ខណ:ដែលកងកម្លាំងសន្តិសុខរាប់រយនាក់កំពុងតែយាមកាមនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជាថៃ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកស្រី ប៊ុត ពៅ ដែលជាកម្មករលាងសម្អាតស្បែកជើងនៅក្នុងទឹកដីថៃ មិនឆ្ងាយប៉ុន្មានពីព្រំដែនប៉ោយប៉ែត កំពុងតែចម្អិនអាហារពេលព្រឹក ដែលជាម្ហូបឆាគ្រឿងក្នុងមាន់ ជាមួយឆៃថាវ។
តាមទម្លាប់រៀងរាល់ថ្ងៃនៅពេលព្រឹក អ្នកស្រីមិននៅផ្ទះនោះទេ ដោយសារអ្នកស្រីរវល់ទៅធ្វើការនៅក្នុងទឹកដីថៃ ជាមួយប្តី និងកូនប្រុសរបស់អ្នកស្រី ដែលមានអាយុ១៦ឆ្នាំ។ ប៉ុន្តែចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា អ្នកស្រីមិនទៅធ្វើការទេ ដោយសារអ្នកស្រីខ្លាចមានការប៉ះទង្គិចគ្នានៅព្រំដែន ក្នុងគម្រោងវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី។
អ្នកស្រីបានថ្លែងប្រាប់VOA នៅផ្ទះរបស់អ្នកស្រីក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែតថា៖ «គេខ្លាច។ យើងខ្លាចតាមគេទៅ។ កុំឲ្យតែចេះ តែហ៊ានតែឯង។ ត្រឹម១១ ថ្ងៃទី១១ បើស្ងាត់ចូលវិញ។ ព្រោះច្រកព្រំដែនចូលហ្នឹង ទៅមើលកាំភ្លើងគ្រប់គ្នា មិនមែនមកវាយអីប្រជាពលរដ្ឋទេ។ តែបើគាត់មក ប៉ះទង្គិចហើយ។ មិនមែនអត់ប៉ះទេ។ មិនមែនវាយគ្នាដៃនឹងដៃដូចរឿងចិនណា»។
អ្នកស្រី ពៅ ដែលមានកូនពីរនាក់ មានប្រសាសន៍ថា អ្នកស្រី ប្តី អ្នកស្រីនិងកូនប្រុស ជាកម្មករធ្វើការនៅរោងចក្រវៀតណាម ផ្នែកលាងសម្អាតស្បែកជើង ដែលអាចរកកម្រៃក្នុងមួយថ្ងៃ សរុបទាំងអស់គ្នាបានជាង៦០ដុល្លារអាមេរិក។ អ្នកស្រីអំពាវនាវឲ្យមានការសម្របសម្រួលគ្នា ដើម្បីកុំឲ្យប្រជាពលរដ្ឋមានភាពភ័យខ្លាចនិងមិនបានទៅបំពេញការងារ។
អ្នកស្រីមានប្រសាសន៍ថា៖ «អត់ចង់ឲ្យអញ្ចឹងកើតឡើង។ ទាំងគេទាំងខ្ញុំពិបាកដូចគ្នា។ សំណូមពរទាំងសងខាង កុំឲ្យមានបញ្ហា។ ឲ្យជុំគ្នា។ ខាងនោះក៏ជជេសមក ខាងនេះគាត់ជជេសហាម មិនងាយត្រូវគ្នាទេ»។
អ្នកស្រីបន្តថាអ្នកស្រីក៏មានការព្រួយបារម្ភក្នុងការនិយាយអំពីបញ្ហានានាទាក់ទងនឹងរឿងនយោបាយ។ ប៉ុន្តែអ្នកស្រីបានតាមដានព័ត៌មានតាមរយ:ប្រព័ន្ធសង្គមហ្វេសប៊ុក។
អង្គុយនៅក្បែរនោះ គឺប្តីរបស់អ្នកស្រីលោក កាត់ ប៊ុននី មានប្រសាសន៍ថាលោកមានការព្រួយបារម្ភក្នុងការផ្តល់បទសម្ភាសន៍ ដោយសារខ្លាចអាជ្ញាធរកំណត់មុខសញ្ញា ហើយខ្លាចលោកនិយាយទៅប៉ះពាល់ដល់គេ។
