ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឈ្មួញ​បន្ទាប​តម្លៃ​ស្រូវ​ពេល​ការនាំ​ចេញ​អង្ករ​ទៅ EU ​ធ្លាក់ចុះ​៣៣​ភាគរយ


រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ប្រមូល​ទិន្នផល​ស្រូវ ដែល​ត្រូវបាន​ដាក់​ហាល​នៅ​លើ​ផ្លូវ​លំ​មួយ​នៅ​ខេត្ត​បន្ទាយ​មានជ័យ។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ប្រមូល​ទិន្នផល​ស្រូវ ដែល​ត្រូវបាន​ដាក់​ហាល​នៅ​លើ​ផ្លូវ​លំ​មួយ​នៅ​ខេត្ត​បន្ទាយ​មានជ័យ។ (ស៊ុន ណារិន/VOA)

កសិករ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​និង​មន្រ្តី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ជាមួយ​កសិករ​ខ្មែរ​បាន​អះអាង​ថា​ឈ្មួញ​កណ្តាល​បាន​ប្រើ​ប្រាស់​ព័ត៌មាន​នៃ​ការ​យក​ពន្ធ​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​សហភាព​អឺរ៉ុប​មក​បន្ទាប​តម្លៃ​ស្រូវ​របស់​ពួកគេ។

ការ​លើក​ឡើង​របស់​កសិករ កើត​ឡើង​ស្រប​ពេល​ដែល​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ទៅ​សហភាព​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ប្រមាណ​១០​ម៉ឺន​តោន គឺ​ប្រហែល​៣៣​ភាគរយ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៨ ក្រោយ​ការ​យក​ពន្ធ​របស់​សហភាព​អឺរ៉ុប។

អ្នកស្រី ជឿន សុជាតិ អាយុ​៤១​ឆ្នាំ ជា​កសិករ​ម្នាក់​ដែល​កំពុង​រស់​នៅ​ភូមិ​បឹងរាំង ឃុំ​ឱម៉ាល់​ខេត្ត​បាត់​ដំបង​ បាន​ថ្លែង​ប្រាប់​VOA​ ថា តម្លៃ​ស្រូវ​ក្រអូប​របស់​អ្នកស្រី​ក្នុង​ឆ្នាំ​នេះ បានធ្លាក់​ចុះ​ខ្លាំង ដោយ​មាន​តម្លៃ​ត្រឹម​តែ​៧​ពាន់​បាត គឺ​ប្រមាណ​៩០​ម៉ឺន​រៀលតែ​ប៉ុណ្ណោះ​ក្នុង​មួយ​តោន ​ខណៈឆ្នាំ​កន្លងៗ​ទៅ ​លក់​បាន​ក្នុង​តម្លៃ​យ៉ាង​ទាប​បំផុត​គឺ​៨៥០០​បាត​ក្នុង​មួយ​តោន គឺ​ស្មើ​ប្រមាណ​១លាន​១០​ម៉ឺន​រៀល។

អ្នកស្រី​ដែល​ជួល​ដីស្រែ​គេ​ចំនួន​៦​ហិកតា ​ដែល​ក្នុង​មួយ​ហិកតា​តម្លៃ​៥​ពាន់​បាត​ ប្រមាណ​៦៤​ម៉ឺន​រៀល​ មាន​ប្រសាសន៍​ថា​ឈ្មួញ​បាន​ប្រាប់​អ្នកស្រី​ថា​ស្រូវ​ដែល​ទិញ​នោះ គេ​លែង​នាំ​ទៅ​ក្រៅ​ប្រទេស​ហើយ​ ដូច្នេះ​បាន​ជា​តម្លៃ​ធ្លាក់​ទាប។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ឈ្មួញ​គេ​ថា​គេ​ទិញ​ថោក​ហ្នឹង មក​ពី​ស្រូវ​មិន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស ព្រោះ​អី​គេ​ទិញ​ដាក់​តាម​រោង​ម៉ាស៊ីន​នេះ វា​អត់​បាន​ថ្លៃ​ទេ។ បើ​សិន​ជា​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស អាហ្នឹង​បាន​បាន​ថ្លៃ។ គេ​និយាយ​អញ្ចឹង។ ដល់​ពេល​អញ្ចឹង កសិករ​មួយ​ៗ​ស្រងាក​ចិត្ត»។

