លោក រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានប្រកាសកាលពីពាក់កណ្តាលខែសីហាថា លោក នឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃបុណ្យខួបឯករាជ្យលើកទី៦៦ ដែលត្រូវនឹងថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកានេះដើម្បីស្តារលទ្ធិប្រជាធិបេតយ្យឡើងវិញនៅក្នុងប្រទេសកម្ពុជា។លោក បានអំពាវនាវដល់ពួកកម្មករចំណាកស្រុកខ្មែរនៅក្នុងប្រទេសថៃឲ្យចូលរួមជាមួយលោកក្នុងអំឡុងនៃការឆ្លងកាត់ព្រំដែនរបស់លោកពីប្រទេសថៃចូលក្នុងកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថៃបានប្រាប់ឲ្យដឹងថា ខ្លួនប្រហែលមិនអនុញ្ញាតឲ្យលោក រង្ស៊ី ចូលក្នុងប្រទេសថៃទេ ដោយការបារម្ភពី«សន្តិសុខជាតិ»។
ភ្លាមៗបន្ទាប់ពីការប្រកាសរបស់លោករង្ស៊ី ការតានតឹងបានរីកកាន់តែធំឡើងនៅក្នុងប្រទេស ដោយមានពួកអ្នកគាំទ្រគណបក្សប្រឆាំងជាច្រើនបានត្រូវគេចាប់ខ្លួនឬដាក់គំនាបឲ្យសារភាពចំពោះឧក្រិដ្ឋកម្មឬប្រកាសប្រឆាំងគណបក្សសង្គ្រោះជាតិដោយចំហរ។
សន្តិសុខកាលពីថ្ងៃសៅរ៍ បានឡើងដល់កម្រិតខ្ពស់។ ក្នុងថ្ងៃនោះ បុគ្គលិកសន្តិសុខរាប់រយនាក់ បានបិទច្រកឆ្លងកាត់ព្រំដែនអន្តរជាតិប៉ោយប៉ែតនៅព្រំដែនថៃ ហើយអនុញ្ញាតមនុស្សមួយចំនួនឆ្លងកាត់តែប៉ុណ្ណោះ។ កងទ័ពមានវត្តមាននៅខាងក្នុងនិងជុំវិញអាកាសយាន្តដ្ឋានក្រុងភ្នំពេញ ហើយមានសេចក្តីរាយការណ៍ថា ប៉ូលិសចរាចរណ៍ បានកាន់កាំភ្លើង Ak-47 នៅក្នុងរាជធានី។
លោក Phil Robertson អនុប្រធានទទួលបន្ទុកតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch បានថ្កោលទោសវិធានការទាំងនេះរបស់រដ្ឋាភិបាល។
លោក Robertson បានប្រាប់ VOA ថា៖ «លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហាក់ដូចជាមនុស្សឆ្កួតនិងមានជំងឺគិតផ្តេសផ្តាសដោយបានបញ្ជាប៉ូលិសនិងកងទ័ពរាប់ពាន់នាក់ឲ្យយាមល្បាតដោយមានរថពាសដែកនិងអាវុធធន់ធ្ងន់។ ការធ្វើដូច្នេះ លោក ហ៊ុន សែនកំពុងបញ្ចេញឲ្យឃើញនូវគោលបំណងពិតប្រាកដនៃការប្រើកងកម្លាំងសន្តិសុខដើម្បីបំភិតបំភ័យ និងបង្ក្រាបសេចក្តីប៉ងប្រាថ្នាចង់បានសិទ្ធិនិងលទ្ធិប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋកម្ពុជា»។
លោក រង្ស៊ី បានទៅដល់រដ្ឋធានីកូឡាឡាំពួនៃប្រទេសម៉ាឡេស៊ីប្រហែលម៉ោង៤រសៀលកាលពីថ្ងៃសៅរ៍ ដោយបានចូលរួមជាមួយលោកស្រី មូរ សុខហួរ ដែលជាអនុប្រធានរបស់លោក។ លោកស្រីបានត្រូវគេឃុំខ្លួននៅឯចំណតអាកាសយាន្ត កាលពីរសៀលថ្ងៃព្រហស្បតិ៍ មុនពេលត្រូវបានដោះលែងវិញកាលពីថ្ងៃសុក្រ។
លោកស្រី សុខហួរ មិនបានឆ្លើយតបទៅនឹងសំណើរសុំអត្ថាធិប្បាយទេ។
