ចាប់តាំងពីឆ្នាំ ២០១៥ មក ឆាកនយោបាយនៅក្នុងប្រទេសកម្ពុជាបានបាត់មុខរបស់អ្នកនយោបាយចាស់វស្សាមួយរូប ដែលត្រូវបានសហគមន៍ក្នុងស្រុកនិងក្រៅស្រុកចាត់ទុកថា ជាដៃគូប្រជែងនយោបាយជើងខ្លាំងមួយរូបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ពីអ្នកជំនាញខាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅប្រទេសបារាំង លោក សម រង្ស៊ី បានក្លាយខ្លួនជាអ្នកនយោបាយខ្មែរមួយរូបនៅឆ្នាំ ១៩៩២ ពេលដែលលោកបានចូលជាសមាជិករបស់គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ រហូតដល់បានទទួលតំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឆ្នាំ ១៩៩៣ មុននឹងលោកបានធ្វើនិរទេសខ្លួនឯងជាលើកដំបូងនៅឆ្នាំ ២០០៥ បន្ទាប់ពីរងបទបរិហាកេរ្តិ៍។
ចាប់តាំងពីពេលនោះមក ដំណើរនយោបាយរបស់លោក សម រង្ស៊ី ដែលជាមនុស្សមានទេពកោសល្យខាងវោហារសព្ទ និងមនោគមវិជ្ជាខាងនយោបាយ ត្រូវបានកត់ចំណាំដោយបទបរិហារកេរ្តិ៍ ការនិរទេសខ្លួន និងសាលក្រមកាត់ទោសរូបលោកឲ្យជាប់ពន្ធនាគារជាបន្តបន្ទាប់នៅប្រទេសកម្ពុជា។ ហើយដំណើរនយោបាយរបស់អ្នកនយោបាយជំទាស់ជើងចាស់រូបនេះ ក៏មិនទំនងជាឈានដល់ចំណុចរបត់អ្វីថ្មីដែរនៅក្នុងអំឡុងពេលប៉ុន្មានខែខាងមុខនេះ មុនថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ គ្រាដែលកម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ លើកទី ៧ នោះ។ នេះបើតាមមតិយល់ឃើញស្រដៀងគ្នារបស់ក្រុមអ្នកវិភាគស្ថានភាពនយោបាយនៅកម្ពុជា។
បច្ចុប្បន្ននេះ ខ្ញុំគិតថា គាត់មិនវិលមកវិញនៅក្នុងស្ថានភាពដែលគាត់ឯកោ តែឯកឯងទេ»។
អ្នកស្រាវជ្រាវលើការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត សេង សារី បានប្រាប់វីអូអេកាលពីចុងខែមករាថា នៅពេលនេះ លោក សម រង្ស៊ី ត្រូវមានការលះបង់ខ្ពស់ចំពោះការចង់បន្តជីវិតនយោបាយនៅកម្ពុជា។ លោកជឿថា ការជួយជ្រោមជ្រែងពីអន្តរជាតិ ទំនងជាលែងកើតមានចំពោះអ្នកនយោបាយជំទាស់រូបនេះទៀតហើយ ដោយសារបរិបទភូមិសាស្ត្រនយោបាយសកលលោកប្រែប្រួល។
លោកថ្លែងថា៖ «អន្តរជាតិហាក់ដូចមិនចាប់អារម្មណ៍ ដោយសារតែស្ថានភាពនយោបាយការបរទេស នៅក្នុងតំបន់ប្រែប្រួល ហើយជាពិសេសហ្នឹង គឺការប្រកួតប្រជែងអំណាចរវាងមហាអំណាចចិន អាមេរិក ហើយជាមួយនឹងសង្គ្រាមដែលកំពុងតែកើតឡើងនៅអ៊ុយក្រែនផងហ្នឹង ធ្វើឲ្យអន្តរជាតិងាកធ្វើការចាប់អារម្មណ៍ទៅនឹងក្នុងបញ្ហាធំៗរបស់ពិភពលោកច្រើនជាង។ ដូច្នេះ ករណីនយោបាយកម្ពុជាហ្នឹងលែងក្លាយទៅជារឿងអាទិភាពសម្រាប់អន្តរជាតិហើយ អាហ្នឹងចំណុចទីមួយ»។
លោក សេង សារី យល់ថា លោក សម រង្ស៊ី មានឱកាសតិចណាស់ នៅក្នុងការចូលមកក្នុងសង្វៀននយោបាយឡើងវិញនៅកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា បើមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិរូបនោះមានបំណងចូលមកកម្ពុជាវិញក្នុងដំណាក់កាលនេះ លោក សម រង្ស៊ី ត្រូវធ្វើការលះបង់ធំ។ ពោលគឺលោកត្រូវធ្វើអ្វីៗទាំងអស់ ទោះត្រូវប្រឈមគ្រោះថ្នាក់ដល់ជីវិតក៏ដោយ។
លោកប្រាប់វីអូអេថា៖ «នៅជម្រើសមួយទៀតដែលលោក សម រង្ស៊ី អាចធ្វើបាន គឺជាជម្រើសដែលត្រូវតែចូលមកកម្ពុជា តាមមធ្យោបាយណាក៏ដោយ ឈប់អំពាវនាវឲ្យ ហ៊ុន សែន ឈប់ឲ្យហ៊ុន សែន បិទជើងយន្តហោះ ឈប់អីទៅ ឈប់ៗ ប្រកាសបែបហ្នឹង គឺស្ងាត់ៗ ត្រូវចូលមកតាមរយៈម៉ាឡេស៊ី សិង្ហបុរីអ៊ីចឹងទៅ មកតាមមធ្យោបាយណាមួយ ទោះបីគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ។ អាហ្នឹងគឺត្រូវតែត្រឡប់មកវិញ ហើយខ្ញុំគិតថា អាច អាចនឹងជីវិតនយោបាយរបស់លោក សម រង្ស៊ី អាចនឹងរស់វិញ»។
លោក សេង សារី ក៏បានសង្កត់ធ្ងន់ផងដែរថា ការធ្វើបែបនេះគឺអាស្រ័យលើការសម្រេចចិត្តផ្ទាល់របស់លោកសម រង្ស៊ី ថាតើលោក «ហ៊ានពលិកម្ម» វិលត្រឡប់មកកម្ពុជាវិញឬយ៉ាងណា។
ជាសហស្ថាបនិកនៃអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលមានសញ្ជាតិបារាំង បាននិរទេសខ្លួនចេញពីប្រទេសកម្ពុជាម្តងទៀតទៅរស់នៅប្រទេសបារាំង គឺនៅមុនពេលតុលាការកំពូលកម្ពុជាបាន រំលាយគណបក្សជំទាស់ដ៏ធំមួយនេះ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ ក្នុងសំណុំរឿងក្បត់ជាតិដ៏ចម្រូងចម្រាស។ លោកត្រូវបានតុលាការកម្ពុជាកាត់ទោសជាច្រើនករណីនៅក្នុងសំណុំរឿងដែលសហគមន៍អន្តរជាតិនិងអង្គការសង្គមស៊ីវិលមួយចំនួន ជឿថាភាគច្រើនពាក់ព័ន្ធនឹងហេតុផលនយោបាយ។
ទោះបីជាកំពុងរស់នៅក្រៅប្រទេសក្នុងទីក្រុងប៉ារីស ប្រទេសបារាំងក្តី ក៏គេឃើញថា អ្នកនយោបាយជើងចាស់រូបនេះ នៅតែបន្តជីវភាពនយោបាយរបស់លោក តាមបណ្តាញសង្គម និងតាមវេទិកាជួបជុំនានារបស់ «ចលនាសង្គ្រោះជាតិ» ជាមួយសហគមន៍ខ្មែរនៅក្រៅប្រទេស។ លោក សម រង្ស៊ី បានបន្តរិះគន់ឥតសំច័យមាត់លើរបៀបដឹកនាំដែលមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក៏បានដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា តាមរយៈការបញ្ចុះបញ្ចូលឲ្យសហគមន៍អន្តរជាតិ ដូចជាសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប កាត់បន្ថយ ឬលុបចោលប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា និងការដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន តាមរយៈច្បាប់ Magnitsky Act របស់រដ្ឋាភិបាលអាមេរិកជាដើម។
កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ លោក សម រង្ស៊ី បានប្រកាសគម្រោងវិលត្រឡប់មកប្រទេសកម្ពុជារបស់លោក។ ប៉ុន្តែគម្រោងនេះត្រូវបានរារាំងដោយចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដែលបានបណ្តាលឲ្យក្រុមហ៊ុនអាកាសចរណ៍រារាំងលោក សម រង្ស៊ី ឡើងយន្តហោះ តាមកាលវិភាគហោះហើរ។ រហូតមកទល់ពេលនេះ លោក សម រង្ស៊ី កំពុងបន្តនិរទេសខ្លួននៅក្នុងប្រទេសបារាំងដដែល គិតចាប់តាំងពីឆ្នាំ ២០១៥ មកនោះ។
ប្រសិនបើលោក ហ៊ុន សែន លុបចោលបម្រាមលើអាកាសចរណ៍ដែលដឹករូបខ្ញុំទៅកាន់ប្រទេសកម្ពុជា ហើយអនុញ្ញាតឲ្យអ្នកគាំទ្រខ្ញុំមកស្វាគមន៍ខ្ញុំពេលខ្ញុំមកដល់ នោះខ្ញុំនឹងត្រឡប់ទៅវិញភ្លាមៗ»។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ បានប្រាប់វីអូអេនៅខែកុម្ភៈថា ស្ថានភាពនយោបាយបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជានៃគណបក្សប្រជាជនកម្ពុជា មិនអំណោយផលឲ្យមេដឹកនាំនយោបាយជំទាស់រូបនោះ បានវិលចូលមកប្រទេសកម្ពុជានោះទេ។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះ ខ្ញុំគិតថា គាត់មិនវិលមកវិញនៅក្នុងស្ថានភាពដែលគាត់ឯកោ តែឯកឯងទេបាទ»។
កាលពីខែតុលា ឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថា លោកបានត្រៀមខ្លួនរួចរាល់ដើម្បីកម្ចាត់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី ពីឆាកនយោបាយនៅកម្ពុជា តាមយុទ្ធសាស្ត្រឈ្មោះកាត់ជាភាសាអង់គ្លេសថា ‘IF’។ តាមការបកស្រាយរបស់លោក ហ៊ុន សែន យុទ្ធសាស្ត្រនេះសំដៅលើការដាក់ឱ្យនៅឯកោ និងផ្តាច់ដង្ហើមមនោគមនយោបាយជ្រុលនិយមរបស់លោក សម រង្ស៊ី។
លោក ហ៊ុន សែន បានបកស្រាយថាអក្សរ I ស្មើនឹងពាក្យថា Isolate ឬធ្វើឲ្យនៅតែឯង រីឯអក្សរ F គឺសំដៅលើពាក្យ Finish ឬបញ្ចប់ចោលតែម្តង។ លោក ហ៊ុន សែន ក៏ចាត់ទុកលោក សម រង្ស៊ី ថា ជាជនក្បត់ជាតិដែលបន្តរក្សាគំនិត គិតប្រើអំពើហិង្សាមកទម្លាក់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
លោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា យល់ឃើញថា បើក្នុងករណីលោក សម រង្ស៊ី មានបំណងចូលមកកម្ពុជាមែននោះ ទោះក្នុងស្ថានភាពឯកោក្តី ក៏លោកនៅតែប្រឈមបញ្ហាសំខាន់មួយចំនួនទៀត ព្រោះលោកមានពេលតិចក្នុងការបញ្ចុះបញ្ចូលអ្នកគាំទ្រលោកឲ្យទៅអមដំណើរលោក ហើយច្រកដែលអាចធ្វើដំណើរចូលកម្ពុជា បាន មានតែប្រទេសថៃប៉ុណ្ណោះដែលធ្លាប់បានរារាំងរូបលោកម្តងហើយនោះកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩។
ប៉ុន្តែបើតាមការលើកឡើងរបស់លោក Phil Robertson នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លទ្ធភាពដែលប្រទេសក្បែរខាងផ្សេងទៀតនឹងអនុញ្ញាតឲ្យលោក សម រង្ស៊ី ឆ្លងព្រំដែនចូលប្រទេសកម្ពុជា គឺស្ទើរតែគ្មានតែម្តង។ លោក Robertson បានបញ្ជាក់ទៀតថា បើលោកសម រង្ស៊ី ជាន់ទឹកដីកម្ពុជាមែននោះ លោកនឹងត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅឃុំនៅពន្ធនាគារភ្លាម ក្រោមបទចោទប្រកាន់ជាច្រើនដែលមានលក្ខណៈនយោបាយ តាមសាលក្រមរបស់តុលាការកម្ពុជា។
អន្តរកាល និងឥទ្ធិពលពីចម្ងាយ
អស់រយៈពេលជាងប្រាំឆ្នាំដែលជាអំឡុងពេលនៃការធ្វើនយោបាយដោយប្រយោលនៅក្រៅប្រទេស លោក សម រង្ស៊ី នៅតែត្រូវបានគេមើលឃើញថា មានឥទ្ធិពលខ្លះលើនយោបាយកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Phil Robertson។
លោកបានផ្តល់ការអត្ថាធិប្បាយជាភាសាអង់គ្លេស ហើយត្រូវបានប្រែសម្រួលជាខេមរភាសាក្នុងន័យដើមថា៖ «គំនិតដែលថាលោក សម រង្ស៊ី ជាជម្រើសមួយដែលត្រូវជំនួស មិនឲ្យមានការគ្រប់គ្រងបែបពុករលួយខ្លាំង និងមានការបំពានសិទ្ធិមនុស្សនោះ នៅតែមានសារៈសំខាន់។ ហេតុដូច្នេះហើយបានជាលោក សម រង្ស៊ី នៅបន្តមានការគាំទ្រខាងនយោបាយនៅប្រទេសកម្ពុជា ទោះបីមានការតាមដាន និងយាយីលើអ្នកគាំទ្រលោកពីស្ថាប័នរដ្ឋក៏ដោយ»។
ខ្ញុំថា វាគ្រាន់តែជាលេសទេ ពីព្រោះសម្តេចនាយករដ្ឋមន្ត្រីលោកបានលើកច្រើនដងហើយថា អត់មានរារាំងអីទេ។ អ្នកណាចង់មក មកទៅ។
អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិរូបនេះ បានបញ្ជាក់ផងដែរថា ក៏ប៉ុន្តែសន្ទុះនៃការគាំទ្រលើលោកសម រង្ស៊ី មិនអាចបង្កជាការគំរាមកំហែងផ្នែកនយោបាយដល់គណបក្សប្រជាជនកម្ពុជាឡើយ ដោយលោកបានលើកហេតុផលថា គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការគាំទ្រពីកម្លាំងប៉ូលិសនិងកងទ័ព។
ដោយឡែក លោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា មើលឃើញថា ឥទ្ធិពលនយោបាយរបស់លោក សម រង្ស៊ី នៅតែមាន ហើយទំនងជាឧបសគ្គមួយដល់ដណើរការផ្ទេរអំណាចនៅកម្ពុជា។
លោកថ្លែងថា៖ «គណបក្សកាន់អំណាច នឹងមិនអនុញ្ញាតឲ្យគាត់មកនៅកម្ពុជាទេ ដោយសារតម្លៃនយោបាយរបស់គាត់នៅមាន គាត់មានឥទ្ធិពល ទៅលើអ្នកគាំទ្ររបស់គាត់ និងអ្នកមួយចំនួន។ អ៊ីចឹង វាអាចអសិ្ថរភាពលើការផ្ទេរអំណាច និងប្រជាប្រិយភាពរបស់គណបក្សកាន់អំណាច អ៊ីចឹងមិនសង្ឃឹមថា លោក សម រង្ស៊ី មានវត្តមាននៅការបោះឆ្នោត នៅក្នុងក្របខណ្ឌ ឆ្នាំសកល ឆ្នាំ ២០២៣ នេះទេ។ ហើយក៏ពុំមានអន្តរជាតិណាមកជួយគាំពារគាត់បានដែរ ពីព្រោះវាត្រូវការពេលវេលាច្រើន វាត្រូវការពេលយូរ»។
ចំណែក លោកបណ្ឌិត សេង សារី សង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងតែស្ថិតនៅក្នុងដំណាក់កាលអន្តរកាលនៃការត្រៀមផ្ទេរអំណាច ជាអំឡុងពេលដែលគណបក្សប្រជាជនកម្ពុជាត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការទប់ស្កាត់មិនឲ្យមានការប៉ុនប៉ងជំទាស់ណាមួយកើតឡើងឡើយ។
លោកថ្លែងថា៖ «ដំណាក់កាលនេះ គឺដំណាក់កាលដែលគណបក្សកាន់អំណាចហ្នឹងកំពុងតែមមាញឹកនៅក្នុងការត្រៀមការផ្ទេរអំណាចរបស់ខ្លួនទៅមនុស្សជំនាន់ក្រោយ។ ជាធម្មជាតិនៃការផ្ទេរអំណាច គឺអំឡុងពេលនៃដំណាក់កាលអន្តរកាលក្នុងការផ្ទេរអំណាចបែបនេះ គឺមានចំណុចខ្វះខាតច្រើន។ […] ហើយគណបក្សកាន់អំណាចមានការប្រយ័ត្នប្រយែងខ្លាំងណាស់ ជាពិសេសគឺនៅក្នុងហេតុផលណាក៏ដោយ ឬនៅក្នុងតម្លៃណាក៏ដោយហ្នឹង គឺដូចគណបក្សកាន់អំណាចធ្លាប់ប្រកាសហើយថា នឹងកម្ចាត់លោក សម រង្ស៊ី ចេញពីសង្វៀនយោបាយហើយ»។
ទោះជាយ៉ាងណាក្តី នៅក្នុងសារឆ្លើយតបតាមសារអ៊ីមែលមកវីអូអេ កាលពីដើមខែកុម្ភៈ លោក សម រង្ស៊ី ដែលជាគូប្រជែងនយោបាយស្វិតស្វាញមួយរូបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា លក្ខខណ្ឌសម្រាប់ការវិលត្រឡប់របស់លោក មិនមានការប្រែប្រួលនោះទេ។
លោកបានផ្តល់ការអត្ថាធិប្បាយជាភាសាអង់គ្លេស ហើយត្រូវបានប្រែសម្រួលជាខេមរភាសាថា៖ «ប្រសិនបើលោក ហ៊ុន សែន លុបចោលបម្រាមលើអាកាសចរណ៍ដែលដឹករូបខ្ញុំទៅកាន់ប្រទេសកម្ពុជា ហើយអនុញ្ញាតឲ្យអ្នកគាំទ្រខ្ញុំមកស្វាគមន៍ខ្ញុំពេលខ្ញុំមកដល់ នោះខ្ញុំនឹងត្រឡប់ទៅវិញភ្លាមៗ»។
ក៏ប៉ុន្តែលោក សម រង្ស៊ី មិនផ្តល់ការអត្ថាធិប្បាយលើការពឹងផ្អែកសហគមន៍អន្តរជាតិ ដើម្បីបានវិលត្រឡប់មកកម្ពុជានោះទេ។ ដោយឡែក លោកបានលើកឡើងថា សហគមន៍អន្តរជាតិត្រូវធ្វើឲ្យលោក ហ៊ុន សែន ដឹងច្បាស់ថា ការបោះឆ្នោតដែលកើតឡើង នៅពេលរូបលោកមិនត្រូវបានអនុញ្ញាតឲ្យចូលប្រទេសវិញ ហើយនៅពេលគណបក្សដែលធ្វើនយោបាយជំទាស់ ត្រូវបានគំរាមកំហែងនិងរារាំងនោះ គឺជា «សកម្មភាពមួយដែលមានការក្លែងបន្លំនិងឥតតម្លៃ»។
លោក សម រង្ស៊ី បានបញ្ជាក់តាមន័យដើមថា៖ «គួរតែមិនមានភាពស្របច្បាប់ជាលក្ខណៈអន្តរជាតិសម្រាប់រដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតឡើងតាមការបោះឆ្នោតរបៀបនេះ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេថា លោក សម រង្ស៊ី កំពុងយកលេសរឿងការហាមឃាត់ការធ្វើដំណើររបស់លោកតាមផ្លូវអាកាសពីភាគីរដ្ឋាភិបាលកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំថា វាគ្រាន់តែជាលេសទេ ពីព្រោះសម្តេចនាយករដ្ឋមន្ត្រីលោកបានលើកច្រើនដងហើយថា អត់មានរារាំងអីទេ។ អ្នកណាចង់មក មកទៅ។ លោដល់មកកម្ពុជា អាហ្នឹង បានគេគិតអ្នកណា ដែលពាក់ព័ន្ធផ្លូវច្បាប់អាហ្នឹង ច្បាប់ត្រូវរកហើយ។ ដូចទណ្ឌិត សម រង្ស៊ី អ៊ីចឹង អាហ្នឹងគាត់មានសាលក្រម សាលដីការបស់តុលាការរួចហើយ កាលណាមកអាហ្នឹងសមត្ថកិច្ចគេចាត់ចែងទៅតាមសាលក្រមតុលាការហ្នឹងហើយបាទ។ ក៏ប៉ុន្តែត្រង់ថា ហាមមិនឲ្យមកតាមជើងហោះហើរពីប្រទេសណា ជុំវិញកម្ពុជា ហ្នឹងអត់មានហាមទេ»។
ឆ្លើយតបទៅនឹងការវិភាគថា គណបក្សកាន់អំណាចមិនចង់ឃើញវត្តមានលោក សម រង្ស៊ី ដោយសារតែបារម្ភថា លោក សម រង្ស៊ី អាចនឹងបង្កជាឧបសគ្គលើការផ្ទេរអំណាចនៅកម្ពុជានោះ លោក សុខ ឥសាន ពន្យល់ថា ការផ្លាស់ប្តូរបេក្ខជនរបស់គណបក្សកាន់អំណាច គឺជារឿងផ្ទៃក្នុង។ នេះមានន័យថា មិនពាក់ព័ន្ធនឹងលោក សម រង្ស៊ី ទេ។
លោកបន្ថែមថា៖ «អាហ្នឹង វាជារឿងផ្ទៃក្នុងរបស់គណបក្សតើ! គណបក្សណា ក៏មានដែរ គេត្រៀមបេក្ខជន នាយករដ្ឋមន្ត្រីរបស់គេរៀងៗខ្លួន សម្រាប់ការបោះឆ្នោតតើ! ហើយឥឡូវក្នុងការបោះឆ្នោតឆ្នាំ ២០២៣ នេះ ហ៊ុន ម៉ាណែត មានពាក់ព័ន្ធអីជាមួយនឹងបេក្ខភាពនាយករដ្ឋមន្ត្រី អត់ទេគឺថា សម្តេច ហ៊ុន សែន លោកបានប្រកាសហើយ ហើយមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សក៏បានសម្រេចអនុម័តថា យកឯកភាពសម្តេច ហ៊ុន សែន ជាបេក្ខភាពបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី ៧ ហ្នឹងហើយ»។
ដោយឡែក អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បញ្ជាក់ប្រាប់វីអូអេឲ្យដឹងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា រឿងការធ្វើការដំណើររបស់លោក សម រង្ស៊ី តាមជើងយន្តហោះ ជាសមត្ថកិច្ចរបស់អាកាសចរណ៍ស៊ីវិល។ ក៏ប៉ុន្តែលោកថា បើលោកសម រង្ស៊ី មកដល់កម្ពុជាមែន នោះអាជ្ញាធរនឹងអនុវត្តសាលក្រមរបស់តុលាការ។
លោកថ្លែងថា៖ «រឿងមក ត្រឡប់មកវិញ ឬមិនត្រឡប់មកវិញ សិទ្ធិរបស់គាត់តើ! ដោយឡែក រឿងគាត់ជិះ គេមិនឲ្យគាត់ជិះ ជារឿងរបស់អាកាសចរណ៍។ បង អត់មានឆ្លើយថាម៉េចទេ! តែបើគាត់មកវិញ យើងខ្ញុំជាកងកម្លាំងអនុវត្តច្បាប់ មានតួនាទី អនុវត្តដីកាតុលាការ»។
កម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។ ហើយតើស្ថានភាពនយោបាយរបស់កម្ពុជា អាចនឹងបើកផ្លូវឲ្យមានកំណត់ចំណាំថ្មីលើជីវិតធ្វើនយោបាយរបស់លោកសម រង្ស៊ី ដោយឲ្យលោកអាចវិលចូលឆាកនយោបាយកម្ពុជាវិញឬយ៉ាងណានោះ នៅតែជាសំណួរដ៏ពិបាកឆ្លើយជាទីបំផុតមួយ៕