ការគាំទ្រជាសាធារណ: ឬសកម្មភាពណាមួយទាក់ទងនឹងគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយដោយតុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រឈមនឹងការយាមកាម ការចោទប្រកាន់ និងការចាប់ដាក់ពន្ធនាគារ។
កាលពីថ្ងៃព្រហស្បតិ៍ នៅពេលលោក សម រង្ស៊ី រៀបចេញមកពីប្រទេសបារាំងតាមយន្តហោះមកប្រទេសថៃ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថាអាជ្ញាធរនឹងចាប់ខ្លួនមនុស្សផ្សេងទៀត ដែលពាក់ព័ន្ធនឹងការគាំទ្រការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី។ ការថ្លែងនេះបានធ្វើឲ្យអ្នកស្រី ប៊ុត ពៅ និងប្រជាជនផ្សេងទៀតមានភ័យខ្លាចក្នុងការបញ្ចេញមតិទាក់ទងនឹងរឿងនយោបាយ។
លោក ហ៊ុន សែន បានថ្លែងថា៖ «អ្នកណាចូលដៃ អ្នកហ្នឹងត្រូវមានទោស និយាយគ្នាឲ្យច្បាស់ ចេញសារភាពឲ្យត្រង់ៗមក ចេញសារភាពច្រើនណាស់ក្នុងប៉ុន្មានថ្ងៃនេះ។ ហើយបើចេញទេ តាមជាប់ទីណា គឺចាប់តាហ្នឹងតែម្តង»។
ពលរដ្ឋម្នាក់ដែលជាកម្មករអូសរទេះដែរ គឺលោក ម៉ៅ ម៉ាប់ អាយុ៥០ឆ្នាំ មានប្រសាសន៍ថាលោកត្រូវមានការប្រុងប្រយ័ត្នក្នុងការផ្តល់បទសម្ភាសន៍ណាមួយ ជាពិសេសទាក់ទងនឹងរឿងនយោបាយ។
លោកបានថ្លែងថា៖«បញ្ចេញមតិអារឿងមិនពាក់ព័ន្ធនិយាយបាន។ កុំឲ្យតែនិយាយអារឿងបញ្ហាផ្សេងៗ អាហ្នឹងអត់ដឹងទេ។ និយាយតែរឿងការរកស៊ីតើ មិនមែននិយាយរឿងនយោបាយណា»។
អ្នកជិតខាងរបស់អ្នកស្រី ប៊ុត ពៅ គឺអ្នកស្រី អេង លាង អាយុ៥៧ឆ្នាំ ដែលជាអ្នកលក់ចាប់ហួយ ភេសជ្ជ: និងបន្លែនៅតូបតូចមួយខាងមុខផ្ទះ មានប្រសាសន៍ថា ប្អូនស្រីរបស់អ្នកស្រី គឺអ្នកស្រី អេង រី បានហៅអ្នកស្រីឲ្យទៅលេងផ្ទះនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ដោយសារខ្លាចមានបញ្ហាអ្វីមួយកើតឡើងនៅតាមព្រំដែន។ ផ្ទះរបស់អ្នកស្រី អេង លាង នៅចម្ងាយប្រមាណ៧គីឡូម៉ែត្រពីច្រកព្រំដែនប៉ោយប៉ែត។
អ្នកស្រីដែលមើលថែចៅចំនួន៩នាក់ មានប្រសាសន៍ថា៖
«ចេះតែភ័យ ចេះតែខ្លាច។ ថាបងអើយ ទៅស្រុកសិនទៅ ចាំម៉េចម៉ាយើងមកវិញ។ ថាទៅណាចៅច្រើនយ៉ាងនេះ។ ថាបងអើយមកសិនមក ម៉េចៗចាំទៅវិញទៅ។ ខ្ញុំថាដឹងស្ពាយម៉េចទេ ចៅច្រើនយ៉ាងណានេះ»។
អ្នកស្រីថាអ្នកស្រីចង់ឃើញមេដឹកនាំនៃគណបក្សទាំងពីរត្រូវរ៉ូវគ្នាផងដែរ។
