ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ នៅព្រឹកថ្ងៃសុក្រនេះ បានបន្តនាំគ្នាមកសុំអន្តរាគមន៍សាជាថ្មីនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភា ដើម្បីសុំការបញ្ជាក់អំពីញតិ្ត ដែលពួកគេដាក់កាលពីកន្លងទៅ។
ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ៧០នាក់ បានប្រមូលផ្តុំគ្នានៅទីធ្លាសួនវត្តបទុមវត្តី ដើម្បីសុំការបញ្ជាក់ពីមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីអំពីញតិ្តដែលពួកគេបានស្នើសុំអន្តរាគមន៍កាលពីថ្ងៃទី២០ ខែមិថុនា ដោយពួកគេថាមិនបានទទួលដំណឹងអ្វីទាល់តែសោះ។
ពួកគេក៏បានដើរទៅកាន់រដ្ឋសភា ដើម្បីដាក់ញតិម្តងទៀត និងជំរុញឱ្យមន្ត្រីរដ្ឋសភា ឬតំណាងរាស្រ្តគិតគូរដោះស្រាយបញ្ហារបស់ពួកគេ។ ពួកគេជំរុញឱ្យស្ថាប័នទាំងពីរ យកចិត្តទុកដាក់ក្នុងការដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានឆាប់។
នៅពេលក្រុមកូដករធ្វើដំណើរថ្មើរជើងពីខុទ្ទកាល័យនាយករដ្ឋមន្ត្រី ទៅកាន់រដ្ឋសភា ក៏មានអាជ្ញាធរស្រាក់ដៃគ្នារារាំង និងឃាត់កូដកររយៈពេលខ្លី មិនឱ្យធ្វើដំណើរ នៅជិតសួនវត្តបទុមផងដែរ។
ដោយឡែកនៅមុខរដ្ឋសភា ក្រុមកូដករបានប្រាប់មន្ត្រីរដ្ឋសភាដែលមកទទួលញត្តិនៅព្រឹកថ្ងៃសុក្រនេះថា ពួកគេចង់ឱ្យរដ្ឋសភាយកចិត្តទុកដាក់ដោះស្រាយវិវាទការងារនេះ ព្រោះពួកគេថាពួកគេរងទុក្ខវេទនាយ៉ាងខ្លាំង ដោយមិនមានការងារធ្វើ និងមិនមានចំណូលជាង៦ខែមកហើយ ខណៈការចេញតវ៉ាបានរងការប៉ះទង្គិច ឬការប្រើប្រាស់អំពើហិង្សារបស់កងកម្លាំង បូករួមការមិនទាន់ទទួលបានដំណោះស្រាយណាមួយសមរម្យនៅឡើយ។ កូដករបានស្រែកថាពួកគេសុំតែបាយ៣ពេលតែប៉ុណ្ណោះ និងមិនចង់ក្លាយជាមហាសេដ្ឋីអ្វីនោះទេ។
កញ្ញា ឈឹម ស៊ីថរ តំណាងក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ បានថ្លែងថាអ្វីដែលក្រុមកូដករឡើងមករដ្ឋសភាម្តងទៀតនេះ គឺគ្រាន់តែចង់ដឹងថាញត្តិដែលក្រុមកូដករបានដាក់ទៅមានដំណោះស្រាយបែបណាហើយ។ កញ្ញាបន្តទាមទារឱ្យរដ្ឋសភាដោះស្រាយវិវាទការងារមួយនេះ ដើម្បីអាចឱ្យក្រុមកូដករប្រមាណ២០០នាក់ បានចូលធ្វើការវិញ និងដើម្បីធានាសិទ្ធិសេរីភាពសហជីពនៅក្នុងកន្លែងការងារ។
កញ្ញាថ្លែងថា៖ «ការចរចាតាំងពីពួកខ្ញុំនៅក្រៅឃុំនេះ គឺ១២ដងហើយនៅក្រសួងការងារ ក៏ប៉ុន្តែយើងមើលឃើញដែរថាការដោះស្រាយ គឺអត់ចំគោលដៅទេ។ វាអត់ចំចំណុចសំខាន់ដែលកម្មករនិយាជិតគាត់ទាមទារអីទេ ពាក់ព័ន្ធជាមួយសេរីភាពសហជីព។ ហើយជំហរខាងភាគីក្រុមហ៊ុននៅតែទាមទារឱ្យកម្មករនយោជិតទាំងតំណាងសហជីព ទទួលសំណងហើយបញ្ចប់កិច្ចសន្យា ហើយអាហ្នឹងគឺជាអ្វីដែលកម្មករនិយោជិតគាត់អត់ចង់បាន ព្រោះកាលណាធ្វើបែបហ្នឹង ពួកគាត់អត់អាចអនុវត្តសេរីភាពសហជីពគាត់បានទេ»។
