ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ហាម​ក្រុមប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​នៃ​ក្រុមហ៊ុន ​Meta​ ចូល​ប្រទេស ក្រោយ​ចេញ​អនុសាសន៍​ព្យួរ​ហ្វេសប៊ុក​លោក ហ៊ុន សែន


រូបឯកសារ៖ អ្នកចូលរួម​​សន្និសីទ​​ទស្សនា​ស្តង់​ក្រុមហ៊ុន Meta នៅ​ទី​ក្រុង San Francisco រដ្ឋ California កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៣។
រូបឯកសារ៖ អ្នកចូលរួម​​សន្និសីទ​​ទស្សនា​ស្តង់​ក្រុមហ៊ុន Meta នៅ​ទី​ក្រុង San Francisco រដ្ឋ California កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៣។

ឆ្លើយ​តប​នឹង​អនុសាសន៍​ឱ្យព្យួរ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ហាម​ប្រាមសមាជិក​ក្រុម​ប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​នៃ​ក្រុម​ហ៊ុន​ Meta ដែល​គ្រប់​គ្រង​ហ្វេស​ប៊ុក​ចំនួន​២២​រូប​មិន​ឱ្យចូល​ប្រទេស ដែល​ក្នុង​នោះ​ក៏​មាន​អតីត​នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​ដាណឺម៉ាក​ផង​ដែរ។

ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ក្រោយ​មាន​ភាព​ចម្រូង​ចម្រាស​លើ​ការ​ចេញ​អនុ​សាសន៍​ឱ្យ​ក្រុមហ៊ុន Meta ព្យួរ​ហ្វេស​ប៊ុក​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ពាក្យ​សម្តី​ហិង្សា។ រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​អនុសាសន៍​នេះ​មាន​លក្ខណៈ​នយោបាយ។

រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បាន​ហាម​ឃាត់សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​របស់​ក្រុមហ៊ុន​ Meta​ មិន​ឱ្យចូល​កម្ពុជា ហើយ​បើ​មាន​អ្នក​កំពុង​នៅ​កម្ពុជា​ត្រូវ​ចាក​ចេញ​បន្ទាន់ ក្នុង​រយៈ​ពេល៤៨​ម៉ោង។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង ការបរទេស​កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៤​ ខែ​កក្កដា​ ឆ្នាំ២០២៣។

ក្រសួង​បន្ថែម​ថា៖ «អនុសាសន៍[របស់​ក្រុម​ប្រឹក្សាភិបាល​ត្រួត​ពិនិត្យ]​នេះ​មាន​ចេតនា​រារាំង​សេរីភាព​សារព័ត៌មាន​របស់​ ប្រជា​ពលរដ្ឋ​កម្ពុជា​និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការទទួល​បាន​ព័ត៌​មាន​ពិត​ពី​ថ្នាក់​ដឹកនាំ​ដែល​ពួកគេ​គាំទ្រ​ និង​ពេញ​ចិត្ត»។

ក្នុង​ចំណោម​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ត្រួត​ពិនិត្យ​របស់​ក្រុមហ៊ុន​Meta ​ទាំង​២២​នាក់ ក៏​មាន​អ្នក​ស្រី Helle Thorning-Schmidt ដែលជា​អតីត​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ដាណឺម៉ាក​ដែល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​មួយ​នេះ ចាប់​តាំង​ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៥។ ចំណែក​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ម្នាក់​ទៀត គឺ​អ្នកស្រី Tawakkol Karman គឺ​ជា​អ្នកសារព័ត៌មាន និង​សកម្មជន​ម្នាក់​ដែល​ឈ្នះ​ពាន​រង្វាន់​ណូបែល​សន្តិភាព​កាល​ពី​ឆ្នាំ​២០១១ ក្នុង​ការ​កសាង​វប្បធម៌​អហិង្សា​នៅ​មជ្ឈិមបូព៌ា។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុម​ប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​នៃ​ក្រុម​ហ៊ុន​ Meta តាម​សារ​អ៊ីមែល​បាន​នៅ​ឡើយ​ទេ។