ប៉ុន្តែ​អ្នកស្រី​មិន​ដឹង​ថា​ស្រូវ​របស់​អ្នកស្រី ​ត្រូវ​កិន​ជា​អង្ករ នាំ​ចេញ​ទៅ​ប្រទេស​ណា​នោះទេ។

អ្នកស្រី​បន្ថែម​ថា៖ «ដឹង​ជឿ​មិន​ជឿ​ទេ​បង បើ​យើង​អត់​ដឹង​ដែរ។ បើ​គេ​ថា​ប៉ុណ្ណា យើង​ត្រូវ​តែ​លក់។ បើ​យើង​ជំពាក់​គេ បើ​យើង​មិន​លក់ អត់​មាន​អី​សង​គេ​អញ្ចឹង​បង»។

កាល​ពី​ខែ​មករា ឆ្នាំ​២០១៩ ​សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​កំណត់យក​ពន្ធ​នៃ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​រយៈ​ពេល​៣ឆ្នាំ​ ដោយ​សារ​តែ​បរិមាណ​នាំ​ចូល​មាន​ការ​កើន​ឡើង​ច្រើន​នៅ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប។ ​

តាម​ការ​ប៉ាន់​ប្រមាណ ​ប្រទេស​កម្ពុជា​ត្រូវ​បង់​ពន្ធ​ចំនួន​៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ​នៅ​ក្រោម​ការ​យក​ពន្ធនេះ ​អ្នកនាំ​អង្ករ​ចូល​ត្រូវ​បង់​តម្លៃ​ប្រហែល​២០០​ដុល្លារ​ក្នុង​មួយ​តោន​សម្រាប់​ឆ្នាំ​ទីមួយ ​ចំនួន​១៧១​ដុល្លារ​សម្រាប់​ឆ្នាំ​ទីពីរ ​និង​ចំនួន​១៤៣​ដុល្លារ​សម្រាប់​ឆ្នាំ​ទី​បី។​

សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ថា ​ពួក​គេ​បាន​ទទួល​សំណើ​ពី​ប្រទេស​អ៊ីតាលី​ ដែល​បាន​ស្នើ​ឲ្យ​មាន​ការ​អនុវត្ត​វិធាន​ការ​គាំពារ​អង្ករ​ក្នុង​ប្រទេស​ជា​សមាជិក ដោយសារ​មាន​ការនាំ​អង្ករ​ច្រើន​ចូល​ពី​ប្រទេស​កម្ពុជា​និង​មីយ៉ាន់ម៉ា។

កសិករ​ម្នាក់​ទៀត​នៅ​ក្នុង​ខេត្ត​បាត់​ដំបង គឺ​លោក ឃឿត ភក្តី ​អាយុ​២៤​ឆ្នាំ មាន​ប្រសាសន៍​ថា​តម្លៃ​ស្រូវ​ក្រអូប​របស់​លោក​បាន​ចុះ​ទាប ដែល​លោក​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ លោក​ក៏​បាន​រអ៊ូ​រទាំ​រឿងខ្វះ​ទឹក​សម្រាប់​ធ្វើ​ស្រែ​នៅ​ក្នុង​តំបន់​របស់​លោក​ផង​ដែរ។ លោក​បារម្ភ​មិន​អាច​លក់​ស្រូវ​បាន​ ហើយ​បំណុល​កាន់​តែ​កើន​ឡើង ខណៈ​លោក​ធ្វើ​ស្រែ​ចំនួន​១០​ហិកតា ហើយ​ជួល​គេ​៦ហិកតា។