នៅដើមសប្តាហ៍នេះ កម្ពុជាបានបញ្ចប់សុពលភាពនៃលិខិតឆ្លងដែនរបស់ពួកអ្នកគាំ ទ្រគណបក្សប្រឆាំងចំនួន១២រូបដែលស្ថិតនៅឯបរទេស រួមទាំងលោកស្រី សុខហួរ ផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍ លោក Robertson បានអំពាវនាវដល់ប្រទេសផ្សេងៗទៀតរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឲ្យធ្វើតាមការដឹកនាំរបស់ម៉ាឡេស៊ីនៅក្នុងការអនុញ្ញាតិឲ្យពួកសកម្មជនគណបក្សប្រឆាំងធ្វើដំណើរ។
លោក Robertson មានប្រសាសន៍ទៀតថា៖ «ម៉ាឡេស៊ី សក្តិសមទទួលបានការសរសើរមកពីជុំវិញពិភពលោកចំពោះការអនុញ្ញាតឲ្យលោកសម រង្ស៊ី ចូលក្នុងប្រទេសហើយបានជួបជាមួយសហការីរបស់លោក។ ប្រទេសច្រើនទៀតក្នុងសមាគមអាស៊ានចាំបាច់ធ្វើតាមម៉ាឡេស៊ី ប្រសិនបើ សមាគមនេះ ប្រាកដជាមិនចង់ចូលក្នុងក្រុមប្រទេសផ្តាច់ការ»។
លោក រង្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានត្រូវគេរារាំងមិនឲ្យឡើងជិះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ពីទីក្រុងប៉ារីសនៃប្រទេសបារាំងទៅកាន់ក្រុងបាងកកប្រទេសថៃ ដោយលោកបានអះអាងថា ក្រុមហ៊ុនអាកាសចរណ៍នោះ បានទទួលបញ្ជាពីរដ្ឋាភិបាលថៃដែលមិនអនុញ្ញាតឲ្យលោកឡើងជិះយន្តហោះ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍នោះ អះអាងថាលោក មិនមានសំបុត្រយន្តហោះដែលនៅមានសុពលភាពទេ។
ក៏ប៉ុន្តែ ថ្វីបើលោក រង្ស៊ី បានប្រឈមនឹងការលំបាកនៅក្នុងការវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បាននិយាយថា កម្ពុជានឹងអនុញ្ញាតឲ្យលោករង្ស៊ីនិងពួកអ្នកគាំទ្ររបស់លោកចូលក្នុងប្រទេស។
លោក ផៃ ស៊ីផាន និយាយថា៖ «យើង ស្វាគមន៍ពួកគេ។យើង ត្រូវតែចាប់ខ្លួនពួកគេនៅទីកន្លែងនោះ។ម៉ាឡេស៊ី និយាយថា ខ្លួនមិនចង់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ ហើយបានអនុញ្ញាតឲ្យពួកអ្នកគាំទ្រគណបក្សប្រឆាំងវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញស្មើនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ ដូច្នេះ ពួកគេបានស្វែងរកប្រទេសទី៣ដើម្បីបញ្ជូនសមាជិកគណបក្សប្រឆាំងទៅ»។
លោក រង្ស៊ី មានសញ្ជាតិ២ ហើយតាមលោក Robertson លោក រង្ស៊ី បានចូលក្នុងប្រ ទេសម៉ាឡស៊ីដោយប្រើលិខិតឆ្លងដែនបារាំងរបស់លោក។
ប្រាប់ VOA តាមទូរស័ព្ទពីប្រទេសថៃកាលពីរសៀលថ្ងៃសៅរ៍ លោកប៉ុន សៅរី អគ្គលេ ខាធិការគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដែលបានទាក់ទងជាមួយលោករង្ស៊ីយ៉ាងជាប់លាប់ បាននិយាយថា លោក រង្ស៊ី មិនទំនងវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជានៅថ្ងៃសៅរ៍ទេ។
