លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះថ្លែងថា រដ្ឋាភិបាលរបស់លោកមិនអាចកំណត់តម្លៃស្រូវបាននោះទេ ហើយលោកថា ការធ្លាក់ចុះតម្លៃស្រូវ គឺដោយសារស្រូវមានគុណភាពមិនល្អ។
ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតសកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីលើកឡើងថា បញ្ហាតម្លៃស្រូវនៅកម្ពុជាមានការធ្លាក់ចុះ ដោយសារស្រូវមានគុណភាពអន់ ហើយពូជមិនសុទ្ធ ប៉ុន្តែស្រូវដែលមានគុណភាពល្អគឺនៅតែរក្សាបានតម្លៃដដែល។
«ខាងក្រសួងកសិកម្ម ក៏ដូចជាផ្នែកពាក់ព័ន្ធបានពន្យល់រួចមកហើយអំពីមូលហេតុអីបានជាស្រូវធ្លាក់ថ្លៃ។ វាមានមូលហេតុរបស់វា។ ស្រូវធម្មតាដែលវាអត់មានខូចគុណភាព តម្លៃគឺនៅតែរក្សាដដែល ប៉ុន្តែកន្លែងខ្លះគឺថាអាពូជវាអត់សុទ្ធ ហើយអង្ករវាបាក់អីអញ្ចឹងទៅ ដូច្នេះគ្នាអ្នកទិញទៅនោះជួបការលំបាក»។
លោក ហ៊ុន សែន បន្ថែមថា រដ្ឋាភិបាលរបស់លោកមិនអាចកំណត់តម្លៃស្រូវដូចប្រទេសកុម្មុយនិស្តបានធ្វើនោះទេ ព្រោះកម្ពុជាមានទីផ្សារសេរី។
«យើងបានត្រឹមតែអំពាវនាវតែប៉ុណ្ណោះ ប៉ុន្តែយន្តការទីផ្សារមិនតម្រូវឲ្យរដ្ឋធ្វើការកំណត់ថ្លៃទេ។ អាហ្នឹងត្រូវឲ្យបានច្បាស់ជាមួយគ្នា»។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងខណៈកសិករមួយចំនួនបានត្អូញត្អែរថាស្រូវនិងផលិតផលកសិកម្មជាច្រើនមានតម្លៃថោក។ ចំណែកអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនក៏បានរិះគន់ថា ក្រសួងពាក់ព័ន្ធមិនមានមន្ត្រីបច្ចេកទេស ដើម្បីចុះជួយស្វែងរកទីផ្សារ ដែលបណ្ដាលឲ្យតម្លៃស្រូវអង្ករធ្លាក់ចុះទាប មិនស្របទៅនឹងតម្លៃនៃវត្ថុធាតុដើម និងថ្លៃពលកម្មសម្រាប់ប្រជាកសិករជាដើម។
អ្នកស្រី ជឿន សុជាតិ អាយុ៤១ឆ្នាំ ជាកសិករម្នាក់ដែលកំពុងរស់នៅភូមិបឹងរាំង ឃុំឱម៉ាល់ ខេត្តបាត់ដំបង បានថ្លែងប្រាប់ VOA ថា តម្លៃស្រូវក្នុងឆ្នាំនេះធ្លាក់ចុះខ្លាំង ដោយស្រូវសែនក្រអូបលក់បានមួយគីឡូ ត្រឹម៧០០រៀល ខណៈឆ្នាំកន្លងៗទៅ លក់បាន១៣០០រៀល ក្នុងមួយគីឡូក្រាម។
អ្នកស្រីមានប្រសាសន៍ថា៖ «ឈ្មួញគេថាគេមិនទិញម៉េចៗទេអូន បងអត់ដឹងដែរ។ មានតែលក់ឲ្យរោងម៉ាស៊ីនទៅ ថោកថ្លៃម៉េចចេះតែលក់ទៅ ឲ្យថ្លៃជី សងថ្លៃជី សងថ្លៃស្រែគេអូន»។
ជាទូទៅ កសិករខ្មែរមិនដឹងអំពីទីផ្សារនិងតម្លៃស្រូវនោះទេ។ អ្វីដែលគេអាចធ្វើបានគឺស្ដាប់តាមឈ្មួញ ហើយលក់ស្រូវទាំងនោះ បើទោះជាតម្លៃទាបក៏ដោយ។ កសិករបានអះអាងថាពួកគេអាចត្រឹមតែសួរនាំគ្នាទៅវិញទៅមកតាមបណ្ដាញរបស់ពួកគេ ហើយក៏សម្រេចលក់ទៅតាមហ្នឹង ដោយមិនទុកយូរ។
លោក យ៉ង់ សាំងកុមារ អ្នកជំនាញកសិកម្ម និងជាអតីតប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ CEDAC លើកឡើងថា រាល់រដូវច្រូត កសិករតែងសម្រុកលក់ស្រូវ ជាហេតុនាំឲ្យស្រូវចុះថោក ជាពិសេសនៅពេលកសិករបង្ខំលក់ទាំងសើម ប៉ុន្តែលោកថា ឆ្នាំនេះ ចំនួនអ្នកទិញស្រូវមានតិចជាងឆ្នាំមុន ដែលធ្វើឲ្យតម្លៃស្រូវកាន់តែចុះថោកជាងរាល់ដង។
អ្នកជំនាញផ្នែកកសិកម្មរូបនេះបន្ថែមថា រដ្ឋាភិបាលមានតួនាទីយ៉ាងសំខាន់ក្នុងការជួយកសិករទាក់ទងនឹងការកំណត់តម្លៃស្រូវ ការរៀបចំគោលនយោបាយទឹក បច្ចេកទេស និងការរកទីផ្សារសម្រាប់កសិផលជាដើម ដើម្បីជួយអ្នកផលិតស្បៀងបន្តការផលិត និងអ្នកបរិភោគទទួលបានស្បៀងក្នុងតម្លៃសមរម្យ។
លោកបញ្ជាក់ថា ការបន្តឲ្យមានបញ្ហាកសិកម្ម ជាពិសេសបញ្ហាតម្លៃស្រូវបន្តចុះថោក ឬខ្វះទីផ្សារ អាចធ្វើឲ្យកម្ពុជាប្រឈមនឹង«អសន្តិសុខស្បៀង»នៅពេលពេលខាងមុខ។
លោកបន្តថាប្រទេសមួយចំនួនដូចជាប្រទេសថៃ ជប៉ុន និងម៉ាឡេស៊ីជាដើម តែងលូកដៃក្នុងវិស័យស្រូវអង្ករ ដើម្បីទប់ស្កាត់បញ្ហាអសន្តិសុខស្បៀងនេះ។
«ឧទាហរណ៍ថាថ្ងៃមុខទៅយើងផលិតស្បៀងបានតិច ហើយយើងស្តុកស្បៀងក្នុងប្រទេសបានតិចអញ្ចឹង ហើយមានហានិភ័យកើតឡើងអាចគ្រោះធម្មជាតិធ្ងន់ធ្ងរ ធ្វើឲ្យយើងមិនអាចធ្វើស្រូវបានផលច្រើន ឬក៏អាចមានជាទណ្ឌកម្មសេដ្ឋកិច្ចអីផ្សេងៗ ឬក៏មានជាសង្គ្រាម ឬក៏ហានិភ័យអីផ្សេងៗដែលយើងមើលមិនឃើញ ឬក៏ពេលខ្លះអស់ស្រូវពីក្នុងប្រទេស អង្ករឡើងថ្លៃអីអញ្ចឹង វាប៉ះពាល់ដល់ជីវភាពរស់នៅអញ្ចឹង ព្រោះថាស្អីៗទៅយើងអាចអត់បាន តែដូចជាស្បៀងគឺជារឿងមួយដែលសំខាន់»។
បើតាមលោក ហ៊ុន សែន រហូតមកដល់ពេលនេះ ការប្រមូលផលស្រូវរដូវវស្សានៅកម្ពុជាសម្រេចបានជាង២លានហិកតា ក្នុងផ្ទៃដីបង្កបង្កើនផលប្រមាណ២,៧លានហិកតា ដែលលោកថា ទិន្នផលស្រូវក្នុងឆ្នាំនេះបានកើនឡើង ដែលអាចនឹងសល់ស្រូវលើសពីតម្រូវការរហូតដល់៦លានតោនសម្រាប់នាំចេញ។
លោកបន្ថែមថា គិតមកដល់ត្រឹមថ្ងៃទី២៥ ខែធ្នូ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិជិត៦០ម៉ឺនតោន ហើយការនាំចេញស្រូវក្រៅផ្លូវការទៅប្រទេសវៀតណាម មានរហូតដល់ជាង២លានតោន។
លោក ចាន់ សុខឃាង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានិងជាអ្នកនាំពាក្យសហព័ន្ធនេះដែរ ប្រាប់ VOA ថា បញ្ហាអាកាសធាតុ បានធ្វើឲ្យគុណភាពស្រូវមិនល្អ ជាហេតុធ្វើឲ្យតម្លៃធ្លាក់ចុះ។
ទោះយ៉ាងណា លោកថា ក្នុងរយៈពេល៣ទៅ៤ឆ្នាំនេះ សហព័ន្ធស្រូវអង្ករនៅតែទប់ស្កាត់បានតម្លៃស្រូវដែលមិនឲ្យមានការប្រែប្រួលខ្លាំងពីឆ្នាំមុនៗ ដោយមិនឲ្យធ្លាក់ដល់ក្រោម១ពាន់រៀលក្នុងមួយគីឡូនោះទេ។
«យើងចូលរួមដោះស្រាយរឿងបញ្ហាទុន ប្រភពទុនផ្សេងៗ ដែលយើងធ្វើការជាមួយរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីព្យាយាមកៀរគរ ឬក៏ព្យាយាមជូនដំណឹងទៅរដ្ឋាភិបាល ថាយើងត្រូវការទុនប៉ុន្មានទៀតដើម្បីយើងដោះស្រាយបញ្ហាដែលយើងកំពុងជួបប្រទះនេះ[…]ពេលចុងក្រោយនេះក៏មានការទម្លាក់ទុនបន្ថែមប្រមាណជា៥០លានដុល្លារទៀត ដើម្បីជួយឲ្យរោងម៉ាស៊ីនកិនស្រូវមានលទ្ធភាពប្រមូលទិញកសិផលពីកសិករកម្ពុជាយើង»។
កាលពីដើមឆ្នាំ២០១៩ សហគមន៍អឺរ៉ុបបានកំណត់ពន្ធរយៈពេល៣ឆ្នាំលើអង្ករពីកម្ពុជានិងភូមាក្នុងគោលបំណងការពារអ្នកផលិតអង្ករក្នុងសហគមន៍អឺរ៉ុប ដូចជាអ៊ីតាលី។
ចំណាត់ការនេះ ធ្វើឲ្យការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ធ្លាក់ចុះពី១៧ម៉ឺនតោន មកត្រឹម១២ម៉ឺនតោន ក្នុងរយៈពេល៨ខែនៃឆ្នាំ២០១៩ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាកាលពីកន្លងទៅ។
ប៉ុន្តែលោក ចាន់ សុខឃាង នៃសហព័ន្ធស្រូវអង្ករកម្ពុជា អះអាងថា ការនាំចេញអង្ករទៅក្រៅប្រទេសក្នុងឆ្នាំ២០១៩នេះ មានការកើនឡើងជាងឆ្នាំមុន ដោយសារការនាំចេញទៅប្រទេសចិនកើនឡើង៣០ភាគរយ៕