លោក ភក្តី ដែល​ធ្វើ​ស្រែ​ខ្លួន​ឯង​និង​ជួយ​មើល​ស្រែ​របស់​ម្តាយ​ផង បាន​ថ្លែង​ប្រាប់​VOA​ថា៖ «តម្លៃ​ប៉ុណ្ណឹង​វា​ថោក ជី​វា​ថ្លៃ ស្រូវ​វា​ថោក។ ទូទាត់​ទៅ វា​មិន​ស្មើ​នឹង​ថ្លៃ​ជី​ផង។ បើ​មួយ​ហិកតា ប្រើ​៦​ការ៉ុង។ ដូច​វា​មិន​ល្អ តម្លៃ​ប៉ុណ្ណឹង។ មើល​ទៅ ធ្វើ​យូរៗ​ទៅ ធ្វើ​ឲ្យ​តែ​គេ»។

វិធាន​ការ​នៃ​ការ​យក​ពន្ធ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប ក៏​បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ការ​នាំ​ចេញ​អង្ករ​ទៅ​សហភាព​អឺរ៉ុបផង​ដែរ។ បើ​តាម​របាយការណ៍​បំណាច់​ឆ្នាំចេញ​ផ្សាយ​ដោយ​ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ការ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​សម្រាប់​ឆ្នាំ​២០១៩ មាន​ចំនួន​ជាង​៦២ម៉ឺនតោន​ ក្នុង​នោះ​ការ​នាំ​ទៅ​អឺរ៉ុប​មាន​ចំនួន​ជាង​២០ម៉ឺន​តោន ដែល​ស្មើ​ប្រមាណ​៣២​ភាគរយ។

កាល​ពី​ឆ្នាំ​២០១៨ កម្ពុជា​បាននាំ​ចេញ​អង្ករ​ប្រមាណ​៣០ម៉ឺន​តោន​ទៅ​សហភាព​អឺរ៉ុប ដែល​មាន​ប្រមាណ​៤៣​ភាគរយ​នៃ​ការ​នាំ​ចេញអង្ករ​សរុប​ទៅ​ក្រៅ​ប្រទេស​របស់​កម្ពុជា​ប្រមាណ​៦៣​ម៉ឺន​តោន។

ប៉ុន្តែ​ការ​ធ្លាក់​ចុះ​ការ​នាំ​ចេញ​អង្ករ​ទៅ​អឺរ៉ុប​ត្រូវ​បាន​ជំនួស​ដោយ​ការ​នាំ​ទៅ​ប្រទេស​ចិន​មាន​ចំនួន​ប្រមាណ​២៥ម៉ឺនតោន ដែល​ច្រើន​ជាង​គេ​នៃ​ការ​នាំ​ចេញ គឺស្មើ​ប្រមាណ​៤១​ភាគរយ។

លោក ចាន់ សុខ​ឃាង​ អនុ​ប្រធាន​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ប្រាប់​VOA​ថា ឈ្មួញ​ខ្លះ​បាន​ឆ្លៀត​ឱកាស​ប្រើប្រាស់​ព័ត៌មាន​ទាក់​ទង​នឹង​ការ​យក​ពន្ធ​អង្ករ​នាំចេញ ទៅទម្លាក់​តម្លៃ​ស្រូវ​របស់​កសិករ។ លោក​ស្នើ​ឲ្យ​កសិករ​គួរ​តែ​យក​ស្រូវ​ទៅ​លក់​នៅ​ម៉ាស៊ីន​កិន​ស្រូវ​ដោយ​ផ្ទាល់ ទើប​ទទួល​បាន​តម្លៃ​សមរម្យ។ លោក​បញ្ជាក់​ថា​ ស្រូវ​ក្រអូប​ស្ថិត​ក្នុង​តម្លៃ​ជាង​៩ពាន់បាត​ក្នុង​១តោន​រហូត​មក​ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២០​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ឈ្មួញ​គាត់​យក​ព័ត៌មាន​ទៅ​បំប៉ោង ទៅ​និយាយ​អី​ចឹង​ទៅ​ណា ព្រោះ​អាហ្នឹង​ជា​ការ​និយាយ​ស្តី​របស់​គាត់ វា​អត់​មាន​អ្នក​ណា​ទេ ទទួល​ខុស​ត្រូវ។ អាហ្នឹង​យើង​ទប់​ស្កាត់​របៀប​ម៉េច​បាន​ បើ​វា​កើត​ឡើង​រាយ​ប៉ាយ គ្រប់​កន្លែង អាហ្នឹង​ជា​ការ​ឆ្លៀត​ឱកាស​ទេ»។