លោក ផាត សុផាន់ណា ប្រធានក្រុមជំនួយការរបស់គណៈកម្មការទី១នៃរដ្ឋសភា បានចេញមកទទួលលិខិតរបស់ក្រុមកូដករ ដើម្បីយកទៅវាយត្រាចូល ដោយបានបញ្ជាក់ប្រាប់ក្រុមកូដករថារដ្ឋសភាបានចាត់ចែង និងអន្តរាគមន៍ញត្តិដែលដាក់មកលើកមុនទៅតាមក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការដោះស្រាយរួចរាល់ហើយ។ ហើយលើកនេះ លោកថានឹងពិនិត្យមើលតាមសំណើម្តងទៀត។
លោកថ្លែងថា៖ «តាមពិតទៅរាល់សំណូមពរ រាល់អ្វីដែលបងប្អូនលើកឡើងក្នុងលិខិតនេះ គឺយើងបានពិនិត្យ ហើយបានបញ្ជូនទៅតាមសំណូមពរហ្នឹងហើយ ទៅតាមស្ថាប័នហើយ។ អ៊ីចឹងសំណើនេះ ខ្ញុំនឹងដាក់ជូនឯកឧត្តមប្រធានគណៈកម្មការគាត់ពិនិត្យមួយសារទៀត អំពីអ្វីដែលបងប្អូនកម្មករ បានស្នើឡើងនៅក្នុងហ្នឹង»។
ដោយឡែកកញ្ញា ឈឹម ស៊ីថរ អះអាងថាកញ្ញា និងក្រុមកូដករមិនដែលបានដឹងថារដ្ឋសភាបានអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធយ៉ាងដូច្នេះសោះ ព្រោះមកដល់ថ្ងៃនេះ គឺកូដករមិនទទួលបានដំណឹង ឬទទួលបានដំណោះស្រាយអ្វីនៅឡើយ ហើយក៏មិនដែលបានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋសភានៅឡើយ។ កញ្ញាចង់ឱ្យស្ថាប័នរដ្ឋសភានេះ ជួបពិភាក្សាជាមួយក្រុមកូដករ ដើម្បីឱ្យយល់ច្បាស់នូវអ្វីដែលក្រុមកូដករចង់បាន និងយល់ពីគ្នាទៅវិញទៅមក ដើម្បីឈានទៅបញ្ចប់វិវាទការងារមួយនេះ។
កញ្ញាបន្ថែមថា៖ «យើងចង់បកស្រាយថាអ្វីដែលយើងទាមទារគឺមានចែងនៅក្នុងច្បាប់សមហេតុសមផល ហើយក្រុមហ៊ុនអត់រលាយបិទក្រុមហ៊ុន រហូតដល់បាត់បង់ការងារប្រជាពលរដ្ឋខ្មែរទាំងអស់ទេ គឺជាការទាមទារដែលពួកគាត់អាចធ្វើបាន ហើយពួកគាត់ត្រូវតែធ្វើទៀត ព្រោះវាជាការគោរពសិទ្ធិសេរីភាពសហជីពនៅកន្លែងការងារ ហើយមានចែងនៅក្នុងច្បាប់ ប៉ុន្តែគួរឱ្យសោកស្តាយលោកអន្តរាគមន៍ទៅដែរ ប៉ុន្តែអត់ព្រមជួបអ្នកដែលមានបញ្ហាពិតប្រាកដ សួរព័ត៌មានហ្នឹងវាយ៉ាងម៉េច ហើយតើចង់ដោះស្រាយយ៉ាងម៉េច វាសមហេតុ សមផល ឬអត់បើលោកយល់ថាមិនសមហេតុសមផល លោកអះអាងលើអ្វី?»។
កញ្ញាក៏ចង់ដឹងដែរថាវិវាទការងារនេះ មានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលក្នុងកម្រិតណា បើប្រៀបធៀបករណីសត្វតោរបស់ជនជាតិចិនម្នាក់ ដែលមានការអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តីកាលពីកន្លងទៅនោះ។