លោក បាននិយាយថា៖ «ខ្ញុំមិនគិតថា ការធ្វើដំណើរនោះ នឹងកើតមានឡើងនៅថ្ងៃសៅរ៍នោះទេ ក៏ប៉ុន្តែ ការធ្វើដំណើរនោះ អាចកើតមានឡើងនៅថ្ងៃស្អែក។វាជាការមិនអាចទស្សន៍ទាយបាន ហើយអ្វីៗ អាចកើតមានឡើងបាន»។
លោក សៅរី បាននិយាយទៀតថា លោករង្ស៊ី នឹងជួបជាមួយពួកអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសម៉ាឡេស៊ីនិងអង្គការក្រៅរដ្ឋាភិបាល ហើយនឹងព្យាយាមជួបជាមួយក្រុមមន្រ្តីម៉ាឡេស៊ីដើម្បីពង្រឹងប្រព័ន្ធគាំទ្ររបស់លោក។
លោក បាននិយាយថា «យើង នឹងរៀបចំយុទ្ធសាស្រ្តថ្មីនិងរុករកជម្រើសទាំងអស់ដើម្បីទៅប្រទេសកម្ពុជាជាមួយគ្នា»។
លិខិតអញ្ជើញមួយដែលបានផ្សព្វផ្សាយ កាលពីថ្ងៃសៅរ៍ ប្រាប់ឲ្យដឹងថា លោករង្ស៊ី បានត្រូវបានលោកស្រីNurul Izzah Anwarសមាជិកសភាម៉ាឡេស៊ី អញ្ជើញឲ្យជួបជាមួយក្រុមសមាជិកសភាម៉ាឡេស៊ីនៅថ្ងៃអង្គារសប្តាហ៍ក្រោយដើម្បីពិភាក្សា«ពីវិធីអភិវឌ្ឍន៍សង្គមដ៏ល្អបំផុត»សម្រាប់ម៉ាឡេស៊ីនិងកម្ពុជា។
លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជា បានសម្តែងនូវការព្រួយកង្វល់អំពីការតានតឹងរីកកាន់តែធំ ឡើងនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃសុក្រ។
លោកស្រី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងការចាប់ខ្លួននិងចោទប្រកាន់ធ្ងន់ៗដែលធ្វើឡើងប្រឆាំងនឹងសមាជិកគណបក្សសង្គ្រោះជាតិ កំពុងធ្វើឲ្យមានការភ្ញាក់ផ្អើល»។
សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ បានប្រាប់ឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ក៏៥២នាក់ដែរ បានត្រូវចាប់ខ្លួនតាមប្រភពដែលគួរឲ្យទុកចិត្តបាន ហើយមនុស្សយ៉ាងហោចណាស់ក៏៨៩នាក់ដែរ បានរងការចោទប្រកាន់ពីការរៀបចំផែនការប្រឆាំងនឹងរដ្ឋ។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ កាលពីថ្ងៃសុក្រដែរ ក៏បានថ្កោលទោសការចាប់ខ្លួនកាលពីពេលថ្មីៗនេះហើយបានក្រើនរំលឹករដ្ឋាភិបាលកម្ពុជាពីកាតព្វកិច្ចនៃការមិនប្រើការបង្ក្រាប។គោលការណ៍នេះ ដែលត្រូវបានបកស្រាយថាជា «ការវិលត្រឡប់ដោយគ្មានការបង្ខំ» មិនមានបុគ្គលណា អាចត្រូវគេបញ្ជូនត្រឡប់ទៅវិញ នៅពេលដែលពួកគេប្រឈមនឹងភាពគ្រោះថ្នាក់នៃការធ្វើទារុណកម្មនោះ។ពលរដ្ឋកម្ពុជា២នាក់ រួមមានអ្នកស្វះស្វែងសុំសិទ្ធិជ្រកកោនម្នាក់ផង បានត្រូវគេចាប់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីហើយកាលពីដំបូងត្រូវគេគ្រោងនឹងបញ្ជូនទៅកាន់ប្រទេសកម្ពុជាវិញ ក៏ប៉ុន្តែ ឥឡូវនេះ ត្រូវបានគេអនុញ្ញាតឲ្យស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន