់ ពៅ និងអ្នកស្រី យ៉ាង សុភ័ណ្ឌ ថាជាអ្នកដុតកម្តៅបញ្ជេះកំហឹងក្រុមកូដករ ដែលធ្វើឱ្យកូដករហ៊ានបុកទម្លាយរនាំងការពារសន្តិសុខ និងបង្កហិង្សាមកលើសមត្ថកិច្ច មានលក្ខណៈទ្រង់ទ្រាយធំជាងមុន ដែលសមត្ថកិច្ចចាំបាច់ត្រូវប្រើប្រាស់សិទ្ធិការពារខ្លួន។ មេដឹកនាំសហជីពពីររូបនេះ ក៏បានច្រានចោលការប្រកាន់ភ្លាមៗដោយអះអាងថា ពួកគេគ្រាន់តែជាអ្នកឃ្លាំមើលប៉ុណ្ណោះ៕