ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​ដាក់​ទុន​​៥០​លាន​ដុល្លារ​អាមេរិក​បន្ថែម​​ក្នុង​ធនាគារ​អភិវឌ្ឍន៍​ជនបទ


រូបឯកសារ៖ កសិករ​ខ្មែរ​នាំ​គ្នា​ទាញ​ក្រណាត់​តង់​ដែល​ពោរពេញ​ទៅ​ដោយ​កណ្តាប់​ស្រូវ​ចេញ​ពី​វាល​ស្រែ​លិច​ទឹក ដើម្បី​ហាល​ស្រូវ​ឲ្យ​ស្ងួត​ក្នុង​រដូវ​ច្រូត​ស្រូវ​នៅ​ភូមិ​ស្វាយ​ចេកនៃ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី៧ ខែ​ធ្នូ ឆ្នាំ២០១៤។ (AP/ហេង ស៊ីនិត)
រូបឯកសារ៖ កសិករ​ខ្មែរ​នាំ​គ្នា​ទាញ​ក្រណាត់​តង់​ដែល​ពោរពេញ​ទៅ​ដោយ​កណ្តាប់​ស្រូវ​ចេញ​ពី​វាល​ស្រែ​លិច​ទឹក ដើម្បី​ហាល​ស្រូវ​ឲ្យ​ស្ងួត​ក្នុង​រដូវ​ច្រូត​ស្រូវ​នៅ​ភូមិ​ស្វាយ​ចេកនៃ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី៧ ខែ​ធ្នូ ឆ្នាំ២០១៤។ (AP/ហេង ស៊ីនិត)

រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ដើម​ទុន​ដល់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ចំនួន​២៥​ភាគ​រយ​ ធៀប​នឹង​​សំណើ​ប្រាក់​កម្ចី​បន្ទាន់​២០០​លាន​ដុល្លារ​​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​​ពី​កសិករ​ដើម្បី​ស្តុក​ទុក​ក្នុង​រដូវ​ច្រូត​កាត់​ និង​សម្រាប់​ការ​នាំ​ចេញ។

រដ្ឋាភិបាល​កម្ពុជាបាន​បន្ថែម​ដើម​ទុន​ដល់ធនាគារ​អភិវឌ្ឍន៍​ជនបទ​ចំនួន​៥០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ដើម្បី​ទ្រទ្រង់​ឧស្សាហ​កម្ម​ស្រូវ​ អង្ករ​ ក្នុង​អំឡុង​រដូវ​ច្រូត​កាត់​ឆ្នាំ​នេះ​ និង​ដើម្បី​ជំរុញ​ការ​នាំ​ចេញ។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាសរបស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​នេះ។​

ការ​សម្រេច​បន្ថែម​ទុន​វិនិយោគ​លើ​វិស័យ​ស្រូវ​អង្ករ​នេះកើត​មាន​ឡើង​ បន្ទាប់​ពី​តំណាង​អ្នក​នាំអង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស​ និង​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​ក្នុង​ប្រទេសប្រកាស​ស្វែង​រក​ការ​ផ្តល់​ប្រាក់​កម្ចី​បន្ទាន់​យ៉ាង​ហោច​ណាស់​២០០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ដើម្បី​ទប់ទល់​នឹង​កង្វះខាង​ហិរញ្ញ​វប្បទាន​ប្រមូល​ទិញ​ស្រូវ​ ខណៈ​ដែល​ធនាគារ​ពាណិជ្ជ​បាន​បន្ថយ​ការ​ផ្តល់​ប្រាក់​កម្ចីមក​ឲ្យផ្នែក​កសិកម្ម។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​ចុះ​នៅ​ថ្ងៃ​ទី​៥​ខែ​ធ្នូ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ដើម​ទុន​បន្ថែម​៥០​លាន​ដុល្លារ​ដែល​សម្រេច​ផ្តល់​ឲ្យ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែននេះ​ អាច​ចាប់​ផ្តើម​ប្រើប្រាស់​បាន​ចាប់​ពី​ថ្ងៃ​ទី៩​ខែ​ធ្នូ​ឆ្នាំ​២០១៩​ សម្រាប់​វិស័យ​កសិកម្ម​«ជាពិសេស​ប្រើ​សម្រាប់​រក្សា​ស្ថិរ​ភាព​ថ្លៃ​និង​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ ហើយ​ស្តុក​ទុក ​កិនកែច្នៃ ​និង​នាំ​ចេញ»។​

តាមរយៈដើម​ទុន​បន្ថែម​នេះ​ ធនាគារ​អភិវឌ្ឍន៍​ជន​បទ​នឹង​ប្រែក្លាយ​ខ្លួន​ទៅ​ជា​ធនាគារ​ពាណិជ្ជ​ក្រោម​ឈ្មោះ​ថ្មី​ថា​«ធនាគារ​អភិវឌ្ឍន៍​ជន​បទ​និង​កសិកម្ម»។​

លោក​ចាន់ សុខឃាង​ អនុ​ប្រធាន​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ដើម​ទុន​បន្ថែម​នេះ​ ទោះ​បី​ជា​វា​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹងចំនួន​ប្រាក់កម្ចី​ដែល​លោក​បាន​ដាក់​ស្នើ​សុំ​ក៏​ដោយ។​

លោក​បាន​ប្រាប់ ​VOA ​ថា៖​

«សម្រាប់​ទុន​៥០​លាន​នេះ​គឺ​គាត់​នឹង​ផ្តល់​ជាទុន​ឲ្យទៅ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ដើម្បី​ឲ្យ​ចាប់​ផ្តើម​ប្រមូល​ប្រជាកសិករ​ចូល​ទៀត។ ​នៅ​ក្នុង​ហ្នឹង​ ​យើង​គិត​ថា​ ៥០​លាន​ដុល្លារ​នេះ​ជួយ​ទិញ​បានខ្ទង់​ប្រហែល​ជា​ជិត​២០​ម៉ឺន​តោន»។​

យ៉ាង​ណា​ក៏​ដោយ​ អនុ​ប្រធាន​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រែ​ប្រួលអាកាស​ធាតុ​ដែល​អាច​នឹង​ប៉ះពាល់​ដល់​គុណភាព​ស្រូវ​អង្ករ​ ហើយ​ដែល​បណ្តាល​ឲ្យ​តម្លៃ​ស្រូវ​ចុះ​ថោក។​

VOA ​មិន​អាច​ទាក់ទង​លោក​កៅ ថាច ​នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​ទេ​ ​នៅថ្ងៃ​សុក្រ​នេះ។​

លោក​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ ​ មាន​ប្រសាសន៍ថា​ ​ដើម​ទុន​នេះ​គឺ​សម្រាប់​ជួយ​សម្រួល​ដល់​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​ខ្វះ​ដើម​ទុន។​

«យើង​មាន​កម្រិត​និង​ព្រំដែន​មួយ​ក្នុង​ការ​ជួយ​ដល់​កសិករ​ក្នុង​រឿង​ហ្នឹង ​តែ​គ្រាន់​តែ​យើង​ជួយ​នៅ​ក្នុង​ន័យ​ជា​របៀប​ពាណិជ្ជ​កម្ម​ទេ»។​

លោក​កៅ ថាច ​នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​កាល​ពី​ថ្មីៗ​នេះ​ថា​ ​កង្វះ​ខាត​ទុន​សម្រាប់​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​មាន​រវាង​២០០​លាន​និង​២៥០​លាន​ដុល្លារ​អាមេរិក។​

អ្នក​ជំនាញ​កសិកម្ម ​លោក​យ៉ង់ សាំងកុមា​យល់​ថា​ ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ​ពិត​ជា​នៅ​ខ្វះ​ដើម​ទុន​ច្រើនក្នុង​ការ​ទិញ​ស្រូវ​អង្ករ​មក​ស្តុក​ទុក ​ហើយ​ការ​ផ្តល់​ទុន​នេះ​មាន​ភាព​យឺត​ពេល​បន្តិច​ ដោយ​សារ​តែ​រដូវ​ច្រូត​កាត់​បាន​ចាប់​ផ្តើម​តាំង​ពី​ខែ​វិច្ឆិកា​មក​ម្ល៉េះ។​

«ទម្រាំ​លុយ​ហ្នឹង​ធ្លាក់​ដល់​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​ហើយ​ទម្រាំ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ទម្លាក់​ដល់​រោង​ម៉ាស៊ីន​ទៀត​ ​វា​អាចត្រូវ​ការ​ពេល​មួយ​អាទិត្យ​ ពីរ​អាទិត្យ​ឬ​ក៏អាច​បី​អាទិត្យ​អីទៀត​ ព្រោះ​នីតិវិធី​នៃ​ការ​ខ្ចី​ហ្នឹង​វា​រៀង​អាច​ស៊ីពេល ​អ៊ីចឹង​ណា៎។​ អ៊ីចឹង​វា​ទម្រាំ​ដល់​ពេល​ហ្នឹង​ ​កសិករ​មួយ​ចំនួន​ហ្នឹង​គាត់​លក់​ស្រូវ​ក្នុង​តម្លៃ​ថោក​បាត់​ហើយ​ ហើយ​ស្រូវ​មួយ​ចំនួន​ក៏​វា​ហូរ​ចេញ​បាត់​ទៅ​ក្រៅ​ប្រទេស​អ៊ីចឹង​ ​ជាពិសេស​ស្រូវ​ម្លិះ ​ស្រូវ​ក្រអូប​អ៊ីចឹង​ទៅ​ណា៎​ បាទ»។​

ឧស្សាហ​កម្ម​ស្រូវអង្ករ​កម្ពុជាបាន​រង​ផល​ប៉ះពាល់​យ៉ាង​ដំណំ​ បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​លើការ​នាំ​ចេញ។​

កាលពី​ខែ​មករា​ឆ្នាំ​២០១៩​ ​សហគមន៍​អឺរ៉ុប​បាន​កំណត់​ពន្ធ​រយៈ​ពេល​៣​ឆ្នាំ​លើ​អង្ករ​ពី​កម្ពុជា ​និង​ភូមា​ក្នុង​គោល​បំណង​ការពារ​អ្នក​ផលិត​អង្ករ​ក្នុង​សហគមន៍​អឺរ៉ុប​ដូចជា​អ៊ីតាលី ​បន្ទាប់ពី​មាន​ការ​កើន​ឡើង​នៃ​ការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​នៅ​អាស៊ី​ទាំង​ពីរ​នេះ៕

XS
SM
MD
LG