កញ្ញាបន្ថែមថា៖ «តាមរយៈសមាសភាពអ្នកចុះមកទទួល[មន្ត្រីរដ្ឋសភា]អាចបង្ហាញដែរថា តើរឿងរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាង១ឆ្នាំនេះ វាទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្រិតណា។ អ៊ីចឹងយើងឃើញថាមិនមានការទទួលយកចិត្តទុកដាក់អីប៉ុន្មានទេ។ ហើយបើខ្ញុំប្រៀបធៀបទៅនឹងការដោះស្រាយជាមួយរឿងសត្វតោមួយក្បាលទៀត [យកទៅដាក់ភ្នំតាម៉ៅ ប៉ុន្តែប្រគល់ឱ្យម្ចាស់ចិញ្ចឹមនៅផ្ទះវិញ]អ៊ីចឹង....ខ្ញុំអាចប្រៀបធៀបថា មនុស្សរាប់ពាន់នាក់ គឺថាទទួលបានការចាប់អារម្មណ៍តិចជាងតោ»។
លោក ណាំ ទីវ័ន្ត អាយុ២៣ឆ្នាំ ដែលបានចូលរួមដាក់ញត្តិសាជាថ្មីនៅស្ថាប័នរដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ចង់ឱ្យតំណាងរាស្ត្រគិតគូរពីផលប្រយោជន៍ពលរដ្ឋ និងត្រូវដោះស្រាយបញ្ហាប្រឈម។
លោកបញ្ជាក់ថា៖ «ពួកយើងចង់បានដំណោះស្រាយពីតំណាងរាស្ត្រម្តង ឱ្យដឹងថាពីប្រជាពលរដ្ឋ ដែលយើងជាម្ចាស់ពន្ធ ពួកយើងជារាស្ត្រខ្មែរ ជូនដំណឹងទៅតំណាងរាស្ត្រដើម្បីឱ្យតំណាងរាស្ត្រ ដោះស្រាយជូនប្រជាពលរដ្ឋ។ កុំឃើញសេចក្តីសុខរបស់ថៅកែ ភ្លេចទឹកភ្នែករបស់រាស្ត្រ។ ខ្ញុំសូមផ្តាំទៅតំណាងរាស្ត្រតែប៉ុណ្ណឹង»។
មុនមកដាក់ញត្តិនៅរដ្ឋសភា ក្រុមកូដករក៏បានដាក់ញត្តិសាជាថ្មីនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីផងដែរ។
លោក គង់ ចំរើន មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តីបានចុះហត្ថលេខាទទួលញត្តិ នៅមុខក្រុមកូដករណាហ្គាវើលដ៍។
លោក គង់ ចំរើន ក៏បានឆ្លើយតបទៅកញ្ញា ឈឹម ស៊ីថរ ដែលបានរអ៊ូរទាំប្រាប់លោកពីផលលំបាករបស់កូដករ ចំពោះការអូសបន្លាយពេលវេលានៃវិវាទការងារ និងមិនទាន់មានដំណោះស្រាយនេះថា៖ «ហ្នឹងហើយជាក់ស្តែង វាទៅតាមជាក់ស្តែងហ្នឹងសិនទៅ។ បើវាអត់ទាន់បានការសម្រេចយ៉ាងម៉េចៗដឹង ខ្ញុំគ្រាន់ទទួលតើ គ្រាន់ទទួលហើយ ខ្ញុំរៀបចំជូនហើយ»។
វីអូអេមិនទាន់សុំការបញ្ជាក់ពីខាងក្រុមហ៊ុនណាហ្គាវើលដ៍ តាមរយៈសារអ៊ីមែលបាននៅឡើយទេ។
នៅក្នុងញតិ្តចុះថ្ងៃទី១ ខែកក្កដានេះ ក្រុមកូដករណាហ្គាវើលដ៍បានបន្តសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងារ ដោយការទទួលយកបុគ្គលិកដែលនៅសេសសល់ត្រឡប់ចូលធ្វើការវិញជាមួយប្រាក់រំឭកការទូទាត់សំណងឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការងារ និងទម្លាក់ចោលការចោទប្រកាន់លើថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពទាំង១៥រូប។
មេដឹកនាំសហជីពកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ធ្លាប់ថ្លែងថាការតវ៉ារបស់កម្មករ គឺដើម្បីធានាការគោរពសេរីភាពរបស់សហជីព ហើយសេរីភាពនេះមិនអាចទូទាត់នឹងសំណងបានឡើយ៕