គណនីហ្វេសប៊ុក (Facebook) របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដំណើរការឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ ៣សប្តាហ៍បន្ទាប់ពីលោកបានប្រកាសថាលោកបានបោះបង់ចោលមហាបណ្តាញព័ត៌មានសង្គមនេះទៅប្រើតេឡេក្រាមដែលជាប្រព័ន្ធ appផ្ញើសារដ៏មានប្រជាប្រិយភាពមួយវិញ។
ការវិលត្រឡប់របស់លោក ហ៊ុន សែន ទៅកាន់ Facebook វិញ បានកើតមានឡើង៣ថ្ងៃមុនការបោះឆ្នោតជាតិដែលគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចរបស់លោកត្រូវបានធានាថានឹងទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។
លោក ហ៊ុន សែន បាននិយាយកាលពីចុងខែមិថុនាថា លោកនឹងបញ្ឈប់ការបង្ហោះសារថ្មីលើទំព័រ Facebookរបស់លោក ក៏ប៉ុន្តែ ទុកគណនីនេះលើអនឡាញ។ លោក ហ៊ុន សែន បាននិយាយទៀតថាលោកបានប្តូរទៅប្រើប្រព័ន្ធតេឡេក្រាមវិញ ពីព្រោះលោកជឿថា ប្រព័ន្ធនេះ ផ្តល់វិធីទាក់ទងគ្នាប្រកបដោយប្រសិទ្ធភាពជាង។
ក៏ប៉ុន្តែ នៅពេលដែលអ្នកឃ្លាំមើល Facebook បានរិះគន់ភាសានៅក្នុងវីដេអូមួយរបស់លោកហើយបានស្នើឱ្យផ្អាកគណនីរបស់លោកនាយករដ្ឋមន្ត្រីរយៈពេល៦ខែ លោក ហ៊ុន សែន បានដកទំព័រនោះចោល។
លោក ដួង តារា ដែលគ្រប់គ្រងគណនីបណ្តាញសង្គមរបស់មេដឹកនាំអាយុ៧០ឆ្នាំរូបនេះបានចុះផ្សាយសារមួយកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា លោកបានសុំលោក ហ៊ុន សែន អនុញ្ញាតឱ្យបើកទំព័រ Facebook របស់លោកឡើងវិញ ដើម្បីផលប្រយោជន៍ជាតិ។ លោក តារា បាននិយាយទៀតថាលោក មិនមែនលោកនាយករដ្ឋមន្ត្រីទេ ដែលនឹងចុះផ្សាយមាតិការឿងក្នុងទំព័រ Facebookនោះ។
លោក ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាអស់រយៈពេល៣៨ឆ្នាំនោះ បានប្រើ Facebookចាប់តាំងពីឆ្នាំ២០១៥ ដើម្បីចុះផ្សាយរូបថតក្រុមគ្រួសារ ចេញការព្រមានភ្លាមៗដល់គូសត្រូវនយោបាយរបស់លោកនិងផ្សាយបន្តផ្ទាល់សុន្ទរកថាដ៏វែងអន្លាយនិងជាញឹកញាប់របស់លោក។
ទំព័ររបស់លោកមានអ្នកចូលមើល១៤លាននាក់ ថ្វីបើពួកអ្នករិះគន់បាននិយាយថា ចំនួនអ្នកចូលមើលមួយចំនួនធំជាគណនី«ខ្មោច»ដែលទិញដើម្បីឱ្យគេចុច Like ជាការអះអាងដែលលោក ហ៊ុន សែន បានច្រានចោលម្តងហើយម្តងទៀត។
រហូតមកដល់ថ្ងៃព្រហស្បតិ៍ គណនីតេឡេក្រាមរបស់លោក ហ៊ុន សែន មានអ្នកចូលរួមជិត៩៨៧.០០០នាក់ដែលកើនឡើងពី៨៥៥.០០០នាក់ដែលលោកមាននៅពេលដែលលោកប្រកាសផ្តាច់ពី Facebook។
លោក ហ៊ុន សែន បានប្រកាសពីបំណងរបស់លោកដើម្បីបញ្ឈប់ការបង្ហោះសារនៅលើ Facebook មួយថ្ងៃមុនពេលក្រុមប្រឹក្សាភិបាលត្រួតពិនិត្យពាក់កណ្តាលឯករាជ្យដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Meta បានស្នើឱ្យព្យួររយៈពេល៦ខែទាំងគណនី Facebookនិង Instagram របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនោះបានបញ្ជាក់ថា លោក ហ៊ុន សែនបានប្រើប្រាស់ភាសាដែលអាចញុះញង់ឱ្យមានអំពើហិង្សានៅក្នុងសុន្ទរថាមួយកាលពីខែមករាដែលលោកបានរិះគន់ពួកអ្នកនយោបាយគណបក្សប្រឆាំងដែលបានចោទប្រកាន់ថាគណបក្សរបស់លោកបានលួចសន្លឹកឆ្នោត។
ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យFacebookបាននិយាយថា ខ្លួនបានផ្តល់អនុសាសន៍ដែលមិនតម្រូវឱ្យអនុវត្តតាម មួយផ្នែកបណ្តាលមកពី«ប្រវត្តិនៃការរំលោភសិទ្ធិមនុស្សរបស់លោក ហ៊ុន សែន និងការបំភិតបំភ័យលើគូប្រជែងនយោបាយនិងយុទ្ធសាស្ត្ររបស់លោកនៃការប្រើបណ្តាញព័ត៌មានសង្គមដើម្បីពង្រីកការគំរាមកំហែងបែបនេះ»។ ក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត ក្រុមប្រឹក្សាភិបាលនេះបានច្រានចោលការសម្រេចរបស់ក្រុមហ៊ុន Facebook ដែលបានអនុញ្ញាតឱ្យបន្តបង្ហោះវីដេអូនោះអនឡាញ។ វីដូអូនោះត្រូវបានផ្សាយផ្ទាល់លើបណ្តាញសង្គម Facebook។ ប៉ុន្មានម៉ោងនៃការធ្វើសេចក្តីរាយការណ៍ជាសាធារណៈរបស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ Facebook មក ទំព័រFacebookរបស់លោក ហ៊ុន សែន ត្រូវបានដកចេញ៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន