ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​ណាហ្គាវើលដ៍​តវ៉ា​សាជាថ្មី តែ​ត្រូវ​រារាំង​យ៉ាង​តានតឹង​ពី​អាជ្ញាធរ


រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជាង​១០០​នាក់ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ បាន​បន្ត​ការ​តវ៉ា​របស់​ពួក​គេ ដែល​ជា​ថ្ងៃ​ទី​ពីរ ប៉ុន្តែ​ត្រូវ​ប្រឈម​នឹង​ការ​រារាំង​យ៉ាង​តាន​តឹង​ពី​សំណាក់​អាជ្ញាធរ។

កាល​ពី​ថ្ងៃ​ចន្ទ អតីត​បុគ្គលិក​ប្រមាណ​១០០​នាក់​បាន​ចេញ​មុខ​តវ៉ា​សា​ជា​ថ្មី​ ប៉ុន្តែ​ការ​ប្រមូល​ផ្តុំ និង​ក្បួន​ដង្ហែ​របស់​ពួក​គេ​បាន​ប៉ះ​ទង្គិច​ជាមួយ​អាជ្ញាធរ រហូត​ដល់​មាន​របួស​ស្រាល​ផង​ដែរ។

ការ​តវ៉ា​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ត្រូវ​បាន​អាជ្ញាធរ​ដាក់​បារ៉ាស់​ឬ​របាំង​រារាំង​ពួក​គេមិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​ពួកគេ​ចង់​ទៅ។ អ្នក​តវ៉ា​បាន​ស្រែក​ទាមទារ​ឱ្យ​អាជ្ញាធរ​រក្សា​ជំហរ​កណ្តាល ដោយ​សារ​ពួក​គេថា​នេះ​ជា​ជម្លោះ​ការងារ​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​តែ​ប៉ុណ្ណោះ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ សាលា​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា​ ក្រុម​អ្នក​តវ៉ា​បាន​ចង​ក្រណាត់​ពណ៌​ខៀវ​រុំ​ក្បាល​ភ្ជាប់​នូវ​ពាក្យ​ស្លោក​ដូច​គ្នា​ថា​«កុំ​យក​លុយ​ទិញ​សិទ្ធិ»។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា​នេះ​បង្ហាញ​ថា​ក្រុម​នេះ​បាន​«ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ ក្រោម​ការ​រៀបចំ​ផែន​ការ​ទុក​ជាមុន​របស់​មនុស្ស​មួយ​ក្តាប់​តូច ដើម្បី​បង្កើត​ព្រឹត្តិការណ៍​មិន​ល្អ»​មក​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​បង្ក​ការ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​និង​របៀប​រៀប​រយ​សាធារណៈ។
សេចក្តី​ប្រកាស​ឱ្យ​ដឹង​ទៀត​ថា​ការណ៍​នេះ​នាំ​ឱ្យ​សមត្ថកិច្ច​មួយ​ចំនួន​រង​របួស​ស្រាល បាត់​បង់​វិទ្យុ​ទាក់ទង​ចំនួន​៥​គ្រឿង និង​នាឡិកា​ដៃ​ចំនួន​១​គ្រឿង។

សាលារាជធានី​ភ្នំពេញ​បាន​ណែនាំ​ថា​ អ្នក​តវ៉ា​មិន​ត្រូវ​ប្រើ​ប្រាស់​ដង​ផ្លូវ​សាធារណៈ​សម្រាប់​ការ​ជួប​ជុំ ប្រមូល​ផ្តុំ ឬ​ដង្ហែ​ក្បួន​ដោយ​ខុស​ច្បាប់​ឡើយ។

កាល​ពី​កន្លង​ទៅ តំណាង​កម្មករ​និយោជិត និង​តំណាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ចូលរួម​ក្នុង​ការ​ជជែក​ពិភាក្សា​ដោះ​ស្រាយ​វិវាទ​ការងារ​ចំនួន​១១​លើក ប៉ុន្តែ​ការ​ចរចា​មិន​ទាន់​ឈាន​ដល់​ចំណុច​ព្រមព្រៀង​គ្នា​នៅ​ឡើយ​ទេ។

កញ្ញា​ ឈឹម ស៊ីថរ មេដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កាល​ពី​កន្លង​ទៅ បាន​លើក​ឡើង​ថា​ការ​តវ៉ា​របស់​កម្មករ​និយោជិត​ គឺ​ដើម្បី​ធានា​ការ​គោរព​សេរីភាព​របស់​សហជីព ហើយ​សេរីភាព​នេះ​មិន​អាច​ទូទាត់​នឹង​សំណងជា​លុយ​បាន​ឡើយ៕

XS
SM
MD
LG