ក្រុមប្រឹក្សាភិបាល​ទាំង​នេះ​ទទួល​បាន​មូលនិធិ​ពី​ក្រុមហ៊ុន ​Meta ប៉ុន្តែប្រតិបត្តិ​ការងារ​ដោយ​ឯករាជ្យ។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ ​និង​ជា​សាស្ត្រា​ចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​រដ្ឋាភិបាល​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ចេញ​វិធាន​ការ​ទៅ​លើ​ក្រុម​ប្រឹក្សា​ភិបាល​ត្រួត​ពិនិត្យ​ទាំង​នោះ ប៉ុន្តែ​ការ​ដែល​តម្រូវ​ឱ្យ​ចាក​ចេញ​ពី​កម្ពុជា​ក្នុង​រយៈ​ពេលខ្លី​ត្រឹម​៤៨​ម៉ោង គឺ​មិន​សមរម្យ​ឡើយ។ លោក​បន្ថែម​ថា​ គួរ​តែ​មាន​ហេតុ​ផល​ផ្លូវ​ច្បាប់ ជា​ជាង​គ្រាន់​តែ​ហេតុ​ផល​ដែល​លោក​នាយករដ្ឋមន្រ្តី​ឈប់​ប្រើ​ហ្វេសប៊ុក។

លោក​ថ្លែង​ថា៖ «អ្វី​ដែល​អ្នក​នយោបាយ លោក​នាយក​រដ្ឋមន្រ្តី​ឈប់​ប្រើ​ហ្វេសប៊ុក​ហើយ​មាន​ប្រតិកម្ម​បន្ត​បន្ទាប់​ហ្នឹង វា​អត់​ខុស​ពី​ការ​ចោទ​ប្រកាន់របស់​មតិ​អន្តរជាតិ និង​ក្រុមហ៊ុន​ហ្វេសប៊ុក​ថា​[ជា]​ការ​ឆ្លើយ​តប​ដោយ​កំហឹង​ទល់​កំហល់​ទេ។ អា​នេះ បើ​យើង​ប្រើ​គោល​ការណ៍​ច្បាប់​គួរ​តែ​មាន​ហេតុ​ផល​ផ្លូវ​ច្បាប់​សមរម្យ​ដែរ»។

កាល​ពី​កន្លង​ទៅ ក្រុមហ៊ុន Meta ​បាន​បញ្ជាក់​ថា​ក្រុម​ហ៊ុន​មិន​បាន​ព្យួរ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ឡើយ បើ​ទោះ​មាន​អនុសាសន៍​ពី​ក្រុម​ប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​ក៏​ដោយ។

លោក ហ៊ុន សែន បាន​ឈប់​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ដោយ​ខ្លួន​ឯង កាល​ពី​សប្តាហ៍​មុន ក្រោយ​ក្រុម​ប្រឹក្សាភិបាល​ត្រួត​ពិនិត្យ​នៃ​ក្រុមហ៊ុន ​Meta បាន​ចេញ​អនុ​សាសន៍​ឱ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​ព្យួរ​គណនី​របស់​លោក​រយៈ​ពេល​៦​ខែ ពាក់ព័ន្ធ​នឹង​វីដេអូ​មួយ​ដែល​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ដែល​រំលោភ​វិធាន​របស់​ក្រុមហ៊ុន ​Meta ស្តី​ពី​ការ​គំរាម​កំហែង​ហិង្សា។ ក្នុង​វីដេអូ​នោះ លោក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​គូប្រជែង​នយោបាយ​របស់​លោក​ថា​ជ្រើស​រើស​រវាង​«ប្រព័ន្ធ​ផ្លូវ​ច្បាប់»​និង​«ដំបង»។

គួរ​បញ្ជាក់​ថា​កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បណ្តេញ​តំណាង​ក្រុមហ៊ុន​ហ្វេស​ប៊ុក​ចេញ​ពី​កម្ពុជា និង​បញ្ឈប់​រាល់​សកម្មភាព ដូច​ជា​ភាព​ជា​តំណាង​របស់​ក្រុម​ហ៊ុន​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល និង​កិច្ចសហការ​ដៃគូ​ក្នុង​វិស័យ​ឯកជន​នៅ​ប្រទេស​កម្ពុជា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG