សាលាឧទ្ធរណ៍ភ្នំពេញបានបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិទាំងប្រាំរូប ក្រោមហេតុផលថា សំណុំរឿងរបស់ពួកគេ ជាបទឧក្រិដ្ឋ ហើយការដាក់ឲ្យនៅក្រៅឃុំបណ្តោះអាសន្នអាចផ្តល់ឱកាសឲ្យពួកគេអាចបង្កបទល្មើសថ្មីបន្ថែមទៀត ឬបង្កការគំរាមកំហែងដល់សាក្សីនិងសណ្តាប់ធ្នាប់សង្គម។ នេះបើតាមអ្នកការពារសិទ្ធិមនុស្សក្នុងស្រុក។
បន្ទាប់ពីបើកសវនាការកាលពីរសៀលថ្ងៃចន្ទ ទី ១៧ ខែកុម្ភៈ សកម្មជនបរិស្ថានទាំងប្រាំរូបនោះដែលរួមមាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី ត្រូវបានតុលាការបង្គាប់ឲ្យដឹកបញ្ជូនត្រឡប់ទៅកាន់ពន្ធនាគារវិញ។
អ្នកទំាងប្រាំរូបបានជាប់ពន្ធនាគារចាប់តាំងពីសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ៦ ឆ្នាំ ទៅ ៨ ឆ្នាំពីបទ «រួមគំនិតក្បត់» និង «ប្រមាថចំពោះអង្គព្រះមហាក្សត្រ» កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤។ ពួកគេបានដាក់សំណើសុំនៅក្រៅឃុំ ខណៈដែលសំណុំរឿងរបស់ពួកគេកំពុងស្ថិតក្នុងដំណាក់កាលបណ្តឹងឧទ្ធរណ៍។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត សម្តែងការសោកស្តាយចំពោះការបដិសេធរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដោយសារតែសកម្មជនទាំងនោះបានបំពេញទៅតាមលក្ខណ្ឌគ្រប់គ្រាន់ ដែលអាចគួរត្រូវបានអនុញ្ញាតឲ្យនៅស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន។
លោកថ្លែងថា៖ «យើងឃើញថា យុវជនមាតាធម្មជាតិទាំង ៥ នាក់នោះ គាត់មានហេតុផលនិងមូលហេតុសមរម្យហើយ ដែលអាចនឹងទទួលបានការអនុញ្ញាតនៅក្រៅឃុំបណ្តោះអាសន្ន។ ក៏ប៉ុន្តែយើងមានការសោកស្តាយដែលអ្នកទាំង ៥ នាក់ហ្នឹង មិនបានទទួលបានការអនុញ្ញាតឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយបដិសេធដោយសាលាឧទ្ធរណ៍»។
បើតាមលោក អំ សំអាត ករណីនេះរងការរិះគន់ច្រើនពីសហគមន៍អន្តរជាតិ ដោយសារតែពួកគេយល់ថាជាការធ្វើទុក្ខបុកម្នេញទៅលើយុវជនសកម្មក្នុងកិច្ចការពារបរិស្ថាន។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍បាននៅឡើយទេ។
ម្តាយរបស់កញ្ញា ភួន កែវរស្មី គឺអ្នកស្រី គង់ ម៉ានិត បានសម្តែងការសោកស្តាយដែលតុលាការជាន់ខ្ពស់មួយនេះ មិនអនុញ្ញាតឲ្យកូនស្រីបានស្ថិតនៅក្រៅឃុំ ហើយចាត់ទុកថាការសម្រេចនេះ គឺរឿងអយុត្តិធម៌សម្រាប់កូនអ្នកស្រី ដែលមិនបានប្រព្រឹត្តកំហុស ចំពោះការគ្រាន់តែបានចូលរួមការពារបរិស្ថាន និងសម្បត្តិធម្មជាតិរបស់ប្រទេស៕
វេទិកាបញ្ចេញមតិ