លោក​បន្ថែម​ថា៖ «គេ​ទិញ​ក្នុង​តម្លៃល្អ​ជាង គាត់​លក់​ឲ្យ​ឈ្មួញ​ទៀត។ បញ្ហា​គឺ​នៅ​ត្រង់​ថា គាត់​ច្រូត​ហើយ គាត់​លក់​ឲ្យ​គេ​នៅ​ហ្នឹង​ស្រែ ដូច្នេះ​តម្លៃ​របស់​គាត់ ស៊ីសង​លើ​ឈ្មួញ គេ​អ្នក​ប្រមូល​ទិញ​កណ្តាល​ហ្នឹង​ទេ»។

លោក​បន្ត​ថា ប្រទេស​ចិន​បាន​បង្កើន​ការ​ទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា ដែល​ជំនួស​ការ​ធ្លាក់​ចុះ​ទៅ​សហភាព​អឺរ៉ុប។

លោក ​ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជាហៅ​កាត់​ថា​ CCFC​ ប្រាប់​ VOA ថា​លោក​បាន​ទទួល​ព័ត៌មាន​ពី​កសិករ​មួយ​ចំនួន​ថា​ឈ្មួញ​បាន​ប្រើ​ប្រាស់​ព័ត៌មាន​ទាំង​នេះ ដើម្បី​កេង​ចំណេញ​ពី​កសិករ។

លោក​បាន​ថ្លែង​ថា៖ «អញ្ចឹង​ឈ្មួញ​ដែល​គេ​ហៅ​ថា​ពួក​ឆ្លៀត​ឱកាស​ការ​រកស៊ី​មួយ​ចំនួន​ហ្នឹង ពិសេស​អ្នក​ប្រមូល​ទិញ​ស្រូវ​នៅ​កម្រិត​ថ្នាក់​មូលដ្ឋាន​ហ្នឹង គាត់​បាន​ប្រើ​ប្រាស់​វិធីសាស្រ្ត​ហ្នឹង ដើម្បី​កេង​ចំណេញ​ការ​ទម្លាក់​ថ្លៃ​របស់​ប្រជាកសិករ»។

បើ​តាម​លោក ថេង សាវឿន ព័ត៌មាន​នៃ​ការ​ដឹក​ស្រូវ​ទៅ​លក់​នៅ​ម៉ាស៊ីន​កិន​ស្រូវ​ដោយ​ផ្ទាល់​ មិន​បាន​ទៅ​ដល់​កសិករ​នោះ​ទេ ហើយ​ពួកគេ​យល់​ថា​រោងម៉ាស៊ីន​កិន​ស្រូវ​ទាំង​នោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​កន្លែង​ធ្វើ​ស្រែ​ ដែល​ត្រូវ​ការ​កា​រ​ចំណាយ​បន្ថែម។ លោក​បន្ត​ថា​ការ​ខាតបង់​ច្រើន​របស់​កសិករ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នាំ​ឲ្យ​កសិករ​ខ្លះ​បាក់​ទឹក​ចិត្ត​ក្នុង​ការ​ធ្វើ​ស្រែ​បន្ត​ទៀត៕

XS
SM
MD
LG