អ្នកស្រីមានប្រសាសន៍ថា៖ «អានេះយើងកូន មិនឲ្យម៉ែឪលែងគ្នា។ ស្រឡាញ់ទាំងពីរ។ ដល់ពេលគាត់ឈ្លោះគ្នាទៅ អាកូនចៅ លំបាក។ រត់រប៉ាត់រប៉ាយ មិនដឹងទៅណា។ បើគាត់ត្រូវគ្នា កូនចៅសប្បាយចិត្ត មិនចង់ឲ្យម៉ែឪលែងគ្នាទេ»។
ចាប់តាំងពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយដោយតុលាការកំពូលតាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ សកម្មជននៅថ្នាក់ក្រោម ត្រូវបានតាមដាននិងឃ្លាំមើលជាបន្តបន្ទាប់។ អ្នកខ្លះបានគេចខ្លួនទៅក្រៅប្រទេស។
លោក សម រង្ស៊ី បាននិរទេសខ្លួនទៅក្រៅប្រទេសចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ ដើម្បីគេចពីការតាមចាប់ខ្លួន។ រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកការវិលត្រឡប់របស់លោក សម រង្ស៊ី ជាការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល តាមរយៈកម្លាំងអ្នកគាំទ្ររបស់អតីតគណបក្សសង្គ្រោះជាតិ។
នៅក្បែរព្រំដែនប៉ោយប៉ែត អ្នកស្រី រ៉ា ចាន់ថា អាយុ៣៥ឆ្នាំ ជាអ្នកលក់ផ្លែឈើតាមរទេះ មានប្រសាសន៍ថា អ្នកស្រីមានការព្រួយបារម្ភអំពីការប៉ះទង្គិចគ្នា ដូច្នេះអ្នកស្រីមិនលក់ដូរនៅថ្ងៃទី៩ ខែវិច្ឆិកានោះទេ។ ការមិនលក់មួយថ្ងៃនាំឲ្យអ្នកស្រីខាតបង់ប្រាក់ចំណេញប្រហែល៥ម៉ឺនរៀល។
អ្នកស្រីមានប្រសាសន៍ថា៖ «ឃើញទាហានច្រើនខ្លាច។ អត់ជឿដែរ តែចេះតែភ័យទៅ»។
ចំណែកអ្នកស្រី ព្រំ ពៅ អាយុ៥២ឆ្នាំ ជាអ្នកលក់ចាប់ហួយនិងភេសជ្ជ:នៅព្រំដែន មានប្រសាសន៍ថាអ្នកស្រីកំពុងតាមមើលស្ថានការណ៍។ ប្រសិនបើតានតឹង អ្នកស្រីនឹងមិនលក់ទេនៅថ្ងៃទី៩ ខែវិច្ឆិកានោះទេ។
អ្នកស្រីមានប្រសាសន៍ថា៖ «ខ្ញុំចាំមើលសិន។ បើសិនជាប៉ុណ្ណឹង ខ្ញុំនៅ។ តែបើតឹងតែងជាងអ្នកខ្ញុំអត់បានលក់ដែរហ្នឹង។ គាត់តឹងសងខាងអញ្ចឹង មិនដឹងថាគាត់យល់ព្រមគ្នាដែរអត់។ ខាងគាត់នោះក៏ខ្លាំង ខាងគាត់នេះក៏ខ្លាំង»។
កាលពីថ្ងៃព្រហស្បតិ៍ លោក សម រង្ស៊ី បានថ្លែងថា លោកមិនត្រូវបានអនុញ្ញាតឲ្យជិះយន្តហោះពីប្រទេសបារាំង ដើម្បីមកទីក្រុងបាងកក ដោយមានការហាមឃាត់ពីក្រុមហ៊ុនអាកាសចរណ៍របស់ថៃ។
អង្គការ Human Rights Watch ដែលមានមូលដ្ឋាននៅអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បត្តិ៍ថារដ្ឋាភិបាលគួរតែអនុញ្ញាតឲ្យមេដឹកនាំបក្សប្រឆាំងអាចត្រឡប់មកកម្ពុជាវិញ ហើយបន្តសកម្មភាពនយោបាយដោយសេរី៕